ស្ថានភាពនិន្នការកៅស៊ូក្នុងពាក់កណ្តាលចុងខែមិថុនា ឆ្នាំ២០២១
១.ទិដ្ឋភាពទូទៅនៃទីផ្សារកៅស៊ូធម្មជាតិក្នុងពាក់កណ្តាលចុងខែមិថុនា ឆ្នាំ ២០២១
ការប្រែប្រួលអត្រាភាគរយនៃតម្លៃកៅស៊ូធម្មជាតិក្នុងទម្រង់ជួញដូរសំខាន់ៗ នៅក្នុងទីផ្សារទិញលក់តាមកិច្ចសន្យានិងទីផ្សារទិញលក់ភ្លាមៗ នៅចន្លោះ ថ្ងៃទី១៥-៣០ ខែមិថុនា ឆ្នាំ២០២១ មានបង្ហាញជូននៅក្នុងតារាងទី១។
តារាងទី១៖ការប្រែប្រួលអត្រាភាគរយនៃតម្លៃកៅស៊ូធម្មជាតិក្នុងពាក់កណ្តាលចុងខែមិថុនា ឆ្នាំ២០២១
ទីផ្សារហ៊ុន |
% ក្នុងអំឡុងពេលពាក់កណ្តាលខែមិថុនា |
សៀងហៃ (សម្រាប់ខែកញ្ញា) |
១,៣% |
សឹង្ហបុរី (សម្រាប់ខែសីហា) |
-១,៤% |
អូសាកា (សម្រាប់ខែវិច្ឆិកា) |
-៤,៩% |
ទីផ្សារទិញលក់ភ្លាមៗ |
|
STR-20 បាងកក |
-០,១% |
SMR-20 គួរឡាឡាំពួរ |
០% |
RSS-3 បាងកក |
-៨,៦% |
RSS-4 កូតូយ៉ាម |
-៣,២% |
ទឹកជ័រខាប់ គួរឡាឡាំពួរ |
-៧,១% |
២.ការពិនិត្យឡើងវិញនៃនិន្នាការកៅស៊ូក្នុងពាក់កណ្តាលចុងខែមិថុនា ឆ្នាំ២០២១
តម្លៃកៅស៊ូធម្មជាតិ (NR) នៅក្នុងទីផ្សារទិញលក់តាមកិច្ចសន្យានិងទីផ្សារការទិញលក់ភ្លាមៗបានបង្ហាញពីនិន្នាការ ដែលអាចប្រៀបធៀប គិតជាអត្រាភាគរយក្នុងរយៈពេលពាក់កណ្តាលចុងខែមិថុនា ឆ្នាំ២០២១នេះ។ ជាទូទៅ ថ្លៃកៅស៊ូបានធ្លាក់ចុះលើកលែងតែរយៈពេល ប៉ុន្មានថ្ងៃនៅចន្លោះរវាងថ្ងៃទី២២-២៥ ខែមិថុនាប៉ុណ្ណោះ។
នៅក្នុងពាក់កណ្តាលចុងខែមិថុនានេះ យើងសង្កេតឃើញថានិន្នាការធ្លាក់ចុះតម្លៃកៅស៊ូមានដំណើរផ្សារភ្ជាប់ជាមួយករណីលើកលែង មួយចំនួន ហើយវាក៏បណ្តាលមកពីកត្តាមួយចំនួនដូចខាងក្រោម៖
- ការផ្ទុះថ្មីឡើងវិញជាសកលនូវករណីជំងឺ Covid-19 ប្រភេទបំប្លែងខ្លួនថ្មី Delta បានគ្របដណ្តប់លើបរិយាកាសទីផ្សារ ក្នុងអំឡុងពេលពាក់កណ្តាលចុងខែមិថុនា។ យោងតាមសេចក្តីថ្លែងការណ៍របស់អង្គការសុខភាពពិភពលោក (WHO) នៅសប្តាហ៍ទី៣ នៃខែមិថុនានេះថា មេរោគបំប្លែងខ្លួនថ្មី Delta គឺជាប្រភេទមេរោគអាចចម្លងលឿនជាងគេបំផុតក្នុងចំណោមមេរោគ ដែលបាន រកឃើញកន្លងមក គិតមកទល់ពេលនេះវាបានឆ្លងរាលដាលទៅដល់យ៉ាងហោចណាស់ ៨៥ ប្រទេសរួចមកហើយ។ ការផ្ទុះឡើង ជំងឺរាតត្បាតជាថ្មីនេះមាននៅក្នុងបណ្តាប្រទេសតំបន់អាស៊ាន ចក្រភពអង់គ្លេស អេស្ប៉ាញ ព័រទុយហ្កាល់ អាហ្រ្វិកខាងត្បូង អូស្រ្តាលី និងរដ្ឋដែលទទួលថ្នាំវ៉ាក់សាំងតិចតួចនៅក្នុងសហរដ្ឋអាមេរិក បានបង្កើននូវការព្រួយបារម្ភជាថ្មីអំពីសន្ទុះនៃការងើបឡើងវិញនៃ សេដ្ឋកិច្ចពិភពលោក ដោយសារតែប្រទេសមួយចំនួនបានរៀបចំបិទខ្ទប់ប្រទេសខ្លួនឡើងវិញ និងចាត់វិធានការរឹតបន្តឹងការធ្វើដំណើរ របស់ប្រជាពលរដ្ឋ សំដៅទប់ស្កាត់ការផ្ទុះឡើងនៃវីរុសកំណាចនេះ។ ការព្រួយបារម្ភដែលកំពុងកើនឡើងអំពីការរីករាលដាល យ៉ាងឆាប់រហ័សនៃមេរោគបំប្លែងខ្លួនថ្មី Delta បានកាត់បន្ថយចំណង់ចំណូលចិត្តនិងប្តូរចិត្តពីការជួញដូរទំនិញ។ ជាពិសេស ស្ថិតក្នុងស្ថានភាពរាតត្បាតថ្មីនេះបានបង្កឱ្យមានការព្រួយបារម្ភថា តម្រូវការប្រើប្រាស់កៅស៊ូធម្មជាតិនឹងមានដំណើរយឺតនៅក្នុង ប្រទេសដែលយើងបារម្ភខាងលើ។
