×
វគ្គបណ្តុះបណ្តាលនិងផ្សព្វផ្សាយអំពីទីផ្សារកៅស៊ូដល់កសិករកៅស៊ូគ្រួសារនៅខេត្តមណ្ឌលគិរី

នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ នាយកដ្ឋានទីផ្សារនិងសហប្រតិបត្តិការអន្តរជាតិ នៃអគ្គនាយកដ្ឋានកោស៊ូបានបើកវគ្គបណ្តុះបណ្តាលនិងផ្សព្វផ្សាយអំពីទីផ្សារកៅស៊ូដល់កសិករកៅស៊ូគ្រួសារ ដែលរៀបចំនៅសាលប្រជុំនៃស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្រោមអធិបតីភាព ឯកឧត្តម ហ៊ឺម អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គ​ នៃអគ្គនាយកដ្ឋានកៅស៊ូ និង​មានការចូលជាគណៈអធិបតីពីលោក ហាន សុភ័ក្ត អនុប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ខេត្តមណ្ឌលគិរី និងលោក យិន សុខឡេង អភិ​បាលរងនៃគណៈ អភិបាលស្រុកកែវសីមា ​ព្រមទាំង​មាន​ការចូលរួមពី​កសិករ​កៅស៊ូ​គ្រួសារ​សរុបចំនួន​៣៥នាក់ (ស្រី៤នាក់)។ ​វគ្គបណ្តុះបណ្តាល​និងផ្សព្វ​ផ្សាយមានគោលបំណង៖ (១) ផ្តល់ការ​យល់​ដឹង​ព័ត៌មានទីផ្សារនិង និន្នាការកៅស៊ូធម្មជាតិលើ​ទីផ្សារ​ពិភពលោក  (២) ​ផ្តល់អំណាច​​ចរ​ចាថ្លៃដល់​កសិករ​កៅស៊ូគ្រួសារតាម​រយៈការរួមគ្នា​លក់ផលិតផល​កៅស៊ូ​ធម្មជាតិជាលក្ខណៈ​ប្រមូល​ផ្តុំនិងសម្រួល​ការធ្វើធុរកិច្ចកៅស៊ូ ដើម្បីទទួលថ្លៃ​​ខ្ពស់និង​ចំណូលកើនឡើង។

ជាកិច្ចចាប់ផ្តើម លោក យិន សុខឡេង បានសំដែង​នូវ​សេចក្តីរីករាយ​​ចំពោះ​គណៈអធិបតី​​​ និងកសិករកៅស៊ូគ្រួសារដែលបានចំណាយពេលវេលាដ៏មមាញឹកចូលរួមក្នុងវគ្គបណ្តុះបណ្តល​និងផ្សព្វផ្សាយនាថ្ងៃនេះ​ និង​បាន​រាយការណ៍សង្ខេបអំពី​ស្ថានភាព​នៃ​ការដាំដុះ ការប្រមូលផល ពិសេស​​ស្ថានភាព ​នៃថ្លៃទិញ-លក់កៅស៊ូ​របស់​​កសិករ​​កៅស៊ូ​គ្រួសារ​ក្នុងស្រុកកែវសីមា ព្រមទាំង​រំលឹក​ដល់​អង្គពិធី​ទាំង​មូល​​​​​ត្រូវ​យក​ចិត្ត​ទុក​ដាក់​តាមដានលើ​ខ្លឹម​សារ​បទ​បង្ហាញរបស់ក្រុមការងារ​ ដើម្បីជាប្រយោជន៍​ដល់ការ​ ធ្វើធុរកិច្ចកៅស៊ូ។

បន្ទាប់មកលោក ហាន សុភ័ក្ត បានមានមតិ​ថ្លែងអំណរគុណ​​ដល់ ឯកឧត្ត​មប្រតិភូ និង​ក្រុម​ការងារ​នៃអគ្គនាយកដ្ឋានកៅស៊ូដែល​បាន​ចុះ​បើក​វគ្គបណ្ដុះបណ្ដាលនិងផ្សព្វផ្សាយ​​ដល់កសិករ​កៅស៊ូ​គ្រួសារនៅក្នុងស្រុកកែវសីមា និងបានរាយ​ការណ៍​សង្ខេបអំ​ពីការវិវត្តលើវិស័យ​កសិ​កម្ម​ ​​​​​​ពិ​​សេ​ស​​ដំណាំ​​​​កៅស៊ូនៅ​ក្នុងខេត្តមណ្ឌលគិរី។ ក្នុងឆ្នាំ២០២២នេះ ផ្ទៃដីដាំដុះកៅស៊ូសរុបមានចំនួន៤២ ៨០២ហ.ត  ក្នុង​នោះ​ផ្ទៃដីចម្ការកៅស៊ូគ្រួសារមានចំនួន១១ ​៥៧០​​ ​ហ.ត ស្មើនឹង១ ៥៩៥គ្រួសារ  (ផ្ទៃដីយកផលចំនួន​៩ ២២០ហ.ត ស្មើនឹង១ ៤៦០គ្រួសារ) និងផ្ទៃដីចម្ការ​​កៅស៊ូ ក្រុមហ៊ុនសរុប​មានចំនួន៣១ ២៣១​ហ.ត (ផ្ទៃដីយកផលចំនួន១៨ ៤៧៨​ហ.ត)។ ដោយឡែក​​នៅក្នុងស្រុកកែវសីមា ផ្ទៃដី​ដាំដុះកៅស៊ូសរុបចំនួន​ ២ ៥៨៤ហ.ត ស្មើនឹង​៧៥២​គ្រួសារ ក្នុងនោះមានផ្ទៃដីយកផលសរុប​មាន​ចំនួន២ ៣០០ហ.ត ស្មើនឹង ៧២៥គ្រួសារ។ ជាមួយគ្នានោះ លោកបានសំណូម​ពរឲ្យ​កសិករ​កៅស៊ូគ្រួសារត្រូវយកចិត្តទុកដាក់ស្តាប់​​​នូវ​ការធ្វើ​បទបង្ហាញពាក់ព័ន្ធនឹងព័ត៌មាន​ទីផ្សារកៅ​ស៊ូ​ធម្មជាតិ​ថ្មីៗទាំង​ក្នុងនិងក្រៅ​ស្រុក​ និង​លើកជាសំណួរទាក់ទងទៅ​នឹងនិន្នាការ​ទីផ្សារ​​កៅស៊ូ​ធម្មជាតិឲ្យបាន​​ច្រើន ដើម្បីជាប្រយោជន៍នៅក្នុង​មុខរបរកៅស៊ូ​របស់​ ខ្លួនទៅពេលខាងមុខ។

