×
ស្ថានភាពកៅស៊ូធម្មជាតិប្រចាំខែមេសា ឆ្នាំ២០២២

ឧស្សាហកម្មកៅស៊ូធម្មជាតិបច្ចុប្បន្នកំពុងរងទាំងកត្តាវិជ្ជមានផងនិងអវិជ្ជមានផង។ ការធូស្បើយនៃការរាត្បាតជំងឺកូវីតនិងជំងឺជ្រុះស្លឹកកៅស៊ូគឺជាកត្តាវិជ្ជមាន ទន្ទឹមនឹងកត្តាអវិជ្ជមានជាច្រើនដែលកំពុងតែគ្របដណ្តប់លើវិស័យនេះមានជាអាទិ ជម្លោះប្រទេសរុស្ស៊ីនិងអ៊ុយក្រែន ជម្លោះភូមិសាស្រ្តនយោបាយ និងការ​ដឹក​ជញ្ជូន។ល។​ ផ្អែកលើការធ្វើបច្ចុប្បន្នភាពចុងក្រយនៃបណ្តាប្រទេសជាសមាជិកអ្នកប្រើប្រាសើកៅស៊ូបានបង្ហាញថា​ ការផ្គត់កៅស៊ូពិភពលោកនឹងមានកំណើន១,៨ភាគរយ​​ ក្នុងឆ្នាំ២០២២ ស្មើនឹងបរិមាណ​១៤,១៧៩លានតោន រីឯតម្រូវការកើនជាមធ្យម២,២ភាគរយ​​ ស្មើនឹង១៤,៦៣៩លានតោន។​​ ស្ថិតនៅ​ក្នុង​បរិបទនេះ ប្រទេសកម្ពុជាយើងនៅក្នុងខែមេសា ឆ្នាំ២០២២ ​ស្ថានភាពកៅស៊ូធម្មជាតិបានបង្ហាញថា៖ ផ្ទៃដី​កៅស៊ូ​សរុប​មានចំនួន៤០៤ ០៤៤ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រចំនួន​៣១០  ១៩៣ហិកតា ស្មើនឹង៧៧% និង​ផ្ទៃ ដី​ថែទាំចំនួន៩៣ ៨៥១ហិកតា ស្មើនឹង២៣%។  ក្នុងខែមេសា​បរិមាណផលិតសរុបមានចំនួន១៧ ១២៣​តោន បានកើនឡើងចំនួន​៥ ២០៩ តោន (+៤៤%) ធៀបនឹងខែមុន និងបានកើនឡើងចំនួន​២៤៥តោន  (+៤%) ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ រហូតមកដល់មេសា ឆ្នាំ២០២២ បរិមាណ​ផលិតសរុប​មានចំនួន​​៧៨ ០៧១តោន បានកើនឡើងចំនួន១ ៣៥២តោន (+២%) ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។ ក្នុងខែមេសា ឆ្នាំ២០២២  បរិមាណបញ្ចេញលក់មានចំនួន១៧ ៥១៩តោន បានកើនឡើងចំនួន ៤ ១៨៩តោន (+៣១%) ធៀបនឹងខែមុន និងបានកើនឡើងចំនួន១ ៤៤០តោន (=៩%) ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។​ រហូតមកដល់ខែមេសា ឆ្នាំ២០២២ បរិមាណបញ្ចេញលក់មានចំនួន៧៩ ៣៥៨តោន បានកើនឡើងចំនួន២ ២២៣តោន (+៣%) ធៀបនឹងយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ក្នុងខែមេសា ឆ្នាំ២០២២ ថ្លៃលក់ជាមធ្យមស្មើនឹង១ ៦៤៤US$/តោន បានកើនឡើង១៧US$/ តោន (=+១%) ធៀបនឹងខែមុន និងបានថយចុះ១៣៩US$/តោន (=-៨%) ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ រហូតមកដល់ខែមេសា ឆ្នាំ២០២២ ថ្លៃលក់ជាមធ្យមស្មើនឹង១ ៦០៥US$/តោន បានថយចុះ៦១US$/តោន (=-៤%) ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំពោះស្ថានភាពទិញលក់ជ័រកៅស៊ូគ្រួសារតាមតំបន់នានាប្រចាំខែមេសាបង្ហាញថា ទឹកជ័រគិតជាជ័រស្ងួតមានតម្លៃចន្លោះពី៥ ៩២៥៛ - ៦ ៣០០ ៛/គ.ក្រ គឺបានកើនឡើង១២៤៛/គ.ក្រធៀបនឹងខែមុន រីឯជ័រកកមានតម្លៃចន្លោះពី២ ៦០០៛ - ៣ ៣០០ ៛/គ.ក្រ បានកើនឡើងចំនួន ៧៦៛/គ.ក្រ ធៀបនឹងខែមុន។ ថ្លៃជ័រទាំង២ប្រភេទនេះ មានការប្រែប្រួលអាស្រ័យតាមតំបន់ ទីតាំងនិងរយៈពេលបង្កកទុក។

