ពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានកៅស៊ូ
នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ ពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានកៅស៊ូ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអមដោយ ឯកឧត្តម លោក លោកស្រីជាថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ លោក លោកស្រី នាងកញ្ញាជាមន្រ្តីរាជការ នៃអគ្គនាយកដ្ឋានកៅស៊ូ វិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត តំណាងសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា សហគមន៍កសិកម្មកៅស៊ូគ្រួសារតាមតំបន់ តំណាង ក្រុមហ៊ុនចម្ការកៅស៊ូកសិឧស្សាហកម្ម ម្ចាស់រោង-ចក្រសិប្បកម្មកែច្នៃជ័រនិងឈើកៅស៊ូ តំណាងមកពីធនាគារអភិវឌ្ឍន៍ជនបទនិងកិសកម្ម (ARDB) និងអង្គការស្បៀងអាហារនិងកសិកម្ម (FAO) ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ប៉ុល សុផា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូ បានធ្វើសេចក្តីរាយការណ៍អំពីលទ្ធផល នៃកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តការងារ ឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានកៅស៊ូមាន៖
- ក្នុងឆ្នាំ២០១៩ កម្ពុជាមានផ្ទៃដីកៅស៊ូសរុបទូទាំងប្រទេសចំនួន៤០៥ ៦៧១ហ.ត ធៀបនឹងឆ្នាំ ២០១៨ ដែលមានចំនួន៤៣៦ ៦៨២ហ.ត ថយចុះ៣១ ០១១ហ.ត ស្មើនឹង៧%។ ការថយចុះផ្ទៃដីនេះ ភាគច្រើនកើតមានលើក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចមួយចំនួនដែលបានផ្លាស់ប្តូរមុខដំណាំ ព្រោះដីមិនសមស្របនឹងដំណាំកៅស៊ូ និងក្រុមហ៊ុនមួយចំនួនទៀតការគ្រប់គ្រង់ថែទាំកៅស៊ូមិនបានល្អធ្វើឲ្យមានភ្លើងឆេះនៅរដូវប្រាំង ក្នុងនោះផ្ទៃដីចម្ការកៅស៊ូកសិ-ឧស្សាហកម្មមានចំនួន២៤៤ ៥៦៨ហ.ត ស្មើ នឹង៦០% និងផ្ទៃដីចម្ការកៅស៊ូគ្រួសារមានចំនួន ១៦១ ១០៣ ហ.ត ស្មើនឹង៤០%។ ផ្ទៃដីកៅស៊ូចៀរជ័រមានចំនួន២៥០ ៤៧៧ហ.ត បើធៀបនឹងឆ្នាំ២០១៨ មានចំនួន២០១ ៩៤៧ហ.ត គឺកើនឡើង ៤៨ ៥៣០ហ.ត ស្មើនឹង២៤,១%។ ជាមួយនេះដែរ ផលិតផលកៅស៊ូសម្រេចបានចំនួន២៨៧ ៦៣៨ តោន ធៀបនឹងឆ្នាំ២០១៨ មានចំនួន២២០ ១០០ តោន គឺកើនឡើង៦៧ ៥៣៨តោន ស្មើនឹង៣០, ៦៩%។ ទិន្នផលជាមធ្យមមានចំនួន១ ១៤៨គ.ក្រ/ ហ.ត ធៀបនឹងឆ្នាំ២០១៨ មានចំនួន១ ០៩០គ.ក្រ /ហ.ត កើនឡើង៥៨គ.ក្រ/ហ.ត ស្មើនឹង ៥,៣២%។ ចំពោះ ការនាំចេញកៅស៊ូក្នុងឆ្នាំ២០១៩សម្រេចបានចំនួន២៨២ ០៧១តោន ស្មើនឹងទឹកប្រាក់ចំនួន៧ ៩៤២ ១៥១ដុល្លារអាម៉េរិក ធៀបនឹងឆ្នាំ២០១៨ ដែលមានចំនួន២៧១ ៥០០តោន គិតជាទឹកប្រាក់ សរុបមានចំនួន២៨៦ ៦០៨ ១១៧ ដុល្លារអាម៉េរិក បានកើនឡើងចំនួន៦៤ ៥៧១តោន ស្មើនឹង ២៩, ៦៩% ដែលប្រាក់ចំណូលបានកើនឡើងប្រមាណ ៩០ ៣៣៤ ០៣៤ដុល្លារអាម៉េរិក/តោន ធៀបនឹងឆ្នាំ២០១៨ ដែលមានតម្លៃមធ្យមស្មើនឹង១ ៣១៧,៣៤ ដុល្លារអាម៉េរិក/តោន កើនឡើងចំនួន ១៨,៦ដុល្លារ អាម៉េរិក/តោនត្រូវនឹង១,៤១%
