មួយឆ្នាំកន្លងមកនេះ ថ្លៃកៅស៊ូធម្មជាតិបានប្រែប្រួលទៅតាមកត្តាច្រើនយ៉ាង ទាំងទីផ្សារលក់ប្រចាំថ្ងៃ (physical market) និងទីផ្សារអនាគត (future market)។ កត្តាសំខាន់មួយនៅក្នុងចំណោមកត្តាសំខាន់ទាំងនេះ គឺការឆ្លងរាលដាលជំងឺកូវីដពីប្រភទវីរុស ប្រភេទដំបូងទៅប្រភេទវីរុសដែលតា បន្ទាប់មក នៅចុងឆ្នាំនេះគឺអូមីក្រុងសុទ្ធតែមានផលប៉ះពាល់ដល់ការប្រែប្រួលថ្លៃកៅស៊ូជានិច្ច។ ប្រសិនបើយើងប្រៀបធៀបថ្លៃកៅស៊ូនៅពាក់កណ្តាលឆ្នាំ២០២០ ធៀបនឹងពាក់កណ្តាលឆ្នាំ២០២១ យើងឃើញថា ថ្លៃកៅស៊ូឆ្នាំ២០២១ កើនឡើង ២៩,៣៥%។ ទោះបីជាយ៉ាងណា ក្នុងរយៈពេលមួយឆ្នាំនៃឆ្នាំ២០២១ ស្ថានភាពកៅស៊ូនៅប្រទេសកម្ពុជាបានបង្ហាញថា ផ្ទៃដីកៅស៊ូសរុបមានចំនួន៤០៤ ០៤៤ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន៣១០ ១៩៣ហិកតា ស្មើនឹង ៧៧% និងផ្ទៃដីថែទាំមានចំនួន៩៣ ៨៥១ហិកតា ស្មើនឹង ២៣%។ បរិមាណផលិតផលសរុបសម្រេចបានក្នុងខែធ្នូ ឆ្នាំ២០២១ មានចំនួន ៥០ ៨៩១តោន បានកើនឡើងចំនួន៣ ៧៨២តោន(=+៨%) ធៀបនឹងខែមុន និងបានថយចុះចំនួន៧ ០៩២តោន (=-១២%) ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។ រហូតមកដល់ខែធ្នូ ឆ្នាំ២០២១ បរិមាណផលិតផលសរុបសម្រេចបានចំនួន ៣៦៨ ០០០តោន កើនឡើងចំនួន ១៨ ៧០០តោន (=+៥%) ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។ បរិមាណបញ្ចេញលក់សរុបក្នុងខែធ្នូ ឆ្នាំ២០២១ មានចំនួន ៥២ ៨៥៣តោន កើនឡើងចំនួន ៥ ៨៧៥តោន (=+១%) ធៀបនឹងខែមុន និងបានកើនឡើងចំនួន ៧៦តោន (=+១%) ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។ បរិមាណបញ្ចេញលក់សរុបរយៈពេល១២ខែឆ្នាំ២០២១ មានចំនួន៣៦៦ ៣០០តោន បានកើនឡើងចំនួន២៨ ០០០តោន (=+៨%) ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ថ្លៃលក់ជាមធ្យមក្នុងខែធ្នូគឺ១ ៦៨១US$/តោន បានកើនឡើងចំនួន១២US$/តោន (=+១,៤%) ធៀបនឹងខែមុននិង បានកើនឡើងចំនួន ៧៦US$/តោន (=+៥%) ធៀបនឹងខែរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តម្លៃលក់ជាមធ្យមរយៈពេល១២ខែឆ្នាំ២០២១ គឺ១ ៦៦៦US$/តោន បានកើនឡើងចំនួន២៨៤US$/តោន (=+២១%) ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំពោះស្ថានភាពទិញជ័រកៅស៊ូគ្រួសារតាមតំបន់នានាប្រចាំខែធ្នូ មានតម្លៃចាប់ពី៥ ៩០០៛/គ.ក្រ - ៦ ១០០៛/គ.ក្រ សម្រាប់ជ័រស្ងួត (មិនមានការប្រែប្រួលទេធៀបនឹងខែមុន) និងចាប់ពី២ ៦៥០៛/គ.ក្រ - ៣ ៣០០៛/គ.ក្រ សម្រាប់ជ័រកក (មិនប្រែប្រួលទេធៀបនឹងខែមុន) អាស្រ័យតាមតំបន់និងរយ:ពេលបង្កក។
យោងតាមរបាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០២១ របស់សមាគមបណ្តាប្រទេសផលិតកៅស៊ូធម្មជាតិ (ANRPC) បានបង្ហាញថា ទោះបីជាសេដ្ឋកិច្ចពិភពលោកត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារជំងឺរាតត្បាត Covid-19 ក្នុងឆ្នាំ២០២០ក៏ដោយ ក៏ឧស្សាហកម្មកៅស៊ូធម្មជាតិ (NR) បានប្រកាសពីការងើបឡើងវិញយ៉ាងខ្លាំងនៃតម្រូវការជាមួយនឹងកំណើន ៨,៧% ក្នុងឆ្នាំ២០២១នេះ។ ខណៈពេលដែលផលិតកម្មកៅស៊ូធម្មជាតិបានកើនក្នុងកំណើន ១,៧% បើធៀបទៅនឹងឆ្នាំមុន។ ថ្លៃកៅស៊ូធម្មជាតិក៏មានភាពប្រសើរឡើងនិងថ្លៃកៅស៊ូប្រភេទ TSR-20 ជាមធ្យមប្រហែល ១,៦៨ដុល្លារ/គ.ក្រ រីឯថ្លៃកៅស៊ូប្រភេទ RSS គឺ ២,១៧ដុល្លារ/គ.ក្រ ក្នុងអំឡុងឆ្នាំ២០២១ បន្ទាប់ពីមានភាពមិនច្បាស់លាស់ជាច្រើនដូចជា៖ ការផ្ទុះឡើងមេរោគបំលែងថ្មីនៃ Covid-19 ការរំខាននៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់ពិភពលោកដែលបណ្តាលមកពីកង្វះ ខាតបន្ទះឈីបជាសាកល ថ្លៃដឹកជញ្ជូនខ្ពស់និងផ្សេងៗទៀត។
វិធាននៃគ្រប់គ្រងជំងឺរាតត្បាតដ៏មានប្រសិទ្ធិភាពគឺជាគន្លឹះដើម្បីទ្រទ្រង់ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយការរាតត្បាត។ បើមិនដូច្នេះទេ ការបន្តងើបឡើងវិញនៃសេដ្ឋកិច្ចនីមួយៗនឹងទទួលរងនូវការទប់ស្កាត់នៅពេលដែលករណី Covid-19 កើនឡើង។ ម្យ៉ាងទៀតសេដ្ឋកិច្ចនឹងមិនអាចដើរចេញពីការវិវត្តនៃរូបរាងបំលែងថ្មី Covid-19 ដែលអាចជះឥទ្ធិពលអាក្រក់ដល់ការងើបឡើងវិញ។ ដូច្នេះផលិតផលឱសថផ្សេងៗទៀតសម្រាប់ព្យាបាល Covid-19 អាចមានសារៈសំខាន់ចំពោះសេដ្ឋកិច្ចដើម្បីបំបែកស្ថានភាពបច្ចុប្បន្ន ក្រៅពីការវ៉ាក់សាំងនិងវិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគ៕