ចាប់ថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ហ៊ឹម អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកៅស៊ូ និងក្រុមការងារនៃអគ្គនាយកដ្ឋានកៅស៊ូបានធ្វើទស្សនកិច្ចនៅរោងចក្រផលិតសំបកកង់យានយន្តរបស់សហគ្រាសខាតថាយ អឺរ ឯ.ក (CART TIRE Co.,LTD) ដែលមានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ ភូមិតាណរ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ព្រមទាំងមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្តស្វាយរៀង លោកអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង និង ប្រធានសមាគមអភិវឌ្ឈន៍កៅស៊ូកម្ពុជា។ ទស្សនកិច្ចនេះ មានគោលបំណងដើម្បី៖
១- ស្វែងយល់ពីវឌ្ឍនភាពនិងកិច្ចដំណើរការរោងចក្រកែច្នៃសំបកកង់យានយន្ត
២-ស្វែងយល់ពីប្រភពវត្ថុធាតុដើមនិងបរិមាណតម្រូវការប្រើប្រាស់កៅស៊ូធម្មជាតិប្រចាំឆ្នាំរបស់ក្រុមហ៊ុន
៣-ពិភាក្សានិងពិនិត្យលទ្ធភាពដើម្បីបន្តជំរុញកិច្ចសហការផ្គត់ផ្គង់កៅស៊ូធម្មជាតិកម្ពុជា ជូនដល់ក្រុមហ៊ុនក្នុងពេលអនាគត។
សកម្មភាពនៃការចុះទស្សនកិច្ច
កិច្ចប្រជុំ
នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ក្រុមការងារដែលមានការចូលរួមពីលោកអភិបាលរងខេត្តស្វាយរៀង និងមន្រ្តីជំនាញបានជួបប្រជុំជាមួយ នឹងក្រុមហ៊ុន CART TIRE Co.,LTD។ បន្ទាប់មកមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានកៅស៊ូបានធ្វើបទបង្ហាញស្តីអំពី៖ (១) ស្ថានភាពឧស្សាហកម្មកៅស៊ូកម្ពុជាដោយចាប់ផ្ដើមពីប្រវត្តិដាំដុះកៅស៊ូដំបូងនិងការវិវត្តិន៍ជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន (២) ស្ថានភាពនៃការរីកចម្រើននៅឧស្សាហកម្មកម្មន្តសាលកៅស៊ូក្នុងទសវត្សឆ្នាំ១៩៦០ (៣) ស្ថិតិទិន្នន័យកៅស៊ូលម្អិត ផ្ទៃដីកៅស៊ូ និងបរិមាណផលិតផលសម្រេចបានប្រចាំឆ្នាំ (៤) ចំនួនរោងចក្រកែច្នៃជ័រកៅស៊ូនិង (៥) ប្រភេទផលិតផលដែលរួមមាន៖ CSR RSS និង Centrifu-ged Latex។
បន្ទាប់មកទៀត លោកអគ្គនាយកក្រុមហ៊ុនបានថ្លែងអំណរគុណចំពោះក្រុមការងារ នៃអគ្គនាយកដ្ឋានកៅស៊ូដែលបានធ្វើបទបង្ហាញយ៉ាងលម្អិតនិងជាព័ត៌មានចាំបាច់បំផុតសម្រាប់ក្រុមហ៊ុនត្រូវការផងដែរ។
ការចុះពិនិត្យរោងចក្រ