- កម្ពុជាមានរោងចក្រសិប្បកម្មកែច្នៃកៅស៊ូ ចំនួន១៥៤កន្លែង ស្ថិតក្នុងខេត្តចំនួន១១ បានកើនឡើងចំនួន៨កន្លែង ស្មើនឹង៥,៤៤% បើធៀបនឹងឆ្នាំ២០១៨ ដែលមានចំនួន១៤៧កន្លែង។ ក្នុងចំណោម រោងចក្រសិប្បកម្មចំនួន១៥៥នេះ មានរោងចក្រកែ- ច្នៃកៅស៊ូបញ្ជាក់តាមបច្ចេក ទេស(TSR: Technically Specified Rubber) ចំនួន៤៦កន្លែង រោងចក្រកែច្នៃ ទឹកជ័រខាប់ (CL: Concentrated Latex) ចំនួន១ កន្លែងសិប្បកម្មកែច្នៃកៅស៊ូសន្លឹកសម្ងួតដោយប្រើ ផ្សែង (RSS: Ribbed Smoked Sheet) សិប្បកម្ម កែច្នៃកៅស៊ូសន្លឹកសម្ងួតដោយខ្យល់ក្ដៅ(Ads: Air Dried Sheet) សិប្បកម្មកែច្នៃកៅស៊ូសន្លឹក (RS: Rubber Sheet) មានចំនួន៩៦កន្លែង និងរោងចក្រកែច្នៃឈើកៅស៊ូ (RWF: Rubber Wood Factory) ចំនួន១១កន្លែង
- បានដំណើរការអនុវត្តសកម្មភាពទៅតាម គម្រោងថវិកាកម្មវិធីដែលមានអនុកម្មវិធីចំនួន៣ និងចង្កោមសកម្មភាពចំនួន១២ ផ្តោតជាសំខាន់នៅលើការងារផ្សព្វផ្សាយបណ្តុះបណ្តាលជំនាញបច្ចេកទេសកៅស៊ូដល់ប្រតិបត្តិករកៅស៊ូ និងការស្រាវជ្រាវពិសោធន៍។ ជារួម ការអនុវត្តគម្រោងថវិកាទទួលបានជោគជ័យជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៩នេះ ក្នុងអត្រា៩៨% នៃថវិកាដែលអនុម័ត
- ការងារដែលបាននិងកំពុងអនុវត្តលើការស្រាវជ្រាវពិសោធន៍ រួមមាន៖
- ធ្វើការវិភាគ DNA ក្លូនកៅស៊ូនៅលើច្បារ ពូជកៅស៊ូសរុបចំនួន ១២៣,៨៤ហ.ត ដែលមាន សំណាកចំនួន៥ ២១៣សំណាក
- ដាំដុះក្លូនកៅស៊ូជាច្បារយោងចំនួន១,៤ហ.ត ស្មើនឹង១០០ប្លុក ស្មើនឹង២២ក្លូន និងបង្កើតច្បារ ពូជសមុច្ច័យ (Collection budwood garden) ចំនួន ០,៦ហ.ត
- បន្តថែទាំច្បារពូជកៅស៊ូឯកជនចំនួន១៨ច្បារពូជ ស្មើនឹង២៣,៤៤ហ.ត រហូតដល់ឆ្នាំ២០១៨ ស្ថិតនៅក្នុងខេត្តចំនួន៨ លើស្រុកចំនួន១០ ដោយផ្តល់លើវិញ្ញបនបត្របញ្ជាក់ច្បារពូជ និងបានលើកស្លាកសញ្ញានៅតាមទីតាំងច្បារពូជទាំង១៨ រួចរាល់
- បាននិងកំពុងថែទាំចម្ការកៅស៊ូដែលដាំពិសោធន៍ស្តីពី “Effective of cover crop and fertilizer on rubber growth and prodiction” ចំនួន៥ហ.ត ៤ប្លុក
- ការងារស្រាវជ្រាវបង្កាត់ពូជ
- ការស្រាវជ្រាវសរីវវិទ្យានិងអាជីវកម្ម
- ការស្រាវជ្រាវអំពីការដាំដុះនិងការពារ
- ការងារមន្ទីរពិសោធន៍ជាតិយថាប្រភេទ (ធ្វើ តេស្តវិភាគសំណាកយថាប្រភេទដើម្បីបញ្ជាក់គុណ ភាពការកែច្នៃរបស់រោងចក្រ) អនុវត្តការងារបច្ចេក ទេសតាមប្រព័ន្ធគ្រប់គ្រង ISO 17025:2005 របស់ មន្ទីរពិសោធន៍
- ការងារនៅស្ថានីយអនុវត្តមាន៖
- បើកវគ្គបណ្តុះបណ្តាលលើបច្ចេកទេស កៅស៊ូដល់កសិករ
- បើកសិក្ខាសាលាស្តីពីការផ្ទេរបច្ចេកវិទ្យា សម្រាប់ការអភិវឌ្ឍកៅស៊ូគ្រួសារ
- ទទួលនិងធ្វើការណែនាំបច្ចេកទេសដល់ និសិ្សតសាលាជាតិកសិកម្មកំពង់ចាម និង និសិ្សត សាកលវិទ្យាល័យភូមិន្ទកសិកម្មចុះទស្សនៈកិច្ចសិក្សា នៅស្ថានីយអនុវត្ត។
