×
វគ្គបណ្តុះបណ្តាលនិងផ្សព្វផ្សាយអំពីទីផ្សារកៅស៊ូដល់កសិករកៅស៊ូគ្រួសារនៅខេត្តសៀមរាប

ពីថ្ងៃ​ទី២១-២៤ ខែកុម្ភៈ ឆ្នាំ២០២២ ​​​នាយក​​ដ្ឋាន​​​ទីផ្សារ​និង​សហ​ប្រតិ​បត្តិ​​​​​​​ការ​​អន្តរ​​ជាតិ នៃ​អគ្គ​នា​យកដ្ឋានកៅស៊ូបានបើកវគ្គបណ្តុះ​បណ្តាលនិងផ្សព្វផ្សាយ​អំពីទីផ្សារ​កៅស៊ូ​​​ដល់​កសិករ​​​កៅស៊ូគ្រួសារ​នៅឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ក្រោមអធិបតីភាពលោក ប៉ិច សុវណ្ណូ អគ្គនាយករងនៃអគ្គនាយកដ្ឋានកៅស៊ូ លោកស្រី សរ រឺណេ អនុ​ប្រធាន​មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត​សៀមរាប និងលោក កែម ហាំ ប្រធានក្រុមប្រឹក្សា​ឃុំ​គោកដូង ស្រុកអង្គរជុំ ព្រមទាំង​កសិករ​កៅស៊ូ​គ្រួសារ​ក្នុង​សហគមន៍​សរុបចំនួន៣៥នាក់ (ស្រី២​នាក់)។ គោលបំណងនៃវគ្គបណ្តុះ​​បណ្តាល​​និង​ផ្សព្វផ្សាយគឺ៖ (១) ចង់ឲ្យបងប្អូនកសិករកៅស៊ូគ្រួសារក្នុង​សហគមន៍មានអំណាចចរចារថ្លៃតាមរយៈការរួម​គ្នា​​លក់ផលិត ផលកៅស៊ូធម្មជាតិជាលក្ខណៈ​ប្រមូល​ផ្តុំ សំដៅកាត់បន្ថយសង្វាក់​ឈ្មួញ​កណ្ដាល​​​និងលក់ដល់​​​ទីផ្សារដោយខ្លួនឯង ហើយទទួលបាន​​​ថ្លៃ​​ខ្ពស់និងចំណូលកើនឡើងនិង (២) ផ្តល់ការ​យល់​ដឹង​ព័ត៌មានអំពីទីផ្សារនិងនិន្នាការកៅស៊ូធម្មជាតិពិភពលោក។

កិច្ចចាប់ផ្តើម លោក កែម ហាំ បានមានមតិស្វាគមន៍​និងសំដែង​នូវ​សេចក្តីរីករាយ​​ចំពោះ​គណៈអធិបតីនិងបងប្អូនកសិករកៅស៊ូគ្រួសារក្នុង សហគមន៍ដែលបានចំណាយពេលវេលាដ៏មមាញឹក​ចូល​រួមក្នុងវគ្គបណ្តុះបណ្តាល​និង​ផ្សព្វផ្សាយអំពីទីផ្សារ​កៅស៊ូ​​តាមការអញ្ជើញ។ ទន្ទឹមនឹងនោះ លោកក៏​បាន​រាយការណ៍សង្ខេប​អំពីស្ថានភាពនៃការដាំដុះប្រមូលផល ជាពិសេស​​​​​ស្ថានភាពនៃថ្លៃទិញ-លក់​កៅស៊ូ​របស់​​កសិករ​​កៅស៊ូគ្រួសារនិងសហគមន៍​កសិកម្មកៅស៊ូគ្រួសារគោកដូង និង​បាន​រំលឹក​ដល់​អង្គពិធី​ទាំង​មូល​​​​​ត្រូវ​យក​ចិត្ត​ទុក​ដាក់​តាមដានលើ​ខ្លឹមសារបទបង្ហាញរបស់ក្រុមការងារ​ដើម្បីជា​ប្រយោជន៍​ដល់​ការលក់ដូរ កៅស៊ូ។

កិច្ចបន្តទៀត​ លោកស្រី សរ រឺណេ បានមានមតិ​ថ្លែងអំណរគុណ​​ដល់​ក្រុមការងារអគ្គនាយកដ្ឋានកៅស៊ូ ដែល​បាន​ចុះ​មក​បើកវគ្គបណ្ដុះបណ្ដាលនិងផ្សព្វផ្សាយ​​ដល់កសិករ​កៅស៊ូ​គ្រួសារ​ក្នុងឃុំគោកដូងនិងបានរាយការណ៍សង្ខេបអំ​ពីការវិវត្តលើវិស័យ​កសិ​កម្ម​​​​ ​ពិ​​សេ​ស​​ដំ​ណាំ​​កៅស៊ូនៅ​ក្នុង​ស្រុកអង្គរជុំ និងសំណូមឲ្យកសិករកៅស៊ូគ្រួសារក្នុងសហគមន៍យកចិត្តទុកដាក់ស្តាប់ការធ្វើបទបង្ហាញរបស់​ក្រុមការ​ងារ​ពាក់ព័ន្ធនឹងព័ត៌មាន ​ទីផ្សារកៅស៊ូធម្មជាតិថ្មីៗ​ក្នុងនិងក្រៅ​ស្រុក​ ដោយលើក​ជាសំណួរ​ពាក់ព័ន្ធ​នឹងនិន្នាការ​ទីផ្សារ​​កៅស៊ូ​ធម្មជាតិ​ឲ្យបាន​ច្រើនដើម្បីជាប្រយោជន៍និង​ពន្លឺក្នុងសកម្មភាពកៅស៊ូ។

