ពីថ្ងៃទី២១-២៤ ខែកុម្ភៈ ឆ្នាំ២០២២ នាយកដ្ឋានទីផ្សារនិងសហប្រតិបត្តិការអន្តរជាតិ នៃអគ្គនាយកដ្ឋានកៅស៊ូបានបើកវគ្គបណ្តុះបណ្តាលនិងផ្សព្វផ្សាយអំពីទីផ្សារកៅស៊ូដល់កសិករកៅស៊ូគ្រួសារនៅឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ក្រោមអធិបតីភាពលោក ប៉ិច សុវណ្ណូ អគ្គនាយករងនៃអគ្គនាយកដ្ឋានកៅស៊ូ លោកស្រី សរ រឺណេ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប និងលោក កែម ហាំ ប្រធានក្រុមប្រឹក្សាឃុំគោកដូង ស្រុកអង្គរជុំ ព្រមទាំងកសិករកៅស៊ូគ្រួសារក្នុងសហគមន៍សរុបចំនួន៣៥នាក់ (ស្រី២នាក់)។ គោលបំណងនៃវគ្គបណ្តុះបណ្តាលនិងផ្សព្វផ្សាយគឺ៖ (១) ចង់ឲ្យបងប្អូនកសិករកៅស៊ូគ្រួសារក្នុងសហគមន៍មានអំណាចចរចារថ្លៃតាមរយៈការរួមគ្នាលក់ផលិត ផលកៅស៊ូធម្មជាតិជាលក្ខណៈប្រមូលផ្តុំ សំដៅកាត់បន្ថយសង្វាក់ឈ្មួញកណ្ដាលនិងលក់ដល់ទីផ្សារដោយខ្លួនឯង ហើយទទួលបានថ្លៃខ្ពស់និងចំណូលកើនឡើងនិង (២) ផ្តល់ការយល់ដឹងព័ត៌មានអំពីទីផ្សារនិងនិន្នាការកៅស៊ូធម្មជាតិពិភពលោក។
កិច្ចចាប់ផ្តើម លោក កែម ហាំ បានមានមតិស្វាគមន៍និងសំដែងនូវសេចក្តីរីករាយចំពោះគណៈអធិបតីនិងបងប្អូនកសិករកៅស៊ូគ្រួសារក្នុង សហគមន៍ដែលបានចំណាយពេលវេលាដ៏មមាញឹកចូលរួមក្នុងវគ្គបណ្តុះបណ្តាលនិងផ្សព្វផ្សាយអំពីទីផ្សារកៅស៊ូតាមការអញ្ជើញ។ ទន្ទឹមនឹងនោះ លោកក៏បានរាយការណ៍សង្ខេបអំពីស្ថានភាពនៃការដាំដុះប្រមូលផល ជាពិសេសស្ថានភាពនៃថ្លៃទិញ-លក់កៅស៊ូរបស់កសិករកៅស៊ូគ្រួសារនិងសហគមន៍កសិកម្មកៅស៊ូគ្រួសារគោកដូង និងបានរំលឹកដល់អង្គពិធីទាំងមូលត្រូវយកចិត្តទុកដាក់តាមដានលើខ្លឹមសារបទបង្ហាញរបស់ក្រុមការងារដើម្បីជាប្រយោជន៍ដល់ការលក់ដូរ កៅស៊ូ។
កិច្ចបន្តទៀត លោកស្រី សរ រឺណេ បានមានមតិថ្លែងអំណរគុណដល់ក្រុមការងារអគ្គនាយកដ្ឋានកៅស៊ូ ដែលបានចុះមកបើកវគ្គបណ្ដុះបណ្ដាលនិងផ្សព្វផ្សាយដល់កសិករកៅស៊ូគ្រួសារក្នុងឃុំគោកដូងនិងបានរាយការណ៍សង្ខេបអំពីការវិវត្តលើវិស័យកសិកម្ម ពិសេសដំណាំកៅស៊ូនៅក្នុងស្រុកអង្គរជុំ និងសំណូមឲ្យកសិករកៅស៊ូគ្រួសារក្នុងសហគមន៍យកចិត្តទុកដាក់ស្តាប់ការធ្វើបទបង្ហាញរបស់ក្រុមការងារពាក់ព័ន្ធនឹងព័ត៌មាន ទីផ្សារកៅស៊ូធម្មជាតិថ្មីៗក្នុងនិងក្រៅស្រុក ដោយលើកជាសំណួរពាក់ព័ន្ធនឹងនិន្នាការទីផ្សារកៅស៊ូធម្មជាតិឲ្យបានច្រើនដើម្បីជាប្រយោជន៍និងពន្លឺក្នុងសកម្មភាពកៅស៊ូ។