v. ការងារសហប្រតិបត្តិការអន្តជាតិរួមមាន៖
- កម្ពុជាបានចូលជាសមាជិកពេញសិទ្ធិរបស់មាគមបណ្តាប្រទេសផលិតកៅស៊ូធម្មជាតិ (ANRPC) តាំងពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០០៩ និងបាបំពេញ តួនាទីយ៉ាងសកម្មក្នុងនាមជាសមាជិករបស់សមាគម។ រហូតមកដល់បច្ចុប្បន្នសមាគមនេះ មានសមាជិកចំនួន១៣ប្រទេស គ្រប់គ្រងផលិត ផលកៅស៊ូប្រមាណ ៩០% នៃផលិតផលកៅស៊ូពិភពលោក។ តាមកម្មវិធីការងារប្រចាំឆ្នាំរបស់សមាគមនេះ អគ្គនាយកដ្ឋានកៅស៊ូ ដោយមានការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តែងបញ្ចូនមន្ត្រីជំនាញ ចូលរួមវគ្គបណ្តុះបណ្តាលនិងកិច្ចប្រជុំនានា
- វិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជាបានចូលជាសមាជិកពេញសិទ្ធិទី១៦ នៃក្រុមប្រឹក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍កៅស៊ូអន្តរជាតិ (IRRDB) តាំងពីថ្ងៃទី២៧-២៨ ខែកញ្ញា ឆ្នាំ២០០១ នៅទីក្រុង Montpe-llier សាធារណរដ្ឋបារាំង ក្រុមប្រឹក្សានេះគ្រប់គ្រងផលិតផលប្រមាណ៩៥% នៃផលិតផលពិភពលោក
- ជាមួយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) អគ្គនាយកដ្ឋានកៅស៊ូបានសហការអនុវត្តនូវគម្រោងជាបន្តបន្ទាប់ចាប់ពីឆ្នាំ១៩៩៩មក មាន៖
(១)គម្រោងធម្មនិយាមកម្មច្បារពូជកៅស៊ូនៅកម្ពុជាដែលបានចាប់ផ្ដើមពីឆ្នាំ២០១២មក និងបានបញ្ចប់កាលពីខែសីហា ឆ្នាំ២០១៨ កន្លងទៅនេះ
- ផលិតកម្មកៅស៊ូឆ្លាតខាងអាកាស ធាតុតាមរយៈការជំរុញការអនុវត្តកសិកម្មល្អ“Climate Smart Rubber Production through promoting Good Agriculture Practices (GAP)” និង
- គម្រោងអភិវឌ្ឍកៅស៊ូគ្រួសារនៅកម្ពុជា គម្រោងនេះ បានបញ្ចប់ការសិក្សាលទ្ធភាពដែល អាចធ្វើបានដំណាក់ការទី២នៅខេត្តគោលដៅចំនួន ២ គឺខេត្តរតនគិរី និងខេត្តបាត់ដំបងដែលចុះសិក្សា ដោយក្រុមហ៊ុន GLG Consultant។ ជាលទ្ធផលនៃការចុះសិក្សាគម្រោងខាងលើតម្រូវឲ្យមានការសិក្សាគម្រោងចំនួន៣បន្ថែមទៀតរួមមាន៖ (១)ការវិភាគ ខ្សែច្រវ៉ាក់តម្លៃនិងការប្រកួតប្រជែង (Value chain and competitiveness analysis) (២)គុណភាពនិងការនាំចេញផលិតផលកៅស៊ូ (Quality and export of rubber products) និង (៣)ការគ្រប់គ្រងអនុ វិស័យកៅស៊ូ (Sector organization)ដែលគម្រោងទាំង៣នេះបានបញ្ចប់រួចរាល់ហើយដែរ។ គម្រោង អភិវឌ្ឍន៍កៅស៊ូគ្រួសារនេះមានផលប្រយោជន៍ដល់កសិករ សេដ្ឋកិច្ច សង្គម និងបរិស្ថានផងដែរ ប៉ុន្តែគម្រោងមិនអាចអនុវត្តបានព្រោះឥណទានសម្រាប់គម្រោងអភិវឌ្ឍន៍កៅស៊ូគ្រួសារនៅកម្ពុជាលើកនេះ រដ្ឋាភិបាលបារាំងតាមរយៈ AFD ផ្តល់ជាកម្ចីអធិបតេយ្យ (Sovereign Loan) ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមិនអាចទទួលឥណទាននេះទេ។
