ស្ថានភាពផលិតកម្មនិងធុរកិច្ចកៅស៊ូធម្មជាតិកម្ពុជាប្រចាំខែតុលា ឆ្នាំ២០២០ បានបង្ហាញថា៖ ផ្ទៃដីកៅស៊ូ សរុបមានចំនួន៤០១ ៩១៤ហ.ត ដែលក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន២៩០ ០១៣ហ.ត(ស្មើនឹង៧២%) និងផ្ទៃដីថែទាំមានចំនួន១១១ ៩០១ហ.ត(ស្មើនឹង២៨%)។ បរិមាណផលិតផលសរុបក្នុងខែតុលាមានចំនួន៣៤ ៩៣៩តោន បានកើនឡើងចំនួន៤ ៦៥៩តោន (=+១៥%) ធៀបនឹងខែមុន និងបានកើនឡើងចំនួន៦ ៦០៣តោន (=+២៣%) បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។ គិតរហូតមកដល់ខែតុលា (១០ខែឆ្នាំ២០២០) បរិមាណផលិតសរុបមានចំនួន២៤៧ ៧១៥តោន បានកើនឡើងចំនួន៤៤ ០៩៨តោន (=+២២%) ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។
បរិមាណបញ្ចេញលក់ក្នុងខែតុលាមានចំនួន៣៣ ០៤៣តោន បានកើនឡើងចំនួន២ ៨៦៧តោន (=+៩,៥%) ធៀបនឹងខែមុន និងបានកើនឡើងចំនួន៦ ០៧១តោន(=+២៧%) ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។បរិមាណ បញ្ចេញលក់សរុបរហូតដល់ខែតុលាឆ្នាំ២០២០ មានចំនួន២៤២ ៩២២តោន បានកើនឡើងចំនួន៤២ ៧៣៤តោន (=+២១%) ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
តម្លៃលក់ជាមធ្យមក្នុងខែតុលាគឺ១ ៤៣៣US$/តោន បានកើនឡើង១១៥US$/តោន (= +៨,៧៦%) ធៀបនឹងខែមុន និងបានកើនឡើង១២៩US$/តោន (= + ១០%) បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។ រហូតដល់ខែតុលា ឆ្នាំ២០២០ តម្លៃលក់ជាមធ្យមគឺ១ ៣១១US$/តោន បានថយចុះ១៩US$/តោន (= -១%) បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំពោះស្ថានភាពទិញជ័រកៅស៊ូគ្រួសារតាមតំបន់នានាប្រចាំខែតុលា ឆ្នាំ២០២០ មានតម្លៃជាមធ្យមប្រមាណ ពីតម្លៃ៤ ៤៥០ - ៥ ១៥០៛/គ.ក្រ សម្រាប់ជ័រទឹកគិតជាជ័រស្ងួតតាមអត្រា DRC (បានកើនឡើង២០៧៛/គ.ក្រ ធៀបនឹងខែមុន) និងតម្លៃ២ ១២៥ - ២ ៥៥0៛/គ.ក្រ សម្រាប់ជ័រកក (កើនឡើង៨៦៛/គ.ក្រ ធៀបនឹងខែមុន) អាស្រ័យ ទៅតាមតំបន់)។
