×
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងស្តីពី “”ការព្យាករផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងភាពអាចរកបាននៃកម្លាំងពលកម្មលើខ្សែច្រវ៉ាក់ផលិតកម្ម កៅស៊ូធម្មជាតិនៅអាស៊ីអគ្នេយ៍”

កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ហ៊ឹម អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយក នៃអគ្គនាយកដ្ឋានកៅស៊ូ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងស្តីពី “​”ការព្យាករផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនិងភាពអាចរកបាននៃកម្លាំងពលកម្មលើខ្សែច្រវ៉ាក់ផលិតកម្មកៅស៊ូធម្មជាតិនៅអាស៊ីអគ្នេយ៍”  (FORECASTING IMPACTS OF CLIMATE CHANGE AND WORKFORCE AVAILABILITY ON NATURAL RUBBER COMMODITY CHAIN IN SOUTH EAST ASIA : FORSEA) ដែលជាគម្រោងថ្នាក់តំបន់នឹងត្រូវអនុវត្តនៅបណ្តាប្រទេសដាំដំណាំកៅស៊ូ  រួមមាន៖ កម្ពុជា ថៃ និង វៀតណាម ហើយអាចនឹងពង្រីកទៅប្រទេសឡាវនិងភូមា នាពេលអនាគត។

ពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងគម្រោងនេះ បានធ្វើឡើងដោយលោកស្រី Ophelie BOURHIS   នាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងលោក ឃុន​ កក្កដា អគ្គនាយករង នៃអគ្គនាយកដ្ឋានកៅស៊ូ និងជាប្រធានជ្រើសតាំងទី១ តំណាងឲ្យក្រុមអនុវត្តគម្រោងនៃប្រទេសទាំង៣ កម្ពុជា ថៃ និង វៀតណាម ដោយមានការចូលរួមពី លោកបណ្ឌិត Eric Gohet  អ្នកសម្របសម្រួលគម្រោង FORSEA នៃមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការស្រាវជ្រាវនិងអភិវឌ្ឍន៍​កសិកម្មនៃប្រទេសបារាំង (CIRAD) ​ផងដែរ។

គម្រោង FORSEA មានគោលបំណង៖ (១)សិក្សាស្វែងយល់ចរឹតលក្ខណៈលម្អិតអំពីស្ថានភាពនៃការអភិវឌ្ឍដំណាំកៅស៊ូនៅតាមបណ្តាប្រទេសក្នុងតំបន់ ថាតើកំពុងទទួលរងផលប៉ះពាល់យ៉ាងដូចម្តេចនាពេលបច្ចុប្បន្ន នៅក្រោមសេណារីយ៉ូផ្សេងៗគ្នានៃការប្រែប្រួលអាកាសធាតុនិងកម្លាំងពលកម្ម (២)កំណត់រកបញ្ហានិងដំណោះស្រាយសមស្របដើម្បីកាត់បន្ថយផលប៉ះពាល់នានាដែលលេចចេញពីការផ្លាស់ប្តូរទាំងនេះ និង(៣)ផ្តល់ព័ត៌មានជាមូលដ្ឋានដល់វិស័យសាធារណៈ វិស័យឯកជន និងតួអង្គពាក់ព័ន្ឋនានា ក្នុងការសម្រេចចិត្តរៀបចំគោលនយោបាយវិនិយោគនិងអភិវឌ្ឍដំណាំកៅស៊ូប្រកបដោយនិរន្តរភាព ដោយផ្អែកលើការព្យាករអំពីការផ្លាស់ប្តូរកម្លាំងពលកម្មនិងបម្រែបម្រួលសេណារីយ៉ូក្នុងពេលបច្ចុប្បន្ន។ គម្រោងដែលមានរយៈពេល៣ឆ្នាំនេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនរួមមាន៖ ជួយដោះស្រាយផលប៉ះពាល់បញ្ហាខ្វះកំលំាងពលកម្ម និងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ ជួយលើកកម្ពស់និរន្តរភាពផលិតកម្មកៅស៊ូនិងជីវភាពកសិករកៅស៊ូគ្រួសារនៅទីជនបទ និងជួយកសាងសមត្ថភាពមន្រ្តីជំនាញនៅបណ្តាប្រទេសដែលនឹងត្រូវអនុវត្តគម្រោងនាពេលខាងមុខ។

ព័ត៌មានចុងក្រោយ