- ជាមួយភាគីចិនតាមរយៈ “កិច្ចសហប្រតិបត្តិ ការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកម្ពុជា- ចិន” ក្រសួងកសិកម្មនៃប្រទេសទាំងពីរបានចុះអនុស្សារណៈនៃការយោគយល់គ្នាមួយស្តីពី“កិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មកៅស៊ូធម្មជាតិ” កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥។ បន្ទាប់មកវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជានិងវិទ្យាស្ថានស្រាវជ្រាវដំណាំកសិកម្មត្រូពិចចិន (CATAS) ក៏បានចុះកិច្ចព្រមព្រៀងជាមួយគ្នាលើការស្រាវជ្រាវរួមគ្នាផងដែរ កាលថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៣ នៅទីក្រុងកូឡំបូ ប្រទេសស្រីលង្កា។ តាមរយៈកិច្ចសហការនេះ កម្ពុជាបានទទួលការបណ្តុះបណ្តាលសិក្ខាសាលា ពិសេសបានបំពាក់ឧបករណ៍មន្ទីរពិសោធន៍ផ្នែកក្សត្រសាស្រ្តលើការវិភាគថ្នាំ ដី និងស្លឹកកៅស៊ូ ឲ្យបានដំណើររួចហើយផងដែរ
- ជាមួយអង្គការស្បៀងអាហារនិងកសិកម្ម (FAO) អគ្គនាយកដ្ឋានកៅស៊ូបានប្រជុំពិភាក្សាពិនិត្យនិងកែសម្រួលឯកសារនៃសេចក្តីព្រាងគម្រោង កិច្ចសហប្រតិបត្តិការជាមួយអង្គការស្បៀងអាហារ និងកសិកម្ម (FAO) ដើម្បីរៀបចំគម្រោងថ្នាក់តំបន់ (Regional Project Formulation) សម្រាប់ប្រទេសកម្ពុជាដោយផ្តោតលើគម្រោងប្រព័ន្ធតាមដានចម្ការកៅស៊ូគ្រួសារ (Rubber Family Farm Monitoring System Project)
- ដោយឡែក ចំពោះគម្រោងអភិវឌ្ឍន៍កៅស៊ូក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម (CLV DTA) អគ្គនាយកដ្ឋានកៅស៊ូបាន ប្រជុំពិនិត្យនិងពិភាក្សាកែតម្រូវនិងធ្វើបច្ចុប្បន្នភាពនូវតួលេខនិងខ្លឹមសារមួយចំនួនជាបន្តបន្ទាប់ ដែលចុងក្រោយនេះបានបញ្ចូនទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈលិខិតលេខ១០៦៩ អក ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយក្រសួង ក៏បានផ្ញើរបាយការណ៍នេះបន្តទៅលេខាធិការដ្ឋាន CLV DTA នៃក្រសួងពាណិជ្ជកម្មដើម្បីអនុវត្តនីតិ វិធីបន្តជាមួយនឹងភាគីវៀតណាមសម្រាប់ត្រៀមដាក់ជូនកិច្ចប្រជុំកំពូលលើកទី១១ ដែលនឹងរៀបចំនៅ ប្រទេសឡាវក្នុងខែមីនា ឆ្នាំ២០២០ខាងមុខ ដើម្បីសូមការយល់ព្រមរួចរាល់ហើយ
- ក្រៅពីកិច្ចសហប្រតិបត្តិការកម្រិតរដ្ឋាភិបាលខាងលើវិស័យឯកជន គឺសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជាក៏បានចូលរួមជាសមាជិកសមាគមន៍កៅស៊ូអន្តរជាតិ (IRA: International Rubber Association) និងក្រុមប្រឹក្សាធុរកិច្ចកៅស៊ូអាស៊ាន (Asian Rubber Business Council) ដែលមានសមាជិក៦ប្រទេស តាំងពីឆ្នាំ២០០៦ ផងដែរ
- ជាមួយនឹងការទទួលបានលទ្ធផលល្អប្រសើរក្នុងឆ្នាំ២០១៩ខាងលើនេះ ក៏នៅមានបញ្ហាប្រឈមមួយចំនួន៖
- ផលិតភាពនៅទាប
- ថ្លៃដើមផលិតកម្មខ្ពស់ តែលក់បានទាប
- ការផ្តល់និងការទទួលយកបច្ចេកវិទ្យាកៅស៊ូ សមស្របដល់កសិករកៅស៊ូគ្រួសារនៅមានកម្រិត
- យន្តការគាំទ្រសហគមន៍កសិកម្មកៅស៊ូគ្រួសារនៅមានកម្រិត (ឥណទានមណ្ឌលកែច្នៃកៅស៊ូនិងមណ្ឌលទីផ្សារកៅស៊ូ)
