×
History of GDR

ប្រវត្តិនៃការដឹកនាំនិងគ្រប់គ្រងអគ្គនាយកដ្ឋានកៅស៊ូ

  • ឆ្នាំ១៩១០ ដំណាំកៅស៊ូត្រូវបាននាំគ្រាប់ពីដែនកូសាំងស៊ីនមកដាំនៅស្រុកព្រៃនប់ ខេត្តកំពត ដោយលោក ប៊ូ យ៉ា ជនជាតិបារាំង។ រហូតមកដល់ឆ្នាំ១៩១៤ ផ្ទៃដីបានកើន ឡើងដល់១៥០ហិកតា ប៉ុន្តែទទួលបានទិន្នផលទាប ដោយសារតែលក្ខខ័ណ្ឌដីនិងអាកាសធាតុមិនសមប្រកបនឹងដំណាំកៅស៊ូ។
  • ឆ្នាំ១៩២១ ចម្ការកៅស៊ូកសិឧស្សាហកម្ម ត្រូវបានបង្កើតឡើងនៅតំបន់ខ្ពង់រាបដីក្រហមនៃខេត្តកំពង់ចាម ក្រចេះ ដោយក្រុមហ៊ុនបារាំងធំៗទាំង០៥ នៅលើដីសម្បទានរបស់រដ្ឋជាង៥០.០០០ហិកតា
  • ឆ្នាំ១៩៦៤ សម្តេចព្រះនរោត្តមសីហនុ ឧបយុវរាជជាព្រះប្រមុខរដ្ឋបានឡាយព្រះហស្តលេខាលើ​ព្រះរាជក្រម​លេខ ១៨៦-ប.រ ចុះថ្ងៃទី២៣ មេសា គ.ស.១៩៦៤ ប្រកាសឲ្យប្រើច្បាប់ស្តីអំពីកាតព្វកិច្ចត្រូវរក្សា​ទុកដី​ក្រហម​​​ឲ្យ​ដាំដំណាំកៅស៊ូ៖ មណ្ឌលដីក្រហមទាំងឡាយដែលមានដើមកំណើតជាដីភ្នំ​ភ្លើងត្រូវ​បម្រុងទុកសម្រាប់​ដាំដំណាំកៅស៊ូ ដោយមានឬគ្មានក៏បាននូវដំណាំផ្សេងៗដែលត្រូវដាំ​តាមរដូវនៅតាមជួររងចន្លោះដើមកៅស៊ូ
  • ឆ្នាំ១៩៦៥-៦៩ ការិយាល័យដំណាំកៅស៊ូ (Bareau d'hevéa culture) នៃក្រសួងកសិកម្ម។ ផ្ទៃដីកៅស៊ូសរុបមានចំនួន ៦៦.៦៦៦,៨០ហិកតា (ដាំភាគច្រើនលើតំបន់ដីក្រហម ក្នុងខេត្តកំពង់ចាម កំពង់ធំ ក្រចេះ និងខេត្តរតនគិរី)។ ផ្ទៃដីចៀរជ័រមានចំនួន៤៣.៣៨៤,៧៦ហិកតា ដោយទទួលបានផលិតផលសរុបចំនួន៥១ ០៨៤តោន (ទិន្នផល មធ្យមប្រហែល​១ ១៧៧គីឡូក្រាម/ហិកតា)។ ដើម្បីធានានិងអភិវឌ្ឍដំណាំកៅស៊ូនៅកម្ពុជា រដ្ឋាភិបាលដែលមានស្ថាប័នឈ្មោះ Somexim បានប្រកាសទទួលទិញជ័រកៅស៊ូក្នុង តម្លៃ១៥រៀល/គីឡូក្រាម។ ប្រព័ន្ធនេះបានជួយលើកទឹកចិត្តយ៉ាងច្រើនដល់អ្នកដាំកៅស៊ូនិងបានជួយជំរុញការអភិវឌ្ឍដាំដុះកៅស៊ូនៅកម្ពុជាយ៉ាងផុសផុល។
  • ឆ្នាំ១៩៧០-៧៩ ប្រទេសជាតិធ្លាក់ក្នុងគ្រោះមហន្តរាយនៃសង្គ្រាម ចម្ការកៅស៊ូទាំងអស់​ត្រូវបាន​រង​ការបំផ្លិច​បំផ្លាញ​​
  • ឆ្នាំ១៩៧៩-៨២ នាយកដ្ឋានចម្ការកៅស៊ូរដ្ឋត្រូវបានបង្កើតឡើងក្រោមការគ្រប់គ្រងរបស់​ក្រសួង​កសិកម្ម ដឹកនាំដោយ ស.ម ញ៉ែម ហេង ប្រធាននាយកដ្ឋានចម្ការកៅស៊ូរដ្ឋ
