នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ នៅអគ្គនាយកដ្ឋានកៅស៊ូបានបើកសិក្ខាសាលាស្តីពី ការអភិវឌ្ឍនកៅស៊ូនៅកម្ពុជាក្រោយការធ្លាក់ថ្លៃនៅឆ្នាំ ២០១២ ក្រោមអធិបតីភាពឯកឧត្តម ប៉ុល សុផា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយក នៃអគ្គនាយកដ្ឋានកៅស៊ូ។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមដោយ លោកអគ្គនាយករង លោកប្រធាន/អនុប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញ នៃអគ្គនាយកដ្ឋានកៅស៊ូ លោកនាយករងវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា លោកបណ្ឌិត គង់ រ៉ាដា លោកបណ្ឌិត Jean Christoph Diepart អ្នកស្រាវជ្រាវឯករាជ្យអង្គការ WWF អង្គការ CIRD អង្គការ CEDAC អង្គការ MRLG តំណាងទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍន (AFD) មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ក្រចេះ និង រតនគិរី អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំង៣ខេត្ត និងសហគមន៍កសិកម្មកៅស៊ូគ្រួសារសរុប៥២នាក់។
សិក្ខាសាលានេះ មានគោលបំណងដើម្បីចែករំលែកនិងផ្ទៀងផ្ទាត់លទ្ធផលទទួលបានពីការសិក្សាស្រាវជ្រាវរបស់អ្នកស្រាវជ្រាវឯករាជ្យជាមួយអគ្គនាយកដ្ឋានកៅស៊ូនិងភាគីពាក់ព័ន្ធ ក៏ដូចជាការប្រមូលធាតុចូលបន្ថែម ដើម្បីពង្រីកវិសាលភាពនៃលទ្ធផលនេះដល់ថ្នាក់ជាតិ និងពិភាក្សារកដំណោះ ស្រាយ ព្រមទាំងអន្តរាគមន៍បន្តការគាំទ្រដល់ការអភិវឌ្ឍនប្រកបទៅដោយចីរភាពរបស់កសិករកៅស៊ូគ្រួសារនៅកម្ពុជា។
បន្ទាប់ពី ចំណាប់អារម្មណ៍របស់លោកបណ្ឌិត Jean Christoph Diepart អ្នកស្រាវជ្រាវឯករាជ្យនៃសាកលវិទ្យាល័យលីយ៉ែហ្ស (Liege University) ប្រទេសបែកហ្សិក និងសុន្ទរកថាបើកអង្គសិក្ខាសាលា ដោយឯកឧត្តម ប៉ុល សុផា រួចមក លោកបណ្ឌិត គង់ រ៉ាដា អ្នកស្រាវជ្រាវឯករាជ្យសាកលវិទ្យាល័យ ភូមិន្ទកសិកម្ម បានធ្វើបទបង្ហាញលទ្ធផលបឋមនៃ ការសិក្សាស្តីពី“ការអភិវឌ្ឍនកៅស៊ូគ្រួសារនៅប្រទេស កម្ពុជាក្រោយការធ្លាក់ថ្លៃនៅក្នុងឆ្នាំ២០១២” (The development of smallhoder rubber in Cambodia after the rubber boom) ដែលការសិក្សានេះ មានគោលបំណងគឺ៖ (១) ការចងក្រងឯកសារពីប្រវត្តិនិងដំណាក់កាលនៃការអភិវឌ្ឍនកៅស៊ូគ្រួសាររយៈពេល៣០ឆ្នាំចុងក្រោយ ដោយផ្តោតលើការផ្លាស់ប្តូរ ការប្រើប្រាស់ដីនិងកម្មសិទ្ធិដីធ្លី (២) ការកំណត់លក្ខណៈនៃប្រភេទកៅស៊ូគ្រួសារដោយស្វែងយល់ពីសក្តានុពលនៃភាពខុសគ្នាខាងសេដ្ឋកិច្ចសង្គមរវាងប្រភេទគ្រួសារនីមួយៗ និង(៣) វិភាគមធ្យោបាយនិងយុទ្ធសាស្រ្ត (រយៈពេលខ្លីនិងវែង) របស់កសិករ កៅស៊ូគ្រួសារដើម្បីដោះស្រាយការធ្លាក់ចុះនៃតម្លៃទីផ្សារនិងផលវិបាកនៃយុទ្ធសាស្រ្តទាំងនោះលើផលិតកម្មនិងជីវភាពរស់នៅ។