ជាកិច្ចបន្តទៀត លោក ប៉ិច សុវណ្ណូ បានថ្លែងសុន្ទរកថាស្វាគមន៍ចំពោះគណៈអធិបតីនិងកសិករកៅស៊ូគ្រួសារដែលមានវត្តមាននាថ្ងៃនេះ និងបានប្រកាសបើកវគ្គបណ្តុះបណ្តាលនិងផ្សព្វផ្សាយ។ ទន្ទឹមនឹងនោះ លោកអគ្គនាយករង បានជម្រាបជូនដល់បងប្អូនកសិករកៅស៊ូគ្រួសារអំពីមូលហេតុដែលធ្វើឲ្យថ្លៃកៅស៊ូធម្មជាតិឡើង-ចុះដោយសារ៖ (i) ការផ្គត់ផ្គង់និងតម្រូវការមិនតុល្យភាពនឹងគ្នា (ii) ការប្រែប្រួលថ្លៃប្រេងឆៅ (iii) ការប្រែប្រួលថ្លៃតាមទីផ្សារអន្តរជាតិ (iv) គ្រោះទឹកជំនន់និងការរាតត្បាតនៃជំងឺស្លឹកប្រភេទថ្មី (v) ការជាប់គាំងបន្តកើតមាននៅក្នុងឧស្សាហកម្មផលិតយានយន្តជាសាកល (vi) បញ្ហាមេរោគបំលែងថ្មី Omicron និង (vii) នាពេលថ្មីនេះៗស្ថានភាពនយោបាយរវាងរុស្សីនិងអ៊ុយក្រែន ព្រមទាំងសំណូមពរឲ្យកសិករកៅស៊ូបន្តដាំនិងថែទាំ ដោយមិនគួរកាប់ដើមកៅស៊ូចោលប្ដូរទៅដាំដំណាំផ្សេងនោះទេ ព្រោះកៅស៊ូជាដំណាំឧស្សាហ- កម្មមួយនៅតែមានប្រសិទ្ធិភាពសេដ្ឋកិច្ចខ្ពស់ជាងដំណាំដទៃទៀត ព្រោះវាជាតម្រូវការចាំបាច់សម្រាប់ឧស្សាហកមុ្មកម្មន្តសាលនៅបណ្តាប្រទេសលើពិភពលោក និងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សង្គម បរិស្ថាន ផ្តល់ការងារ និងចំណូលទៀងទាត់ដល់គ្រួសារផង ដែរ។
បន្ទាប់មកទៀត លោក ហ៊ន សាផន បានលើកឡើងនូវចំណុចជាគន្លឹះមួយចំនួនរួមមាន៖
១.ស្ថានភាពកៅស៊ូធម្មជាតិក្នុងនិងក្រៅស្រុក
២.កត្តាជះឥទ្ធិពលដល់ថ្លៃកៅស៊ូធម្មជាតិ
៣.ការធ្វើឲ្យថ្លៃកៅស៊ូធម្មជាតិប្រសើរឡើង
៤.ការតាមដានជាប្រចាំនូវព័ត៌មានថ្លៃកៅស៊ូក្នុងនិងក្រៅស្រុកដែលមានប្រភព៖ ហ្វេសប៊ុកនិង គេហទំព័ររបស់អគ្គនាយកដ្ឋានកៅស៊ូ និងគេហទំព័រក្រៅប្រទេស។
សេចក្ដីសន្និដ្ឋាន
ជាលទ្ធផល តាមរយៈការបណ្តុះបណ្តាល និងផ្សព្វផ្សាយអំពីទីផ្សារកៅស៊ូដែលបានរៀបចំនៅឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាបបានឲ្យឃើញថា កសិករកៅស៊ូគ្រួសារ៖
(១) បានចូលរួមនិងអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ដោយរក្សាគំលាត ពាក់ម៉ាស់ និងបាញ់ទឹកអាល់កុល។
(២) បានយកចិត្តទុកដាក់ខ្ពស់ក្នុងការតាមដានខ្លឹមសារមេរៀនពាក់ព័ន្ធនឹងស្ថានភាពនិងនិន្នាការថ្លៃ កៅស៊ូធម្មជាតិ។
(៣) បានសម្តែងនូវការពេញចិត្តដោយទទួល បាននូវព័ត៌មានកៅស៊ូថ្មីៗនិងមានការយល់ដឹងច្រើន អំពីទីផ្សារកៅស៊ូធម្មជាតិ៕