×
កិច្ចសំភាសន៍អគ្គនាយកដ្ឋានកៅស៊ូជាមួយនឹងភ្នំពេញប៉ុសិ៍ ស្តីអំពីការការនាំចេញជ័រកៅស៊ូក្នុងឆមាសទី១

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បានឲ្យដឹងថា ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២១ កម្ពុជា​ទទួលបាន​ប្រាក់​ប្រមាណ​ជាង ២២១​លាន​ដុល្លារ​ពី​ការនាំចេញ​ជ័រកៅស៊ូ​ទៅ​ទីផ្សារ​អន្តរជាតិដែលបានកើន​ឡើងជិត ៤០% ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​ដែលមាន​តម្លៃ​ជាង ១៦០លាន​ដុល្លារ​។ តម្លៃ​លក់​ជ័រកៅស៊ូជា​មធ្យម​ក្នុង​ឆមាស​ទី​១ គឺ ១ ៦៧៧​ដុល្លារ/​តោន កើនឡើង ៣៧៤​ដុល្លារ ស្មើនឹង ២៨,៧២% ​បើធៀប​រយៈពេល​ដូចគ្នា​ឆ្នាំមុន​។ សម្រាប់​ឆមាស​ទី​១ ឆ្នាំ​២០២១ បរិមាណ​ដែល​បាន​បញ្ចេញ​លក់​លើ​ទីផ្សារ​អន្តរជាតិមានចំនួ​ន ១៣២ ១៧៤តោន កើន ឡើង៨ ៨៥៩ ​តោន ស្មើនឹង ៧,១៨%​។

ដោយឡែក​ក្នុង​ខែមិថុនា ឆ្នាំ​២០២១ ជ័រកៅស៊ូ​លក់​ក្នុងតម្លៃ ១ ៦៨៥ ​ដុល្លារ​/​តោន ថយចុះ ១៥​ដុល្លារ​/​តោន ​ធៀប​នឹង​ខែឧសភា ឆ្នាំ២០២១ ប៉ុន្តែបាន​កើនឡើង៤១៩​ដុល្លារ/តោន ស្មើនឹង ៣៣,៥% បើ​ធៀប​នឹង​ខែមិថុនា ឆ្នាំ​២០២០​។

ឯកឧត្តម ហ៊ឹម អូន អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​កៅស៊ូបាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ កាលពី​ថ្ងៃទី​ ៤ ខែកក្កដា ឆ្នាំ២០២១​ ថា យុទ្ធនាការ​ចាក់​វ៉ាក់​សាំង​កូវីដ​-១៩ និង​ការចាប់ផ្តើម​ងើបឡើង​វិញ​ជា​បណ្តើរៗ​នៃ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​ជាច្រើន​លើ​ពិភពលោក បាន​ធ្វើឱ្យ​តម្រូវការ​ជ័រកៅស៊ូ​នៅ​ទីផ្សារ​អន្តរជាតិ​កើនឡើង​គួរឱ្យ​កត់សម្គាល់​ចាប់តាំងពី​ចុងឆ្នាំ​២០២០​។ កំណើន​នៃ​តម្រូវការ​នេះ បាន​រុញឱ្យ​តម្លៃ​កៅស៊ូ​នៅ​កម្ពុជា ដែល​បច្ចុប្បន្ន​ពឹងផ្អែក​ស្ទើរ​តែ​ទាំងស្រុង​លើ​ទីផ្សារ​អន្តរជាតិ​មានភាពវិជ្ជមាន​។

ម្យ៉ាងទៀត ការចាប់ផ្តើម​បើក​ដំណើរការ​នៃ​រោង​ចក្រ​​ឧស្សាហកម្ម​នានានៅ​លើ​ពិភពលោកបានធ្វើឱ្យតម្រូវការ និង​តម្លៃ​កៅស៊ូ​នៅ​កម្ពុជា​កើនឡើង​តាំងពី​ចុងឆ្នាំ​២០២០​។ ជា មួយ​គ្នា​នេះ​ ​បរិមាណ​នៃ​ការ​ប្រមូល​ផល​ជ័រកៅស៊ូ​នៅ​កម្ពុជា​​ក៏​កំពុងមាន​និន្នាការ​កើន​ឡើង​ផងដែរ”។

