×
កិច្ចប្រជុំស្ដីពីកិច្ចសហការលើការកសាងគោលការណ៍ណែនាំនិរន្តរភាពកៅស៊ូធម្មជាតិរវាងអគ្គនាយកដ្ឋានកៅស៊ូ និង អង្គការ WWF កម្ពុជា

          នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ នៅសាលប្រជុំអគ្គនាយកដ្ឋានកៅស៊ូ មានកិច្ច​ប្រជុំ មួយ​ស្តីពីកិច្ចសហការលើការកសាងគោលការណ៍ ណែនាំនិរន្តរភាពកៅស៊ូធម្មជាតិ រវាងអគ្គនាយក ដ្ឋានកៅស៊ូ និង អង្គការWWF កម្ពុជា ក្រោម​អធិបតី​ភាព ឯកឧត្តម ប៉ុល សុផា ប្រតិភូរាជរដ្ឋាភិបាល​កម្ពុជា​ទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋាន កៅស៊ូ និងមានការចូលរួមពីលោកអគ្គនាយករង លោកប្រធាន​ អនុប្រធាននាយកដ្ឋាន លោកប្រធាន អនុប្រធានការិយាល័យ មន្រ្តីជំនាញ និងអង្គការ WWF សរុបចំនួន១៤នាក់(ស្រី១នាក់) គោលបំណងសំខាន់នៃកិច្ចប្រជុំ គឺដើម្បី​លើក​កម្ពស់កិច្ចសហការ​​ និងពិភាក្សាកិច្ចសហការលើ​ការកសាងគោលការណ៍ណែនាំនិរន្តរភាពកៅស៊ូ ធម្មជាតិ។

          ជាកិច្ចចាប់ផ្តើម ឯកឧត្តម ប៉ុល សុផា ប្រធាន​អង្គ​ប្រជុំ​បានធ្វើការស្វាគមន៍ចំពោះ​ លោក​នាយក​​អង្គ​ការ WWF និងសមាជិកនៃអង្គប្រជុំ​ទាំងអស់ ដែលបានចំណាយពេលចូលរួមប្រជុំ​។ បន្ទាប់មក ឯកឧត្តម ​​បានលើកឡើងពីកិច្ចសហការរវាង​អគ្គនាយកដ្ឋាន និងអង្គការ WWF ដែលបាន​ចាប់ផ្តើ​ម​តាំងពីខែឧសភា ឆ្នាំ២០២០មកម្លេះ ដោយបានអនុវត្តសកម្មភាពការងារជាមួយគ្នាបានចំនួន០៥ដងរួចមកហើយ ដូចជា៖

  • វគ្គ​​ផ្សព្វ​ផ្សាយបច្ចេកទេសដំណាំកៅស៊ូ​ដល់​កសិករ​​កៅស៊ូ​គ្រួសារ
  • ពង្រឹងសហគមន៍កសិកម្មកៅស៊ូគ្រួសារ ស្រុកពេជ្រាដា
  • ចុះសិក្សាលក្ខណៈសម្បតិ្តកៅស៊ូគ្រួសារ ខេត្ត​មណ្ឌលគិរី
  • កំណត់ទីតាំងនិងធ្វើផែនទីចម្ការកៅស៊ូរបស់​សមាជិកសហគមន៍កសិកម្មកៅស៊ូគ្រួសារ
  • ការធ្វើបច្ចុប្បន្នភាពឯកសារបច្ចេកទេស សម្រាប់ធ្វើការផ្សព្វផ្សាយដល់កសិករ។

          ឯកឧត្តមបានបញ្ជាក់ជូនលោកនាយកអង្គការWWF ស្តីពីលិខិតសុំការសហការ គឺអគ្គនាយក​ដ្ឋាន​កៅស៊ូបានរៀបចំលិខិតស្នើសុំការអនុញ្ញាត ទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​រួច​រាល់ ដោយរង់ចាំ​ចម្លើយ​តបរបស់ក្រសួង។