យោងតាមរបាយការណ៍ប្រចាំខែមេសា ឆ្នាំ២០២២ របស់សមាគមបណ្តាប្រទេសផលិតកៅស៊ូធម្មជាតិ (ANRPC) បានបង្ហាញថាផលិតកម្មកៅស៊ូធម្មជាតិពិភពលោកបានកើនឡើង ១៣,៦%  ដែលមានចំនួន៩៤១ ០០០តោន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ខណៈពេលដែលតម្រូវការកៅស៊ូធម្មជាតិ​ពិភពលោកបានព្យាករណថា នឹងមានកំណើន០,៣% ស្មើនឹង១,២១០លានតោនធៀបនឹងឆ្នាំមុន។ ទោះបី ជាកត្តាមូលដ្ឋានទីផ្សារនៅតែអំណោយផលដល់ទីផ្សារកៅស៊ូធម្មជាតិក៏ដោយ ក៏ឧស្សាហកម្មនេះនៅតែរងផលប៉ះពាល់យ៉ាងខ្លាំងពីព្រឹត្តិការណ៍ពិភពលោកខាងក្រៅផ្សេងៗទៀតក្នុងអំឡុងពេលដូចគ្នានេះ។

ធនាគារពិភពលោកបានកែសម្រួលការព្យាករណ៍របស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោកសម្រាប់ឆ្នាំ២០២២ ពី ៤,១% មកនៅត្រឹម ៣,២% ដោយសារតែការវិវឌ្ឍន៍ជុំវិញជម្លោះអ៊ុយក្រែននិង​ការ​បិទខ្ទប់នៅក្នុងប្រទេសចិន ដែលបង្កឲ្យ​មានភាពមិនច្បាស់លាស់និងអាចបន្ថយល្បឿននៃ​ការស្តារសេដ្ឋកិច្ច​ពិភពលោក។

ដើម្បីធ្វើការរវាយតម្លៃនិងការសម្រេចចិត្តកាន់តែប្រសើរឡើង ANRPC បានចាប់ផ្តើមការស្ទង់មតិតាម​អ៊ីន​ធឺណែត ដើម្បីប្រមូលមតិកែលម្អពីភាគីពាក់ព័ន្ធកៅស៊ូនៅក្នុងខ្សែច្រវាក់តម្លៃនៃឧស្សាហកម្មកៅស៊ូធម្មជាតិលើយន្តការថ្លៃប្រកបដោយនិរន្តរភាព (SPM) ដែលបានស្នើឡើង។ យន្តការដែលបានស្នើឡើងនេះ ដើម្បីដោះស្រាយបញ្ហាថ្លៃទាបនិងការពារផលប្រយោជន៍របស់អ្នកពាក់ព័ន្ធនៅក្នុងឧស្សាហកម្មកៅស៊ូធម្មជាតិ ដែលលទ្ធផលចុងក្រោយនឹងផ្តល់នូវការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពក្នុងខ្សែច្រវ៉ាក់តម្លៃនៃឧស្សាហកម្មកៅស៊ូធម្មជាតិរយៈពេលវែង។ ទន្ទឹមនឹងនោះចំពោះផ្តល់មតិកែលម្អលើយន្តការថ្លៃប្រកបដោយនិរន្តរភាពដែលបានស្នើឡើង សូមចូលទៅកាន់គេហទំព័រ ANRPC (www.anrpc. org) “click here” ដើម្បីអានសេចក្តីសង្ខេបអំពីយន្តការថ្លៃប្រកបដោយនិរន្តរភាព មុននឹងលោក លោកស្រីចូលរួមផ្តល់មតិកែលម្អកា​​រស្ទ​ង់មតិតាមប្រព័ន្ធអនឡាញនេះ៕

ព័ត៌មានចុងក្រោយ