×
ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងអគ្គនាយកដ្ឋានកៅស៊ូនិងអង្គការ WWF កម្ពុជា

នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នៅសាលប្រជុំអគ្គនាយកដ្ឋានកៅស៊ូ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណយោគយល់គ្នារវាងអគ្គនាយកដ្ឋានកៅស៊ូ ដឹកនាំដោយឯកឧត្តម ប៉ុល សុផា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកៅស៊ូ ជាមួយនឹងអង្គការមូលនិធិសកលសម្រាប់ធម្មជាតិ (WWF) ដែលបានដឹកនាំដោយលោក សេង​ ទៀក នាយកអង្គការមូលនិធិសកលសម្រាប់ធម្មជាតិ​(WWF) ព្រមទាំងបានការអញ្ជើញចូលរួមដោយលោកអគ្គនាយករង លោកប្រធាននាយកដ្ឋាន លោកនាយកវិទ្យាស្ថាន ស្រាវជ្រាវកៅស៊ូកម្ពុជា អនុប្រធាននាយកដ្ឋាន និងមន្ត្រីអង្គការ  WWF សរុបចំនួន២០នាក់ (ស្រី២នាក់)។

គោលបំណងសំខាន់នៃពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាគឺដើម្បីធ្វើកិច្ចសហការលើការគាំទ្រនិងការអភិវឌ្ឍអនុវិស័យកៅស៊ូធម្មជាតិប្រកបដោយនិរន្តរភាពនៅតំបន់ខ្ពង់ រាបភាគខាងកើត (ខេត្តមណ្ឌលគិរី)

ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រតិភូ បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានលោកនាយកអង្គការមូលនិធិសកលសម្រាប់ធម្មជាតិ​ និងសហការីរបស់អង្គការ ព្រមទាំងថ្នាក់ដឹកនាំ និង មន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានកៅស៊ូ ដែលបានខិតខំប្រឹងប្រែងសហការជាមួយគ្នាជាងមួយឆ្នាំ ដោយទទួលបានលទ្ធផលល្អប្រសើរក្នុងការអនុវត្តសកម្មភាពការងារ​​មួយចំនួនរួមមានការចុះផ្សព្វផ្សាយវគ្គបណ្តុះបណ្តាលបច្ចេកទេសកៅស៊ូដល់កសិករកៅស៊ូគ្រួសារ សិក្សាលក្ខណៈសម្បត្តិចម្ការកៅស៊ូគ្រួសារ និងការធ្វើចម្ការបង្ហាញការចុះអនុស្សរណៈយោគយល់គ្នា ថ្ងៃនេះ គឺដើម្បីពង្រឹងកិច្ចសហការគ្នាឲ្យ​កាន់តែរឹងមាំនិងគ្រប់ជ្រុងជ្រោយបន្ថែមទៀត អនុស្សរណៈនេះគឺក៏បានការគាំទ្រពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្តាំផ្ញើឱ្យយកចិត្តទុកដាក់​ខ្ពស់ធ្វើយ៉ាងណាឱ្យកិច្ចសហការនេះ ទទួលបានលទ្ធផលជាផ្លែផ្កាល្អ។

ជាកិច្ចបន្ត លោក សេង ទៀក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមប្រតិភូ ក៏ដូចជាថ្នាក់ដឹកនាំនិងមន្ត្រីនៃអគ្គនាយដ្ឋានកៅស៊ូ​ទាំងអស់​ ដែលបានសហការជាមួយ​នឹងអង្គការ WWF រហូតឈានដល់ការព្រមព្រៀងចុះហត្ថលេខាលើ អនុស្សរណៈនេះ ដែលបញ្ជាក់ពីការបើកទំព័រថ្មី១ នៃកិច្ចខិតខំប្រឹងប្រែងក្នុងភាពជាដៃគូដើម្បីរួមគ្នាលើកកម្ពស់អនុ វិស័យកៅស៊ូប្រកបដោយនិរន្តរភាព។ លោកក៏បានបញ្ជាកជូនអង្គប្រជុំថា ក្រៅពីការចុះអនុស្សរណៈយោគយល់គ្នាជាមួយអគ្គនាយដ្ឋានកៅស៊ូ អង្គការ WWF​ ក៏បានចុះអនុស្សរណៈ​ជាមួយនឹងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាលាខេត្តមណ្ឌលគិរី សាលាខេត្តក្រចេះ រដ្ឋបាលជលផល  និងគ្រោងចុះ អនុស្សរណៈជាមួយក្រសួងរ៉ៃនិងថាមពល លើការជួយនិងគាំទ្រ ថាមពលកកើតឡើងវិញ​។ លោកបន្តថា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសលើអនុវិស័យកៅស៊ូ   អង្គការ WWF យល់ឃើញថា​ អគ្គនាយកដ្ឋានកៅស៊ូ គឺជាដៃគូ យុទ្ធសាស្ត្រដ៏សំខាន់មួយដែលជាស្ថាប័នជំនាញទទួលខុសត្រូវ លើការរៀបចំគោលនយោបាយជាតិសំខាន់ៗទាក់ទងនឹងអនុវិស័យកៅស៊ូនៅកម្ពុជា រួមទាំងការអភិវឌ្ឍការគ្រប់គ្រង គុណភាពផលិតផល ខ្សែច្រវ៉ាក់ផលិតកម្ម និងកែច្នៃកៅស៊ូធម្មជាតិប្រកបដោយនិរន្តរភាព។ ការចុះហត្ថ លេខានាថ្ងៃនេះ គឺជាសក្ខីភាពបញ្ជាក់ពីការសន្យាខ្ពស់ដើម្បីជួយអភិវឌ្ឍផលិត កម្មកៅស៊ូធម្មជាតិឱ្យមាននិរន្តរភាព និងរួមចំណែកកែលម្អលើកកម្ពស់កម្រិតជីវភាពរបស់កសិករកៅស៊ូគ្រួសារ ព្រមទាំងជួយផ្សព្វផ្សាយបញ្ជ្រាបគោលការណ៍អភិវឌ្ឍន៍កៅស៊ូធម្មជាតិ ប្រកបដោយនិរន្តរភាពដល់ភាគីពាក់ព័ន្ធនានារួមទាំងអ្នកទិញនិងអ្នកប្រើប្រាស់។ លោកសង្ឃឹមថា ក្រោយពីការចុះអនុស្សរណៈនេះ ស្ថាប័នទាំងពីរនឹងសហការគ្នាកាន់តែស្អិតរមួត និងយូរអង្វែង ដើម្បីជំរុញខ្សែច្រវ៉ាក់ផ្គត់ផ្គង់កៅស៊ូធម្មជាតិ និងបង្កើតឱកាសសម្រាប់ការវិនិយោគដោយមានការ ទទួលខុសត្រូវលើឧស្សាហកម្មកៅស៊ូកម្ពុជា។

