អគ្គនាយកដ្ឋានកៅស៊ូមានភារកិច្ចធ្វើជាសេនាធិការឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសា លើការងារដូចតទៅ៖
អនុវត្តយុទ្ធសាស្រ្ត គោលនយោបាយរបស់រាជរដ្ឋាភិបាល និងកម្មវិធីអភិវឌ្ឍ សំដៅធានាការអភិវឌ្ឍវិស័យកៅស៊ូនៅកម្ពុជា
រៀបចំគោលនយោបាយ ចក្ខុវិស័យ គោលដៅ បេសកកម្ម និងយុទ្ធសាស្រ្តនៃការអភិវឌ្ឍឧស្សាហកម្មកៅស៊ូ សម្រាប់រយៈពេលមធ្យមនិងវែង
កសាងមូលដ្ឋានគតិយុត្តិ លិខិតបទដ្ឋាន ច្បាប់ ស្តីពីការគ្រប់គ្រងវិស័យកៅស៊ូ និងតាមដាន ធ្វើអធិការកិច្ច និងអនុវត្តច្បាប់ លើគ្រប់សកម្មភាពវិស័យកៅស៊ូនៅក្នុងព្រះរាជាណាចក្រកម្ពុជា
ធានាការគ្រប់គ្រងគ្រប់សកម្មភាពកៅស៊ូរួមមាន ការដាំដុះ ការកែច្នៃ ការធ្វើពាណិជ្ជកម្មលើគ្រប់ផ្នែកនៃវិស័យកៅស៊ូ
ជំរុញ និងអនុវត្តសកម្មភាពស្រាវជ្រាវ និងអភិវឌ្ឍនៅក្នុងការផលិតការប្រើប្រាស់ជ័រកៅស៊ូនិងឈើកៅស៊ូ
ផ្តល់សេវាណែនាំបច្ចេកទេសដល់អ្នកដាំកៅស៊ូ
ត្រួតពិនិត្យ និងតាមដានអំពីគុណភាពជ័រកៅស៊ូ រុក្ខសម្ភារៈដាំដុះ និងផលិតផលធ្វើពីជ័រកៅស៊ូ
ពង្រឹង និងបង្កើនយុទ្ធសាស្រ្តទីផ្សារអន្តរជាតិ សម្រាប់ឧស្សាហកម្មកៅស៊ូកម្ពុជា
ប្រមូលផ្តុំទិន្នន័យ និងចងក្រងស្ថិតិ ដែលទទួលបានពីគ្រប់ប្រភពចម្ការកៅស៊ូកសិ-ឧស្សាហកម្ម ចម្ការកៅស៊ូគ្រួសារ អាជីវករ និងម្ចាស់រោងចក្រកែច្នៃកៅស៊ូ
រៀបចំផែនការ និងអនុវត្តការបណ្តុះបណ្តាលធនធានមនុស្ស តាមតម្រូវការ របស់វិស័យកៅស៊ូ
ធ្វើទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ ទីភ្នាក់ងារកៅស៊ូ និងអង្គការកៅស៊ូអន្តរជាតិនានា ក្នុងក្របខ័ណ្ឌការងារស្រាវជ្រាវនិងអភិវឌ្ឍ ការងារបច្ចេកវិទ្យាវិទ្យាសាស្ត្ររួម ដែលទាក់ទងដល់ពូជកៅស៊ូ ការប្រមូលផល ជម្ងឺកៅស៊ូ (ឬស ដើម មែក ស្លឹក) វិធានការប្រើប្រាស់ថ្នាំព្យាបាល ថ្នាំរំញោច ថ្នាំកំចាត់សត្វ និងស្មៅចង្រៃ
ធ្វើជាប្រភព និងជាមជ្ឈមណ្ឌលព័ត៌មាន ស្តីពីឧស្សាហកម្មកៅស៊ូនៅកម្ពុជា តាមរយៈការបោះពុម្ពផ្សាយទស្សនាវដ្ដីព្រឹត្តិប័ត្រ កូនសៀវភៅ និងឯកសារព័ត៌មានផ្សេងៗ
តាមដាន វាយតម្លៃ សម្របសម្រួល ណែនាំនិងតម្រង់ទិសចំពោះវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា សមាគមវិជ្ជាជីវៈកៅស៊ូ សមាគមអ្នកដាំកៅស៊ូ ម្ចាស់រោងចក្រកែច្នៃ ម្ចាស់ចម្ការកៅស៊ូកសិ-ឧស្សាហកម្ម ពាណិជ្ជករ អ្នកនាំចេញកៅស៊ូ និងក្រុមហ៊ុននិងភ្នាក់ងារកៅស៊ូផ្សេងៗទៀត
អនុវត្តភារកិច្ចផ្សេងទៀត ដែលថ្នាក់ដឹកនាំក្រសួងប្រគល់ឱ្យ