យោងរបាយការណ៍ប្រចាំខែតុលា - វិច្ឆិកា ឆ្នាំ២០២០ របស់សមាគមបណ្តាប្រទេសផលិតកៅស៊ូធម្មជាតិ (ANRPC) បានបង្ហាញថា៖ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២០ (មករា - វិច្ឆិកា) ផលិតផលកៅស៊ូធម្មជាតិពិភពលោកបានធ្លាក់ចុះ៨,៥% គឺមានបរិមាណត្រឹម១0,0៩៨លានតោន ហើយនឹងបន្តធ្លាក់ចុះបន្ថែមទៀតរហូតដល់១០,៨% ចាប់ពីខែវិច្ឆិកា - ធ្នូ ដែលធ្វើឲ្យផលិតផលកៅស៊ូធម្មជាតិពិភពលោកប្រចាំឆ្នាំ២០២០ មានចំនួនត្រឹមតែ១២,៥៩៧លានតោន (ធ្លាក់ចុះ៩%ធៀបនឹងឆ្នាំ២០១៩)។ សម្រាប់ឆ្នាំ២០២១ខាងមុខ ផលិតផលកៅស៊ូធម្មជាតិពិភពលោក រំពឹងថានឹងកើនឡើង៨,៦% ស្មើនឹងបរិមាណសរុប១៣,៥៩៧លានតោន ប៉ុន្តែនៅទាបជាងបរិមាណផលិតផលសរុបប្រចាំឆ្នាំ២០១៩ និង២០១៨ ដែលមានចំនួន១៣,៨៤២លានតោន និង១៣,៨៣៩លានតោនរៀងគ្នា។ រីឯបរិមាណតម្រូវការប្រើប្រាស់ក្នុងពិភព ក្នុងរយៈពេល១០ខែ ឆ្នាំ២០២០ (មករា - វិច្ឆិកា) បានធ្លាក់ចុះ៨,៦% គឺមានបរិមាណត្រឹម១0,៤៩៦លានតោន ប៉ុន្តែនឹងកើនឡើង១,២%បន្ថែមទៀត ក្នុងអំឡុងពេលខែវិច្ឆិកា - ធ្នូ ដែលធ្វើឲ្យផលិតផលកៅស៊ូធម្មជាតិពិភពលោកប្រចាំឆ្នាំ២០២០ មានចំនួនត្រឹមតែ១២,៨១១លានតោន (ធ្លាក់ចុះ៦,៩%ធៀបនឹងឆ្នាំ២០១៩)។ សម្រាប់ឆ្នាំ២០២១ខាងមុខ បរិមាណតម្រូវការប្រើប្រាស់កៅស៊ូធម្មជាតិពិភពលោក រំពឹងថានឹងកើនឡើង៤,៩% ស្មើនឹងបរិមាណសរុប១៣,៤៣៦លានតោន ប៉ុន្តែនៅទាបជាងបរិមាណតម្រូវការប្រើប្រាស់កៅស៊ូធម្មជាតិពិភពលោកប្រចាំឆ្នាំ២០១៩ និង២០១៨ ដែលមានចំនួន១៣,៧៦៨លានតោន និង១៣,៨៩៨លានតោនរៀងគ្នា។
នៅក្នុងអំឡុងខែតុលា - វិច្ឆិកា ឆ្នាំ២០២០ ស្ថានភាពទីផ្សារកៅស៊ូធម្មជាតិមានការប្រែប្រួលខ្លាំង។ ថ្លៃកៅស៊ូទាំលើទីផ្សាទិញលក់តាមកិច្ចសន្យា និងទីផ្សារក្នុងស្រុកបានហក់ឡើងខ្ពស់ក្នុងខែតុលា ប៉ុន្តែបានធ្លាក់ចុះបន្តិចវិញនៅដើមខែវិច្ឆិកា និងបានងើបឡើងវិញនៅចុងខែវិច្ឆិកា។ កត្តាដែលមានឥទ្ឋិពលលើថ្លៃកៅស៊ូទាំលើទីផ្សាទិញលក់តាមកិច្ចសន្យា និងទីផ្សារក្នុងស្រុកនៅក្នុងអំឡុងខែតុលា - វិច្ឆិកា ឆ្នាំ២០២០ ដោយសារតែព្រឹត្តិការណ៍និងភូមិសាស្រ្តនយោបាយសកលលោករួមមាន៖ (១) រលកទី២នៃការឆ្លងរាលដាលជំងឺកូវីត-១៩ ជាពិសេសនៅសហរដ្ឋអាម៉េរិក និងតំបន់អឺរ៉ុប (២)លទ្ឋផលជោគជ័យនៃការផលិតវ៉ាក់សាំងប្រឆាំងជំងឺកូវីត-១៩ (៣) លទ្ឋផលនៃការបោះឆ្នាតជ្រើសរើសប្រធានាធិបតីនៅសហរដ្ឋអាម៉េរិក (៤) ការធ្លាក់ចុះតម្លៃប្រាក់ដុល្លារទល់នឹងរូបីយបណ្ណនៃបណ្តាប្រទេសផ្សេងៗ និង(៥) ការកើនឡើងនៃតម្លៃប្រេងឆៅ។