- ជាមួយនឹងអត្រានៃការចាក់វ៉ាក់សាំងនៅទាបតាមបណ្តាប្រទេសភាគច្រើនក្នុងសមាជិកអាស៊ាន វាពិតជាពិបាកក្នុងការកាត់បន្ថយ ការរីករាលដាលនៃវីរុសនេះណាស់។ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ចំនួនប្រជាជនដែលទទួលថ្នាំវ៉ាក់សាំងពេញលេញមានតិចជាង ៨% នៅក្នុងប្រទេសជាសមាជិកអាស៊ានលើកលែងតែប្រទេសកម្ពុជានិងប្រទេសសឹង្ហបុរី (ប្រ៊ុយណេ ៣,១%, កម្ពុជា ១៨,៥%, ឥណ្ឌូនេស៊ី ៥%, ឡាវ ៧,៤%, ម៉ាឡេស៊ី ៧,២%, មីយ៉ាន់ម៉ា ២,៨ %, ហ្វីលីពីន ២,៤%, សឹង្ហបុរី ៣៦,៧%, ថៃ ៤% និងវៀតណាម ០,២%) ។ ទន្ទឹមពេលដែលប្រទេសមួយចំនួនកំពុងពិបាករកថ្នាំវ៉ាក់សាំងនិងពិបាកផ្តល់ការចាក់វ៉ាក់ ស្រាប់តែមានលេចចេញនូវការព្រួយបារម្ភអំពី ប្រសិទ្ធភាពនៃវ៉ាក់សាំងដែលមានស្រាប់ក្នុងការប្រឆាំងទល់នឹងមេរោគបំប្លែងខ្លួន Delta ថ្មីនេះ បានជំរុញឱ្យមនុស្សមួយផ្នែកពន្យារ ពេលចាក់វ៉ាក់សាំងទៅវិញ។ ទោះបីជា នៅសហរដ្ឋអាមេរិកនិងបណ្តាប្រទេសអឺរ៉ុបភាគច្រើនទទួលបានលទ្ធផលគួរឱ្យកត់សំគាល់ ដោយការចាក់វ៉ាក់សាំងបានជិត ៥០% នៃចំនួនប្រជាជនសរុបក៏ដោយ ក៏ប៉ុន្តែប្រទេសភាគច្រើននៅអាស៊ីប៉ាស៊ីហ្វិកនិងអាហ្វ្រិក នៅតែកំពុងប្រយុទ្ធប្រឆាំងនឹងវីរុសនេះអស់រយៈពេលជាងមួយឆ្នាំកន្លងមក។ ភាគច្រើននៃប្រទេសដែលទទួលបានថ្នាំវ៉ាក់សាំងតិចតួច យើងសំគាល់ឃើញថាប្រទេសទាំងនោះខ្វះខាតឧបករណ៍ធ្វើរោគវិនិច្ឆ័យវេជ្ជសាស្ត្រ ឧបករណ៍ និងសំលៀកបំពាក់ការពារគ្រូពេទ្យ ឧបករណ៍ផ្គត់ផ្គង់អុកស៊ីសែន ឬកន្លែងថែទាំបន្ទាន់។ ដូច្នេះវីរុសបំប្លែងខ្លួនថ្មី Delta នឹងកាន់តែគំរាមកំហែងដល់បណ្តាប្រទេស ដែលទទួលថ្នាំវ៉ាក់សាំងតិចតួចនោះថែមទៀត។ រលកឆ្លងរាលដាលថ្មីនេះត្រូវបានគេរាយការណ៍ថាបានទៅដល់តំបន់ជនបទនៃទ្វីប អាហ្វ្រិកដែលមានប្រជាជនចំនួន ១,៣ ពាន់លាននាក់ ភាគច្រើនកំពុងរស់នៅដោយមិនមានកន្លែងថែទាំសុខភាពជាមូលដ្ឋាន។ ដោយសារតែការទទួលបានវ៉ាក់សាំងមិនស្មើភាពគ្នានិងវឌ្ឍនភាពនៃការចាក់វ៉ាក់សាំងខុសគ្នាផង ដូច្នេះធ្វើឱ្យសេដ្ឋកិច្ចពិភពលោក កំពុងងើបឡើងវិញក្នុងល្បឿនមិនស្មើគ្នាផងដែរ។ អត្រាយឺតយ៉ាវនៃការចាក់វ៉ាក់សាំងបង្ការក្នុងតំបន់ក្រៅសហរដ្ឋអាមេរិក និងក្រៅ សហគមន៍អឺរ៉ុបនេះ បានធ្វើឱ្យមានការព្រួយបារម្ភអំពីសន្ទុះងើបឡើងវិញនៃតម្រូវការប្រើប្រាស់សកលនៃកៅស៊ូធម្មជាតិ។
- ធនាគារកណ្តាលអាមេរិកនៅថ្ងៃទី១៦ ខែមិថុនា បានបង្ហាញផែនការបង្កើនអត្រាការប្រាក់ដុល្លារចំនួន២ ដងនៅចុងឆ្នាំ២០២៣ គឺឆាប់ជាងពេលដែលពួកគេបានព្យាករណ៍ពីមុន។ នេះគឺជាការផ្លាស់ប្តូរពីអ្វីដែលបានកំណត់នៅកិច្ចប្រជុំគោលនយោបាយពីមុន ដែលមន្រ្តីភាគច្រើនបានរំពឹងទុកថាអត្រានេះនឹងស្ថិតនៅជិតសូន្យយ៉ាងហោចណាស់រហូតដល់ឆ្នាំ២០២៤ដែរ។ ការផ្លាស់ប្តូរពីផែនការ លើកមុននេះបញ្ជាក់ថាអត្រាការប្រាក់នឹងកើនឡើងពីកម្រិតបច្ចុប្បន្នគឺ០,១% ទៅដល់កម្រិត ០,៦% នៅចុងឆ្នាំ២០២៣។ អ្នកជំនួញ មួយចំនួននៅក្នុងទីផ្សារ Forex បានប៉ាន់ស្មានអំពីលទ្ធភាពរបស់ធនាគារកណ្តាលថានឹងបង្កើនអត្រាការប្រាក់ខ្ពស់ជាងនេះទៅទៀត។ ការផ្លាស់ប្តូរគោលនយោបាយដែលគេមិននឹកស្មានរបស់ធនាគារកណ្តាល បានធ្វើឱ្យមានលំហូរនៃមូលធនជាមួយប្រាក់ដុល្លារនឹង មានតម្លៃប្រាក់ដុល្លាររឹងមាំគួរឱ្យកត់សម្គាល់។ ក្រៅពីនេះ ប្រាក់ដុល្លារបានឡើងថ្លៃ ក៏ដោយសារវាដើរតួរយ៉ាងសំខាន់ជាទ្រព្យធន ប្រកបដោយសុវត្ថិភាព។ ខណៈក្តីកង្វល់ថ្មីៗជុំវិញការរីករាលដាលនៃមេរោគបំប្លែងខ្លួនថ្មី បានបណ្តាលឱ្យមានលំហូរមូលធនសុវត្ថិភាព ផ្តោតលើប្រាក់ដុល្លារ។ ប្រាក់ដុល្លារឡើងថ្លៃនេះនឹងធ្វើឱ្យទំនិញទាំងឡាយក្នុងទីផ្សារមិនទទួលការចាប់អារម្មណ៍ពីពួកពាណិជ្ជករ ឡើយ។
