ឧស្សាហកម្មកៅស៊ូធម្មជាតិបច្ចុប្បន្នកំពុងរងទាំងកត្តាវិជ្ជមានផងនិងអវិជ្ជមានផង។ ការធូស្បើយនៃការរាត្បាតជំងឺកូវីតនិងជំងឺជ្រុះស្លឹកកៅស៊ូគឺជាកត្តាវិជ្ជមាន ទន្ទឹមនឹងកត្តាអវិជ្ជមានជាច្រើនដែលកំពុងតែគ្របដណ្តប់លើវិស័យនេះមានជាអាទិ ជម្លោះប្រទេសរុស្ស៊ីនិងអ៊ុយក្រែន ជម្លោះភូមិសាស្រ្តនយោបាយ និងការដឹកជញ្ជូន។ល។ ផ្អែកលើការធ្វើបច្ចុប្បន្នភាពចុងក្រយនៃបណ្តាប្រទេសជាសមាជិកអ្នកប្រើប្រាសើកៅស៊ូបានបង្ហាញថា ការផ្គត់កៅស៊ូពិភពលោកនឹងមានកំណើន១,៨ភាគរយ ក្នុងឆ្នាំ២០២២ ស្មើនឹងបរិមាណ១៤,១៧៩លានតោន រីឯតម្រូវការកើនជាមធ្យម២,២ភាគរយ ស្មើនឹង១៤,៦៣៩លានតោន។ ស្ថិតនៅក្នុងបរិបទនេះ ប្រទេសកម្ពុជាយើងនៅក្នុងខែមេសា ឆ្នាំ២០២២ ស្ថានភាពកៅស៊ូធម្មជាតិបានបង្ហាញថា៖ ផ្ទៃដីកៅស៊ូសរុបមានចំនួន៤០៤ ០៤៤ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រចំនួន៣១០ ១៩៣ហិកតា ស្មើនឹង៧៧% និងផ្ទៃ ដីថែទាំចំនួន៩៣ ៨៥១ហិកតា ស្មើនឹង២៣%។ ក្នុងខែមេសាបរិមាណផលិតសរុបមានចំនួន១៧ ១២៣តោន បានកើនឡើងចំនួន៥ ២០៩ តោន (+៤៤%) ធៀបនឹងខែមុន និងបានកើនឡើងចំនួន២៤៥តោន (+៤%) ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ រហូតមកដល់មេសា ឆ្នាំ២០២២ បរិមាណផលិតសរុបមានចំនួន៧៨ ០៧១តោន បានកើនឡើងចំនួន១ ៣៥២តោន (+២%) ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។ ក្នុងខែមេសា ឆ្នាំ២០២២ បរិមាណបញ្ចេញលក់មានចំនួន១៧ ៥១៩តោន បានកើនឡើងចំនួន ៤ ១៨៩តោន (+៣១%) ធៀបនឹងខែមុន និងបានកើនឡើងចំនួន១ ៤៤០តោន (=៩%) ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ រហូតមកដល់ខែមេសា ឆ្នាំ២០២២ បរិមាណបញ្ចេញលក់មានចំនួន៧៩ ៣៥៨តោន បានកើនឡើងចំនួន២ ២២៣តោន (+៣%) ធៀបនឹងយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ក្នុងខែមេសា ឆ្នាំ២០២២ ថ្លៃលក់ជាមធ្យមស្មើនឹង១ ៦៤៤US$/តោន បានកើនឡើង១៧US$/ តោន (=+១%) ធៀបនឹងខែមុន និងបានថយចុះ១៣៩US$/តោន (=-៨%) ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ រហូតមកដល់ខែមេសា ឆ្នាំ២០២២ ថ្លៃលក់ជាមធ្យមស្មើនឹង១ ៦០៥US$/តោន បានថយចុះ៦១US$/តោន (=-៤%) ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំពោះស្ថានភាពទិញលក់ជ័រកៅស៊ូគ្រួសារតាមតំបន់នានាប្រចាំខែមេសាបង្ហាញថា ទឹកជ័រគិតជាជ័រស្ងួតមានតម្លៃចន្លោះពី៥ ៩២៥៛ - ៦ ៣០០ ៛/គ.ក្រ គឺបានកើនឡើង១២៤៛/គ.ក្រធៀបនឹងខែមុន រីឯជ័រកកមានតម្លៃចន្លោះពី២ ៦០០៛ - ៣ ៣០០ ៛/គ.ក្រ បានកើនឡើងចំនួន ៧៦៛/គ.ក្រ ធៀបនឹងខែមុន។ ថ្លៃជ័រទាំង២ប្រភេទនេះ មានការប្រែប្រួលអាស្រ័យតាមតំបន់ ទីតាំងនិងរយៈពេលបង្កកទុក។
