ពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានកៅស៊ូ បានប្រារព្ធធ្វើនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២។ កិច្ចប្រជុំនេះ បានការអញ្ជើញជាកិត្តិយសនិងអធិបតីដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមនិងឯកឧត្តម អ្នកឧកញ៉ា ឧកញ៉ា លោក/លោកស្រី អ្នកនាងកញ្ញាជាថ្នាក់ដឹកនាំអង្គភាព ក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្រ្តីរាជការនៃអគ្គនាយកដ្ឋានកៅស៊ូ វិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីខេត្ត សមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា សហគមន៍កសិកម្មកៅស៊ូគ្រួសារតាមតំបន់ តំណាងក្រុមហ៊ុនចម្ការកៅស៊ូកសិឧស្សាហកម្ម ម្ចាស់រោងចក្រ និងសិប្បកម្មកែច្នៃជ័រនិងឈើកៅស៊ូ តំណាងមកពីធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB) និងដៃគូអភិវឌ្ឍន៍។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ហ៊ឹម អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូ បានធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលនៃកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២២របស់អគ្គនាយកដ្ឋានកៅស៊ូ។
ជាកិច្ចបន្តឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានមតិសំណេះសំណាលនិងផ្តល់អនុសាសន៍ល្អៗដល់ មន្រ្តីរាជការនៃអគ្គនាយកដ្ឋានកៅស៊ូ ព្រមទាំងមន្រ្តីរាជការក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទាំងអស់ដែលបានចូលរួម ដើម្បីជាមាគ៌ាតម្រង់ទិសក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាឲ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ បន្ថែមពីលើនេះ ឯកឧត្តមរដ្ឋមន្រ្តីបានសង្កត់ធ្ងន់លើចំណុចមួយចំនួនដល់អង្គប្រជុំក៏ដូចជាអគ្គនាយកដ្ឋានកៅស៊ូឱ្យយកចិត្តទុកដាក់ពិចារណា និងអនុវត្តឱ្យបានយ៉ាងសកម្មតាមចំណុចដូចខាងក្រោម៖
១. ត្រូវសហការជាមួយបណ្តាក្រុមហ៊ុនដែលបានធ្វើវិនិយោគនិងក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច ដាំកៅស៊ូទាំងអស់រួមទាំងកៅស៊ូគ្រួសារផងដែរ លើការងារបច្ចេកទេស ការងារដាំដុះក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ ការថែទាំ ការយកផល ការកែច្នៃ ការពង្រីកវិសាលភាពពិសោធន៍នានាតាមតំបន់ដែលមានសក្តានុពលដំណាំកៅស៊ូ រួមទាំងការនាំចេញឱ្យបានសមស្របតាមលក្ខខណ្ឌបច្ចេកទេស និងនីតិវិធីជាធរមាន។
២.ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះទីផ្សារនាំចេញផលិតផលកៅស៊ូនាពេលអនាគត។ ដូច្នេះ នៅឆ្នាំ២០២២ អគ្គនាយកដ្ឋានត្រូវគិតគូរជាចម្បងទៅលើ៖ (i) ធានាឲ្យទីផ្សារកៅស៊ូអន្តរជាតិមានការទទួលស្គាល់ផលិតផលកៅស៊ូកម្ពុជាថា ជាផលិតផលមាន គុណភាពតាមស្តង់ដារត្រឹមត្រូវ ព្រមទាំងយកចិត្តទុកដាក់ធ្វើយ៉ាងណាឱ្យមានការទទួលស្គាល់គុណភាពនៃមន្ទីរពិសោធន៍របស់វិទ្យាស្ថានតាមស្តង់ដារ ISO (ii) ជំរុញការធ្វើពិពិធកម្មផលិតផលកៅស៊ូកែច្នៃបឋមទៅជាប្រភេទផលិតផលជ័រកៅស៊ូខាប់ និងកៅស៊ូចម្រុះ (Mixed Rubber) សម្រាប់ទីផ្សារដែលមានសក្តានុពល ជាពិសេសគឺប្រទេសចិន (iii) សិក្សាអំពីតម្រូវការធនធានមនុស្សដែលជាកត្តាគន្លឹះ នៃការឈានទៅមុខឆ្ពោះទៅរកវឌ្ឍនភាព ដោយត្រូវចេះប្រើប្រាស់ធនធានមនុស្សឱ្យបានល្អ (iv) ត្រូវយកចិត្តទុកដាក់ធ្វើការវិភាគអំពីតម្លៃនិងនិន្នាការទីផ្សារ ដោយផ្សារភ្ជាប់នឹងប្រាក់ឈ្នួលពលកម្មដែលនាំឲ្យមានកង្វះពលកម្មនាពេលអនាគតនិង (v) ត្រូវពិនិត្យឡើងវិញអំពីយន្តការគ្រប់គ្រងមួយឱ្យបានច្បាស់លាស់ចំពោះចម្ការកៅស៊ូកសិឧស្សាហកម្ម និងចម្ការកៅស៊ូគ្រួសាររួមទាំងរោងចក្រនិងសិប្បកម្ម កែច្នៃជ័រនិងឈើកៅស៊ូបឋមផងដែរ។
៣. ត្រូវសិក្សាបន្ថែម៖ (i) លើការងារស្រាវជ្រាវបច្ចេកទេសដូចជាការដាំដុះ ការថែទាំកូនកៅស៊ូ ការគ្រប់គ្រងសមាសភាពចង្រៃ សរីរៈសាស្រ្តទឹកជ័រ ការយកផល និងការកែច្នៃ ពិសេសការស្រាវជ្រាវរកពូជកៅស៊ូថ្មីៗដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងមានទិន្នផលខ្ពស់ទាំងផលិតផលជ័រនិងឈើកៅស៊ូ (ii) ការពង្រីកទីតាំងស្ថានីយ៍និងមន្ទីរពិសោធន៍ និងបង្កើនសមត្ថភាពស្រាវជ្រាវ ផ្សព្វផ្សាយ និងផ្ទេរបច្ចេកវិទ្យា (iii) បន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រីកនិងរក្សាទុកប្រភពផ្ដល់រុក្ខសម្ភារកៅស៊ូសម្រាប់ការអភិវឌ្ឍចម្ការកៅស៊ូនាពេលអនាគត ជាពិសេសច្បារពូជដែលបានធ្វើ DNA រួចហើយ ព្រមទាំងសហការអនុវត្តកម្មវិធីផ្លាស់ប្តូរក្លូនពហុភាគីក្នុងក្របខណ្ឌនៃប្រទេសជាសមាជិក IRRDB។
៤.ត្រូវបន្តជំរុញចងក្រងនិងពង្រឹងសហគមន៍កសិកម្មកៅស៊ូគ្រួសារ ដើម្បីបង្កើតកាលានុវត្តភាពក្នុងការការពារផលប្រយោជន៍របស់កសិករទាំងការដាំដុះ ការយកផល ការកែច្នៃ ទាំងអំណាចនៃការចរចា ថ្លៃក្នុងពេលលក់ផលិតផលកៅស៊ូ និងការទិញធាតុចូលផងដែរ។ ប្រសិនបើ សហគមន៍នេះកើតបានច្រើន នោះកសិករកៅស៊ូគ្រួសារនឹងមានលទ្ធភាព ស្វែងរកប្រភពទុនដែលអាចកសាងមណ្ឌលឬមជ្ឍមណ្ឌលកែច្នៃផលិតផលកៅស៊ូរួមដោយខ្លួនឯងដែល កត្តានេះជាគោលបំណងចម្បងរបស់សហគមន៍និងជាឱកាសឲ្យកសិករជៀសផុតពីការកៀបសង្កត់ថ្លៃពីឈ្មួញកណ្តាលនិងអ្នកប្រមូលទិញ ដើម្បីឲ្យកសិករដើរដល់ទីផ្សារដោយខ្លួនឯងផ្ទាល់និងទទួលបានចំណូលជាអតិបរមា ដោយមិនមើលរំលងអំពីការ អនុវត្តយន្តការកសិកម្មតាមកិច្ចសន្យានោះឡើយ។
៥.ត្រូវជំរុញការអភិវឌ្ឍឧស្សាហកម្មកៅស៊ូធម្ម-ជាតិនៅកម្ពុជាឲ្យមានវឌ្ឍនភាពប្រកបដោយក្តីសង្ឃឹមខ្លាំងថែមទៀត គឺត្រូវចូលរួមពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់មន្រ្តីកៅស៊ូគ្រប់លំដាប់ថ្នាក់ ពិសេសមន្រ្តីនៅតាមមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលមានសក្តានុពលខាងកៅស៊ូ ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចុះជួយពង្រឹងសមត្ថភាពរបស់កសិករនិងសហគមន៍កៅស៊ូ ឲ្យកាន់តែមានបច្ចេកទេសនិងជំនាញកាន់តែប្រសើរឡើង ដោយត្រូវគិតគូរអំពីការបណ្តុះបណ្តាលនិងផ្សព្វផ្សាយបច្ចេកវិទ្យាដំណាំកៅស៊ូដល់កសិករឲ្យបានច្រើនថែមទៀត