×
ស្ថានភាពកៅស៊ូធម្មជាតិប្រចាំខែឧសភាឆ្នាំ២០២២

ការប្រែប្រួលអាកាសធាតុបានបង្កការប៉ះពាល់ដល់ប្រក្រតីភាព​ នៃឧស្សាហកម្មកៅស៊ូធម្មជាតិនៅលើពិភពលោក ជាពិសេសប្រទេសអ្នកដាំកៅស៊ូ។ ការធ្លាក់ភ្លៀងខុសប្រក្រតីនៅប្រទេសឥណ្ឌានិងប្រទេសថៃ​ ​ដែលជាប្រទេសអ្នកផ្គត់ផ្គង់កៅស៊ូធម្មជាតិធំនៅអន្តរជាតិបានបង្កការប៉ះពាល់ដល់ការផ្គត់ផ្គង់​ទីផ្សារកៅស៊ូ។ ទោះជាយ៉ាងណា ការបន្ធូរបន្ថយវិធានាការកូវីតរបស់ប្រទេសចិនបានផ្តល់ឱកាសល្អមួយ​ចំពោះឧស្សាហ​- កម្ម​កៅស៊ូធម្មជាតិ។​ ស្ថានភាពកៅស៊ូធម្មជាតិនៅប្រទេសកម្ពុជាក្នុងខែនេះបាន​បង្ហាញថា ផ្ទៃដីកៅស៊ូសរុប​មាន​ចំនួន៤០៤ ០៤៤ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រចំនួន៣១០ ១៩៣ហិក​តា ស្មើនឹង៧៧% និងផ្ទៃដីថែ​ទាំ​ចំនួន៩៣ ៨៥១ហិកតា ស្មើនឹង២៣%។  ក្នុងខែឧសភាបរិមាណផលិតសរុបមានចំនួន២៦ ៥០៤តោន បានកើនឡើងចំនួន៩ ៣៨១តោន (+៥៥%) ធៀបនឹងខែមុននិងបានកើនឡើងចំនួន៤៥៧តោន (+២%) ធៀបនឹងខែដូចគ្នាក្នុងឆ្នាំ២០២១។ រហូតមក ដល់ខែនេះ បរិមាណផលិតសរុបមានចំនួន១០៤ ៥៧៥តោន បានកើនឡើងចំនួន ១ ៨០៩តោន (+២%) ធៀបនឹងរយៈពេលដូចគ្នាក្នុង​ឆ្នាំ​២០២១។ ក្នុងខែនេះ បរិមាណបញ្ចេញលក់មានចំនួន២៥ ៦៩០តោន បានកើនឡើងចំនួន៨ ១៧១​តោន (+៤៧%) ធៀបនឹងខែមុននិងបានកើនឡើងចំនួន៣៨៧តោន (+២%) ធៀបនឹងខែដូចគ្នា​ក្នុង​ឆ្នាំ២០២១។​ រហូតមកដល់ខែនេះ បរិមាណបញ្ចេញលក់មានចំនួន១០៥ ០៤៨តោន បានកើនឡើងចំនួន២ ៦៧៤តោន (+៣%) ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ក្នុងខែនេះ ថ្លៃលក់មធ្យមស្មើនឹង១ ៦០០US$/តោន បានថយចុះ ៤៣US$/តោន (=-៦%) ធៀបនឹងខែមុន និង​បានថយចុះ១០០US$/តោន (=-៦%) ធៀបនឹងខែដូចគ្នាក្នុងឆ្នាំ២០២១។ រហូតមកដល់​ខែនេះ ថ្លៃលក់ជាមធ្យមស្មើនឹង១ ៦០៤US$/តោន បាន ថយចុះ ៧១US$/តោន (=-៤%) ធៀបនឹង​រយៈ​ពេលដូចគ្នាក្នុងឆ្នាំ២០២១។​