- ខ្វះអ្នកចៀរជ័រ ដោយសារតែមានការប្រកួតប្រជែងកម្លាំងពលកម្មពីវិស័យដ៏ទៃ
- ការស្រាវជ្រាវបច្ចេកវិទ្យាកៅស៊ូនិងចំនួនអ្នកជំនាញវិទ្យាសាស្រ្តនៅមានកម្រិត
- កង្វះច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធមួយចំនួន និងការអនុវត្តនៅមានកម្រិត
- លទ្ធភាពនៃការប្រមូលរបាយការណ៍ ព័ត៌មានទិន្នន័យស្ថិតិពាក់ព័ន្ធនឹងកៅស៊ូ ក៏នៅតែជាបញ្ហាប្រឈមនៅឡើយ
- ហេដ្ឋារចនាសម្ព័ន្ធរូបវន្តនិងលំនៅដ្ឋានកម្មកររបស់វិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា និងក្រុមហ៊ុនមួយចំនួនមិនទាន់បានល្អសមស្រប
- ការគាំទ្រផ្នែកបច្ចេកទេស មធ្យោបាយធ្វើដំណើរ ថវិកា ធនធានមនុស្ស និងឥណទាន
- កិច្ចសហការរវាងអាជ្ញាធរដែនដី កងកម្លាំងមានសមត្តកិច្ចតាមច្រកព្រំដែន និងអង្គភាពពាក់ព័ន្ធ ក្នុងការទប់ស្កាត់ការនាំចេញជ័រនិងឈើកៅស៊ូមិនទាន់កែច្នៃទៅបរទេសពុំទាន់មានប្រសិទ្ធភាពល្អ
- ខ្វះផ្នែកកៅស៊ូលំហូរខាងក្រោម (Rubber downstram sector) ។
ជាកិច្ចបន្ទាប់ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានមតិសំណេះសំណាលនិងផ្តល់អនុសាសន៍ល្អៗដល់មន្រ្តីរាជការនៃអគ្គនាយកដ្ឋានកៅស៊ូ ព្រមទាំងមន្រ្តីរាជការក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទាំងអស់ដែលបានចូលរួម ដើម្បីជាមាគ៌ាតម្រង់ទិសក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាឲ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ បន្ថែមពីលើនេះ ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់លើចំណុចមួយចំនួនដល់អង្គប្រជុំ ក៏ដូចជាអគ្គនាយកដ្ឋានកៅស៊ូឲ្យយកចិត្តទុកដាក់ពិចារណា និងអនុវត្តឲ្យបានយ៉ាងសកម្មតាមចំណុចដូចខាងក្រោម៖
១.ត្រូវធ្វើផែនការយុទ្ធសាស្រ្តអភិវឌ្ឍដំណាំកៅស៊ូឆ្ពោះទៅឆ្នាំ២០៣០ ឲ្យបានសមស្របទៅនឹង ស្ថានភាពជាក់ស្តែងនាពេលអនាគតដោយមានការចូលរួមមតិយោបល់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ ដូច្នេះត្រូវប្រមូលធាតុចូលជាចាំបាច់ឲ្យបានគ្រប់គ្រានិងត្រូវរៀបចំធ្វើបច្ចុប្បន្នភាពយុទ្ធសាស្រ្តនេះឲ្យបានចប់សម្រាប់ជាត្រីវិស័យក្នុងការអនុវត្តពេលអនាគត និងសហការជាមួយបណ្តាលក្រុមហ៊ុនដែលបានធ្វើ ការវិនិយោគ និងក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចដាំកៅស៊ូទាំងអស់រួមទាំងកៅស៊ូគ្រួសារផងដែរលើការងារបច្ចេកទេសដូចជា៖ ការដាំដុះក្នុងបរិបទនៃ ការប្រែប្រួលអាកាសធាតុ ការថែទាំ ការយកផល ការកែច្នៃ ការពង្រីកវិសាលភាពនៃពិសោធន៍ទៅ តាមតំបន់ដែលមានសក្តានុពលដំណាំកៅស៊ូរួមទាំង ការនាំចេញឲ្យបានសមស្របតាមលក្ខខណ្ឌបច្ចេកទេស និងនីតិវិធីជាធរមាន
