×
កិច្ចប្រជុំស្តីអំពីវិញ្ញាបនបត្រព្រៃឈើនៅកម្ពុជាជាមួយអង្គការ PEFC

នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ អគ្គនាយកដ្ឋានកៅស៊ូមានកិច្ចប្រជុំពិភាក្សាស្តីអំពីវិញ្ញាបនបត្រព្រៃឈើនៅកម្ពុជា ក្រោមអធីបតីភាព លោក ឃុន កក្កដា អគ្គនាយករងនៃអគ្គនាយកដ្ឋានកៅស៊ូ ជាមួយអង្គការ PEFC ដែលដឹកនាំដោយលោក Rechard Laity​ អ្នកគ្រប់គ្រងនៅតំបន់អាស៊ីអាគ្នេយ៍នៃអង្គការ PEFC (Programme for Endorsement of Forest Certifi-cation) និងមានការចូលអញ្ជើញរួមពីលោកប្រធាន/អនុប្រធាននាយកដ្ឋាន ប្រធាន/អនុប្រធានការិយាល័យ និងមន្ត្រីនៃអគ្គនាយកដ្ឋានកៅស៊ូ។ កិច្ចប្រជុំនេះមានគោលបំណង គឺផ្តល់ព័ត៌មានជូនរាជរដ្ឋាភិបាលកម្ពុជាអំពីតម្រូវការបច្ចុប្បន្នសម្រាប់វិញ្ញាបនបត្រព្រៃឈើនៅកម្ពុជា ការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព និងខ្សែច្រវាក់ផលិតកម្មផលិតផលព្រៃឈើ។

ជាកិច្ចចាប់ផ្តើម លោកអគ្គនាយករងបានគូសបញ្ជាក់ថា វិស័យកៅស៊ូនៅកម្ពុជាមិនទាន់មានវិញ្ញា​បនបត្រស្តីពីការគ្រប់គ្រងកៅស៊ូ​ប្រកបដោយ​និរន្តរ​ភាព និងខ្សែច្រវាក់ផលិតកម្មផលិត​ផល​កៅស៊ូ​​សម្រាប់ការនាំចេញទៅដល់រោងចក្រ​កម្មន្ត​សាល​នៅ​ឡើយទេ ហើយយើងក៏កំពុង​ធ្វើការ​សិក្សាលើរឿងនេះផងដែរ។ ការសំណេះ​សំ​ណា​ល​នេះបានជំរុញឱ្យមានការស្វែងយល់អំពីគ្នាទៅ​វិញទៅមក គឺចង់ដឹង​ពីគោលបំណងរបស់អង្គការនិង​នីតិវិធីនៃការសហការគ្នា ដើម្បីឈានទៅរកការចេញ​វិញ្ញាបន​បត្រ​​បញ្ជាក់​ឈើព្រៃនៅកម្ពុជា។ លោកអគ្គនាយករងក៏បានធ្វើបទបង្ហាញអំពីរចនាសម្ព័ន្ធរបស់អគ្គនាយកឋានាកៅស៊ូតួនាទីភារកិច្ច និងស្ថិតិកៅស៊ូនៅកម្ពុជា ដើម្បីផ្តល់ជាធាតុចូលនិងជាព័ត៌មានសម្រាប់ការ​អភិវឌ្ឍនៅថ្ងៃខាងមុខ។