ឯកឧត្តម ហ៊ឹម អូន បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ន​ជ័រកៅស៊ូ​កម្ពុជា​ត្រូវបាន​នាំ​ចេញទៅប្រទេសវៀតណាម ម៉ាឡេស៊ី សិង្ហបុរី ចិន និង​ជប៉ុន ខណៈ​មាន​បរិមាណ​តិចតួច​នាំទៅ​ទីផ្សារ​សហភាព​អឺរ៉ុប​។

ទាក់ទង​នឹង​ការអនុម័ត​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) ​ឱ្យ​បង្កើត​រោងចក្រ​ផលិត​កង់​កៅស៊ូ​រថយន្តនៅ​កម្ពុជា​កាលពីពេល​ថ្មីៗ​នេះ គឺជា​ចំណុច​ដែលយើង​ចង់​បាន ជា​យូរ​មកហើយព្រោះ​វា​នឹង​ជួយ ​ជំរុញ​ឱ្យ​តម្លៃ​កៅស៊ូ​ក្នុង​ស្រុក​កើនឡើង ជួយ​បង្កើន​តម្លៃបន្ថែម​ដល់​ផលិត​ផល​ក្នុងស្រុក និង​បង្កើត​ការងារ​ថ្មីៗ​។ ចំណុច​ទាំងនេះ ក៏​ជា​គោលដៅ​របស់​រដ្ឋាភិបាល​កម្ពុជា​ផងដែរ​។

លោក ម៉ែន សុភក្តិ ប្រធាន​ក្រុមហ៊ុន​វិនិយោគសុភក្តិនីកា ដែលជា​ក្រុមហ៊ុន​ដាំដុះនិងនាំចេញ​​កៅស៊ូ​បានឲ្យដឹងថា ដោយសារតែ​ទីផ្សារ​ជ័រកៅស៊ូ​កម្ពុជា​ពឹង​ផ្អែកទៅលើ​ទីផ្សារ​អន្តជាតិ ហេតុនេះ​បើ​ទីផ្សារ​អន្តរជាតិ​មាន​តម្រូវការ​ខ្ពស់ នោះតម្លៃនឹង​កើនឡើង​ភ្លាម​។ លោក​បន្ថែមថា ទោះជាយ៉ាងណា​ទីផ្សារ​ជ័រកៅស៊ូ​នៅ​កម្ពុជាគឺ​មិនមាន​ភាពរឹងមាំ​ទេ ព្រោះ​មិនទាន់មាន​ការយកមក​ប្រើប្រាស់​សម្រាប់​ការកែច្នៃ​នៅក្នុង​ស្រុក​។ ម្យ៉ាងទៀត កំណើន​តម្លៃ​ជ័រកៅស៊ូ​ពេលនេះបានកើនឡើង ដោយសារ​​តែការចាប់ផ្តើម​បើក​ដំណើរការ​រោងចក្រ​ឧស្សាហកម្ម​កាន់ តែច្រើន​នៅ​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន ជាពិសេសប្រទេស​ចិន​។

បើយោងតាម​ក្រសួង​កសិកម្ម បច្ចុប្បន្ន​នៅ​កម្ពុជា​មាន​ផ្ទៃដី​កៅស៊ូ៤០៤ ១៦០​ហិកតា ក្នុងនោះ​ផ្ទៃដី​ចៀរជ័រ​មានចំនួន២៩២ ៥០០ហិកតា ស្មើនឹង​ ៧២% ​ និង​ផ្ទៃដី​ថែទាំមានចំនួន ១១១ ៦៦០ហិកតា ស្មើនឹង ២៨%​៕

Latest News