២.ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះទីផ្សារនាំ- ចេញផលិតផលកៅស៊ូនាពេលអនាគត។ ត្រូវគិតគួរជាចម្បងទៅលើ៖ (១) ធានាឲ្យទីផ្សារអន្តរជាតិមាន ការទទួលស្គាល់ផលិតផលកៅស៊ូកម្ពុជាថាជាផលិតផលមានគុណភាពតាមស្តង់ដារត្រឹមត្រូវ ព្រមទាំង យកចិត្តទុកដាក់ធ្វើយ៉ាងណាឲ្យមានការទទួលស្គាល់តម្លៃនៃមន្ទីរពិសោនធន៍របស់វិទ្យាស្ថានតាមស្តង់ដារអន្តរជាតិ (ISO) (២) ជំរុញការធ្វើពិពិធកម្មផលិតផលកៅស៊ូកែច្នៃបឋម ជាប្រភេទផលិតផលជ័រកៅស៊ូខាប់និងកៅស៊ូចម្រុះសម្រាប់ទីផ្សារដែលមានសក្តានុពលពិសេសប្រទេសចិន (៣) សិក្សាអំពីតម្រូវការនៃធនធានមនុស្ស ជំនាញបម្រើក្នុងអនុវិស័យកៅស៊ូឲ្យបានច្បាស់លាស់ (៤) ត្រូវយកចិត្តទុកដាក់ធ្វើការវិភាគអំពីតម្លៃនិងនិន្នាការនៃទីផ្សារដែលភ្ជាប់ទៅនឹងប្រាក់ឈ្នួលពលកម្មនិង (៥) ត្រូវពិនិត្យឡើងវិញអំពីយន្តការគ្រប់គ្រងមួយឲ្យបានច្បាស់លាស់ ចំពោះ ចម្ការកៅស៊ូកសិ-ឧស្សាហកម្មនិងចម្ការកៅស៊ូគ្រួសារ រួមទាំងរោងចក្រនិងសិប្បកម្មកែច្នៃជ័រនិងឈើកៅស៊ូបឋមផងដែរ
៣. ត្រូវសិក្សាបន្ថែម៖ (១) ការងារស្រាវជ្រាវ បច្ចេកទេសដូចជា ការដាំដុះ ការថែទាំកូនកៅស៊ូ ការគ្រប់គ្រងសមាសភាពចង្រៃ សរីរសាស្រ្ត ទឹកជ័រ ការយកផល និងការកែច្នៃ ពិសេសការស្រាវជ្រាវរកពូជកៅស៊ូថ្មីៗដែលធន់នឹងការប្រែប្រួលអាកាសធាតុនិងមានទិន្នផលខ្ពស់ទាំងផលិតផលជ័រនិងឈើកៅស៊ូ (២) ពង្រីកទីតាំងស្ថានីយ៍និងមន្ទីរពិសោធន៍ និងបង្កើនសមត្ថភាពស្រាវជ្រាវផ្សព្វផ្សាយ និងផ្ទេរបច្ចេកវិទ្យា (៣) ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រីកនិងរក្សាទុកប្រភពផ្តល់រុក្ខសម្ភារកៅស៊ូសម្រាប់ការអភិវឌ្ឍន៍ចម្ការកៅស៊ូនាពេលអានាគត ជាពិសេសច្បារពូជដែលបានធ្វើ DNA រួចហើយ ព្រមទាំង សហការអនុវត្តនៅកម្មវិធីផ្លាស់ប្តូរក្លូនពហុភាគីក្នុងក្របខណ្ឌនៃប្រទេសជាសមាជិក IRRDB
៤.ត្រូវបន្តពង្រឹងសហគមន៍កសិកម្មកៅស៊ូ គ្រួសារ ដើម្បីបង្កើតកាលានុវត្តភាពក្នុងការការពារផលប្រយោជន៍របស់កសិករទាំងការដាំដុះ ការយកផល ការកែច្នៃ ទាំងអំណាចចរចារថ្លៃពេលលក់ផលិតផលកៅស៊ូ និងការទិញធាតុចូល
៥.ត្រូវចូលរួមពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់មន្រ្តីគ្រប់លំដាប់ថ្នាក់ ជាពិសេសមន្រ្តីនៅតាមមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលមាន សក្តានុពលខាងកៅស៊ូ ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចុះពង្រឹងសមត្ថភាពកសិករនិងសហគកៅស៊ូឲ្យមានបច្ចេកទេសជំនាញកាន់តែល្អប្រសើរ ដោយគិតគូរអំពីការបណ្តុះបណ្តាលនិងផ្សព្វផ្សាយបច្ចេកវិទ្យាដំណាំកៅស៊ូដល់កសិករបានច្រើនថែមទៀត រួមទាំងការធ្វើពិពិធកម្មដំណាំ ការថែទាំ ការដាំដំណាំចន្លោះរងកៅស៊ូដល់កសិករ ការយកផល ការទុកដាក់ផលិតផលជ័រកៅស៊ូ ការកែច្នៃជំនាញ ចៀរជ័រដល់កសិករឲ្យបានច្រើ នស្របតាមសន្ទុះរីក ចម្រើននៃផ្ទៃដីដែលត្រូវប្រមូលផល។ ជាពិសេស ត្រូវយកចិត្តទុកដាក់ជួយណែនាំផ្សព្វផ្សាយបន្ថែមដល់កសិករដាំកៅស៊ូអំពីទីផ្សារកៅស៊ូតាមរយៈ ការ បង្កើតប្រព័ន្ធផ្សព្វផ្សាយប្រកបដោយភាពវៃឆ្លាត និងជៀសវាងការកាប់ដើមកៅស៊ូចោលនៅពេលដែលកៅស៊ូធ្លាក់ថ្លៃ