ជាលទ្ធផល

ក្នុងការចុះអនុស្សរណៈនេះ គូភាគីបានឯកភាពគ្នាដូចខាងក្រោម៖

១. ចូលរួមសហការកសាងគោលការណ៍និងផែនការសកម្មភាពសម្រាប់អភិវឌ្ឍន៍កៅស៊ូធម្មជាតិប្រកបដោយនិរន្តរភាព និងបញ្ជ្រាបគោលការណ៍អភិវឌ្ឍន៍នេះដល់អ្នកពាក់ព័ន្ធ ស្របតាម ផែនការយុទ្ឋសាស្រ្តអភិវឌ្ឍន៍កៅស៊ូកម្ពុជា។

២. ចូលរួមសហការរៀបចំនិងពង្រឹងយន្តការភាពជាដៃគូពហុភាគីនៅក្នុងខេត្តមណ្ឌលគិរី។

៣.ចូលរួមសហការពង្រឹងសហគមន៍កសិកម្មកៅស៊ូគ្រួសារឱ្យដំណើរការកាន់តែមានប្រសិទ្ធភាពខ្ពស់។

៤. ចូលរួមសហការពង្រឹងនិងពង្រីកសេវាកម្មផ្សព្វផ្សាយបច្ចេកទេសដំណាំកៅស៊ូឱ្យបានកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាព។

៥. ចូលរួមសហការរៀបចំបង្កើតចម្ការបង្ហាញដំណាំកៅស៊ូនិងពិពិធកម្មកសិកម្ម ដើម្បីធ្វើជាកន្លែងអនុវត្តនិងផ្សព្វផ្សាយបច្ចេកទេសដល់អ្នកដាំកៅស៊ូ។

៦. ចូលរួមសហការរៀបចំកិច្ចប្រជុំ ដើម្បីចែករំលែកមេរៀនបទពិសោធន៍និងលទ្ធផលនៃកិច្ចសហប្រតិបត្តិការដល់អ្នកពាក់ព័ន្ធ។

៧. ពិភាក្សាលើគំនិតផ្តួចផ្តើមរបស់គូភាគីក្នុងការរៀបចំគម្រោងថ្មីៗ ដែលផ្ដោតជាសំខាន់ដល់ការលើកកម្ពស់ជីវភាពកសិករកៅស៊ូគ្រួសារជនជាតិដើមភាគតិច​ និង​ជំរុញ​ផលិតកម្មកៅស៊ូ​ប្រកបដោយនិរន្តរភាព។

៨. គូភាគីក៏បានឯកភាពលើគោលការណ៍ ដូចខាងក្រោម៖

     -  ការអនុវត្តផែនការសកម្មភាពការគ្រប់គ្រងនិងការធ្វើរបាយការណ៍ហិរញ្ញវត្ថុរបស់គម្រោង គឺជាការទទួលខុសត្រូវរបស់ភាគីនីមួយៗ

     -  ការគ្រប់គ្រងហិរញ្ញវត្ថុដែលភាគីនីមួយៗកៀរគររកបាននិងការចាត់ចែងហិរញ្ញវត្ថុទាំងនោះសម្រាប់​គម្រោង គឺជាការទទួលខុសត្រូវរបស់ភាគីនីមួយៗ ដោយអនុលោមទៅតាម គោលនយោបាយ និងនីតិវិធីហិរញ្ញវត្ថុរបស់ភាគីសាមី

     -  សម្ភារនិងឧបករណ៍ផ្សេងៗដែលភាគីនីមួយៗបានជាវ សម្រាប់បម្រើក្នុងសកម្មភាពគម្រោង គឺជាកម្មសិទ្ធិ​របស់ភាគីសាមី លើកលែងតែមានការឯកភាពគ្នាជាលាយលក្ខណ៍អក្សរ ណាមួយលើកម្មសិទ្ធិគ្រប់​គ្រង​សម្ភារនិងឧបករណ៍ទាំងនោះ។

៩. រាល់ការប្រើប្រាស់ឈ្មោះសញ្ញាពាណិជ្ជកម្ម ឬកម្មសិទ្ធិបញ្ញារបស់ភាគីណាមួយ ត្រូវមានការ​ឯកភាពជាលាយ​លក្ខណ៍អក្សរជាមុនពីភាគីដែលជាម្ចាស់នៃកម្មសិទ្ធិបញ្ញា៕

 

ព័ត៌មានចុងក្រោយ