ក្រុមការងារបានចុះពិនិត្យខ្សែច្រវាក់ផលិតកម្មកែច្នៃសំបកយានយន្តដែលចាប់ផ្ដើមពីដំណើរការដំបូង រហូតដល់ផលិតចេញជាសំបកកង់យានយន្តដោយភាគច្រើនប្រើប្រព័ន្ធស្វ័យប្រវត្តិកម្ម និងបច្ចេកវិទ្យាទំនើបពីប្រទេសអាល្លឺម៉ង់។ ក្រុមហ៊ុនបានដំឡើងខែ្សច្រវាក់ផលិតកម្មចប់រួចរាល់ និងកំពុងដាក់ឲ្យដំណើរការផលិតសាកល្បង ដោយបញ្ជាទិញវត្ថុធាតុដើមជាប្រភេទកៅស៊ូសមាស (Compound Rubber) ដែលផលិតចេញពីកៅស៊ូ SVR 20 របស់សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម (VRG) នៅក្នុងប្រទេសវៀតណាម ដើម្បីយកមកផ្គុំដំឡើងផលិតជាសំបកកង់យានយន្តតែម្ដង។ បច្ចុប្បន្ននក្រុមហ៊ុនកំពុងដំណើរការសាងសង់ឃ្លាំងនិងប្រព័ន្ធខ្សែច្រវាក់ផលិតកម្មលាយកៅស៊ូសមាស (Compound Rubber) ដោយខ្លួនឯងនៅក្រុមហ៊ុនផ្ទាល់ដែលអាចនឹងបញ្ចប់ការសាងសង់រួចនៅក្នុងអំឡុងខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។ ក្រោយបញ្ចប់ការសាងសង់ក្រុមហ៊ុននឹងទទួលទិញកៅស៊ូកម្ពុជាប្រភេទ CSR 20 ដើម្បីផលិតជាកៅស៊ូសមាសសម្រាប់ផលិតសំបកកង់យានយន្ត។ រហូតមកដល់ពេលនេះ ក្រុមហ៊ុនបានបោះទុនវិនិយោគលើរោងចក្រអស់ទឹកប្រាក់សរុបជិត ៣៥០លានដុល្លារអាម៉េរិក។
តាមគម្រោងក្រុមហ៊ុននឹងប្រើប្រាស់ផលិតផលកៅស៊ូកម្ពុជា ១០០% ដោយចែកចេញជាបីដំណាក់កាល៖
-នៅឆ្នាំទី១ ប្រមាណ ៣០ ០០០តោន
-នៅឆ្នាំទី២ ប្រមាណ ៥០ ០០០តោន
-ចាប់ពីឆ្នាំទី៣ ប្រមាណ ៧០ ០០០តោន
-តម្រូវការកម្លាំងពលកម្មសរុប៦០០នាក់
-ចំពោះប្រភេទផលិតផលដែលក្រុមហ៊ុននឹងផលិតគឺសំបកកង់យានយន្តគ្រប់ប្រភេទសម្រាប់ ទីផ្សារទាំងក្នុងប្រទេសនិងក្រៅប្រទេស ជាពិសេសទីផ្សារប្រទេសចិន។
សំណូមពរ
អគ្គនាយកដ្ឋានកៅស៊ូបានសំណូមពរដល់ក្រុមហ៊ុនឲ្យបង្វែរមកប្រើប្រាស់ផលិតផលកៅស៊ូកម្ពុជាដែលមានបរិមាណ ប្រភេទ និងគុណភាពខ្ពស់អាចផ្គត់ផ្គង់បានតាតម្រូវការរបស់ក្រុមហ៊ុន ដើម្បីលើកកម្ពស់ការប្រើប្រាស់វត្ថុធាតុដើមកៅស៊ូដែលមានស្រាប់ជំរុញទីផ្សារកៅស៊ូក្នុងប្រទេសនិងបង្កើនប្រាក់ចំណូលដល់អ្នកដាំកៅស៊ូ ជាពិសេសកសិករកៅស៊ូគ្រួសារ។
ទិសដៅបន្ត
ក្រោយពេលបញ្ចប់ការសាងសង់ខែ្សច្រវាក់ផលិតកម្មកៅស៊ូសមាសរួច លោកអគ្គនាយកក្រុមហ៊ុននឹងជួបពិភាក្សាជាមួយអគ្គនាយកដ្ឋានកៅស៊ូ ដើម្បីរកប្រភពផ្គត់ផ្គង់ច្បាស់លាស់នៅពេលខាងមុខ។
អគ្គនាយកដ្ឋានកៅស៊ូនឹងបន្តជួយសម្របសម្រួល និងផ្ដល់កិច្ចសហការគាំទ្រពេញទំហឹងក្នុងការផ្គត់ផ្គង់វត្ថុធាតុដើមជ័រកៅស៊ូដល់ក្រុមហ៊ុន ព្រមទាំងជួយផ្សព្វផ្សាយអំពីព័ត៌មាននិងតម្រូវការកៅស៊ូរបស់ក្រុមហ៊ុនទៅដល់គ្រប់បណ្ដាចម្ការកៅស៊ូ ដើម្បីត្រៀមផ្ដល់កិច្ចសហការ និងការផ្គត់ផ្គង់បានតាមតម្រូវការ៕