ជាកិច្ចបន្តទៀត លោក ប៉ិច សុវណ្ណូ បានថ្លែងសុន្ទរកថាស្វាគមន៍ចំពោះ​គណៈអធិបតី​និង​កសិករកៅស៊ូគ្រួសារ​ដែលមានវត្តមាននាថ្ងៃនេះ និងបានប្រកាសបើក​វគ្គបណ្តុះបណ្តាល​និងផ្សព្វ​ផ្សាយ។​ ទន្ទឹមនឹងនោះ លោកអគ្គនាយករង បានជម្រាប​ជូនដល់បងប្អូនកសិករកៅស៊ូគ្រួសារអំពីមូលហេតុដែលធ្វើឲ្យថ្លៃកៅស៊ូធម្មជាតិឡើង-ចុះដោយសារ៖ (i) ការផ្គត់ផ្គង់និងតម្រូវការមិនតុល្យភាពនឹងគ្នា (ii)​ ការប្រែប្រួលថ្លៃប្រេងឆៅ (iii) ការប្រែប្រួលថ្លៃតាម​ទីផ្សារ​អន្តរ​ជាតិ (iv) គ្រោះទឹកជំនន់និងការរាតត្បាត​នៃជំងឺស្លឹកប្រភេទថ្មី (v) ការជាប់គាំងបន្តកើត​មាន​នៅក្នុងឧស្សាហកម្មផលិតយានយន្តជាសាកល (vi) បញ្ហាមេរោគបំលែងថ្មី Omicron និង (vii)​ នាពេលថ្មីនេះៗ​ស្ថាន​ភាព​នយោបាយរវាងរុស្សីនិងអ៊ុយក្រែន ព្រមទាំង​សំណូម​ពរ​ឲ្យកសិករកៅស៊ូបន្តដាំនិងថែទាំ​ ដោយមិនគួរកាប់ដើមកៅស៊ូចោល​ប្ដូរ​ទៅដាំដំណាំ​ផ្សេងនោះទេ ព្រោះកៅស៊ូជាដំណាំ​ឧស្សាហ- កម្ម​មួយ​នៅតែមានប្រសិទ្ធិភាពសេដ្ឋកិច្ចខ្ពស់ជាងដំណាំដទៃទៀត ព្រោះវាជាតម្រូវការចាំបាច់សម្រាប់ឧស្សាហ​កមុ្មកម្មន្តសាលនៅបណ្តាប្រទេសលើពិភពលោក និងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សង្គម បរិស្ថាន ផ្តល់ការងារ និងចំណូលទៀងទាត់ដល់គ្រួសារផង ដែរ។

 បន្ទាប់មកទៀត លោក ហ៊ន​ សាផន បាន​លើកឡើងនូវចំណុចជា​គន្លឹះ​មួយ​ចំនួនរួមមាន​៖

១.ស្ថានភាពកៅស៊ូធម្មជាតិក្នុងនិងក្រៅស្រុក

២.កត្តាជះឥទ្ធិពលដល់ថ្លៃកៅស៊ូធម្មជាតិ

៣.ការធ្វើឲ្យថ្លៃកៅស៊ូធម្មជាតិប្រសើរឡើង

៤.ការតាមដានជាប្រចាំនូវព័ត៌មានថ្លៃកៅស៊ូក្នុងនិងក្រៅស្រុកដែលមានប្រភព៖ ហ្វេសប៊ុកនិង គេហទំព័ររបស់អគ្គនាយកដ្ឋានកៅស៊ូ និងគេហទំព័រក្រៅប្រទេស។

សេចក្ដីសន្និដ្ឋាន

ជាលទ្ធផល តាមរយៈការបណ្តុះបណ្តាល និងផ្សព្វផ្សាយអំពីទីផ្សារកៅស៊ូដែល​​បានរៀបចំ​នៅឃុំ​​គោកដូង ស្រុក​អង្គរជុំ ខេត្តសៀមរាបបានឲ្យ​ឃើញថា កសិករកៅស៊ូគ្រួសារ៖

      (១) បានចូលរួមនិងអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ដោយរក្សាគំលាត ពាក់ម៉ាស់ និងបាញ់ទឹកអាល់កុល។

      (២) បានយកចិត្តទុកដាក់ខ្ពស់​ក្នុងការតាម​ដានខ្លឹមសារ​មេ​រៀន​​​ពាក់​ព័ន្ធ​​នឹង​ស្ថានភាពនិង​និន្នាការថ្លៃ ​កៅស៊ូ​ធម្មជាតិ។

      (៣) ​បានសម្តែងនូវការពេញ​ចិត្ត​ដោយ​​​ទទួល បាននូវ​ព័ត៌មាន​​កៅស៊ូ​ថ្មីៗនិង​មាន​ការយល់ដឹងច្រើន អំពីទីផ្សារកៅស៊ូធម្មជាតិ៕

Latest News