×
ពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានកៅស៊ូ

ពិធីបិទកិច្ច​ប្រជុំបូកសរុបលទ្ធផលការងារ​ឆ្នាំ​២០២១ និងលើកទិសដៅ​អនុវត្ត​ការងារឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានកៅស៊ូ​ បានប្រារព្ធធ្វើនៅទីស្តី​ការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​នៅ​ថ្ងៃ​ទី២៨ ខែមករា ឆ្នាំ២០២២។ កិច្ចប្រជុំនេះ បានការ​អញ្ជើញជាកិត្តិយសនិងអធិបតី​ដ៏ខ្ពង់​ខ្ពស់​ពីសំណាក់​​ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួម​និង​ឯកឧត្តម អ្នកឧកញ៉ា ឧកញ៉ា លោក/លោកស្រី អ្នកនាងកញ្ញាជាថ្នាក់ដឹកនាំអង្គភាព​ ក្រោមឱវាទ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់  និងនេសាទ មន្រ្តី​រាជការ​​នៃអគ្គនាយក​ដ្ឋាន​កៅស៊ូ​ វិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីខេត្ត សមាគមអភិវឌ្ឍន៍​កៅស៊ូកម្ពុជា សហគមន៍កសិកម្មកៅស៊ូ​គ្រួសារតាមតំបន់ តំណាងក្រុមហ៊ុនចម្ការកៅស៊ូកសិឧស្សាហកម្ម​ ម្ចាស់​រោងចក្រ និងសិប្បកម្មកែច្នៃជ័រនិងឈើកៅស៊ូ តំណាង​មក​ពី​ធនាគា​រ​អភិវឌ្ឍន៍​ជនបទនិងកសិកម្ម (ARDB) និងដៃគូអភិវឌ្ឍន៍។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ហ៊ឹម អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូ បានធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលនៃកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២២របស់អគ្គនាយកដ្ឋានកៅស៊ូ។

ជាកិច្ចបន្តឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  បានមានមតិសំណេះសំណាលនិងផ្តល់អនុសាសន៍ល្អៗដល់ មន្រ្តីរាជការនៃអគ្គនាយកដ្ឋានកៅស៊ូ ព្រមទាំងមន្រ្តីរាជការក្រោមឱវាទ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទាំងអស់ដែលបានចូលរួម ដើម្បីជាមាគ៌ាតម្រង់ទិសក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាឲ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ បន្ថែមពីលើនេះ ឯកឧត្តមរដ្ឋមន្រ្តីបានសង្កត់ធ្ងន់លើចំណុច​មួយចំនួនដល់អង្គប្រជុំក៏ដូចជាអគ្គនាយកដ្ឋានកៅស៊ូឱ្យយកចិត្តទុកដាក់ពិចារណា និងអនុវត្តឱ្យបានយ៉ាងសកម្ម​តាមចំណុចដូចខាងក្រោម៖

១. ត្រូវសហការ​ជាមួយ​បណ្តា​​ក្រុមហ៊ុនដែល​បាន​ធ្វើវិនិយោគនិង​ក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច ដាំកៅស៊ូទាំងអស់រួមទាំង​កៅស៊ូ​គ្រួសារផង​ដែរ លើការងារបច្ចេកទេស ការ​ងារ​​ដាំដុះក្នុង​បរិបទ​នៃការប្រែប្រួល​អាកាសធាតុ ការថែទាំ ការយកផល ការកែច្នៃ ការ​ពង្រីក​វិសាល​ភាពពិសោធន៍​នានាតាម​តំបន់ដែលមាន​សក្តានុពល​ដំណាំកៅស៊ូ រួមទាំងការនាំចេញឱ្យបាន​​សមស្រប​តាម​លក្ខខណ្ឌ​បច្ចេកទេស និងនីតិ​វិធី​​ជាធរមាន។