ជាកិច្ចបន្តទៀត ឯកឧត្តមប្រតិភូ បានមានមតិស្វាគមន៍ចំពោះការចូលរួមដ៏កក់ក្តៅរបស់គណៈអធិបតីនិងកសិករកៅស៊ូគ្រួសារ​ ដែលមាន​វត្តមាន នាថ្ងៃនេះ ព្រមទាំងលើកឡើងពីសារៈ​សំខាន់​ពាក់ព័ន្ធនឹងបច្ចេកទេសដាំដុះ ការថែទាំ ការចៀជ័រ ការប្រើប្រាស់ថ្នាំរំញោច ការប្រមូលផល បច្ចេកទេស​កែច្នៃ និងបានជម្រាបជូនដល់បងប្អូនកសិករកៅស៊ូ​គ្រួសារអំពីមូលហេតុ​​ ដែលធ្វើឲ្យថ្លៃកៅស៊ូធម្មជាតិ​ឡើង-ចុះដោយសារ៖ (១)   អតុល្យភាពរវាងការផ្គត់​ផ្គង់និងតម្រូវការកៅស៊ូធម្មជាតិ (២) ការធ្លាក់ចុះ​នៃ​សេដ្ឋកិច្ចពិភពលោក (៣) ការ​កើន​ឡើងតម្លៃថាមពល​​​និងវត្ថុធាតុដើម (៤)​ កំណើនអតិផរណា​នឹងកើនឡើងនិងការដំឡើងអត្រាការប្រាក់នៃធនា​គារកណ្តាលសហរដ្ឋអាម៉េរិក (៥) ថ្លៃមុខទំនិញ​គ្រប់ប្រភេទនៅលើពិភពលោកកើនឡើងនិង (៦) ជម្លោះភូមិសាស្រ្តនយោបាយរវាងរុស្ស៊ីនិងអ៊ុយក្រែន។ល។

មុននឹងប្រកាសបើកវគ្គ​បណ្តុះ​បណ្តាល​និង​ផ្សព្វផ្សាយ ​​ឯកឧត្តម ក៏បាន​សំណូម​ពរ​ឲ្យកសិករកៅស៊ូបន្ត​ការដាំនិងការ​​ថែទាំ ដោយមិនត្រូវកាប់ដើមកៅស៊ូប្ដូរទៅដាំ​ដំណាំផ្សេងទេ ពីព្រោះ​កៅស៊ូជាដំណាំឧស្សាហកម្មនៅតែមានប្រសិទ្ធិភាពសេដ្ឋកិច្ច​ខ្ពស់​ជាង​ដំណាំ​ដទៃទៀត ដែលជាវត្ថុធាតុដើមដ៏ចាំបាច់បំផុតសម្រាប់ឧស្សាហកមុ្មកម្មន្តសាលនៅលើពិភពលោកនិងផ្តល់អត្ថប្រយោជន៍ច្រើនដល់សេដ្ឋកិច្ច សង្គម បរិស្ថាន ព្រមទាំងផ្តល់ការងារនិងប្រាក់ចំណូលទៀងទាត់ដល់អ្នកដាំ។ ជាមួយគ្នានោះ ឯកឧត្តមក៏បានសំណូមពរឲ្យកសិករកៅស៊ូគ្រួសារ​យកចិត្តទុកដាក់ស្តាប់​និងលើក​ជា​សំណួរឲ្យបាន​ច្រើន​ ​ដើម្បី​បង្កើនការយល់ដឹងថ្មីសម្រាប់បន្ត​សកម្ម​ភាព​កៅស៊ូ​ទៅអនាគត។

