×
ទស្សនកិច្ចនៅរោងចក្រផលិតសំបកកង់យានយន្តនៅខេត្តស្វាយរៀង

ចាប់ថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ​២០២២ ឯកឧត្តម ហ៊ឹម អូន  ប្រតិភូរាជរដ្ឋាភិបាលទទួល​បន្ទុកជាអគ្គនាយក​ ​នៃអគ្គនាយកដ្ឋានកៅស៊ូ និងក្រុមការងារនៃអគ្គនាយកដ្ឋានកៅស៊ូបានធ្វើទស្សនកិច្ចនៅរោង​ចក្រ​ផលិត​សំបកកង់យានយន្តរបស់សហគ្រាសខាតថាយ អឺរ ឯ.ក (CART TIRE Co.,LTD) ដែលមានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ ភូមិតាណរ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ព្រមទាំងមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្តស្វាយរៀង លោកអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ខេត្ត​ស្វាយរៀង​ និង    ​ប្រ​ធានសមាគម​អភិវឌ្ឈន៍​កៅស៊ូ​កម្ពុជា។ ទស្សនកិច្ចនេះ មានគោលបំណងដើម្បី៖

       ១- ស្វែងយល់ពីវឌ្ឍនភាពនិងកិច្ចដំណើរការរោងចក្រកែច្នៃសំបកកង់យានយន្ត

       ២-ស្វែងយល់ពីប្រភពវត្ថុធាតុដើមនិងបរិមាណតម្រូវការប្រើប្រាស់កៅស៊ូធម្មជាតិប្រចាំឆ្នាំរបស់ក្រុមហ៊ុន

       ៣-ពិភាក្សានិងពិនិត្យលទ្ធភាពដើម្បីបន្តជំរុញ​កិច្ច​សហការផ្គត់ផ្គង់កៅស៊ូធម្មជាតិកម្ពុជា ជូនដល់​ក្រុមហ៊ុនក្នុងពេល​អនាគត។

សកម្មភាពនៃការចុះទស្សនកិច្ច

    កិច្ចប្រជុំ

នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ក្រុមការងារដែលមានការចូលរួមពី​លោកអភិបាលរង​ខេត្ត​ស្វាយរៀង និងមន្រ្តីជំនាញបានជួបប្រជុំជាមួយ នឹង​ក្រុម​ហ៊ុន CART TIRE Co.,LTD។ បន្ទាប់មកមន្ត្រី​ជំនាញ​​នៃអគ្គនាយកដ្ឋាន​កៅស៊ូ​បានធ្វើ​បទបង្ហាញ​ស្តីអំពី៖ (១) ស្ថានភាព​ឧស្សាហកម្មកៅស៊ូកម្ពុជា​ដោយចាប់​ផ្ដើមពីប្រវត្តិដាំ​ដុះ​កៅស៊ូដំបូង​និងការវិវត្តិន៍​ជាបន្តបន្ទាប់​​​រហូត​ដល់​បច្ចុប្បន្ន (២) ស្ថានភាពនៃ​ការ​​រីកចម្រើននៅ​ឧស្សាហកម្ម​​​​កម្មន្តសាលកៅស៊ូ​ក្នុង​ទសវត្សឆ្នាំ១៩៦០ (៣) ស្ថិតិទិន្នន័យកៅស៊ូលម្អិត ផ្ទៃដីកៅស៊ូ និងបរិមាណផលិត​ផលសម្រេចបានប្រចាំ​ឆ្នាំ (៤) ចំនួនរោងចក្រ​កែច្នៃជ័រកៅស៊ូនិង (៥) ប្រភេទផលិតផល​ដែលរួម​មាន​៖ ​CSR RSS និង​ Centrifu-ged Latex

បន្ទាប់មកទៀត លោកអគ្គនាយកក្រុមហ៊ុន​​បានថ្លែងអំណរគុណ​ចំពោះក្រុមការងារ នៃ​អគ្គនាយក​​ដ្ឋានកៅស៊ូ​ដែល​បានធ្វើបទបង្ហាញ​យ៉ាងលម្អិតនិងជាព័ត៌មានចាំបាច់​​​បំផុត​សម្រាប់ក្រុមហ៊ុនត្រូវការផងដែរ។