- សកម្មភាពផលិតកម្មរបស់ប្រទេសចិនបានធ្លាក់ចុះក្នុងអំឡុងខែមិថុនានេះ។ យោងតាមការស្ទង់មតិឯកជនមួយបានឱ្យដឹងថា សន្ទស្សន៍ឧស្សាហកម្ម Caixin / Markit (PMI) បានធ្លាក់ចុះដល់ ៥១.៣ ក្នុងខែមិថុនា បើធៀបនឹងខែឧសភាដែលមានសន្ទស្សន៍ ៥២។ ការរំខាននៃខ្សែចង្វាក់ផ្គត់ផ្គង់បណ្តាលមកពីការលេចឡើងថ្មីនៃការឆ្លងមេរោគកូវីត-១៩ នៅក្នុងខេត្តក្វាងតុង បានបង្កផលប៉ះ ពាល់គួរឱ្យកត់សម្គាល់ទៅលើវិស័យផលិតកម្មរបស់ប្រទេសចិន ពីព្រោះខេត្តនេះគឺជាមជ្ឈមណ្ឌលផលិតកម្មនិងនាំចេញដ៏សំខាន់ នៅភាគខាងត្បូងប្រទេសចិន។ កាលពីចុងខែឧសភា ឆ្នាំ២០២១ មានករណីឆ្លងវីរុសថ្មីជាង ១៥០ករណី យោងរបាយការណ៍ ខេត្តក្វាងតុង ហើយបានជំរុញឱ្យរដ្ឋាភិបាលក្នុងតំបន់បង្កើនវិធានការទប់ស្កាត់និងត្រួតពិនិត្យ ទោះបីជាកំពង់ផែមានប្រតិបត្តិក៏ដោយ។ ការវិវឌ្ឍន៍ទាំងនេះនៅទីបំផុតប្រែទៅជាបង្កភាពយឺតយ៉ាវក្នុងការទទួលបានប្រាក់ចំណូលជាតិពីកៅស៊ូធម្មជាតិ។
- ការដឹកជញ្ចូនពិភពលោកនៅតែត្រូវរារាំងដោយសារកង្វះកុងតឺន័រ ការជម្រះឯកសារនៅកំពង់ផែជុំវិញពិភពលោក ការស្ទះចរាចរណ៍ នៅតាមកំពង់ផែ ការពន្យាពេលដឹកជញ្ជូន និងការកើនឡើងខុសប្រក្រតីលើតម្លៃដឹកជញ្ជូនតាមមហាសមុទ្រ។ តម្លៃដឹកទំនិញតាម មហាសមុទ្របានកើនឡើងពី ៣-៥ដង គិតក្នុងរយៈពេល ៣ខែកន្លងមកនេះ។ តម្លៃដឹកទំនិញតាមមហាសមុទ្រកាលពីមុន៣ខែនេះ មានចំនួនតិចជាង៦% នៃតម្លៃ CIF (Cost Insurance & Freight) សម្រាប់កៅស៊ូធម្មជាតិដែលនាំចូលពីអាស៊ីអាគ្នេយ៍ទៅកាន់អឺរ៉ុប។ បច្ចុប្បន្នថ្លៃដឹកជញ្ជូនទំនិញមានប្រហែល ២៥% នៃតម្លៃ CIF ។ បន្ថែមលើបញ្ហានេះ ខ្សែសង្វាក់ផ្គត់ផ្គង់ទំនិញសកលត្រូវបានរំខាន ជាញឹកញាប់ដោយការវាយប្រហារពីសំណាក់ពួកចោរអ៊ីនធឺណែត (Hacker) ។ ការពន្យាពេលនៃការដឹកជញ្ជូន និងការតម្លើងខុស ប្រក្រតីនៃថ្លៃដឹកជញ្ជូនទំនិញបានធ្វើឱ្យវត្ថុធាតុដើមមានតម្លៃថ្លៃជាងមុនសម្រាប់បណ្តាក្រុមហ៊ុនផលិត ម៉្យាងទៀតវាប៉ះពាល់ដល់ ការលក់ផលិតផលសម្រេចរបស់ពួកគេទៀតផង។ ស្ថានភាពកាន់តែយ៉ាប់យ៉ឺននៅក្នុងការដឹកជញ្ជូននៅទូទាំងពិភពលោកត្រូវបានគេ រាយការណ៍ថាបានជះឥទ្ធិពលដល់សន្ទុះនៃការងើបឡើងវិញនៃសេដ្ឋកិច្ចប្រទេសចិន និងនៅបណ្តាប្រទេសប្រើប្រាស់កៅស៊ូធម្មជាតិ ធំៗដទៃទៀត។
- ឧស្សាហកម្មផលិតយានយន្ត និងឧស្សាហកម្មផ្សេងៗជាច្រើនទៀតត្រូវបានរារាំងដោយកង្វះបន្ទះឈីប (Semi-conductors) ជា លក្ខណៈសកល។ ការខ្វះខាតបន្ទះឈីបភាគច្រើនបណ្តាលមកពីមានការកើនឡើងនៃតម្រូវការប្រើប្រាស់ឈីបយ៉ាងច្រើន ជាពិសេស នៅក្នុងអំឡុងពេលនៃរោគរាតត្បាតកូវីត-១៩ និងការកើនឡើងនៃការប្រើប្រាស់បន្ទះឈីបនៅក្នុងឧស្សាហកម្មយានយន្តទំនើប។ ពេលវេលាបញ្ជូនឧបករណ៍បន្ទះឈីប (រយៈពេលត្រូវបញ្ជូនទំនិញបន្ទាប់ពីការបញ្ជាទិញរួច) កំពុងត្រូវពន្យាជារៀងរាល់ខែ ដោយសារ អ្នកផលិតបន្ទះឈីបព្យាយាមរត់ប្រដេញនឹងតម្រូវការដ៏ធំធេងនេះ។ យោងទៅតាមប្រភពឧស្សាហកម្ម ពេលវេលាបញ្ជូនបន្ទះឈីប ជាមធ្យមបានកើនឡើងដល់ ១៨សប្តាហ៍ គិតត្រឹមខែឧសភា ឆ្នាំ២០២១នេះ ហើយរាល់ខែវាបានពន្យាបន្ថែមប្រហែល ៧ថ្ងៃទៀត។ ការភ័យខ្លាចខ្វះបន្ទះឈីបនិងការពន្យាពេលបញ្ជូនឈីបផង បានបង្ខំឱ្យអ្នកប្រើប្រាស់ចុងក្រោយធ្វើការបញ្ជាទិញច្រើនហួសកំរិត។ ភាគច្រើនអ្នកដែលទទួលរងប៉ះពាល់ពីការខ្វះខាតបន្ទះឈីបនិងគ្រឿងបន្លាស់ផ្សេងៗទៀតមានដូចជា ឧស្សាហកម្មផលិតរថយន្ត ដឹកអ្នកដំណើរនៅចក្រភពអង់គ្លេសបានធ្លាក់ចុះ៥២,៦% ស្មើនឹង ៥៥ ០០០គ្រឿង ក្នុងខែឧសភា ឆ្នាំ២០២១ បើធៀបនឹង ខែដដែលក្នុងឆ្នាំ២០១៩ មុនពេលមានជំងឺរាតត្បាតកូវីត។ នេះបើយោងតាមសមាគមអ្នកផលិត និងពាណិជ្ជករគ្រឿងម៉ាស៊ីន។