  • ឆ្នាំ១៩៨២-2008 នាយកដ្ឋានចម្ការកៅស៊ូត្រូវបានបំបែកចេញពីក្រសួងកសិកម្ម ហើយបង្កើតជា​អគ្គនាយកដ្ឋានចម្ការកោស៊ូចំណុះក្រុមប្រឹក្សារដ្ឋមន្រ្តីតាមសេចក្តីសម្រេចលេខ៖៨៦សរច ចុះថ្ងៃទី២១ ខែ​ឧសភា ឆ្នាំ១៩៨២
    • ឆ្នាំ១៩៨២-៨៦ ដឹកនាំដោយ ស.ម នុច​ ថន ប្រធានអគ្គនាយកចម្ការកៅស៊ូ
    • ឆ្នាំ១៩៨៦-៩២ ដឹកនាំដោយស.ម សំ សារិត រដ្ឋមន្ត្រីទទួលផ្ទាល់អគ្គនាយកដ្ឋាន​ចម្ការ​កៅស៊ូ
    • ឆ្នាំ១៩៩២-៩៣ ដឹកនាំដោយ ឯកឧត្តម ងួន ញ៉ិល រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកដោយឡែក អគ្គនាយកដ្ឋានចម្ការកៅស៊ូ
    • ឆ្នាំ១៩៩៣ អគ្គនាយកដ្ឋានចម្ការកៅស៊ូត្រូវស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់​របស់ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ តាមអនុក្រឹត្យលេខ០៥ អនក្រ ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ១៩៩៣ របស់រដ្ឋាភិបាល​ជាតិ​បណ្តោះនៃកម្ពុជា
    • ឆ្នាំ១៩៩៣-៩៤ ដឹកនាំដោយ ឯកឧត្តម ឡូយ ស៊ឹមឈាង ប្រធានអគ្គនាយកដ្ឋានចម្ការ​កៅស៊ូ
    • ឆ្នាំ១៩៩៤-៩៧ ដឹកនាំដោយ ឯកឧត្តម តេង ឡៅ ប្រធានអគ្គនាយកដ្ឋានចម្ការ​កៅស៊ូ
    • ឆ្នាំ១៩៩៧-៩៩ ដឹកនាំដោយ ឯកឧត្តម ងួន ផនស៊ីផុន អគ្គនាយក នៃអគ្គនាយកដ្ឋាន​ចម្ការ​កៅស៊ូ
    • ឆ្នាំ១៩៩៩-២០០៨ ដឹកនាំដោយ ឯកឧត្តម លី ផល្លា អគ្គនាយក នៃអគ្គនាយកដ្ឋាន​ចំការ​កៅស៊ូ
  • ឆ្នាំ២០០៨ដល់បច្ចុប្បន្ន អគ្គនាយកដ្ឋានចម្ការកៅស៊ូត្រូវបានកែសម្រួលទៅជាអគ្គនាយកដ្ឋានកៅស៊ូ​ស្ថិត​នៅ​ក្រោម​ការគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមអនុក្រឹត្យលេខ​១៨៨​អនក្រ.បក​ ចុះ​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ២០០៨
    • ឆ្នាំ២០០៨-១៤ ដឹកនាំដោយ ឯកឧត្តម លី ផល្លា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា​ ទទួល​​​​​បន្ទុកជា អគ្គនាយក នៃអគ្គនាយកដ្ឋាន​កៅស៊ូ
    • ឆ្នាំ២០១៤-២១ ដឹកនាំដោយ ឯកឧត្តម ប៉ុល សុផា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា​ ទទួល​​​​បន្ទុកជា អគ្គនាយក នៃអគ្គនាយកដ្ឋានកៅស៊ូ
    • ឆ្នាំ២០២១ដល់បច្ចុប្បន្ន ដឹកនាំដោយ ឯកឧត្តម ហ៊ឹម អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកៅស៊ូ។