    ការចុះពិនិត្យរោងចក្រ

ក្រុមការងារបានចុះពិនិត្យខ្សែច្រវាក់ផលិតកម្មកែច្នៃសំបកយានយន្តដែលចាប់ផ្ដើមពីដំណើរការ​ដំបូង រហូតដល់​ផលិត​ចេញ​ជាសំបកកង់​យាន​យន្តដោយភាគច្រើនប្រើប្រព័ន្ធស្វ័យប្រវត្តិកម្ម និង​បច្ចេកវិទ្យាទំនើបពីប្រទេ​ស​អាល្លឺម៉ង់។ ​ក្រុមហ៊ុនបានដំឡើងខែ្សច្រវាក់ផលិតកម្មចប់រួចរាល់ ​និង​កំពុងដាក់ឲ្យដំណើរការផលិតសាកល្បង ដោយ​បញ្ជាទិញវត្ថុ​ធាតុ​ដើម​​​ជាប្រភេទកៅស៊ូសមាស (Compound Rubber) ដែលផលិតចេញពីកៅស៊ូ SVR 20 របស់សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម (VRG) នៅក្នុងប្រទេសវៀតណាម ​ដើម្បីយកមកផ្គុំដំឡើងផលិតជាសំបកកង់យានយន្តតែម្ដង។ បច្ចុប្បន្ននក្រុមហ៊ុន​កំពុងដំណើរ​ការសាងសង់ឃ្លាំង​និ​ង​ប្រព័ន្ធខ្សែច្រវាក់ផលិតកម្មលាយកៅស៊ូសមាស (Compound Rubber) ដោយខ្លួនឯង​នៅ​ក្រុមហ៊ុ​នផ្ទាល់ដែលអាចនឹងបញ្ចប់ការសាងសង់រួចនៅក្នុងអំឡុងខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។ ក្រោយបញ្ចប់ការសាងសង់ក្រុមហ៊ុននឹងទទួលទិញកៅស៊ូកម្ពុជាប្រភេទ​ CSR​ 20 ដើម្បីផលិតជាកៅស៊ូសមាសសម្រាប់ផលិតសំបកកង់យានយន្ត។ រហូត​មក​​ដល់ពេលនេះ ក្រុមហ៊ុនបាន​បោះទុនវិនិយោគ​លើរោងចក្រអស់ទឹកប្រាក់សរុប​ជិត​ ៣៥០លានដុល្លារអាម៉េរិក។

តាមគម្រោងក្រុម​ហ៊ុន​នឹងប្រើប្រាស់ផលិតផលកៅស៊ូកម្ពុជា ១០០% ដោយចែកចេញជាបីដំណាក់កាល៖

         -នៅឆ្នាំទី១ ប្រមាណ ៣០ ០០០តោន

         -នៅឆ្នាំទី២ ប្រមាណ ៥០ ០០០តោន

         -ចាប់ពីឆ្នាំទី៣ ប្រមាណ ៧០ ០០០តោន

         -តម្រូវការកម្លាំងពលកម្មសរុប៦០០នាក់

         -ចំពោះប្រភេទផលិតផលដែលក្រុមហ៊ុន​នឹងផលិតគឺសំបកកង់​យានយន្តគ្រប់ប្រភេទសម្រាប់​ ទីផ្សារ​ទាំង​ក្នុងប្រទេសនិង​ក្រៅប្រទេស ជាពិសេសទីផ្សារ​ប្រទេសចិន។

សំណូមពរ

អគ្គនាយកដ្ឋានកៅស៊ូបានសំណូមពរដល់ក្រុមហ៊ុន​ឲ្យបង្វែរមកប្រើប្រាស់​ផលិត​ផលកៅស៊ូ​កម្ពុជា​ដែលមានបរិមាណ ប្រភេទ និងគុណភាពខ្ពស់អាចផ្គត់ផ្គង់បានតាតម្រូវការរបស់ក្រុមហ៊ុន ដើម្បីលើកកម្ពស់​ការ​ប្រើប្រាស់​វត្ថុធាតុដើមកៅស៊ូដែលមានស្រាប់ជំរុញទីផ្សារកៅស៊ូក្នុងប្រទេសនិងបង្កើនប្រាក់ចំណូលដល់អ្នកដាំកៅស៊ូ ជាពិសេស​កសិករ​កៅស៊ូគ្រួសារ។

ទិសដៅបន្ត

ក្រោយពេលបញ្ចប់ការសាងសង់ខែ្សច្រវាក់​ផលិតកម្មកៅស៊ូ​សមាសរួច ​លោកអគ្គនាយកក្រុមហ៊ុននឹងជួបពិភាក្សាជាមួយអគ្គនាយកដ្ឋានកៅស៊ូ ដើម្បីរកប្រភពផ្គត់ផ្គង់ច្បា​ស់លាស់នៅពេលខាង​មុខ​។​

អគ្គនាយកដ្ឋានកៅស៊ូនឹងបន្តជួយសម្របសម្រួល​ និងផ្ដល់កិច្ចសហការគាំទ្រពេញទំហឹងក្នុងការ​ផ្គត់ផ្គង់​វត្ថុធា​តុ​ដើម​ជ័រកៅស៊ូដល់ក្រុមហ៊ុន ព្រមទាំងជួយផ្សព្វផ្សាយអំពីព័ត៌មាននិងតម្រូវការកៅស៊ូរបស់ក្រុមហ៊ុន​ទៅដល់គ្រប់​បណ្ដា​ចម្ការ​កៅស៊ូ​​ ដើម្បីត្រៀមផ្ដល់កិច្ចសហការ​​​ និងការផ្គត់ផ្គង់បានតាម​តម្រូវការ៕

ព័ត៌មានចុងក្រោយ