២.ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះទីផ្សារនាំចេញ​ផលិតផលកៅស៊ូនាពេលអនាគត។ ដូច្នេះ​ នៅ​ឆ្នាំ២០២២​ ​អគ្គនាយកដ្ឋានត្រូវគិតគូរជាចម្បង​ទៅលើ៖ (i) ធានាឲ្យទីផ្សារកៅស៊ូ​អន្តរជាតិមានការទទួល​​ស្គាល់ផលិតផល​កៅស៊ូ​កម្ពុជាថា ​ជា​ផលិត​ផល​​មាន​​ ​គុណភាព​តាមស្តង់​ដារ​ត្រឹមត្រូវ ព្រមទាំងយកចិត្តទុកដាក់ធ្វើយ៉ាងណា​ឱ្យ​មាន​ការ​​​ទទួលស្គាល់គុណភាពនៃ​មន្ទីរពិសោធន៍របស់​វិទ្យាស្ថានតាមស្តង់ដារ ISO (ii) ជំរុញការ​ធ្វើ​ពិពិធកម្មផលិតផល​កៅស៊ូ​កែច្នៃបឋមទៅជាប្រភេទ​​​ផលិតផលជ័រកៅស៊ូខាប់  និងកៅស៊ូចម្រុះ (Mixed Rubber) សម្រាប់ទីផ្សារដែល​មាន​សក្តានុពល ជាពិសេសគឺប្រទេសចិន (iii) សិក្សាអំពី​តម្រូវ​​ការធន​ធានមនុស្ស​ដែល​ជា​កត្តាគន្លឹះ​ នៃការឈានទៅមុខឆ្ពោះទៅរកវឌ្ឍនភាព ដោយត្រូវចេះប្រើប្រាស់​ធនធានមនុស្សឱ្យបានល្អ (iv) ត្រូវយក​ចិត្ត​ទុក​ដាក់ធ្វើការ​វិភាគ​អំពី​​តម្លៃនិងនិន្នាការទីផ្សារ​  ដោយផ្សារភ្ជាប់​នឹងប្រាក់​ឈ្នួល​ពលកម្មដែល​នាំ​ឲ្យ​មាន​កង្វះ​ពលកម្ម​នាពេលអនាគតនិង (v) ​ត្រូវ​ពិនិត្យ​​​​​ឡើងវិញ​អំពី​យន្ត​ការ​គ្រប់គ្រង​មួយ​ឱ្យបាន​ច្បាស់​លាស់ចំពោះ​ចម្ការ​​​​​កៅស៊ូ​​​កសិឧស្សាហកម្ម និង​​​ចម្ការ​កៅ​ស៊ូ​​គ្រួសាររួម​ទាំង​​រោងចក្រនិងសិប្បកម្ម កែច្នៃ​ជ័រនិងឈើ​កៅស៊ូ​បឋមផងដែរ។

៣. ត្រូវសិក្សាបន្ថែម៖ (i) លើ​ការងារស្រាវជ្រាវ​បច្ចេក​ទេសដូចជាការដាំដុះ ការថែទាំ​កូនកៅស៊ូ ការគ្រប់គ្រង​សមាសភាពចង្រៃ សរីរៈសាស្រ្តទឹកជ័រ ការយកផល និងការកែច្នៃ​ ពិសេសការស្រាវជ្រាវរក​ពូជ​កៅស៊ូ​ថ្មីៗ​​ដែលធន់​ទៅនឹងការប្រែប្រួលអាកាសធាតុ និងមានទិន្នផលខ្ពស់ទាំងផលិតផល​ជ័រនិងឈើ​កៅស៊ូ (ii) ការពង្រីកទី​តាំង​​ស្ថានីយ៍និងមន្ទីរ​ពិសោធន៍ និងបង្កើន​សមត្ថ​ភាព​ស្រាវជ្រាវ ​ផ្សព្វផ្សាយ និងផ្ទេរ​បច្ចេកវិទ្យា​ (iii) បន្តយក​ចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុង​ការ​ពង្រីក​និង​​រក្សា​ទុក​ប្រភពផ្ដល់រុក្ខសម្ភារកៅស៊ូសម្រាប់​​​​​​​ការ​អភិវឌ្ឍ​ចម្ការ​កៅស៊ូនាពេលអនាគត ជាពិសេស​ច្បារ​​ពូជ​​ដែលបានធ្វើ DNA រួច​ហើយ​ ​​ព្រម​ទាំង​​​​​សហការអនុវត្តកម្មវិធីផ្លាស់ប្តូរក្លូនពហុភាគីក្នុងក្របខណ្ឌនៃប្រទេសជាសមាជិក IRRDB