 បន្ទាប់មកលោក Rechard Laity​ បានសម្តែងការពេញចិត្តរីករាយ ព្រមទាំងរៀបរាប់អំពីសាវតានិងគោលបំណងរបស់អង្គការ PEFC​ ជូនអង្គប្រជុំ៖ អង្គការ PEFC បានបង្កើតនៅឆ្នាំ​១៩៩៩ ដោយក្រុមអ្នកផលិតខ្នាតតូចឬកសិករដាំឈើ អង្គការ PEFC ផ្តោត​សំខាន់ទៅលើ៖​ (១) ការកំណត់ស្តង់ដារអន្តរជាតិ (២) ការចូលដំណើរការនិងការគាំទ្រប្រព័ន្ធវិញ្ញាបនបត្រព្រៃឈើជាតិ (៣) ការលើកកម្ពស់ការឈានចូលទៅកាន់ទីផ្សារនិងការទទួលស្គាល់ពីទីផ្សារ និង (៤)​ សហការគ្នាលើគម្រោងគាំទ្រម្ចាស់ព្រៃឈើនិងជាពិសេសកសិករខ្នាតតូចដើម្បីលើកកម្ពស់ជីវភាពរស់នៅនិងចម្ការព្រៃឈើប្រកបដោយនិរន្តរភាព។ អង្គការនេះមានគោលបំណង៖

  • កំណត់អ្នកពាក់ព័ន្ធសំខាន់ដែលចូលរួមនិងមានទំនាក់ទំនងជាមួយនឹងគណៈគ្រប់គ្រងជាតិបណ្តោះអាសន្ន
  • បញ្ជាក់ពីតួនាទីនិងទំនួលខុសត្រូវរបស់ភាគីពាក់ព័ន្ធនីមួយៗ
  • បញ្ជាក់ពីផែនការការងារនិងលទ្ធផលដែល​រំពឹងទុក។

កិច្ចការនេះ បានសហការជាមួយដៃគូរជាតិនិងអន្តរជាតិជាច្រើនក្នុងប្រទេសកម្ពុជាមានដូចជា៖

  • ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ( អគ្គនាយកដ្ឋានកៅស៊ូនិងរដ្ឋបាលព្រៃឈើ)
  • ក្រសួងបរិស្ថាន
  • ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា)
  • ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេក វិទ្យា និងនវានុវត្តន៍
  • សាកលវិទ្យាល័យភូមិន្ទកសិកម្ម
  • នាយកដ្ឋានទទួលស្គាល់គុណភាព
  • ក្រុមហ៊ុនឯកជន (ខេមាហ្រ្គា)
  • អង្គការស្បៀងអាហារពិភពលោក (FAO)
  • អង្គការក្រៅរដ្ឋាភិបាល
  • ស្ថាប័នបញ្ជាក់វិញ្ញាបនបត្រ

PEFC និងបន្តជួយសម្របសម្រួលក្នុងការរៀបចំផែនការដើម្បីដាក់ពាក្យសុំចូលជាសមាជិកនៃអង្គការ PEFC ផងដែរ។ លើសនោះអង្គការ PEFC នឹងធ្វើការសហការជិតស្និទ្ធជាមួយអគ្គនាយកដ្ឋានកៅស៊ូដើម្បីសម្រេចគោលដៅក្នុងការចូលរួមសំដៅឲ្យកម្ពុជាមានវិញ្ញាបនបត្រនៃការនាំចេញឈើព្រៃ។

ជាចុងក្រោយ លោកអគ្គនាយករងក៏បានបញ្ជក់ថា នេះគឺជាការងារថ្មីមួយទៀតដែលត្រូវមានកិច្ចសហប្រត្តិបត្តការដ៏ល្អប្រសើររវាងភាគីទាំងពីរ ហើយយើងសង្ឃឹមនិងជឿជាក់ថា ផ្តើមចេញពីកិច្ចប្រជុំនេះអគ្គនាយកដ្ឋានកៅស៊ូក៏ដូចជាវិស័យ​កៅស៊ូនៅកម្ពុជានឹងអាចមានវិញ្ញាបនបត្រឈើកៅស៊ូឆាប់ៗនាពេលខាងមុខ។ បច្ចុប្បន្នរដ្ឋបាលព្រៃឈើជា​អ្នក​ទទួលសម្របសម្រួលនិងផ្តល់យោបល់លើកិច្ចការនេះជូនក្រសួងកសិកម្ម ដូច្នេះអគ្គនាយកដ្ឋានកៅស៊ូនិងផ្តល់កិច្ចសហការបន្ត​នៅពេលទទួលបានការ​សម្រេចពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕

 

Latest News