          បន្ទាប់ពីកិច្ចស្វាគមន៍របស់ឯកឧត្តមប្រធាន​រួច លោក សេង ទៀក ប្រធានអង្គការ WWF កម្ពុជា បានថ្លែង​អំណរគុណដល់ឯកឧត្តម​ប្រតិភូ​និងសហការី ​ដែល​បាន​​ចំណាយពេលវេលា​ដ៏មាន​តម្លៃក្នុងការចូលរួមកិច្ច​ប្រជុំ​ និងបានជម្រាបជូន​អង្គប្រជុំអំពីសកម្មភាពរបស់​អង្គការ WWF ដែល​ជា​អង្គការក្រៅរដ្ឋាភិបាលនិងមាន​វត្តមាន​​នៅ​ប្រទេស​កម្ពុជាតាំងពីឆ្នាំ១៩៩៥។​ គោលដៅ​សំខាន់របស់អង្គការWWF គឺធានាឱ្យបាននូវ​ការចូល​រួ​ម និងការគាំទ្រពីប្រជាជនក្នុងការរក្សាឱ្យ​បាននូវជីវៈចម្រុះដ៏សំបូរបែបក្នុងប្រទេសកម្ពុជា តាម​រយៈការបង្កើត ឱកាសថ្មីៗដែលផ្តល់សារៈ​ប្រយោជន៍​សម្រាប់ប្រជាជនទាំងអស់ និងលើក​កម្ពស់​ជីវភាពរស់នៅរបស់ប្រជាសហគមន៍។ បច្ចុប្បន្នអង្គការWWF កំពុងអនុវត្តគម្រោងជាច្រើន​​ក្នុងពីរតំបន់គឺ តំបន់ខ្ពង់រាបទេសភាពភាគខាង កើត(មណ្ឌលគិរី) និងតំបន់ទេសភាពព្រៃលិចទឹក​ទន្លេមេគង្គ(ខេត្តក្រចេះ)។ លោកបានបញ្ជាក់ជូន​ទៀត​ថា អង្គការ WWF បានសហការជាមួយ ក្រសួងបរិស្ថាន មន្ទីរបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជលផល​ ក្រសួងដែនដី នគររូបនីយកម្ម និង​សំណង់ និង​រដ្ឋបាល​ថ្នា​ក់ខេត្ត។ ទន្ទឹងនឹងនេះអង្គការ WWF បានធ្វើការសិក្សាស្តីពីការប្រើប្រាស់ដីនៅក្នុងខេត្ត​មណ្ឌលគិរីដោយសហការជាមួយក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ និងរដ្ឋបាលថ្នាក់ខេត្ត ដើម្បីកំណត់ការប្រើ​ប្រាស់​ដី​នៅខេត្តមណ្ឌលគិរីឱ្យ​បាន​ច្បាស់លាស់ ដីដំណាំ​កៅស៊ូ ដីធ្វើកសិកម្ម​ផ្សេងៗទៀត និងដីតំបន់​ការពារ។ តាមរយៈ​ការគាំទ្រ​ថវិកាពី BMZ របស់ប្រទេសអាល្លឺម៉ង់ របស់អង្គការWHH អង្គការWWF​បានអនុវត្ត​គម្រោង​“ការអភិវឌ្ឍភាពជាដៃគូពហុភាគីក្នុង​តំបន់​អាស៊ីអាគ្នេយ៍ដើម្បី​លើកក​ម្ពស់ខ្សែចង្វាក់តម្លៃ​កសិកម្ម​ ​ប្រកបដោយ​និរន្តរភាពក្នុងអនុវិស័យ​កៅស៊ូ​” ដែលហៅកាត់​ថា​គម្រោងភាព​ជា​​​ដៃ​​គូ​ពហុភាគី ”multi-actor partnership : MAP” ស្ថិតនៅខេត្តមណ្ឌលគិរី ដែលមានរយៈពេល ០៣ឆ្នាំ។ តាមរយៈគម្រោងនេះដែរ អង្គការWWF មានបំណងចង់ជំរុញផលិតផលកៅស៊ូកម្ពុជាទៅ លក់នៅទីផ្សារអន្តរជាតិ ដែលមានការទទួលស្គាល់​ជាលក្ខណៈ​សកល។ លោកបានបន្តទៀតថា ចំពោះរយៈពេលនេះ WWF កំពុងធ្វើការចរចារ​ជាមួយ​អង្គការ WHH ដើម្បីបន្តកិច្ចការងារនេះ ព្រោះការជំរុញផលិតផលកៅស៊ូ ប្រកបដោយ​និរន្តរភាពរបស់កម្ពុជាដល់ទីផ្សារអន្តរជាតិ គឺត្រូវ​ការ​ពេលវេលាយ៉ាងហោចណាស់១០ឆ្នាំ។