- ទោះបីជាមានឧបសគ្គដែលបណ្តាលមកពីការកើនឡើងនៃករណីកូវីត-១៩ ក៏នៅក្នុងប្រទេសផលិតកៅស៊ូធំៗក៏ដោយ ក៏ការផ្គត់ផ្គង់ កៅស៊ូធម្មជាតិសកលបានប្រសើរឡើងនៅក្នុងខែមិថុនា ឆ្នាំ២០២១ នេះបើប្រៀបធៀបទៅនឹងខែឧសភា ឆ្នាំ២០២១ និងខែមេសា ឆ្នាំ២០២១ ដែលយើងគិតថាកត្តារដូវកាលបានជួយជ្រោមជ្រែងខ្លាំងក្នុងលទ្ធផលនេះ។ យោងតាមការប៉ាន់ស្មានបឋមការផ្គត់ផ្គង់ កៅស៊ូជាសកលក្នុងខែមិថុនា បានកើនឡើង ៨,៨% លើសពីខែឧសភា ឆ្នាំ២០២១ និងកើនឡើង ២៣,២% លើសពីខែមេសា ឆ្នាំ២០២១ អាស្រ័យដោយកសិករចាប់ផ្តើមចៀរជ័រកៅស៊ូបន្ទាប់ពីរដូវត្រជាក់ប្រចាំឆ្នាំ (តារាងទី ២) ។
តារាងទី២- ផលិតកម្មកៅស៊ូធម្មជាតិប៉ាន់ស្មានប្រចាំខែពីខែមេសា ដល់ខែកក្កដា ឆ្នាំ២០២១ (x ០០០តោន)
ប្រទេស |
ខែមេសា |
ខែឧសភា |
ខែមិថុនា |
ខែកក្កដា |
ថៃ |
២៨០ |
៣១៧ |
៣៣០ |
៤០៨ |
វៀតណាម |
៥០ |
៨០ |
១០០ |
១០០ |
ចិន |
៥៨ |
៨៣ |
៨៩ |
១០០ |
ម៉ាឡេស៊ី |
២៣ |
៤០ |
៤២ |
៤៤ |
កម្ពុជា |
១៧ |
២៦ |
៣១ |
៣១ |
សរុបសកលលោក |
៨៥៣ |
៩៦៦ |
១០៥១ |
១១៧០ |
- តម្រូវការប្រើប្រាស់កៅស៊ូធម្មជាតិសកលលោក មិនអាចកើនឡើងក្នុងកំឡុងខែមិថុនានេះទេ ដោយសារតែការធ្លាក់ចុះនៃតម្រូវការ កៅស៊ូនៅក្នុងប្រទេសចិន ប៉ុន្តែបានបំពេញមកវិញដោយការងើបឡើងវិញដ៏ខ្លាំងនៃតម្រូវការកៅស៊ូនៅសហរដ្ឋអាមេរិកនិងអឺរ៉ុប។ ការប៉ាន់ស្មានបឋមបង្ហាញថាបរិមាណដែលបានប្រើប្រាស់នៅទូទាំងពិភពលោកក្នុងអំឡុងខែមិថុនា ឆ្នាំ២០២១ និងក្នុងខែឧសភា ឆ្នាំ២០២១ បើធៀបទៅនឹងខែមេសា ឆ្នាំ២០២១គឺមានចំនួនទាបជាងច្រើន ដោយសារតែតម្រូវការប្រទេសចិនធ្លាក់ចុះ (តារាងទី ៣) ។
តារាងទី៣- ការប្រើប្រាស់កៅស៊ូធម្មជាតិប៉ាន់ស្មានប្រចាំខែពីខែមេសា ដល់ខែកក្កដា ឆ្នាំ២០២១ (x ០០០តោន)
ប្រទេស |
ខែមេសា |
ខែឧសភា |
ខែមិថុនា |
ខែកក្កដា |
ចិន |
៥១៤ |
៤៩៣ |
៤៩៦ |
៤៩៥ |
សរុបសកលលោក |
១២២៦ |
១១២៣ |
១១៣៥ |
១១៤៥ |
- ប្រទេស២ដែលប្រើប្រាស់កៅស៊ូធម្មជាតិធំជាងគេបង្អស់ គឺប្រទេសចិននិងឥណ្ឌា បាននាំចូលកៅស៊ូក្នុងបរិមាណទាប ក្នុងអំឡុង ខែឧសភា ឆ្នាំ២០២១ និងខែមិថុនា ឆ្នាំ២០២១ បើប្រៀបធៀបនឹងខែមេសា ឆ្នាំ២០២១ (តារាងទី ៤)។
តារាងទី៤- បរិមាណនាំចូលកៅស៊ូធម្មជាតិទៅចិន និងឥណ្ឌាពីខែមេសា ដល់ខែកក្កដា ឆ្នាំ២០២១ (x ០០០តោន)
ប្រទេស |
ខែមេសា |
ខែឧសភា |
ខែមិថុនា |
ចិន |
៤២៧ |
៣៥៤ |
៣៨៨ |
ឥណ្ឌា |
៤៤ |
៣០ |
៣៥ |
- ការវិវឌ្ឍន៍ភូមិសាស្ត្រនយោបាយនៅពាក់កណ្តាលចុងខែមិថុនា បានបង្ហាញទំនោរដោះដូរទំនិញពាណិជ្ជកម្មផ្ទុយគ្នា។ បន្ទាប់ពី ការបោះឆ្នោតប្រធានាធិបតីអ៊ីរ៉ង់ថ្មីៗនេះ សហរដ្ឋអាមេរិកនិងសហភាពអឺរុបបានដាក់ទណ្ឌកម្មលើប្រធានាធិបតីជាប់ឆ្នោតអ៊ីរ៉ង់ ដោយ ចោទប្រកាន់ពីការរំលោភសិទ្ធិមនុស្ស។ បញ្ហាភូមិសាស្ត្រនយោបាយដ៏សំខាន់មួយទៀតនោះ គឺការប្រឈមមុខគ្នាផ្នែកយោធារវាង កងទ័ពជើងទឹកអង់គ្លេសនិងទ័ពរុស្ស៊ីជុំវិញការបើកកប៉ាល់ចូលទៅក្បែរដែនទឹកនៃតំបន់គ្រីមៀនៅក្នុងសមុទ្រខ្មៅ ដែលជាតំបន់រុស្ស៊ី បានបញ្ចូលជារបស់ខ្លួនកាលពីឆ្នាំ២០១៤ ប៉ុន្តែមិនដែលទទួលស្គាល់ដោយសម្ព័ន្ធមិត្តណាតូឡើយ។ នៅមានបញ្ហាមួយទៀត គឺការវាយប្រហារតាមអាកាសធ្វើឡើងដោយសហរដ្ឋអាមេរិកប្រឆាំងនឹងកងជីវពល ដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងតំបន់ព្រំដែនអ៊ីរ៉ាក់ ជាមួយស៊ីរី ជាការសងសឹកចំពោះការវាយប្រហារដោយដ្រូនរបស់កងជីវពលប្រឆាំងនឹងទីតាំងឈរជើងរបស់អាមេរិកនៅក្នុងប្រទេស អ៊ីរ៉ាក់។