យោងតាមរបាយការណ៍ប្រចាំខែឧសភា ឆ្នាំ២០២២ របស់សមាគមបណ្តាប្រទេសផលិតកៅស៊ូ​ធម្មជាតិ (ANRPC) បានបង្ហាញថា ការផ្គត់ផ្គង់កៅស៊ូធម្មជាតិពិភពលោកបានប្រសើរឡើងវិញ ដោយកើនឡើង​ប្រមាណ៩៩១ ០០០​តោន ហើយបណ្តាលឲ្យមានកង្វះខាតការផ្គត់ផ្គង់ចំនួន ១៩៨ ០០០តោន បើធៀបនឹងតម្រូវការពិភពលោកដែលព្យាករមានចំនួន​១,១៨៩លានតោន នៅក្នុងអំឡុង​ពេលយោងដូចគ្នា។ ទោះបីជាយ៉ាងណា ទីផ្សារកៅស៊ូធម្មជាតិទាំងនៅទីផ្សារទិញលក់ភា្លមៗ និងទីផ្សារទិញលក់តាមកិច្ចសន្យាបានបង្ហាញពីអំនិន្នាការកើន​ឡើង​សម្រាប់ខែឧសភា ឆ្នាំ២០២២ ប៉ុន្តែថ្លៃកៅស៊ូជាមធ្យមនៅទូទាំងទីផ្សារសំខាន់ៗ​បានធ្លាក់​ចុះ បើធៀប​នឹង​ខែមុន ​ដោយសារតែ​ទីផ្សារទាំង​នោះបានរងផល ប៉ះពាល់នៃការបិទខ្ទប់នៅ​ក្នុង​ប្រទេស​ចិន និងជម្លោះភូមិសាស្រ្តនយោបាយដែលបានអូសបន្លាយរវាងប្រទេសអ៊ុយក្រែននិងរុស្ស៊ី បើ​ទោះបីជា​ការព្យាករទីផ្សារមានមូលដ្ឋានអំណោយផលល្អរហូតដល់ខែឧសភា ឆ្នាំ២០២២ក៏ដោយ។

ANRPC កំពុងស្ថិតក្នុងដំណើរនៃការសិក្សាយន្តការមួយគឺជាយន្តការថ្លៃប្រកបដោយនិរន្តរភាព (Sustainable Prices Mechnism : SPM) ដើម្បីដោះស្រាយថ្លៃកៅស៊ូធម្មជាតិដែលធ្លាក់ចុះ សំដៅការពារផលប្រយោជន៍របស់អ្នកពាក់ព័ន្ធក្នុងឧស្សាហកម្មកៅស៊ូធម្មជាតិនិងធានាបាននូវការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៅក្នុងខ្សែច្រវ៉ាក់តម្លៃនៃឧស្សាហកម្មកៅស៊ូធម្មជាតិ (Natural Rubber :NR) ទាំង​មូលចាប់ពីផ្នែកលំហូរខាងលើរហូតដល់ផ្នែកលំហូរខាងក្រោមក្នុងរយៈពេលយូរ។ ​ គោលបំណងដែលស្នើឡើងនូវយន្តការថ្លៃប្រកបដោយនិរន្តរភាព ដើម្បី៖

  • ការពារផលប្រយោជន៍របស់កសិករអាចទទួលបាមកម្រិតថ្លៃអប្បបរមា ប៉ុន្តែមិនត្រូវលើសពីថ្លៃអតិបរមានោះទេ
  • ការពារផលប្រយោជន៍របស់អ្នកផលិតកៅស៊ូសម្រាប់ការទិញវត្ថុធាតុដើមខ្ពស់ជាងថ្លៃអតិបរមា ប៉ុន្តែមិនតិចជាងថ្លៃអប្បបរមា
  • កាត់បន្ថយការប្រែប្រួលថ្លៃកៅស៊ូធម្មជាតិនៅក្នុងទីផ្សារក្នុងកម្រិតថ្លៃ ដែលបានកំណត់ថ្លៃអប្បរមានិងអតិបរមា
  • ធានាបាននូវនិរន្តរភាពនិងការប្រកួតប្រជែងក្នុងខ្សែច្រវ៉ាក់តម្លៃនៃវិស័យកៅស៊ូធម្មជាតិនៅបណ្តាប្រទេសផលិតកៅស៊ូទាំងអស់ ប៉ុន្តែមិនកំណត់ចំពោះការធានាការផ្គត់ផ្គង់វត្ថុធាតុដើមគ្រប់គ្រាន់សម្រាប់ភាគីផ្នែកលំហូរខាងក្រោម ជាពិសេសអ្នកដែលពាក់ព័ន្ធនឹងការផ្គត់ផ្គង់ផ្នែកវិជ្ជសាស្រ្តសម្រាប់ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត កាត់បន្ថយការប្រែប្រួលថ្លៃសម្រាប់ការគបើគ្រង់សាច់ប្រាក់កាន់តែប្រសើរឡើងនៅក្នុងផ្នែកលំហូរខាងលើនិងលំហូរខាងក្រោម ដែលអាចធ្វើឲ្យប្រសើរឡើងនូវជីវភាពរបស់កសិករ៕
Latest News