រួមទាំងការធ្វើពិពិធកម្មដំណាំ ការថែទាំ ការដាំដំណាំចន្លោះរង ការយកផល ការទុកដាក់ផលិតផលជ័រកៅស៊ូ ការកែច្នៃកៅស៊ូសន្លឹក ព្រមទាំងបន្តបង្កើនការបណ្តុះបណ្តាលជំនាញចៀរជ័រដល់កសិករអោយបាន ច្រើនស្របតាមកំណើនផ្ទៃដីដែលត្រូវប្រមូលផល។ ជាពិសេសត្រូវយកចិត្តទុកដាក់ជួយណែនាំផ្សព្វផ្សាយបន្ថែមដល់កសិករដាំកៅស៊ូ អំពីទីផ្សារកៅស៊ូ តាមរយះការបង្កើតប្រព័ន្ធផ្សព្វផ្សាយប្រកបដោយភាពវៃឆ្លាត និងជៀសវាងការកាប់ដើមកៅស៊ូចោលនៅពេលកៅស៊ូធ្លាក់ថ្លៃ។
៦. ត្រូវបន្តកៀរគរនិងទាក់ទាញរកប្រភពហិរញ្ញប្បទានឬបច្ចេកវិទ្យាពីដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត ជាពិសេសជាមួយទីភ្នាក់ងារបារាំងសម្រាប់ការ អភិវឌ្ឍន៍ (AFD) អង្គការ FAO អង្គការ WWF អង្គការ OX-FAM ដើម្បីអនុវត្តឱ្យសម្រេចគោលដៅសូចនាករនៃផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍កៅស៊ូធម្មជាតិឆ្ពោះទៅឆ្នាំ២០៣០ ឱ្យទទួលបានជោគជ័យតាមគោលដៅ ដែលបានកំណត់។ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសផលិតប្រើប្រាស់កៅស៊ូសំខាន់ៗ តាមរយៈការរៀបចំនូវចុះអនុស្សរណៈយោគយល់ (MOU) ដើម្បីផ្លាស់ប្តូរបច្ចេកវិទ្យា ការសិក្សាស្រាវជ្រាវ និងបទពិសោធន៍ល្អៗក៏ដូចជាការរកទីផ្សារថ្មីៗផងដែរ។ ទន្ទឹមនឹងនេះ ក៏មិនត្រូវមើលរំលងអំពីការខិតខំអនុវត្តធ្វើការប្រមូលចំណូលដែលបានពីការជួលទីតាំងដីចម្ការកៅស៊ូនិងអចលនទ្រព្យផ្សេងទៀត ក្រោមសមត្ថកិច្ចរបស់ខ្លួនឱ្យបានសម្រេចតាមគោលដៅដែលគ្រោងទុកប្រកបដោយតម្លាភាព។
៧.ត្រូវជួយសម្របសម្រួលនិងពង្រឹងសកម្មភាពរបស់សមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា (ARDC) ដែលជាផ្នែកឯកជនដ៏សំខាន់ក្នុងការជួយទ្រទ្រង់ដល់ការអភិវឌ្ឍវិស័យកៅស៊ូឲ្យមានដំណើរការកាន់តែសកម្មទ្វេរឡើង និងប្រមូលផ្តុំគ្រប់ប្រតិបត្តិករកៅស៊ូទាំងអស់ឲ្យចូលជាសមាជិក របស់សមាគមនេះតាមនីតិវិធី។ ទន្ទឹមនឹងនេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តនៅជាប់ព្រំដែនត្រូវរាយការណ៍និងស្នើសុំកិច្ចអន្តរាគមន៍ពីរដ្ឋបាលខេត្ត ដើម្បីជួយទប់ស្កាត់ការលួចនាំចេញនាំចូលផលិតផលកសិកម្ម ដោយខុសច្បាប់ដែលក្នុងនោះក៏មានផលិតផលកៅស៊ូផងដែរ ក្នុងស្មារតីទទួលខុសត្រូវនិងឆន្ទៈម្ចាស់ការក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ជាទីបញ្ចប់នៃកម្មវិធី ឯកឧត្តម វេង សាខុន បានថ្លែងអំណរគុណនិងសម្តែងនូវសេចក្តីសោមនស្សរីករាយកោតសរសើរ និងបានវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់រូបគ្រប់ជាន់ថ្នាក់ដែលបានចូលរួមចំណែកក្នុងបុព្វហេតុនៃការលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជា ជាពិសេស អនុវិស័យកៅស៊ូធម្មជាតិនិងបានបំពាក់គ្រឿងឥស្សរិយយសជូនដល់មន្ត្រីរាជការ នៃអគ្គនាយកដ្ឋានកៅស៊ូចំនួន២៣នាក់ ស្រី២នាក់ ដែលមានស្នាដៃល្អក្នុងការបម្រើការងារជូនជាតិមាតុភូមិនាពេលកន្លងមក៕