ការប្រែប្រួលអាកាសធាតុបានបង្កការប៉ះពាល់ដល់ប្រក្រតីភាព នៃឧស្សាហកម្មកៅស៊ូធម្មជាតិនៅលើពិភពលោក ជាពិសេសប្រទេសអ្នកដាំកៅស៊ូ។ ការធ្លាក់ភ្លៀងខុសប្រក្រតីនៅប្រទេសឥណ្ឌានិងប្រទេសថៃ ដែលជាប្រទេសអ្នកផ្គត់ផ្គង់កៅស៊ូធម្មជាតិធំនៅអន្តរជាតិបានបង្កការប៉ះពាល់ដល់ការផ្គត់ផ្គង់ទីផ្សារកៅស៊ូ។ ទោះជាយ៉ាងណា ការបន្ធូរបន្ថយវិធានាការកូវីតរបស់ប្រទេសចិនបានផ្តល់ឱកាសល្អមួយចំពោះឧស្សាហ- កម្មកៅស៊ូធម្មជាតិ។ ស្ថានភាពកៅស៊ូធម្មជាតិនៅប្រទេសកម្ពុជាក្នុងខែនេះបានបង្ហាញថា ផ្ទៃដីកៅស៊ូសរុបមានចំនួន៤០៤ ០៤៤ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រចំនួន៣១០ ១៩៣ហិកតា ស្មើនឹង៧៧% និងផ្ទៃដីថែទាំចំនួន៩៣ ៨៥១ហិកតា ស្មើនឹង២៣%។ ក្នុងខែឧសភាបរិមាណផលិតសរុបមានចំនួន២៦ ៥០៤តោន បានកើនឡើងចំនួន៩ ៣៨១តោន (+៥៥%) ធៀបនឹងខែមុននិងបានកើនឡើងចំនួន៤៥៧តោន (+២%) ធៀបនឹងខែដូចគ្នាក្នុងឆ្នាំ២០២១។ រហូតមក ដល់ខែនេះ បរិមាណផលិតសរុបមានចំនួន១០៤ ៥៧៥តោន បានកើនឡើងចំនួន ១ ៨០៩តោន (+២%) ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ក្នុងខែនេះ បរិមាណបញ្ចេញលក់មានចំនួន២៥ ៦៩០តោន បានកើនឡើងចំនួន៨ ១៧១តោន (+៤៧%) ធៀបនឹងខែមុននិងបានកើនឡើងចំនួន៣៨៧តោន (+២%) ធៀបនឹងខែដូចគ្នាក្នុងឆ្នាំ២០២១។ រហូតមកដល់ខែនេះ បរិមាណបញ្ចេញលក់មានចំនួន១០៥ ០៤៨តោន បានកើនឡើងចំនួន២ ៦៧៤តោន (+៣%) ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ក្នុងខែនេះ ថ្លៃលក់មធ្យមស្មើនឹង១ ៦០០US$/តោន បានថយចុះ ៤៣US$/តោន (=-៦%) ធៀបនឹងខែមុន និងបានថយចុះ១០០US$/តោន (=-៦%) ធៀបនឹងខែដូចគ្នាក្នុងឆ្នាំ២០២១។ រហូតមកដល់ខែនេះ ថ្លៃលក់ជាមធ្យមស្មើនឹង១ ៦០៤US$/តោន បាន ថយចុះ ៧១US$/តោន (=-៤%) ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។
យោងតាមរបាយការណ៍ប្រចាំខែឧសភា ឆ្នាំ២០២២ របស់សមាគមបណ្តាប្រទេសផលិតកៅស៊ូធម្មជាតិ (ANRPC) បានបង្ហាញថា ការផ្គត់ផ្គង់កៅស៊ូធម្មជាតិពិភពលោកបានប្រសើរឡើងវិញ ដោយកើនឡើងប្រមាណ៩៩១ ០០០តោន ហើយបណ្តាលឲ្យមានកង្វះខាតការផ្គត់ផ្គង់ចំនួន ១៩៨ ០០០តោន បើធៀបនឹងតម្រូវការពិភពលោកដែលព្យាករមានចំនួន១,១៨៩លានតោន នៅក្នុងអំឡុងពេលយោងដូចគ្នា។ ទោះបីជាយ៉ាងណា ទីផ្សារកៅស៊ូធម្មជាតិទាំងនៅទីផ្សារទិញលក់ភា្លមៗ និងទីផ្សារទិញលក់តាមកិច្ចសន្យាបានបង្ហាញពីអំនិន្នាការកើនឡើងសម្រាប់ខែឧសភា ឆ្នាំ២០២២ ប៉ុន្តែថ្លៃកៅស៊ូជាមធ្យមនៅទូទាំងទីផ្សារសំខាន់ៗបានធ្លាក់ចុះ បើធៀបនឹងខែមុន ដោយសារតែទីផ្សារទាំងនោះបានរងផល ប៉ះពាល់នៃការបិទខ្ទប់នៅក្នុងប្រទេសចិន និងជម្លោះភូមិសាស្រ្តនយោបាយដែលបានអូសបន្លាយរវាងប្រទេសអ៊ុយក្រែននិងរុស្ស៊ី បើទោះបីជាការព្យាករទីផ្សារមានមូលដ្ឋានអំណោយផលល្អរហូតដល់ខែឧសភា ឆ្នាំ២០២២ក៏ដោយ។
ANRPC កំពុងស្ថិតក្នុងដំណើរនៃការសិក្សាយន្តការមួយគឺជាយន្តការថ្លៃប្រកបដោយនិរន្តរភាព (Sustainable Prices Mechnism : SPM) ដើម្បីដោះស្រាយថ្លៃកៅស៊ូធម្មជាតិដែលធ្លាក់ចុះ សំដៅការពារផលប្រយោជន៍របស់អ្នកពាក់ព័ន្ធក្នុងឧស្សាហកម្មកៅស៊ូធម្មជាតិនិងធានាបាននូវការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៅក្នុងខ្សែច្រវ៉ាក់តម្លៃនៃឧស្សាហកម្មកៅស៊ូធម្មជាតិ (Natural Rubber :NR) ទាំងមូលចាប់ពីផ្នែកលំហូរខាងលើរហូតដល់ផ្នែកលំហូរខាងក្រោមក្នុងរយៈពេលយូរ។ គោលបំណងដែលស្នើឡើងនូវយន្តការថ្លៃប្រកបដោយនិរន្តរភាព ដើម្បី៖