៦.ត្រូវបន្តកៀរគរនិងទាក់ទាញរកប្រភពហិរញ្ញប្បទាន ឬបច្ចេកវិទ្យាដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត ជាពិសេសជាមួយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងអង្គការស្បៀងអាហារនិងកសិកម្ម (FAO) ដើម្បីអនុវត្តការងារឲ្យសម្រេចគោលដៅសូចនាករនៃផែនការយុទ្ធសាស្រ្តសម្រាប់ការអភិវឌ្ឍនដំណាំកៅស៊ូកម្ពុជាឲ្យទទួលបានជោគជ័យ។ ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសផលិត និងប្រើប្រាស់កៅស៊ូសំខាន់ៗតាមរយៈការរៀបចំចុះអនុស្សារណៈ យោគយល់ (MOU) ដើម្បីផ្លាស់ប្តូរបច្ចេកវិទ្យា ការសិក្សាស្រាវជ្រាវ និងបទពិសោធន៍ល្អក៏ដូចជាការរកទីផ្សារថ្មីៗ។ ទន្ទឹមនឹងនេះ ក៏មិនត្រូវមើលរំលងអំពីការខិតខំអនុវត្តការប្រមូលចំណូលបានពីការជួលទីតាំងចម្ការកៅស៊ូ និងអចលនាទ្រព្យផ្សេងទៀតក្រោមសមត្ថកិច្ចរបស់ខ្លួនឲ្យបានសម្រេចតាមគោលដៅដែលបានគ្រោងទុកប្របកទៅដោយតម្លាភាព
៧.ជួយសម្របសម្រួលនិងពង្រឹងសកម្មភាពរបស់សមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា (ARDC) ដែលជាផ្នែកឯកជនដ៏សំខាន់ដែលបានជួយទ្រទ្រង់ដល់ការអភិវឌ្ឍវិស័យកៅស៊ូឲ្យដំណើរការកាន់តែសកម្មទ្វេរឡើង និងត្រូវប្រមូលផ្តុំគ្រប់ប្រតិបត្តិករកៅស៊ូទាំងអស់ឲ្យចូលជាសមាជិករបស់សមាគមនេះស្របតាមនីតិវិធី។ ទន្ទឹមនឹងនេះ ត្រូវបន្តកិច្ចសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីជួយទប់ស្កាត់ការនាំ-ចេញជ័រកៅស៊ូដោយខុសច្បាប់នៅតាមបណ្តាខេត្ត ជាប់ព្រំដែនប្រកបដោយប្រសិទ្ធភាពខ្ពស់។
សេចក្តីសន្និដ្ឋាន
ឆ្លងតាមកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានកៅស៊ូអស់រយៈពេលមួយថ្ងៃកន្លះរួចមកយើងអាចធ្វើការវាយតម្លៃ និងសន្និដ្ឋាននូវចំណុចមួយចំនួនដូចតទៅ៖
- កិច្ចប្រជុំត្រូវបានបញ្ចប់ប្រកបដោយបរិយាកាសរីករាយស្និទ្ធស្នាលនិងមានសាមគ្គីភាពល្អរវាងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងមន្រ្តីរាជការនៃអគ្គនាយកដ្ឋានកៅស៊ូក៏ដូចជា មន្ត្រីបម្រើការងារក្នុងការិយាល័យកៅស៊ូនៅតាមបណ្តាខេត្ត សមាគមកៅស៊ូបណ្តាក្រុមហ៊ុនកៅស៊ូកសិឧស្សាហកម្ម ស្ថាប័នពាក់ព័ន្ធនិងដៃគូអភិវឌ្ឍន៍
- ការអនុវត្តសកម្មភាពការងារចរន្តរបស់អគ្គនាយកដ្ឋានកៅស៊ូ និងវិទ្យាស្ថានស្រាវជ្រាវកៅស៊ូក្នុងឆ្នាំ២០១៩ ទទួលបាននូវលទ្ធផលល្អប្រសើរដូចគោលដៅដែលបានគ្រោងទុក
- កិច្ចប្រជុំត្រូវបានបញ្ចប់ប្របកដោយបរិយាកាសរីករាយស្និទ្ធស្នាលនិងមានសាមគ្គីភាពល្អ។
ទិសដៅនិងវិធានការអនុវត្ត
សម្រាប់ឆ្នាំ២០២០ អគ្គនាយកដ្ឋានកៅស៊ូបានដាក់ចេញនូវទិសដៅសំខាន់ៗដូចខាងក្រោម៖
- ជំរុញផលិតកម្មកៅស៊ូឲ្យបាន៣០៦ពាន់ហិកតា
- ជំរុញផលិតកម្មកៅស៊ូឲ្យបាន៣៥៣ពាន់ហិកតា
- ជំរុញការនាំចេញកៅស៊ូឲ្យបាន៣៤៣ពាន់ហិកតា
- អនុវត្តចង្កោមសកម្មភាពថវិកាកម្មវិធីឲ្យសម្រេចបាននូវចំណុចដៅដែលបានកំណត់។