៤.ត្រូវ​បន្ត​ជំរុញចងក្រងនិងពង្រឹងសហគមន៍កសិកម្មកៅស៊ូគ្រួសារ​​ ដើម្បីបង្កើតកាលានុវត្តភាពក្នុងការ​ការពារ​ផល​ប្រយោជន៍របស់កសិករទាំងការដាំដុះ ការយកផល ការកែច្នៃ ទាំងអំណាច​នៃការចរចា ថ្លៃ​ក្នុងពេល​​​លក់​ផលិតផលកៅស៊ូ និងការទិញធាតុចូលផងដែរ។ ប្រសិនបើ សហគមន៍​នេះកើត​បាន​ច្រើន​    នោះកសិករ​​កៅស៊ូគ្រួសារ​នឹង​មានលទ្ធភាព ​ស្វែង​រកប្រភពទុន​ដែលអាចកសាងមណ្ឌល​ឬមជ្ឍមណ្ឌល​​កែច្នៃ​ផលិត​ផល​​​​កៅស៊ូ​រួមដោយ​ខ្លួនឯងដែល កត្តានេះ​ជាគោលបំណងចម្បងរបស់សហគមន៍និងជា​ឱកាស​ឲ្យ​កសិករ​ជៀសផុតពីការកៀបសង្កត់ថ្លៃពីឈ្មួញកណ្តាលនិងអ្នកប្រមូលទិញ  ដើម្បីឲ្យកសិករដើរ​ដល់​​ទីផ្សារដោយខ្លួនឯងផ្ទាល់និងទទួលបានចំណូលជាអតិបរមា ដោយមិនមើលរំលងអំពីការ អនុវត្តយន្តការកសិកម្មតាមកិច្ចសន្យានោះឡើយ។

៥.ត្រូវជំរុញការអភិវឌ្ឍឧស្សាហកម្មកៅស៊ូធម្ម-ជាតិនៅកម្ពុជាឲ្យមានវឌ្ឍនភាពប្រកប​ដោយ​ក្តីសង្ឃឹម​​ខ្លាំង​​ថែមទៀត គឺត្រូវចូលរួមពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់មន្រ្តី​កៅស៊ូគ្រប់លំដាប់ថ្នាក់ ពិសេស​​មន្រ្តី​នៅ​តាម​​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលមានសក្តានុពលខាងកៅស៊ូ ដើម្បី​​មាន​សមត្ថភាព​គ្រប់គ្រាន់ក្នុងការចុះជួយ​ពង្រឹង​​សមត្ថភាពរបស់កសិករ​​និង​សហគមន៍កៅស៊ូ​ ឲ្យកាន់តែ​មាន​បច្ចេក​ទេសនិងជំ​នាញកាន់តែប្រសើរឡើង ដោយត្រូវគិត​គូរអំពីការ​បណ្តុះ​បណ្តាល​និង​ផ្សព្វផ្សាយ​បច្ចេកវិទ្យា​ដំ​ណាំកៅស៊ូដល់កសិករឲ្យបានច្រើនថែមទៀត រួម​ទាំងការធ្វើពិពិធកម្ម​ដំណាំ ការថែទាំ ការ​​ដាំ​ដំណាំ​ចន្លោះរង ការយកផល ការទុកដាក់ផលិតផលជ័រកៅស៊ូ ការ​កែច្នៃ​កៅស៊ូសន្លឹក ព្រមទាំង​​បន្តបង្កើនការ​បណ្តុះបណ្តាលជំនាញចៀរជ័រដល់កសិករអោយបាន ច្រើនស្រប​តាមកំណើនផ្ទៃដីដែលត្រូវប្រមូល​ផល។ ជាពិសេសត្រូវយកចិត្តទុក​ដាក់​ជួយ​ណែនាំផ្សព្វ​ផ្សាយ​​បន្ថែមដល់កសិករដាំកៅស៊ូ អំពីទីផ្សារកៅស៊ូ តាមរយះការបង្កើតប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ប្រកប​ដោយ​​​​ភាពវៃឆ្លាត និងជៀសវាងការកាប់ដើមកៅស៊ូចោល​នៅពេល​កៅស៊ូ​ធ្លាក់ថ្លៃ។