- ទោះបីជាសេដ្ឋកិច្ចសហរដ្ឋអាមេរិកកំពុងស្ទុះងើបឡើងវិញក៏ដោយ ក៏ផ្នែកផលិតកម្មនិងអាជីវកម្មរបស់សហរដ្ឋអាមេរិកត្រូវបានរារាំង ដោយសារកង្វះកំលាំងកម្មករ ប្រាក់ឈ្នួលពលកម្មខ្ពស់ និងតម្លៃវត្ថុធាតុដើមឡើងខ្ពស់ផងដែរ។ គេសង្កេតឃើញថា អត្រាភាគរយ នៃជនជាតិអាមេរិកដែលចាកចេញពីការងារចាស់របស់ពួកគេ ទៅចាប់យកឱកាសការងារថ្មីជំនួសវិញ ស្ថិតក្នុងកម្រិតខ្ពស់បំផុត ក្នុងរយៈពេលជាងពីរទសវត្សរ៍មកនេះ។ ដោយសារតែកង្វះកំលាំងកម្មករទើបបង្ខំឱ្យម្ចាស់សហគ្រាសផ្តល់ប្រាក់ឈ្នួលខ្ពស់ និងផ្តល់ អត្ថប្រយោជន៍ផ្សេងទៀតដើម្បីធ្វើឱ្យទាក់ទាញ។ កង្វះខាតរបស់អ្នកបើកបររថយន្តដឹកទំនិញក៏ជាមូលហេតុធ្វើឱ្យខូចបណ្តាញចែកចាយ ទំនិញ និងថ្លៃដើមទំនិញកើនឡើងខ្ពស់។ រលកកំដៅខ្ពស់ដែលមិនធ្លាប់មាន ភាពរាំងស្ងួត និងកង្វះថាមពលដែលជាកត្តា ជះឥទ្ធិពលមិនល្អសកម្មភាពសេដ្ឋកិច្ចអាមេរិកខាងជើង។
- ឧស្សាហកម្មផលិតស្រោមដៃកៅស៊ូបានឈានដល់ដំណាក់កាលមួយ ដែលតម្រូវការប្រើប្រាស់ធ្លាក់ចុះមួយកម្រិត នេះក៏ដោយសារ អត្រាកំណើននៃការចាក់វ៉ាក់សាំង ជាពិសេសនៅសហរដ្ឋអាមេរិកនិងនៅសហគមអឺរ៉ុប។ តម្លៃលក់មធ្យម(The average selling price-ASP) នៃស្រោមដៃកៅស៊ូកំពុងធ្លាក់ចុះដោយសារតែតម្រូវការស្ថិតក្នុងកម្រិតមធ្យម និងស្ថិតក្នុងការប្រកួតប្រជែងដ៏តឹងរឹង ក្នុងចំណោមអ្នកផលិតចាស់និងអ្នកផលិតថ្មី ជាពិសេសអ្នកផលិតមកពីប្រទេសចិន។ រោងចក្រផលិតស្រោមដៃកៅស៊ូភាគច្រើន នៅប្រទេសម៉ាឡេស៊ី ត្រូវបានបង្ខំឱ្យដំណើរការផលិតក្រោមផលិតភាពទាប ដោយសារតែការរឹតត្បិតរបស់រដ្ឋាភិបាល ផ្អែកលើ បទបញ្ជាត្រួតពិនិត្យការធ្វើដំណើរបស់ពលរដ្ឋដែលផ្ទុកវីរុស។ តម្រូវការប្រើប្រាស់ស្រោមដៃកៅស៊ូស្ថិតក្នុងកំរិតមធ្យម បូករួមនឹង ការធ្លាក់ចុះតម្លៃលក់មធ្យម(ASP) និងលទ្ធភាពអាចរកបានទឹកជ័រកៅស៊ូក្រោយរដូវត្រជាក់ផង កំពុងដាក់សម្ពាធលើក្រុមហ៊ុនផលិត ស្រោមដៃឱ្យកាត់បន្ថយតម្លៃទិញទឹកជ័រកៅស៊ូ។
ទោះបីជាមានលក្ខខណ្ឌមិនអំណោយផលខាងលើក៏ដោយក៏តម្លៃកៅស៊ូធម្មជាតិ បានកើនឡើងភ្លាមៗក្នុងរយៈពេលខ្លីទាំងក្នុងទីផ្សារកៅស៊ូ ទិញលក់តាមកិច្ចសន្យានិងទីផ្សារកៅស៊ូទិញលក់ភ្លាមៗ ក្នុងអំឡុងថ្ងៃទី២២-២៥ ខែមិថុនា ដែលជាការឆ្លើយតបភ្លាមៗនឹងភាពចុះខ្សោយ នៃប្រាក់ដុល្លារ បន្ទាប់ពីមានសេចក្តីថ្លែងការណ៍ដោយប្រធានធនាគារកណ្តាល។ នៅថ្ងៃទី២២ ខែមិថុនា លោក Jerome Powell បានបញ្ជាក់ថាអត្រាការប្រាក់នឹងមិនត្រូវបានដំឡើងមុនពេលកំណត់នោះទេ ហើយធនាគារកណ្តាលអាមេរិកនឹងមិនអនុវត្តគោលនយោបាយ រូបិយវត្ថុតឹងរឹងនៅក្នុងពេលឆាប់ៗនេះដែរ។ លោកបានបន្ថែមទៀតថាការស្ទុះងើបនៃសេដ្ឋកិច្ចត្រូវការពេលវេលាបន្ថែមទៀត មុនពេលកត្តា ជំរុញសេដ្ឋកិច្ចធ្លាក់ចុះ និងការជ្រើសយកចំណាយយលើកម្ចីកាន់តែខ្ពស់។ សុន្ទរកថានេះរបស់ប្រធានធនាគារកណ្តាលសហរដ្ឋអាមេរិក គឺផ្ទុយស្រឡះពីទស្សនៈដែលបានបង្ហាញដោយមន្រ្តីធនាគារកណ្តាលកាលពីថ្ងៃទី១៦ ខែមិថុនាកន្លងមក។ ថ្មីៗនេះ បន្ទាប់ពីការកត់សម្គាល់ របស់ធនាគារកណ្តាល កាលពីថ្ងៃទី២២ ខែមិថុនា ប្រាក់ដុល្លារសហរដ្ឋអាម៉េរិកបានបាត់បង់ប្រហែលមួយភាគបី(១/៣)ពីអ្វីដែលបានកើនឡើង យ៉ាងខ្លាំងចាប់ពីថ្ងៃទី១៦ ខែមិថុនា។ ភាពចុះខ្សោយនៃប្រាក់ដុល្លារនេះហើយ បានទាក់ទាញការជួញដូរថ្មីៗនៅក្នុងមុខទំនិញនៅតំបន់អាស៊ាន អាចជួយដល់ការងើបឡើងវិញនៃតម្លៃកៅស៊ូធម្មជាតិចាប់ពីថ្ងៃទី២២ ខែមិថុនានេះ។
