×
ស្ថានភាពកៅស៊ូធម្មជាតិប្រចាំខែកក្កដា ឆ្នាំ២០២២

ស្ថានភាពផលិតកៅស៊ូធម្មជាតិនៅក្នុងខែកក្កដានេះ មានចំនួន១,២៨៣លានតោនខ្ពស់ជាងខែ​មុន ដែលផលិតបានចំនួន១,១១១លានតោន។ កត្តានេះវាបណ្តាលមកពីរដូវកាលដែលកៅស៊ូត្រូវផ្តល់ផល។​ ផ្ទុយពីការផ្គត់ផ្គង់ដែលបានកើនឡើងតម្រូវការប្រើប្រាស់កៅស៊ូធម្មជាតិនៅក្នុងខែនេះ​បានថយចុះគួរអោយកត់សំគាល់​​ គឺចំពេលដែលស្ថានភាពេសេដ្ឋកិច្ចពិភពលោកកំពុងមានអស្ថេរភាព​កើតចេញមកពី​ការព្រួយបារម្ភអំពីការបង្កើនអត្រាការប្រាក់ដុល្លា ដើម្បីទប់ទល់នឹងកំណើនអតិផរណា ការកើនឡើងថ្លៃ​ថាមពលនិងចំណីអាហារ និការបិទខ្ទប់ (lock down) នៅប្រទេសចិនរួមផ្សំនឹងជម្លោះភូមិសាស្រ​នយោ​បាយ​ជាដើម។​​ ស្ថិតក្នុងបរិបទដ៏តឹងតែងលំបាកនេះ ស្ថានភាពកៅស៊ូធម្មជាតិនៅប្រទេសកម្ពុជាក្នុង​ខែនេះបាន​បង្ហាញថា ផ្ទៃដីកៅស៊ូសរុប​មាន​ចំនួន៤០៤ ០៤៤ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រចំនួន៣១០​ ១៩៣ហិក​តា ស្មើនឹង៧៧% និងផ្ទៃដីថែ​ទាំ​ចំនួន៩៣ ៨៥១ហិកតា ស្មើនឹង២៣%។  ក្នុងខែនេះបរិមាណផលិតផលកៅស៊ូសរុបមានចំនួន៣០ ៤៩៨តោន បាន​កើនឡើងចំនួន ២៧៩តោន (=+១%) ធៀបនឹងខែមុននិងបានថយចុះចំនួន៩៦៨​តោន (=-៣%) ធៀបនឹងខែដូចគ្នាក្នុងឆ្នាំ២០២១។ រហូតមកដល់ខែនេះបរិមាណផលិតផលសរុប​មានចំនួន១៦២ ៣៩៣តោន បានថយចុះចំនួន២ ៥៦៤តោន (=-២%) ធៀបនឹងរយៈពេលដូចគ្នាក្នុង​ឆ្នាំ​២០២១។ ក្នុងខែនេះបរិមាណបញ្ចេញលក់មានចំនួន២៩ ៦២៥តោន បានថយចុះចំនួន ៤៦៤​តោន (=-២%) ធៀប​នឹង​ខែមុននិងបានថយចុះចំនួន១ ១៩០តោន (=-៤%) ធៀបនឹងខែដូចគ្នា​ក្នុង​ឆ្នាំ២០២១។​ រហូតមកដល់​ខែ​​នេះ បរិមាណបញ្ចេញលក់មានចំនួន១៦១ ៥៦២តោន បានថយចុះចំនួន៥៥៨តោន (=-០,៣%) ធៀប​នឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ក្នុងខែនេះថ្លៃលក់មធ្យមស្មើនឹង១ ៥១៥US$/តោន បានថយចុះ៥៧ US$/តោន (=-៤%) ធៀបនឹងខែមុន និង​បានថយចុះ៩២US$/តោន (=-៦%) ធៀបនឹងខែដូចគ្នាក្នុងឆ្នាំ២០២១។ រហូតមកដល់​ខែនេះ ថ្លៃលក់ជាមធ្យមស្មើនឹង១ ៥៧៧US$/តោន បានថយចុះ៩៥US$/តោន (=-៦%) ធៀបនឹង​រយៈ​ពេលដូចគ្នាក្នុងឆ្នាំ២០២១។​

យោងតាមរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២២ របស់សមាគមបណ្តាប្រទេសផលិតកៅស៊ូ​ធម្មជាតិ (ANRPC) បានបង្ហាញថា ផលិតកម្មកៅស៊ូធម្មជាតិពិភពលោកនឹងកើនឡើង​ចំនួន​១,២៨៣តោន ស្មើនឹង៣,៩% ខណៈពេលដែលតម្រូវការពិភពលោកវិញនឹងកើនឡើងលឿនជាង​មុនចំនួន​១,២៦៦តោន ក្នុងអត្រា៨% ធៀបនឹងឆ្នាំមុន។ ក្នុងអំឡុងពេលដូចគ្នានេះថ្លៃកៅស៊ូនៅទីផ្សារកៅស៊ូធម្មជាតិបានធ្លាក់​ចុះខ្លាំង បើ ធៀបទៅនឹងខែមិថុនា ឆ្នាំ២០២២ ដោយសារតែទស្សនវិស័យសេដ្ឋកិច្ចពិភពលោកអាប់អួរ។ ​ដូចដែល​បានចេញផ្សាយដោយមូលនិធិរូបិយវត្ថុអន្តរជាតិ (International Monetary Fund : IMF) នៅឆ្នាំ​២០២២នេះ មានត្រឹមតែ៣,២% គឺទាបជាង០,៤% ដែលត្រូវគ្នានឹងការព្យាករកាលពីខែមេសា ឆ្នាំ២០២២។

ទោះបីមានការព្រួយបារម្ភអំពីការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ប្រទេសចិនក៏ដោយ ក៏រដ្ឋាភិបាល​បានដាក់ចេញនូវវិធានការផ្សេងៗរួមទាំងធនាគារ កណ្តាលកាត់បន្ថយអត្រាការប្រាក់ ដើម្បីជំរុញសេដ្ឋកិច្ច​ឲ្យងើបឡើងវិញពីការជាប់គាំងនិងវិបត្តិអចលនទ្រព្យ។ ចំណែកឯ​ការលក់យានយន្ត​របស់ប្រទេសចិនមានភាពប្រសើរឡើងវិញនៅក្នុងខែនេះ ដោយសារតែពន្ធលើការលក់ទាបនិងមានការលើក​ទឹក​ចិត្តសម្រាប់​រថយន្ត​​អគ្គិសនី ហើយក៏រំពឹងថានឹងមានការលក់កាន់តែច្រើននៅ​ប៉ុន្មានខែខាងមុខនេះផងដែរ។ នេះអាចនាំឱ្យមាន​ការងើបឡើងវិញប្រសើរជាងការរំពឹងទុកនៅទីផ្សារកៅស៊ូធម្មជាតិ។ ជាងនេះទៅទៀតទីផ្សារកៅស៊ូធម្មជាតិ ពិសេសបណ្តាប្រទេសនាំចេញកៅស៊ូធម្មជាតិកំពុងទទួលបានអត្ថប្រយោជន៍​ពីភាពរឹងមាំនៃប្រាក់​ដុល្លារ​អាម៉េរិក ដោយសារវាបានជំរុញឱ្យមានការនាំចេញកាន់តែច្រើន។

នេះជាការជូនដំណឹងចុងក្រោយសម្រាប់ការស្ទង់មតិតាមអ៊ីនធឺណិត ដើម្បីប្រមូលមតិកែលម្អពី​ភាគីពាក់ព័ន្ធនឹងកៅស៊ូនៅក្នុងខ្សែច្រវាក់តម្លៃ​នៃឧស្សាហកម្មកៅស៊ូធម្មជាតិលើយន្តការថ្លៃប្រកបដោយ​និរន្តរភាព (Sustainable Prices Mechanism: SPM) ដែលបានស្នើឡើង។ យន្តការនេះមានគោលដៅ​ដោះស្រាយបញ្ហាថ្លៃទាបនិងការពារផលប្រយោជន៍របស់អ្នក​ពាក់ព័ន្ធនៅ​ក្នុងឧស្សាហកម្មកៅស៊ូធម្មជាតិ ​នឹង​ផ្តល់នូវការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពក្នុងខ្សែច្រវ៉ាក់តម្លៃនៃឧស្សាហកម្មកៅស៊ូធម្មជាតិរយៈពេលវែង។ សូមចូលទៅកាន់គេហទំព័រ ANRPC​ (www. anrpc.org) “click here” ដើម្បីអាននូវសេចក្តីសង្ខេបអំពីយន្តការ​ថ្លៃ​ប្រកបដោយនិរន្តរភាពមុននឹងលោក លោកស្រីចូលរួមផ្តល់មតិកែលម្អកា​​រស្ទ​ង់មតិតាមប្រព័ន្ធអនឡាញនេះ។ ​ អត្ថបទសង្ខេប SPM មានជាភាសាជាច្រើនដូចជាបង់ក្លាដេស ខ្មែរ ថៃ និងវៀតណាម រីឯ​ការ​ស្ទង់​មតិ​តាម​អ៊ីនធឺណិតវិញ​មាន​ជា​ជម្រើស​ច្រើន​ភាសា​ដូចជា៖ អង់គ្លេស ខ្មែរ ឥណ្ឌូនេស៊ី ថៃ និង​វៀតណាម៕

Latest News