៦. ត្រូវ​បន្តកៀរគរនិង​ទាក់​ទាញ​រកប្រភពហិរញ្ញប្បទានឬបច្ចេកវិទ្យាពីដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត ជា​ពិសេសជាមួយទីភ្នាក់ងារបារាំងសម្រាប់ការ អភិវឌ្ឍន៍ (AFD) អង្គការ FAO អង្គការ WWF អង្គការ OX-FAM ដើម្បី​អនុវត្ត​​ឱ្យ​សម្រេច​​​គោលដៅសូចនាករនៃផែនការយុទ្ធសាស្រ្ត​អភិវឌ្ឍន៍កៅស៊ូ​ធម្មជាតិឆ្ពោះទៅឆ្នាំ២០៣០ ​ឱ្យ​​ទទួល​បាន​ជោគជ័យតាមគោលដៅ ដែលបានកំណត់។​ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តា​ប្រទេស​ផលិតប្រើប្រាស់​កៅស៊ូសំខាន់​ៗ តាមរយៈការរៀបចំនូវចុះអនុស្សរណៈយោគយល់ (MOU) ដើម្បី​ផ្លាស់​ប្តូរ​បច្ចេកវិទ្យា ការសិក្សា​ស្រាវ​ជ្រាវ និងបទពិសោធន៍ល្អៗក៏ដូចជាការរកទីផ្សារ​ថ្មីៗ​ផងដែរ។ ទន្ទឹម​នឹង​​នេះ ក៏មិនត្រូវ​មើល​​រំលង​អំពី​ការ​ខិតខំអនុវត្តធ្វើការ​ប្រមូលចំណូលដែល​​​បានពីការ​ជួល​ទី​តាំង​​​​ដី​ចម្ការ​​កៅស៊ូនិងអចលន​ទ្រព្យ​​ផ្សេង​ទៀត ក្រោម​សមត្ថកិច្ច​របស់ខ្លួនឱ្យ​បានសម្រេច​តាមគោល​​​ដៅ​ដែល​គ្រោងទុកប្រកបដោយតម្លាភាព។

៧.ត្រូវជួយសម្របសម្រួលនិងពង្រឹងសកម្មភាពរបស់សមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា (ARDC) ដែល​ជា​ផ្នែក​ឯកជនដ៏សំខាន់ក្នុងការជួយទ្រទ្រង់ដល់ការអភិវឌ្ឍវិស័យកៅស៊ូឲ្យមានដំណើរការ​កាន់តែសកម្មទ្វេរ​ឡើង​​ និង​ប្រមូល​ផ្តុំគ្រប់ប្រតិបត្តិករកៅស៊ូទាំងអស់​ឲ្យចូលជាសមាជិក​ របស់​សមាគម​នេះតាម​នីតិវិធី។ ទន្ទឹមនឹងនេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទខេត្តនៅជាប់ព្រំដែនត្រូវរាយការណ៍និងស្នើសុំកិច្ចអន្តរាគមន៍ពីរដ្ឋបាលខេត្ត ដើម្បី​ជួយ​ទប់​ស្កាត់​​​ការលួច​នាំ​ចេញនាំចូល​ផលិតផលកសិកម្ម ដោយខុសច្បាប់ដែលក្នុងនោះក៏មានផលិតផលកៅស៊ូផងដែរ ក្នុងស្មារតីទទួលខុសត្រូវនិងឆន្ទៈម្ចាស់ការក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ជាទីបញ្ចប់នៃកម្មវិធី ឯកឧត្តម  វេង សាខុន  បានថ្លែងអំណរគុណនិងសម្តែងនូវសេចក្តីសោមនស្សរីករាយ​កោតសរសើរ និងបាន​វាយ​តម្លៃ​​ខ្ពស់ ចំពោះ​​​ថ្នាក់ដឹកនាំមន្ត្រីរាជ​ការ​​​​គ្រប់​រូបគ្រប់​​​ជាន់​​ថ្នាក់ដែលបាន​​ចូល​រួម​ចំណែក​ក្នុង​បុព្វហេតុ​នៃការ​លើកកម្ពស់វិស័យកសិកម្ម​​នៅ​​កម្ពុជា ជាពិ​សេស អនុ​​វិស័យ​កៅស៊ូ​ធម្មជាតិ​និងបានបំពាក់គ្រឿងឥស្សរិយយស​ជូន​ដល់មន្ត្រីរាជការ នៃអគ្គនាយកដ្ឋានកៅស៊ូចំនួ​ន​២៣នាក់ ស្រី២នាក់ ដែលមានស្នាដៃល្អក្នុងការ​បម្រើ​ការងារជូនជាតិមាតុភូមិនាពេលកន្លងមក៕

Latest News