ទោះយ៉ាងណាតម្លៃកៅស៊ូធម្មជាតិ មិនអាចទ្រទ្រង់ការងើបឡើងវិញនេះឱ្យហួសពីថ្ងៃទី២៥ ខែមិថុនាបាននោះទេ ព្រោះប្រាក់ដុល្លារសហរដ្ឋ អាម៉េរិកបានបោះជំហានទៅមុខម្តងទៀត។ សន្ទស្សន៍ប្រាក់ដុល្លារដែលវាស់ពីភាពខ្លាំងរបស់រូបិយប័ណ្ណធៀបនឹងរូបិយប័ណ្ណសំខាន់ៗចំនួន ៦ ផ្សេងទៀត បានឈានដល់កំរិតខ្ពស់ក្នុងរយៈពេល ៣ខែគិតត្រឹមចុងខែមិថុនា ដែលបណ្តាលមកពីកត្តាពីរខាងក្រោម៖
- អ្នកគ្រប់គ្រងមូលនិធិភាគច្រើនបានប្តូរទៅជាទ្រព្យសកម្មទៅជាប្រាក់ប្រាក់ដុល្លារ មុនពេលចេញផ្សាយរបាយការណ៍ការងារសំខាន់ៗ របស់សហរដ្ឋអាមេរិក។ ពួកគេបានប៉ាន់ស្មានលើការកើនឡើងនៃការបង្កើតការងារថ្មីដែលអាចជំរុញសក្តានុពលធនាគារកណ្តាល ឆ្ពោះទៅរកការរឹតបន្តឹងគោលនយោបាយ។ ទស្សនៈបែបនេះត្រូវបានគាំទ្រដោយមតិចម្រុះពីអ្នកបង្កើតគោលនយោបាយធនាគារ កណ្តាលអំពីពេលវេលាដែលត្រូវដកប្រាក់ជួយជំរុញសេដ្ឋកិច្ច។
- ការរីករាលដាលកាន់តែខ្លាំងនៃមេរោគបំប្លែងខ្លួនថ្មី Delta នៃ COVID-19 បានទាក់ទាញអ្នកគ្រប់គ្រងមូលនិធិឱ្យប្តូរទៅជាប្រាក់ដុល្លារ ដែលមានសុវត្ថិភាពជាង។
- និន្នាការថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យាប្រចាំថ្ងៃនៅទីផ្សារហ៊ុនសៀងហៃសម្រាប់ខែកញ្ញា ឆ្នាំ២០២១ បានបង្ហាញនៅក្នុងក្រាហ្វិកទី១ ក្នុងអំឡុងថ្ងៃទី១៥-៣០ ខែមិថុនា ឆ្នាំ២០២១ ។ ថ្លៃបានធ្លាក់ចុះខ្លាំង លើកលែងតែក្នុងអំឡុងថ្ងៃទី២២-២៥ ខែមិថុនា។
ក្រាហ្វិកទី១៖ ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសៀងហៃសម្រាប់ខែកញ្ញា ឆ្នាំ២០២១ (យ័ន/តោន)
៣.ទស្សនវិស័យរយៈពេលខ្លី
ការច្របាច់បញ្ចូលគ្នារវាងកត្តាទាំងឡាយខាងក្រោម យើងរំពឹងថានឹងកំណត់និន្នាការនៃថ្លៃកៅស៊ូធម្មជាតិក្នុងរយៈពេលខ្លី៖
- ការងើបឡើងវិញនៃសេដ្ឋកិច្ចសហរដ្ឋអាមេរិកកំពុងទទួលបានមួយសន្ទុះបន្ថែមទៀត។ តាមរយៈការផ្តល់នូវភ័ស្តុតាងរឹងមាំនៃការស្ទុះ ងើបឡើងវិញនៃសេដ្ឋកិច្ចសហរដ្ឋអាមេរិកបានធ្វើឱ្យកំណើនការងារបានកើនឡើងនៅខែមិថុនា ឆ្នាំ២០២១ នៅពេលក្រុមហ៊ុននានា បានតំឡើងប្រាក់ឈ្នួល និងផ្តល់ការលើកទឹកចិត្តក្នុងការទាញកម្លាំងពលកម្មត្រឡប់មកធ្វើការវិញ។ យោងតាមទិន្នន័យចេញផ្សាយ ដោយនាយកដ្ឋានការងារសហរដ្ឋអាមេរិក នៅថ្ងៃទី២ ខែកក្កដានេះ បានឲ្យដឹងថា ចំណាយប្រាក់ឈ្នួលក្រៅពីវិស័យកសិកម្ម បានកើនឡើង ៨៥០ ០០០កន្លែង ក្នុងខែមិថុនា ឆ្នាំ ២០២១ បន្ទាប់ពីកើនឡើងក្នុងខែឧសភា ឆ្នាំ២០២១ មានចំនួន ៥៨៣ ០០០ កន្លែង។ ការជួលពលកម្មកើនខ្លាំងជាងការរំពឹងទុកក្នុងខែមិថុនា ឆ្នាំ២០២១នេះ បានធ្វើឱ្យប្រសើរឡើងនូវទស្សនវិស័យចំពោះកំណើន សេដ្ឋកិច្ចសហរដ្ឋអាមេរិក។ បន្ថែមលើនេះ លោកប្រធានាធិបតី ចូបៃដិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហេដ្ឋារចនាសម្ព័ន្ធ ជាមួយក្រុមសមាជិកព្រឹទ្ធសភាមកពីបក្សទាំងពីរ។ កិច្ចព្រមព្រៀងហេដ្ឋារចនាសម្ព័ន្ធមានកញ្ចប់ថវិកា ៥៧៩ពាន់លានដុល្លារ ដើម្បីចំណាយថ្មីលើការដឹកជញ្ជូន រួមមានផ្លូវថ្នល់ ស្ពាន ផ្លូវដែក និងហេដ្ឋារចនាសម្ព័ន្ធយានយន្តអគ្គិសនី។ ការសម្រេចចិត្ត របស់សហរដ្ឋអាមេរិកក្នុងការលុបចោលវិញ នូវការហាមឃាត់លើការប្រើប្រាស់កម្មវិធីសូហ្វវែរ TikTok និង WeChat ត្រូវបានគេ មើលឃើញថាជាជំហានវិជ្ជមានឆ្ពោះទៅរកការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ(អាមេរិក-ចិន)។ ការអភិវឌ្ឍទាំងនេះបានធ្វើឱ្យប្រសើរឡើងបន្ថែមទៀតនូវទស្សនវិស័យចំពោះតម្រូវការប្រើប្រាស់កៅស៊ូធម្មជាតិនៅក្នុងប្រទេសនេះ។