          លោក ស៊ីវ គង់ ប្រធានគម្រោង​របស់​អង្គការ​WWF បានធ្វើបទបង្ហាញ​ស្តីពី​គម្រោង MAP (multi-actor partnership) ជូនដល់​អង្គប្រជុំ ដែលគម្រោង​នេះ​មានរយៈពេល​បីឆ្នាំ ចាប់ពីខែកក្កដាឆ្នាំ២០១៩ ដល់​មិថុនាឆ្នាំ២០២២ គាំទ្រថវិកាដោយ BMZ របស់​ប្រទេស​​​អាល្លឺម៉ង់​តាម​រយៈ​​​​អង្គការ WHH។ លោកបន្ត​ទៀតថា គម្រោងនេះ​​មាន​គោលបំណង បង្កើតយន្តការ​ភាពជាដៃគូពហុភាគី​ក្នុង​ប្រទេសចំនួន៣ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ (កម្ពុជា ថៃ និងមីយ៉ាន់ម៉ា) ដើម្បី​ជំរុញ​ខ្សែ​ចង្វាក់ផ្គត់ផ្គង់កៅស៊ូ​ ព្រមទាំង​ផ​លិ​ត​​កម្ម​​កៅស៊ូប្រក​ប​ដោយ​និរន្តរភាព និងរួម​ចំណែក​ការ​កែលម្អជីវភាព​របស់​កសិករកៅស៊ូគ្រួសារ ជនជាតិ​ដើមភាគតិចនិង​កម្មករ។ គម្រោងអនុវត្តវិធីសាស្រ្ត​ភាពជាដៃគូពហុភាគី (Multi-actor approach) មានបួនដំណាក់កាល គឺដំណាក់កាលទី១ ការស្វែង​​យល់ និងការចូលរួម ដំណាក់កាលទី២ ការបង្កើតនិងធ្វើឱ្យ​មាន​លក្ខណៈជាផ្លូវការ ដំណាក់​កាល​ទី៣ ការអនុវត្ត​និងវាយ​តំលៃ និងដំណាក់​កាល​ទី៤ ការអភិវឌ្ឍ ពង្រឹង បង្កើតជាស្ថាប័ន​ឬរចនាសម្ព័ន្ធ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

