×
ស្ថានភាពកៅស៊ូធម្មជាតិប្រចាំខែធ្នូ ឆ្នាំ២០២១

មួយឆ្នាំកន្លងមកនេះ ថ្លៃកៅស៊ូធម្មជាតិបានប្រែប្រួលទៅតាមកត្តាច្រើនយ៉ាង ទាំងទីផ្សារលក់​ប្រចាំថ្ងៃ (physical market) និងទីផ្សារអនាគត (future market)។ កត្តាសំខាន់មួយនៅក្នុងចំណោម​កត្តា​សំខាន់​ទាំងនេះ គឺការឆ្លងរាលដាលជំងឺកូវីដពីប្រភទវីរុស ប្រភេទដំបូងទៅប្រភេទវីរុសដែលតា បន្ទាប់មក នៅចុង​ឆ្នាំ​នេះគឺអូមីក្រុងសុទ្ធតែមានផលប៉ះពាល់ដល់ការប្រែប្រួលថ្លៃកៅស៊ូជានិច្ច។ ប្រសិនបើយើង​ប្រៀប​ធៀបថ្លៃកៅស៊ូនៅពាក់កណ្តាលឆ្នាំ២០២០ ធៀបនឹងពាក់កណ្តាលឆ្នាំ២០២១ យើងឃើញ​ថា​ ​ថ្លៃ​កៅ​​ស៊ូ​ឆ្នាំ២០២១ កើនឡើង ២៩,៣៥%។ ទោះបីជាយ៉ាងណា ក្នុងរយៈពេលមួយឆ្នាំនៃឆ្នាំ២០២១ ស្ថានភាព​កៅស៊ូ​នៅ​ប្រទេស​កម្ពុជាបានបង្ហាញថា ផ្ទៃដីកៅស៊ូសរុបមានចំនួន៤០៤ ០៤៤​ហិកតា ក្នុងនោះផ្ទៃដីចៀរ​ជ័រ​មានចំនួន៣១០​ ១៩៣ហិក​តា​ ស្មើនឹ​ង ​៧៧% និងផ្ទៃដីថែទាំមានចំនួន៩៣ ៨៥១ហិកតា ស្មើនឹង​ ​២៣%។ បរិមាណ​ផលិត​ផលសរុបសម្រេចបានក្នុងខែធ្នូ ឆ្នាំ២០២១ មានចំនួន​ ៥០ ៨៩១តោន បានកើនឡើងចំនួន៣ ៧៨២​តោន(=+៨%) ធៀបនឹងខែមុន និងបានថយចុះចំនួន​៧ ០៩២តោន​ (=-១២%) ធៀបនឹងរយៈ​ពេល​ដូច​គ្នា​​ក្នុងឆ្នាំ២០២០។ រហូតមកដល់ខែធ្នូ ឆ្នាំ២០២១ បរិមាណផលិតផលសរុបសម្រេចបានចំនួន ៣៦៨ ០០០តោន កើនឡើងចំនួន ១៨ ៧០០តោន​   (=+៥%)​ ធៀបនឹងរយៈ​ពេល​ដូចគ្នាឆ្នាំ​២០២០។ បរិមាណ​បញ្ចេញលក់សរុបក្នុងខែធ្នូ ឆ្នាំ២០២១ មានចំនួន​ ៥២ ៨៥៣តោន កើនឡើងចំនួន ៥ ៨៧៥​តោន (=+១%) ធៀបនឹងខែមុន និងបានកើនឡើងចំនួន ៧៦តោន (=​+១%) ធៀបនឹងរយៈពេល​ដូចគ្នា​ក្នុងឆ្នាំ២០២០។​ បរិមាណបញ្ចេញលក់សរុបរយៈពេល១២ខែឆ្នាំ២០២១ មានចំនួន៣៦៦ ៣០០​តោន បាន​កើនឡើងចំនួន២៨ ០០០តោន (=​+៨%) ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ថ្លៃលក់​ជា​មធ្យម​​ក្នុងខែធ្នូគឺ១ ៦៨១US$/តោន បានកើនឡើងចំនួន១២US$/តោន (=+១,៤%)  ធៀបនឹងខែមុននិង បានកើនឡើងចំនួន ៧៦US$/តោន (=​+៥%) ធៀបនឹងខែរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តម្លៃលក់ជាមធ្យមរយៈពេល១២ខែឆ្នាំ២០២១ គឺ១ ៦៦៦US$/តោន បានកើនឡើងចំនួន២៨៤US$/តោន (=​+២១%) ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំពោះស្ថានភាពទិញជ័រកៅស៊ូគ្រួសារតាមតំបន់នានាប្រចាំខែធ្នូ មាន​តម្លៃចាប់ពី៥ ៩០០៛/គ.ក្រ - ៦ ១០០៛/គ.ក្រ សម្រាប់ជ័រស្ងួត (មិនមានការប្រែប្រួលទេធៀបនឹងខែមុន) និងចាប់ពី២ ៦៥០៛/គ.ក្រ - ៣ ៣០០៛/គ.ក្រ សម្រាប់ជ័រកក (មិនប្រែប្រួលទេធៀបនឹងខែមុន) អាស្រ័យតាមតំបន់​និង​រយ:​ពេល​បង្កក។

យោងតាមរបាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០២១ របស់សមាគមបណ្តាប្រទេសផលិតកៅស៊ូធម្មជាតិ (ANRPC) បានបង្ហាញថា ទោះបីជាសេដ្ឋកិច្ចពិភពលោកត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារជំងឺរាតត្បាត Covid-19 ក្នុងឆ្នាំ២០២០ក៏ដោយ ក៏ឧស្សាហកម្មកៅស៊ូធម្មជាតិ (NR) បានប្រកាសពីការងើបឡើងវិញយ៉ាងខ្លាំងនៃតម្រូវការជាមួយនឹងកំណើន ៨,៧% ក្នុងឆ្នាំ២០២១នេះ។ ខណៈពេលដែលផលិតកម្មកៅស៊ូធម្មជាតិបានកើនក្នុងកំណើន ១,៧% បើធៀបទៅនឹងឆ្នាំមុន។ ថ្លៃកៅស៊ូធម្មជាតិក៏មានភាពប្រសើរឡើងនិងថ្លៃកៅស៊ូប្រភេទ TSR-20 ជាមធ្យមប្រហែល ១,៦៨ដុល្លារ/គ.ក្រ រីឯថ្លៃកៅស៊ូប្រភេទ RSS គឺ ២,១៧ដុល្លារ/គ.ក្រ ក្នុងអំឡុងឆ្នាំ២០២១ បន្ទាប់ពីមានភាពមិនច្បាស់លាស់ជាច្រើនដូចជា៖ ការផ្ទុះឡើងមេរោគបំលែងថ្មីនៃ Covid-19 ការរំខាននៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់ពិភពលោកដែលបណ្តាលមកពីកង្វះ ខាតបន្ទះឈីបជាសាកល ថ្លៃដឹក​ជញ្ជូនខ្ពស់និងផ្សេងៗទៀត។

វិធាន​នៃគ្រប់​គ្រង​​ជំងឺ​រាតត្បាត​ដ៏​មាន​ប្រសិទ្ធិ​ភាព​គឺ​ជា​គន្លឹះ​ដើម្បី​ទ្រទ្រង់ដល់​ការ​​ងើបឡើងវិញនៃ​សេដ្ឋកិច្ច​ក្រោយ​ការ​រាតត្បាត។ បើមិនដូច្នេះទេ ការបន្តងើបឡើងវិញនៃសេដ្ឋកិច្ច​នីមួយៗនឹងទទួលរងនូវការទប់ស្កាត់នៅពេលដែលករណី Covid-19 កើនឡើង។ ម្យ៉ាងទៀតសេដ្ឋកិច្ចនឹងមិនអាចដើរចេញពីការវិវត្តនៃរូបរាងបំលែងថ្មី Covid-19 ដែលអាចជះឥទ្ធិពលអាក្រក់ដល់ការងើបឡើងវិញ។ ដូច្នេះផលិតផលឱសថផ្សេងៗទៀតសម្រាប់ព្យាបាល Covid-19 អាចមានសារៈសំខាន់ចំពោះសេដ្ឋកិច្ចដើម្បីបំបែកស្ថានភាពបច្ចុប្បន្ន ក្រៅពីការវ៉ាក់សាំងនិងវិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគ៕

Latest News