- ទស្សនវិស័យលើតម្រូវការប្រើប្រាស់កៅស៊ូធម្មជាតិនៅអឺរ៉ុប ក៏មានភាពល្អប្រសើរផងដែរ ទន្ទឹមពេលដែលមានសុទិដ្ឋិនិយមលើ សេដ្ឋកិច្ចតំបន់ចាយប្រាក់អឺរ៉ូ បានកើនឡើងដល់កំរិតខ្ពស់មួយ ក្នុងរយៈពេល ២១ឆ្នាំមកនេះ បន្ទាប់ពីការបន្ធូរបន្ថយការរឹតត្បិត នៅទូទាំងតំបន់ដែលបើកឲ្យប្រជាពលរដ្ឋនៅក្នុងតំបន់មានសកម្មភាពដោយពុំចាំបាច់ធ្វើចត្តាឡីស័កទៀតទេ។
- តម្រូវការប្រើប្រាស់កៅស៊ូធម្មជាតិនៅប្រទេសឥណ្ឌា ដែលជាប្រទេសប្រើប្រាស់កៅស៊ូធម្មជាតិធំជាងគេលំដាប់ទី២ ត្រូវបានរំពឹងថា នឹងកើនឡើងនៅក្នុងខែកក្កដានេះ ដោយសារតែមានការបន្ធូរបន្ថយវិធានការត្រួតពិនិត្យនៅក្នុងរដ្ឋភាគច្រើន ក្រោយពីមានការធ្លាក់ចុះ នៃការឆ្លងរាតត្បាត COVID-19។ ការលក់ដុំរថយន្តដឹកអ្នកដំណើរនៅក្នុងប្រទេសឥណ្ឌា បានស្ទុះងើបឡើងវិញនៅខែមិថុនា ឆ្នាំ២០២១ ដោយការកើនឡើង១៤៨% ធៀបនឹងខែឧសភា ឆ្នាំ២០២១ និងកើនឡើង ១១៩% ធៀបនឹងខែមិថុនា ដូចគ្នាក្នុងឆ្នាំ២០២០។
- ទោះបីជាមានសញ្ញាល្អសម្រាប់តម្រូវការប្រើប្រាស់កៅស៊ូធម្មជាតិនៅសហរដ្ឋអាមេរិក សហគមអឺរ៉ុប និងប្រទេសឥណ្ឌាក៏ដោយ ក៏តម្រូវការប្រើប្រាស់កៅស៊ូពិភពលោកទំនងជានៅតែជាប់គាំងនៅឡើយ ដោយសារតែតម្រូវការខ្សោយនៅបណ្តាប្រទេសផ្សេងៗទៀត ក្នុងពិភពលោក រួមទាំងប្រទេសចិនដែលជាអ្នកប្រើប្រាស់កៅស៊ូធម្មជាតិជាង៤០%នៃការប្រើប្រាស់ពិភពលោក។ កត្តាខាងក្រោមនេះ ត្រូវបានរំពឹងថានឹងចូលមករារាំងសន្ទុះនៃការប្រើប្រាស់កៅស៊ូធម្មជាតិ៖
- ការផ្ទុះថ្មីឡើងវិញនូវករណីជំងឺ Covid-19 ប្រភេទបំប្លែងខ្លួនថ្មី Delta ។
- វឌ្ឍនភាពយឺតយ៉ាវនៃយុទ្ធនាការចាក់វ៉ាក់សាំងនៅទូទាំងតំបន់ខាងក្រៅសហរដ្ឋអាមេរិកនិងក្រៅសហគមអឺរ៉ុប។
- ការដឹកជញ្ចូនពិភពលោកនៅតែត្រូវរារាំងដោយសារកង្វះកុងតឺន័រ ការជម្រះឯកសារនៅកំពង់ផែជុំវិញពិភពលោក ការស្ទះ ចរាចរណ៍នៅតាមកំពង់ផែ ការពន្យាពេលដឹកជញ្ជូន និងការចំណាយខ្ពស់ខុសប្រក្រតីលើតម្លៃដឹកជញ្ជូនតាមមហាសមុទ្រ។
- ការរំខានឧស្សាហកម្មផលិតរថយន្ត និងឧស្សាហកម្មផ្សេងៗជាច្រើនទៀត ដោយសារតែ កង្វះបន្ទះឈីប(Semi-conductors)។
- ដោយមើលឃើញថា តម្រូវប្រើប្រាស់កៅស៊ូនៅសហរដ្ឋអាមេរិក សហគមអឺរ៉ុប និងឥណ្ឌា កំពុងពង្រឹងខ្លួនឡើង ដូច្នេះការប្រើប្រាស់ កៅស៊ូធម្មជាតិពិភពលោកទំនងជានឹងមានការកើនឡើងគួរឱ្យកត់សំគាល់នៅក្នុងខែកក្កដា ច្រើនជាងពីរខែមុន (ខែមិថុនានិងខែឧសភា ឆ្នាំ២០២១)។ ការប្រើប្រាស់កៅស៊ូធម្មជាតិនៅប្រទេសចិនចុះខ្សោយ ប៉ុន្តែវាបានទូទាត់សងមកវិញដោយការងើបឡើងវិញខ្លាំងជាង ការរំពឹងទុកនៅសហរដ្ឋអាមេរិក អឺរ៉ុប និងប្រទេសឥណ្ឌា។
- តម្រូវការប្រើប្រាស់ទឹកជ័រកៅស៊ូធម្មជាតិរបស់ឧស្សាហកម្មផលិតស្រោមដៃកៅស៊ូ ទំនងជានៅតែខ្សោយដដែល។ បទបញ្ជាត្រួតពិនិត្យ ការធ្វើដំណើរ ដែលបានដាក់ដោយក្រុមប្រឹក្សាសន្តិសុខជាតិម៉ាឡេស៊ីក្នុងតំបន់ Klang Valley ចាប់ពីថ្ងៃទី ៣ ខែកក្កដានេះ ត្រូវបានរំពឹងថានឹងប៉ះពាល់ដល់តម្រូវការទឹកជ័រកៅស៊ូបន្ថែមទៀត នៅពេលដែលរោងចក្រផលិតស្រោមដៃកៅស៊ូកំពុងធ្វើប្រតិបត្តិការ នៅក្នុងតំបន់ត្រូវបង្ខំឱ្យដំណើរការផលិតភាពទាប។ ក្នុងចំណោមស្រោមដៃកៅស៊ូទាំងអស់ដែលផលិតនៅក្នុងប្រទេសម៉ាឡេស៊ីមាន ប្រហែល៦០%ទៅហើយ ដោយប្រើប្រាស់ទឹកជ័រចេញពីដើមកៅស៊ូនៅតំបន់ Klang Valley នេះ។