          ឯកឧត្តម ប៉ុល សុផា បានជម្រាបជូន​លោកនាយក​បន្ថែមស្តីពី និរន្តរភាពកៅស៊ូធម្មជាតិ គឺជា​គំនិតផ្តូចផ្តើមរបស់ International Rubber Study Group (IRSG) ហើយសមាគមបណ្តាល​ប្រទេសផលិត​កៅស៊ូធម្មជាតិ(ANRPC) បានធ្វើ​ការ​ផ្សព្វផ្សាយពី​គោល​ការណ៍និរន្តរភាព​កៅស៊ូ​ធម្មជាតិ​នេះដល់សមាជិក​ទាំងអស់ផងដែរ។ ដោយ​ឡែក​កម្ពុជា បានរៀបចំ​គោល​ការណ៍និរន្តរភាព​កៅស៊ូធម្មជាតិមួយសម្រាប់បញ្ចូលក្នុងគោលការណ៍​និរន្តរភាពកៅស៊ូធម្មជាតិរបស់ ANRPC ក្រោយ​ពេលដែលគោលការណ៍ណែនាំអំពីនិរន្តរភាពកៅស៊ូ​ធម្មជាតិរបស់ ANRPC បានអនុម័តបញ្ចប់។​ ឯកឧត្តមបានមានប្រសាសន៍បន្តថា ក្រៅពី​គោលការណ៍​​និ​រន្តរភាពកៅស៊ូធម្មជាតិ ដើម្បីជំរុញ​កៅស៊ូកម្ពុជា​ដល់​ទីផ្សារអន្តរជាតិបាន គឺយើងមាន​មន្ទីរពិសោធន៍​យថា​ប្រភេទ​សម្រាប់បញ្ជាក់ស្តង់ដា​កៅស៊ូរួចហើយដែរ។

          លទ្ធផល បន្ទាប់មកអង្គប្រជុំបានពិនិត្យពិភាក្សា សម្រេចការងារក្នុងការសហការជាមួយគ្នានូវ ចំណុចដូចខាងក្រោម៖

  • ជំរុញឱ្យមានMOU រវាងអគ្គនាយកដ្ឋាន​កៅស៊ូ​និងអង្គការ WWF
  • ជួយគាំទ្រលើការរៀបចំគោលនយោបាយ និងគោលការណ៍និរន្តរភាពកៅស៊ូធម្មជាតិ​របស់កម្ពុជា
  • ជួយផ្សព្វផ្សាយពីគោលនយោបាយនិង គោលការណ៍និរន្តរភាពកៅស៊ូធម្មជាតិរបស់កម្ពុជា
  • ជួយផ្សព្វផ្សាយពីវិញ្ញាបនបត្របញ្ជាក់និរន្តរភាពកៅស៊ូធម្មជាតិដល់ក្រុមហ៊ុនកៅស៊ូកសិឧស្សាហ៍កម្ម
  • ចូលរួមរៀបចំនិងពង្រឹងដំណើរការយន្តការភាពជាដៃគូពហុភាគីនៅក្នុងខេត្តមណ្ឌលគិរី
  • ចូលរួមពង្រឹងដំណើរការសហគមន៍កសិកម្ម កៅស៊ូគ្រួសារ
  • ចូលរួមបង្កើតនិងពង្រឹងសេវាកម្មផ្សព្វផ្សាយលើបច្ចេកទេសដំណាំកៅស៊ូប្រកបដោយចីរភាពឱ្យបានកាន់តែទូលំទូលាយនិងមាន ប្រសិទ្ឋភាព
  • រៀបចំចម្ការបង្ហាញបច្ចេកទេសដំណាំកៅស៊ូនិងពិពិធកម្មកសិកម្ម ដើម្បីធ្វើជាកន្លែង​អនុវត្ត​និងផ្សព្វផ្សាយ បច្ចេកទេសដល់អ្នកដាំកៅស៊ូ
  • អង្គការWWF នឹងពិភាក្សាបន្ថែមទៀតលើ​គម្រោង​សាកល្បងការសាងសង់​សិប្ប​កម្ម​​កែច្នៃ​កៅស៊ូ​សន្លឹក​​ដល់សហគមន៍កសិកម្ម​កៅស៊ូ​គ្រួសារក្នុងខេត្តមណ្ឌលគិរី
  • បង្កើតក្រុមការងារមួយច្បាស់លាស់ ដើម្បីងាយ​ស្រួលក្នុងការសហការគ្នា។
ព័ត៌មានចុងក្រោយ