វិធានការអនុវត្តនានាដើម្បីសម្រចទិសដៅដែលបានដាក់ចេញខាងលើ មានដូចខាងក្រោម៖
- បន្តយកចិត្តទុកដាក់ពិនិត្យ សិក្សាស្រាវជ្រាវ និងកសាងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា
- បន្តជំរុញកិច្ចសហការជាមួយអាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ចតាមច្រកព្រំដែននិង អាជ្ញាធរពាក់ព័ន្ធក្នុងការទប់ស្កាត់ការនាំចេញជ័រនិងឈើកៅស៊ូមិនទាន់កែច្នៃទៅបរទេស
- ជំរុញក្រុមហ៊ុនឯកជនឲ្យអនុវត្តផែនការកម្មវិធីវិនិយោគកៅស៊ូលើសម្បទានដីសេដ្ឋកិច្ច និង
- បន្តជំរុញបញ្ចប់ការធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍កៅស៊ូធម្មជាតិឆ្ពោះទៅឆ្នាំ២០៣០
- បន្តអនុវត្តនិងពិនិត្យតាមដានការអនុវត្តចង្កោមសកម្មភាពថវិកាកម្មវិធីឆ្នាំ២០២០ ឲ្យបាន
- ខិតខំប្រមូលចំណូលឲ្យបានសម្រេចតាមគោលដៅ
- បន្តយកចិត្តទុកដាក់លើការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តស្តីពីការដាំដុះ ថែទាំកូនកៅស៊ូ ការគ្រប់គ្រងសមាសភាពចង្រៃ ការយកផល និងការកែច្នៃ
- បន្តសិក្សាដើម្បីសុំបង្កើតទីតាំងស្ថានីយនិងមន្ទីរពិសោធន៍បន្ថែម និងបង្កើនសមត្ថភាពស្រាវជ្រាវផ្សព្វផ្សាយនិងបង្ហាញ
- បន្តផ្សព្វផ្សាយនិងបណ្តុះបណ្តាលបច្ចេកវិទ្យាដំណាំកៅស៊ូដល់កសិករកៅស៊ូគ្រួសារ
- ជំរុញការចងក្រងនិងពង្រឹងសហគមន៍
- បន្តសហការនិងចូលរួមជាមួយដៃគូរអន្តរជាតិនិងអង្គការកៅស៊ូអន្តរជាតិនានាក្នុងក្របខណ្ឌ ការងារគ្រប់គ្រងស្រាវជ្រាវ និងការអភិវឌ្ឍន បច្ចេកវិទ្យា
- ជំរុញស្នាក់ការប្រមូលទិញជ័រកៅស៊ូគ្រួសារ ទាំងអស់ឲ្យមានលិខិតអនុញ្ញាតត្រឹមត្រូវ
- ពង្រីកនិងកៀរគររកដៃគូសហប្រតិបត្តិការក្នុងការផ្តល់ប្រភពថវិកា និងបច្ចេកទេស ដើម្បី
- បន្តចូលរួមសហការជាមួយគ្រឹះស្ថានសិក្សា នានាក្នុងការបណ្តុះបណ្តាលធនធានមនុស្សខាងអនុវិស័យកៅស៊ូ។
សំណូមពរ
អគ្គនាយកដ្ឋានកៅស៊ូ ក៏បានសូមសំណូមពរដល់ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទមេត្តាជួយគាំទ្រនិងមានវិធានការបន្ថែម រួមមាន៖
- សូមការគាំទ្រក្នុងការផ្តល់និងបង្កើនថវិកាតាមកម្មវិធីបន្ថែមទៀត ដើម្បីជួយបង្កើនសកម្មភាពការងារចុះផ្សព្វផ្សាយនិងបណ្តុះបណ្តាលឲ្យបានកាន់ តែច្រើនបន្ថែមទៀត
- សូមពិនិត្យលទ្ធភាពផ្តល់មធ្យោបាយក្នុងការបំពេញការងារ (រថយន្ត) ក្នុងការចុះបំពេញបេសកកម្មតាមបណ្តាខេត្ត
- សូមបំពេញបន្ថែមចំនួនមន្ត្រីថ្មីយ៉ាងហោចណាស់ឲ្យសមាមាត្រទៅនឹងចំនួនមន្រ្តីដែលបានចូលនិវត្តន៍
- សូមជំរុញនិងណែនាំឲ្យបណ្តាក្រុមហ៊ុនចម្ការកៅស៊ូកសិ-ឧស្សាហកម្មទាំងអស់ត្រូវផ្តល់នូវ របាយការណ៍សកម្មភាពរបស់ខ្លួនប្រចាំខែ ប្រចាំឆ្នាំ មកអគ្គនាយកដ្ឋានកៅស៊ូ ឲ្យបានទាន់ពេលវេលាតាមការកំណត់
- សូមផ្តល់ទីតាំងនិងផ្ទៃដីសម្រាប់សាងសង់អនុស្ថានីយពិសោធន៍និងស្រាវជ្រាវដំណាំកៅស៊ូនៅតាមតំបន់មានសក្តានុពលសម្រាប់ដំណាំកៅស៊ូ៕