- ការធ្វើឱ្យបានប្រសើរឡើងបន្ថែមទៀតសម្រាប់ការផ្គត់ផ្គង់កៅស៊ូធម្មជាតិលើពិភពលោក ត្រូវបានរំពឹងទុកថានឹងអាចកើតមាននៅ ខែកក្កដា ឆ្នាំ២០២១ បើប្រៀបធៀបទៅនឹងខែមុនៗ។ ការផ្គត់ផ្គង់កៅស៊ូពិភពលោកនៅខែកក្កដាឆ្នាំ២០២១ (១ ១៧០ លានតោន) ត្រូវបានរំពឹងថានឹងកើនឡើង ១១,៣ % បើប្រៀបធៀបនឹងខែមិថុនា ឆ្នាំ២០២១ (១ ០៥១ លានតោន)។
- ប្រាក់ដុល្លារសហរដ្ឋអាមេរិកទំនងជាទទួលផលបានតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ ពីព្រោះការជំរុញល្បឿននៅក្នុងកំណើនការងារ របស់សហរដ្ឋអាមេរិក បានបង្កើនលទ្ធភាពឱ្យធនាគារកណ្តាលធ្វើការកាត់បន្ថយអន្តរាគមន៍រូបិយវត្ថុមុនពេលវេលាដែលបានរំពឹងទុក។ ទស្សនៈផ្ទុយគ្នាបានបង្ហាញដោយអ្នកបង្កើតគោលនយោបាយរបស់ធនាគារកណ្តាលស្តីពី ពេលវេលានៃការផ្លាស់ប្តូរគោលនយោបាយ អន្តរាគមន៍ដែលអាចឆ្លុះបញ្ចាំងនៅក្នុងទស្សនៈនោះ។
- ពួកពាណិជ្ជករទំនងជាមិនសូវចេញសកម្មភាពនៅក្នុងទីផ្សារកៅស៊ូក្នុងរយៈពេលខ្លីនេះទេ ដោយសារតែ៖
- ពួកគេគិតថា តម្លៃប្រាក់ដុល្លារឡើងថ្លៃ។
- ភាពមិនច្បាស់លាស់ដែលបណ្តាលមកពីបញ្ហាទាំងឡាយ។
- កំណើនតម្លៃប្រាក់ដុល្លារ ការឆ្លងរាលដាលនៃជម្ងឺCOVID-១៩ និងលទ្ធភាពនៃការធ្វើអន្តរាគមន៍របស់សម្ព័ន្ធមិត្តប្រទេសផលិតប្រេង “OPEC+” អាចយឹតយោងឱ្យមានលំនឹងទីផ្សារប្រេងឆៅនៅក្នុងរយៈពេលខ្លី។ ទោះបីជាមានឧបសគ្គទាំងនេះក្តី ប្រេងឆៅទំនងជា នឹងទទួលផលបន្ថែមទៀតក្នុងរយៈពេលខ្លី អាស្រ័យដោយ៖
- ភាពមិនចុះសម្រុងគ្នាក្នុងចំណោមសម្ព័ន្ធមិត្តប្រទេសផលិតប្រេង“OPEC+”ស្តីពីការកាត់បន្ថយផលិកម្មប្រេង។
- ការមិនប្រកាន់ជំហរបន្តចរចារលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។
- តម្រូវការប្រេងឥន្ធនៈកើនឡើងនៅក្នុងបណ្តាប្រទេសដែលមានវឌ្ឍនភាពវ៉ាក់សាំងល្អ។
- រដូវកាលកើនឡើងតម្រូវការប្រេងដែលកើតឡើងពីដំណើរកំសាន្តរដូវក្តៅ។
ការសង្កេតផ្សេងៗបានឱ្យយើងធ្វើការសន្និដ្ឋានថា លទ្ធភាពគឺមានតិចតួចណាស់សម្រាប់ការធ្វើឱ្យងើបឡើងវិញនៃថ្លៃកៅស៊ូធម្មជាតិក្នុង រយៈពេលខ្លីនេះ។ ទន្ទឹមពេលដែលក្តីរំពឹងអំពីការផ្គត់ផ្គង់កៅស៊ូពិភពលោកថានឹងមានភាពប្រសើរឡើងបន្ថែមទៀតនោះ បែជាកត្តាមិន អំណោយផលមួយចំនួនបានចូលមករារាំងតម្រូវការប្រើប្រាស់កៅស៊ូពិភពលោកពីការកើនឡើងសន្ទុះក្នុងរយៈពេលខ្លីទៅវិញ បើទោះបីជា តម្រូវការកៅស៊ូកំពុងពង្រឹងខ្លួនល្អនៅសហរដ្ឋអាមេរិក អឺរ៉ុប និងប្រទេសឥណ្ឌាក៏ដោយ។ ការជម្រះឯកសារបញ្ជូនជំនិញសាកលត្រូវរាំងស្ទះ ថ្លៃដឹកជញ្ជូនកើនឡើងខុសប្រក្រតី កង្វះឧបករណ៍បន្ទះឈីប ការបន្តឆ្លងរាលដាលមេរោគ COVID-19 និងអត្រាចាក់វ៉ាក់សាំងការពារនៅទាប កត្តាទាំងនេះទំនងជានៅជាតែបន្តរារាំងដល់តម្រូវការប្រើប្រាស់កៅស៊ូធម្មជាតិ។ ចំណែកឯការពង្រឹងតម្លៃប្រាក់ដុល្លារបន្ថែមទៀត ក៏អាចជា ឧបសគ្គមួយផ្សេងទៀតមកលើតម្រូវការប្រើប្រាស់កៅស៊ូផងដែរ។ ទោះយ៉ាងណា ការរាំងស្ទះឯកសារបញ្ជូនជុំវិញសកលលោក រួមទាំង ថ្លៃដឹកជញ្ជូនកើនឡើងខុសប្រក្រតីនេះ វាបានជួយដល់ទីផ្សារកៅស៊ូធម្មជាតិក្នុងស្រុកនៃប្រទេសផលិតកៅស៊ូណា ដែលមិនមែនជា អ្នកនាំចូលកៅស៊ូធម្មជាតិ។