ស្ថានភាពផលិតកៅស៊ូធម្មជាតិនៅក្នុងខែកក្កដានេះ មានចំនួន១,២៨៣លានតោនខ្ពស់ជាងខែមុន ដែលផលិតបានចំនួន១,១១១លានតោន។ កត្តានេះវាបណ្តាលមកពីរដូវកាលដែលកៅស៊ូត្រូវផ្តល់ផល។ ផ្ទុយពីការផ្គត់ផ្គង់ដែលបានកើនឡើងតម្រូវការប្រើប្រាស់កៅស៊ូធម្មជាតិនៅក្នុងខែនេះបានថយចុះគួរអោយកត់សំគាល់ គឺចំពេលដែលស្ថានភាពេសេដ្ឋកិច្ចពិភពលោកកំពុងមានអស្ថេរភាពកើតចេញមកពីការព្រួយបារម្ភអំពីការបង្កើនអត្រាការប្រាក់ដុល្លា ដើម្បីទប់ទល់នឹងកំណើនអតិផរណា ការកើនឡើងថ្លៃថាមពលនិងចំណីអាហារ និការបិទខ្ទប់ (lock down) នៅប្រទេសចិនរួមផ្សំនឹងជម្លោះភូមិសាស្រនយោបាយជាដើម។ ស្ថិតក្នុងបរិបទដ៏តឹងតែងលំបាកនេះ ស្ថានភាពកៅស៊ូធម្មជាតិនៅប្រទេសកម្ពុជាក្នុងខែនេះបានបង្ហាញថា ផ្ទៃដីកៅស៊ូសរុបមានចំនួន៤០៤ ០៤៤ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រចំនួន៣១០ ១៩៣ហិកតា ស្មើនឹង៧៧% និងផ្ទៃដីថែទាំចំនួន៩៣ ៨៥១ហិកតា ស្មើនឹង២៣%។ ក្នុងខែនេះបរិមាណផលិតផលកៅស៊ូសរុបមានចំនួន៣០ ៤៩៨តោន បានកើនឡើងចំនួន ២៧៩តោន (=+១%) ធៀបនឹងខែមុននិងបានថយចុះចំនួន៩៦៨តោន (=-៣%) ធៀបនឹងខែដូចគ្នាក្នុងឆ្នាំ២០២១។ រហូតមកដល់ខែនេះបរិមាណផលិតផលសរុបមានចំនួន១៦២ ៣៩៣តោន បានថយចុះចំនួន២ ៥៦៤តោន (=-២%) ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ក្នុងខែនេះបរិមាណបញ្ចេញលក់មានចំនួន២៩ ៦២៥តោន បានថយចុះចំនួន ៤៦៤តោន (=-២%) ធៀបនឹងខែមុននិងបានថយចុះចំនួន១ ១៩០តោន (=-៤%) ធៀបនឹងខែដូចគ្នាក្នុងឆ្នាំ២០២១។ រហូតមកដល់ខែនេះ បរិមាណបញ្ចេញលក់មានចំនួន១៦១ ៥៦២តោន បានថយចុះចំនួន៥៥៨តោន (=-០,៣%) ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ក្នុងខែនេះថ្លៃលក់មធ្យមស្មើនឹង១ ៥១៥US$/តោន បានថយចុះ៥៧ US$/តោន (=-៤%) ធៀបនឹងខែមុន និងបានថយចុះ៩២US$/តោន (=-៦%) ធៀបនឹងខែដូចគ្នាក្នុងឆ្នាំ២០២១។ រហូតមកដល់ខែនេះ ថ្លៃលក់ជាមធ្យមស្មើនឹង១ ៥៧៧US$/តោន បានថយចុះ៩៥US$/តោន (=-៦%) ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។
យោងតាមរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២២ របស់សមាគមបណ្តាប្រទេសផលិតកៅស៊ូធម្មជាតិ (ANRPC) បានបង្ហាញថា ផលិតកម្មកៅស៊ូធម្មជាតិពិភពលោកនឹងកើនឡើងចំនួន១,២៨៣តោន ស្មើនឹង៣,៩% ខណៈពេលដែលតម្រូវការពិភពលោកវិញនឹងកើនឡើងលឿនជាងមុនចំនួន១,២៦៦តោន ក្នុងអត្រា៨% ធៀបនឹងឆ្នាំមុន។ ក្នុងអំឡុងពេលដូចគ្នានេះថ្លៃកៅស៊ូនៅទីផ្សារកៅស៊ូធម្មជាតិបានធ្លាក់ចុះខ្លាំង បើ ធៀបទៅនឹងខែមិថុនា ឆ្នាំ២០២២ ដោយសារតែទស្សនវិស័យសេដ្ឋកិច្ចពិភពលោកអាប់អួរ។ ដូចដែលបានចេញផ្សាយដោយមូលនិធិរូបិយវត្ថុអន្តរជាតិ (International Monetary Fund : IMF) នៅឆ្នាំ២០២២នេះ មានត្រឹមតែ៣,២% គឺទាបជាង០,៤% ដែលត្រូវគ្នានឹងការព្យាករកាលពីខែមេសា ឆ្នាំ២០២២។
ទោះបីមានការព្រួយបារម្ភអំពីការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ប្រទេសចិនក៏ដោយ ក៏រដ្ឋាភិបាលបានដាក់ចេញនូវវិធានការផ្សេងៗរួមទាំងធនាគារ កណ្តាលកាត់បន្ថយអត្រាការប្រាក់ ដើម្បីជំរុញសេដ្ឋកិច្ចឲ្យងើបឡើងវិញពីការជាប់គាំងនិងវិបត្តិអចលនទ្រព្យ។ ចំណែកឯការលក់យានយន្តរបស់ប្រទេសចិនមានភាពប្រសើរឡើងវិញនៅក្នុងខែនេះ ដោយសារតែពន្ធលើការលក់ទាបនិងមានការលើកទឹកចិត្តសម្រាប់រថយន្តអគ្គិសនី ហើយក៏រំពឹងថានឹងមានការលក់កាន់តែច្រើននៅប៉ុន្មានខែខាងមុខនេះផងដែរ។ នេះអាចនាំឱ្យមានការងើបឡើងវិញប្រសើរជាងការរំពឹងទុកនៅទីផ្សារកៅស៊ូធម្មជាតិ។ ជាងនេះទៅទៀតទីផ្សារកៅស៊ូធម្មជាតិ ពិសេសបណ្តាប្រទេសនាំចេញកៅស៊ូធម្មជាតិកំពុងទទួលបានអត្ថប្រយោជន៍ពីភាពរឹងមាំនៃប្រាក់ដុល្លារអាម៉េរិក ដោយសារវាបានជំរុញឱ្យមានការនាំចេញកាន់តែច្រើន។
នេះជាការជូនដំណឹងចុងក្រោយសម្រាប់ការស្ទង់មតិតាមអ៊ីនធឺណិត ដើម្បីប្រមូលមតិកែលម្អពីភាគីពាក់ព័ន្ធនឹងកៅស៊ូនៅក្នុងខ្សែច្រវាក់តម្លៃនៃឧស្សាហកម្មកៅស៊ូធម្មជាតិលើយន្តការថ្លៃប្រកបដោយនិរន្តរភាព (Sustainable Prices Mechanism: SPM) ដែលបានស្នើឡើង។ យន្តការនេះមានគោលដៅដោះស្រាយបញ្ហាថ្លៃទាបនិងការពារផលប្រយោជន៍របស់អ្នកពាក់ព័ន្ធនៅក្នុងឧស្សាហកម្មកៅស៊ូធម្មជាតិ នឹងផ្តល់នូវការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពក្នុងខ្សែច្រវ៉ាក់តម្លៃនៃឧស្សាហកម្មកៅស៊ូធម្មជាតិរយៈពេលវែង។ សូមចូលទៅកាន់គេហទំព័រ ANRPC (www. anrpc.org) “click here” ដើម្បីអាននូវសេចក្តីសង្ខេបអំពីយន្តការថ្លៃប្រកបដោយនិរន្តរភាពមុននឹងលោក លោកស្រីចូលរួមផ្តល់មតិកែលម្អការស្ទង់មតិតាមប្រព័ន្ធអនឡាញនេះ។ អត្ថបទសង្ខេប SPM មានជាភាសាជាច្រើនដូចជាបង់ក្លាដេស ខ្មែរ ថៃ និងវៀតណាម រីឯការស្ទង់មតិតាមអ៊ីនធឺណិតវិញមានជាជម្រើសច្រើនភាសាដូចជា៖ អង់គ្លេស ខ្មែរ ឥណ្ឌូនេស៊ី ថៃ និងវៀតណាម៕