យោងតាមរបាយការណ៍ប្រចាំខែមេសា ឆ្នាំ២០២២ របស់សមាគមបណ្តាប្រទេសផលិតកៅស៊ូធម្មជាតិ (ANRPC) បានបង្ហាញថាផលិតកម្មកៅស៊ូធម្មជាតិពិភពលោកបានកើនឡើង ១៣,៦% ដែលមានចំនួន៩៤១ ០០០តោន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ខណៈពេលដែលតម្រូវការកៅស៊ូធម្មជាតិពិភពលោកបានព្យាករណថា នឹងមានកំណើន០,៣% ស្មើនឹង១,២១០លានតោនធៀបនឹងឆ្នាំមុន។ ទោះបី ជាកត្តាមូលដ្ឋានទីផ្សារនៅតែអំណោយផលដល់ទីផ្សារកៅស៊ូធម្មជាតិក៏ដោយ ក៏ឧស្សាហកម្មនេះនៅតែរងផលប៉ះពាល់យ៉ាងខ្លាំងពីព្រឹត្តិការណ៍ពិភពលោកខាងក្រៅផ្សេងៗទៀតក្នុងអំឡុងពេលដូចគ្នានេះ។
ធនាគារពិភពលោកបានកែសម្រួលការព្យាករណ៍របស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោកសម្រាប់ឆ្នាំ២០២២ ពី ៤,១% មកនៅត្រឹម ៣,២% ដោយសារតែការវិវឌ្ឍន៍ជុំវិញជម្លោះអ៊ុយក្រែននិងការបិទខ្ទប់នៅក្នុងប្រទេសចិន ដែលបង្កឲ្យមានភាពមិនច្បាស់លាស់និងអាចបន្ថយល្បឿននៃការស្តារសេដ្ឋកិច្ចពិភពលោក។
ដើម្បីធ្វើការរវាយតម្លៃនិងការសម្រេចចិត្តកាន់តែប្រសើរឡើង ANRPC បានចាប់ផ្តើមការស្ទង់មតិតាមអ៊ីនធឺណែត ដើម្បីប្រមូលមតិកែលម្អពីភាគីពាក់ព័ន្ធកៅស៊ូនៅក្នុងខ្សែច្រវាក់តម្លៃនៃឧស្សាហកម្មកៅស៊ូធម្មជាតិលើយន្តការថ្លៃប្រកបដោយនិរន្តរភាព (SPM) ដែលបានស្នើឡើង។ យន្តការដែលបានស្នើឡើងនេះ ដើម្បីដោះស្រាយបញ្ហាថ្លៃទាបនិងការពារផលប្រយោជន៍របស់អ្នកពាក់ព័ន្ធនៅក្នុងឧស្សាហកម្មកៅស៊ូធម្មជាតិ ដែលលទ្ធផលចុងក្រោយនឹងផ្តល់នូវការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពក្នុងខ្សែច្រវ៉ាក់តម្លៃនៃឧស្សាហកម្មកៅស៊ូធម្មជាតិរយៈពេលវែង។ ទន្ទឹមនឹងនោះចំពោះផ្តល់មតិកែលម្អលើយន្តការថ្លៃប្រកបដោយនិរន្តរភាពដែលបានស្នើឡើង សូមចូលទៅកាន់គេហទំព័រ ANRPC (www.anrpc. org) “click here” ដើម្បីអានសេចក្តីសង្ខេបអំពីយន្តការថ្លៃប្រកបដោយនិរន្តរភាព មុននឹងលោក លោកស្រីចូលរួមផ្តល់មតិកែលម្អការស្ទង់មតិតាមប្រព័ន្ធអនឡាញនេះ៕