បន្ទាប់មកទៀតលោក ហ៊ន សាផន ប្រធាន​នាយកដ្ឋានទីផ្សារនិង​សហ​ប្រតិ​បត្តិការអន្តរជាតិ​បាន​ធ្វើបទបង្ហាញពាក់ព័ន្ធនឹង៖

(១)​ ប្រវត្តិ​ដំណាំ​​កៅស៊ូធម្មជាតិនៅកម្ពុជា

(២)​ ផលប្រយោជន៍កៅស៊ូធម្មជាតិ

(៣)​ ស្ថានភាពកៅស៊ូ​ធម្មជាតិនៅ​កម្ពុជា​និង​នៅទីផ្សារពិភពលោក

(៤)​ កត្តាជះឥទ្ធិពលដល់ថ្លៃកៅស៊ូធម្មជាតិ

(៥) ការធ្វើឲ្យថ្លៃកៅស៊ូបានប្រសើរឡើងតាមរយៈការ​បង្កើតនិងពង្រឹង​សហគមន៍​កសិកម្ម​កៅស៊ូ​គ្រួសារ​ និង​ការបង្កើតមណ្ឌលទីផ្សារកៅស៊ូ

(៦) ការតាមដានព័ត៌មានថ្លៃ​កៅស៊ូ​​នៅក្នុង​-ក្រៅស្រុកដែលមានប្រភពពីបណ្តាញសង្គម​របស់អគ្គនាយកដ្ឋានកៅស៊ូ៖ (១) ហ្វេសប៊ុកឈ្មោះ អគ្គនាយក​ដ្ឋានកៅស៊ូ  (២)​ គេហទំព័រឈ្មោះ www.gdr1. maff. gov.kh  និង (៣) APP ប្រើក្នុង​ទូរស័ព្ទដៃឈ្មោះ GDR Rubber Prices Information” និងគេហទំព័រក្រៅប្រទេសដូចមាន​ក្នុងមេរៀន។

បន្ទាប់ពីការធ្វើបទបង្ហាញរបស់វាគ្មិនបានបញ្ចប់ កសិករបានលើក​ឡើង​នូវ​សំណួរ​ទាក់ទងនឹង​ថ្លៃ​កៅស៊ូធម្មជាតិនៅទីផ្សារ​ក្នុងស្រុកនិង​ក្រៅស្រុក និងប្រយោជន៍ពីការបង្កើតសហគមន៍និងមណ្ឌល​ទីផ្សារកៅស៊ូតាមតំបន់។

សន្និដ្ឋាន

តាមរយៈការបណ្តុះបណ្តាលនិងផ្សព្វផ្សាយអំពីទីផ្សារកៅស៊ូដែល​​បានរៀបចំនៅស្រុក​​កែវសីមា ខេត្តមណ្ឌលគីរីបានបង្ហាញឲ្យឃើញថាកសិករកៅស៊ូ​ គ្រួសារ៖

  • បានចូល​រួមច្រើននិងបានអនុវត្តតាមវិធានការ​​របស់​ក្រសួងសុខាភិបាល រក្សាគំលាត ពាក់ម៉ាស់និងបានបាញ់ទឹកអាល់កុល​​
  • ​បានសម្តែងនូវក្តីសោមនស្សរីករាយ​និងយកចិត្តទុកដាក់ខ្ពស់​ក្នុងការតាម​ដានខ្លឹមសារ​មេ​រៀន​​​ពាក់​ព័ន្ធ​​នឹង​ស្ថានភាព ​និង​និន្នាការ​ថ្លៃ​កៅស៊ូ​ធម្មជាតិ
  • ​​មួយចំនួនបានលើក​ឡើង​នូវ​សំណួរទាក់ទង នឹង​ថ្លៃ​កៅស៊ូធម្មជាតិនៅទីផ្សារ​ក្នុង​និងក្រៅស្រុក​
  • ពេញ​ចិត្ត​ដោយ​​​ទទួលបាននូវ​ព័ត៌មាន​​កៅស៊ូ​ថ្មីៗនិង​មាន​ការយល់ដឹងច្រើនអំពីទីផ្សារកៅស៊ូ។

សំណូមពរ

នៅចុងបញ្ចប់ តំណាងកសិករកៅស៊ូគ្រួសារបានលើកសំណូមពរ​​​ដូចជា៖

  • សុំឱ្យមានវគ្គបណ្តុះបណ្តាល​អំពីការ​បង្កើត​សហគមន៍កសិកម្ម​កៅស៊ូគ្រួសារ បច្ចេកទេសដាំដុះ ការការពារនិងព្យាបាលជំងឺ និងបច្ចេក-ទេសកែច្នៃ។
  • សុំឱ្យអគ្គនាយកដ្ឋានកៅស៊ូជួយបន្តបើកវគ្គបណ្តុះបណ្តាលនិងផ្សព្វផ្សាយអំពីទីផ្សារកៅស៊ូធម្មជាតិឲ្យបានញឹកញាប់ដើម្បីបង្កើនការយល់-ដឹងអំពីនិន្នាកាទីផ្សារកៅស៊ូធម្មជាតិពិភពលោក៕
Latest News