ស្ថានភាពផលិតកម្មនិងធុរកិច្ចកៅស៊ូធម្មជាតិកម្ពុជាប្រចាំខែមីនា ឆ្នាំ២០២១ បានបង្ហាញថា ផ្ទៃដីកៅស៊ូសរុបមានចំនួន៤០៤ ០០៩ហ.តដែលក្នុងនោះ៖ ផ្ទៃដីចៀរជ័រមាន ២៩២ ៤២៤ហ.ត (ស្មើនឹង៧២%) និងផ្ទៃដីថែទាំមានចំនួន១១១ ៥៨៥ហ.ត (ស្មើនឹង២៨%)។ បរិមាណផលិតសរុបក្នុងខែមីនា មានចំនួន ១២ ៤២៩តោន បានថយចុះចំនួន២ ១៤០តោន (=-១៥%) ធៀបនឹងខែមុន ប៉ុន្តែបានកើនឡើងចំនួន១ ៦០៥តោន (=+១៥%) បើធៀបនឹងខែមីនាក្នុងឆ្នាំ២០២០។ បរិមាណផលិតសរុបរយៈពេល៣ខែដើមឆ្នាំ ២០២១ មានចំនួន៥៩ ៨៤១តោន បានកើនឡើង៦ ៥៦៩តោន (=+១២%) បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ បរិមាណបញ្ចេញលក់ក្នុងខែមីនា ឆ្នាំ២០២១ មានចំនួន១៥ ០៨៤តោន បានថយ ចុះចំនួន ៣៦ តោន (=-០,២៤%) ធៀបនឹងខែមុន ប៉ុន្តែបានកើនឡើងចំនួន៣ ៣៣៣តោន (=+២៨,៤%) បើធៀបនឹងខែមីនា ក្នុងឆ្នាំ២០២០។ បរិមាណបញ្ចេញលក់សរុប រយៈពេល ៣ខែដើមឆ្នាំ២០២១ មានចំនួន៦១ ០៥៦តោន បានកើនឡើងចំនួន៧ ៩១២តោន (=+ ១២%) បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
តម្លៃលក់ជាមធ្យមក្នុងខែមីនា ស្មើនឹង១ ៧៨៥US$/តោន បានកើនឡើង១៥៤US$/តោន (=-+៩, ៤៣%) ធៀបនឹងខែមុន នឹងបានកើនឡើងចំនួន៣៨៨US$/តោន (=+២៨%) បើធៀបនឹងតម្លៃកាលពីខែមីនា ឆ្នាំ២០២០។ តម្លៃលក់ជាមធ្យមរយៈពេល៣ខែដើមឆ្នាំ២០២១ គឺ១ ៦៣៦US$/តោន បានបានកើនឡើងចំនួន២១៩US$/តោន(=+១៥%) បើធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំពោះស្ថានភាពទិញ ជ័រកៅស៊ូគ្រួសារតាមតំបន់នានាប្រចាំខែមីនាមានតម្លៃចាប់ពី៥ ៥០០៛/គ.ក្រ - ៦ ០០០៛/គ.ក្រ សម្រាប់ជ័រស្ងួត (បានថយចុះ១១៛/ គ.ក្រ ធៀបនឹងខែមុន) និងពី២ ១៥០៛/គ.ក្រ - ២ ៨០០៛/គ.ក្រ សម្រាប់ជ័រកក (បានកើនឡើង៧៛/គ.ក្រ ធៀបនឹងខែមុន) អាស្រ័យតាមតំបន់។
យោងរបាយការណ៍ប្រចាំខែមីនា ឆ្នាំ២០២១ របស់សមាគមបណ្តាប្រទេសផលិតកៅស៊ូធម្មជាតិ (ANRPC) បានបង្ហាញថា បរិមាណផ្គត់ផ្គង់កៅស៊ូធម្មជាតិពិភពលោកប្រចាំខែមាន ចំនួន៩១០ ០០០តោន (កើនឡើង១,៣%) ទន្ទឹមពេលដែលតម្រូវការប្រើប្រាស់ក្នុងខែមានចំនួន១,២៣៤លានតោន (កើនឡើង៧,៤%) ធៀបនឹងខែមីនា ឆ្នាំ២០២០។ ចំពោះទីផ្សារ កៅស៊ូ ធម្មចជាតិមាននិន្នាការកើនឡើងទាំងទីផ្សារទិញលក់តាមកិច្ចសន្យានិងទីផ្សារទិញលក់ភ្លាមតាមប្រទេសនីមួយៗ លើកលែងតែទីផ្សារទិញលក់តាមកិច្ចសន្យាក្នុងក្រុងសៀងហៃ។ ថ្លៃមធ្យមកៅស៊ូប្រភេទ STR-20 ក្នុងក្រុងបាងកក ប្រភេទ SMR-20 ក្នុងក្រុងគួរឡាឡំពួរ បានកើនឡើង៤,១% ប្រភេទសន្លឹក RSS-3 ក្នុងក្រុងបាងកក បានកើនឡើង ៣,២% និងប្រភេទ RSS-4 ក្នុង ក្រុងកូតឹមយ៉ាម ប្រទេសឥណ្ឌា បានកើនឡើង៦,៧%។
បើទោះបីជាពិភពលោកនៅតែហ៊ុំព័ទ្ឋដោយការព្រួយបារម្ភអំពីការរីករាតត្បាតជាសកលនៃជំងឺ COVID-19 នៅក្នុងប្រទេសឥណ្ឌានិងបណ្តាប្រទេសមួយចំនួនក្នុងតំបន់អឺរ៉ុបក៏ ដោយ ក៏មូលនិធិរូបីយវត្ថុអន្តរជាតិ (IMF) និងអង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ (OECD) បានព្យាករណ៍ថា សេដ្ឋកិច្ចពិភពលោកនឹងមានកំណើនឡើងវិញ ដោយសារ កំណើននៃសេដ្ឋកិច្ចរបស់មហាយក្សចិននិងសហរដ្ឋអាម៉េរិកនៅក្រោយCOVID-19 បានធូរស្រាលឡើងវិញ។