ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២១ កម្ពុជាទទួលបានប្រាក់ប្រមាណជាង ២២១លានដុល្លារពីការនាំចេញជ័រកៅស៊ូទៅទីផ្សារអន្តរជាតិដែលបានកើនឡើងជិត ៤០% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០ដែលមានតម្លៃជាង ១៦០លានដុល្លារ។ តម្លៃលក់ជ័រកៅស៊ូជាមធ្យមក្នុងឆមាសទី១ គឺ ១ ៦៧៧ដុល្លារ/តោន កើនឡើង ៣៧៤ដុល្លារ ស្មើនឹង ២៨,៧២% បើធៀបរយៈពេលដូចគ្នាឆ្នាំមុន។ សម្រាប់ឆមាសទី១ ឆ្នាំ២០២១ បរិមាណដែលបានបញ្ចេញលក់លើទីផ្សារអន្តរជាតិមានចំនួន ១៣២ ១៧៤តោន កើន ឡើង៨ ៨៥៩ តោន ស្មើនឹង ៧,១៨%។
ដោយឡែកក្នុងខែមិថុនា ឆ្នាំ២០២១ ជ័រកៅស៊ូលក់ក្នុងតម្លៃ ១ ៦៨៥ ដុល្លារ/តោន ថយចុះ ១៥ដុល្លារ/តោន ធៀបនឹងខែឧសភា ឆ្នាំ២០២១ ប៉ុន្តែបានកើនឡើង៤១៩ដុល្លារ/តោន ស្មើនឹង ៣៣,៥% បើធៀបនឹងខែមិថុនា ឆ្នាំ២០២០។
ឯកឧត្តម ហ៊ឹម អូន អគ្គនាយក នៃអគ្គនាយកដ្ឋានកៅស៊ូបានប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២១ ថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ និងការចាប់ផ្តើមងើបឡើងវិញជាបណ្តើរៗនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសជាច្រើនលើពិភពលោក បានធ្វើឱ្យតម្រូវការជ័រកៅស៊ូនៅទីផ្សារអន្តរជាតិកើនឡើងគួរឱ្យកត់សម្គាល់ចាប់តាំងពីចុងឆ្នាំ២០២០។ កំណើននៃតម្រូវការនេះ បានរុញឱ្យតម្លៃកៅស៊ូនៅកម្ពុជា ដែលបច្ចុប្បន្នពឹងផ្អែកស្ទើរតែទាំងស្រុងលើទីផ្សារអន្តរជាតិមានភាពវិជ្ជមាន។
ម្យ៉ាងទៀត ការចាប់ផ្តើមបើកដំណើរការនៃរោងចក្រឧស្សាហកម្មនានានៅលើពិភពលោកបានធ្វើឱ្យតម្រូវការ និងតម្លៃកៅស៊ូនៅកម្ពុជាកើនឡើងតាំងពីចុងឆ្នាំ២០២០។ ជា មួយគ្នានេះ បរិមាណនៃការប្រមូលផលជ័រកៅស៊ូនៅកម្ពុជាក៏កំពុងមាននិន្នាការកើនឡើងផងដែរ”។
ឯកឧត្តម ហ៊ឹម អូន បានបញ្ជាក់បន្ថែមថា បច្ចុប្បន្នជ័រកៅស៊ូកម្ពុជាត្រូវបាននាំចេញទៅប្រទេសវៀតណាម ម៉ាឡេស៊ី សិង្ហបុរី ចិន និងជប៉ុន ខណៈមានបរិមាណតិចតួចនាំទៅទីផ្សារសហភាពអឺរ៉ុប។
ទាក់ទងនឹងការអនុម័តរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ឱ្យបង្កើតរោងចក្រផលិតកង់កៅស៊ូរថយន្តនៅកម្ពុជាកាលពីពេលថ្មីៗនេះ គឺជាចំណុចដែលយើងចង់បាន ជាយូរមកហើយព្រោះវានឹងជួយ ជំរុញឱ្យតម្លៃកៅស៊ូក្នុងស្រុកកើនឡើង ជួយបង្កើនតម្លៃបន្ថែមដល់ផលិតផលក្នុងស្រុក និងបង្កើតការងារថ្មីៗ។ ចំណុចទាំងនេះ ក៏ជាគោលដៅរបស់រដ្ឋាភិបាលកម្ពុជាផងដែរ។
លោក ម៉ែន សុភក្តិ ប្រធានក្រុមហ៊ុនវិនិយោគសុភក្តិនីកា ដែលជាក្រុមហ៊ុនដាំដុះនិងនាំចេញកៅស៊ូបានឲ្យដឹងថា ដោយសារតែទីផ្សារជ័រកៅស៊ូកម្ពុជាពឹងផ្អែកទៅលើទីផ្សារអន្តជាតិ ហេតុនេះបើទីផ្សារអន្តរជាតិមានតម្រូវការខ្ពស់ នោះតម្លៃនឹងកើនឡើងភ្លាម។ លោកបន្ថែមថា ទោះជាយ៉ាងណាទីផ្សារជ័រកៅស៊ូនៅកម្ពុជាគឺមិនមានភាពរឹងមាំទេ ព្រោះមិនទាន់មានការយកមកប្រើប្រាស់សម្រាប់ការកែច្នៃនៅក្នុងស្រុក។ ម្យ៉ាងទៀត កំណើនតម្លៃជ័រកៅស៊ូពេលនេះបានកើនឡើង ដោយសារតែការចាប់ផ្តើមបើកដំណើរការរោងចក្រឧស្សាហកម្មកាន់ តែច្រើននៅប្រទេសមានសេដ្ឋកិច្ចរីកចម្រើន ជាពិសេសប្រទេសចិន។
បើយោងតាមក្រសួងកសិកម្ម បច្ចុប្បន្ននៅកម្ពុជាមានផ្ទៃដីកៅស៊ូ៤០៤ ១៦០ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន២៩២ ៥០០ហិកតា ស្មើនឹង ៧២% និងផ្ទៃដីថែទាំមានចំនួន ១១១ ៦៦០ហិកតា ស្មើនឹង ២៨%៕