×
ការចុះតាមដាននិងវាយតម្លៃការអនុវត្តកម្មវិធីវិនិយោគសម្បទានដីសេដ្ឋកិច្ចលើដំណាំកៅស៊ូ​ នៅខេត្តមណ្ឌលគិរី

 ចាប់បីថ្ងៃទី៧-១១ ខែមិថុនា ឆ្នាំ២០២១ ក្រុម​ការងារអគ្គនាយកដ្ឋានកៅស៊ូដែលដឹកនាំដោយ លោក  ឃុន កក្កដា អគ្គនាយករង​ នៃអគ្គនាយកដ្ឋាន​កៅស៊ូបានដឹកនាំក្រុមការងារអនុវត្តសកម្មភាពទី១.៥.៤.២ “តាមដាននិងវាយតម្លៃការអនុវត្តកម្មវិធីវិនិយោគសម្បទានដីសេដ្ឋកិច្ចលើដំណាំកៅស៊ូ” បានចុះបំពេញបេសកកម្មនៅក្នុងខេត្តមណ្ឌល គិរី។ បេសកកម្មនេះ មានគោលបំណងដូចខាងក្រោម៖

  • ពិនិត្យតាមដាននិងវាយតម្លៃវឌ្ឍនភាពរបស់ក្រុមហ៊ុនវិនិយោគលើសម្បទានដីសេដ្ឋកិច្ច
  • ប្រមូលរបាយការណ៍វឌ្ឍនភាពនៃការវិនិយោគរបស់ក្រុមហ៊ុនដែលបានអនុវត្តកន្លងមក និងពិនិត្យស្ថានភាពនៃការអនុវត្តជាក់ស្តែង
  • ត្រួតពិនិត្យនិងវាយតម្លៃបច្ចេកទេស ស្រង់ ស្ថិតិ ផ្ទៃដីដាំដុះ ផ្ទៃដីអាជីវកម្ម ការប្រើប្រាស់ពូជ ការប្រើប្រាស់កម្លាំងពលកម្មនិងតម្រូវការកម្លាំង ពលកម្មបន្ថែម។

១. លទ្ធផលនៃការចុះពិនិត្យការងារនៅ តាមបណ្តាក្រុមហ៊ុន

 ក. ការងារដាំដុះ ថែទាំ និងចៀរជ័រ

ក្រុមការងារបានចុះពិនិត្យផ្ទាល់ដល់ទីតាំងចម្ការរបស់ក្រុមហ៊ុននៅក្នុងស្រុកកោះញែក ស្រុកពេជ្រជ្រាដា និងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ចំនួន១០ក្រុមហ៊ុន និងក្រុមហ៊ុនចំនួន៣ទៀត ក្រុមការងារបានធ្វើការផ្ទៀងផ្ទាត់ទិន្នន័យស្ថិតិដំណាំកៅ-ស៊ូ ជាមួយមន្រ្តីការិយាល័យកៅស៊ូនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។ ក្រុមហ៊ុនទាំង១៣ មានផ្ទៃដីក្នុងកិច្ចសន្យាសរុបចំនួន៧៧ ៤០០ហិកតា និងបានធ្វើការដាំដុះកៅស៊ូលើផ្ទៃដីចំនួន១៨ ៩៨៤ ហិកតា ផ្ទៃដីចៀរជ័រមានចំនួន៦ ៦០៦ហិកតា និងផ្ទៃដីថែទាំមាន ១២ ៣៧៩ហិកតា និងផ្ទៃដីកៅស៊ូ ដែលបានដាំដុះរួចហើយងាប់ទៅវិញមាន៧ ៧២២ ហិកតា។ ក្រុមហ៊ុនគ្រោងនឹងបើកមុខចៀរនៅឆ្នាំ២០២២ លើផ្ទៃដីចំនួន១ ៥១០ហិកតា។

ខ. ការយកផល

  • ដែលកំពុងយកផលមានចំនួន៨ក្រុមហ៊ុនលើផ្ទៃដីចំនួន៦ ៦០៦ហិកតា និងទទួលបានផលិតផលកៅស៊ូជ័រស្ងួតសរុបចំនួន១ ៩៥៥តោន (គិតចាប់ពីខែមករាដល់ ខែកុម្ភៈ ឆ្នាំ២០២១។

គ. ការប្រើប្រាស់កម្លាំងពលកម្ម

ក្រុមហ៊ុនបានប្រើប្រាស់កម្លាំងពលកម្មសរុបចំនួន២ ២៦៦នាក់ ក្នុងនោះកម្លាំងពលកម្មខ្មែរមានលិកខ្មែរមានចំនួន១៤៧នាក់ កម្មករខ្មែរអចិន្ត្រៃយ៍ចំនួន១ ៤៨៣នាក់ និងកម្មករអណ្តែតចំនួន៥៦០នាក់់ និងតម្រូវការកម្លាំងពលកម្មបន្ថែមចំនួន៦៥១នាក់។

ឃ.ការចុះបញ្ជីវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងការកែសម្រួល

ក្រុមហ៊ុនទាំង១៣នេះ មាន៨ក្រុមហ៊ុន​បាន​ធ្វើ​​ការចុះបញ្ជីដីជាដីឯកជនរបស់រដ្ឋរួចរាល់ ស្មើនឹងផ្ទៃដីចំនួន៥៤ ២៤៣ហិកតា ៤ក្រុមហ៊ុនកំពុងអនុវត្តនីតិវិធី និង១ក្រុមហ៊ុនមិនទាន់បានអនុវត្តមាន។ ជាមួយគ្នានោះ មាន២ក្រុមហ៊ុនបា​ន​ធ្វើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន​ និងសង្គមពេញលេញរួចរាល់មាន ៧ក្រុមហ៊ុនកំពុងអនុវត្តនីតិវិធី និង ៤ក្រុមហ៊ុនមិនទាន់អនុវត្ត។ ក្រុមហ៊ុនបានធ្វើការកែសម្រួលកិច្ចសន្យាថ្មីមកត្រឹម៥០ឆ្នាំរួចរាល់មានចំនួន៧ ២ក្រុមហ៊ុនកំពុងអនុវត្តនីតិវិធីមាន និង៤ក្រុមហ៊ុនមិនទាន់អនុវត្តនីតិវិធី។

២. បញ្ហាប្រឈមរបស់ក្រុមហ៊ុន

- កង្វះកម្លាំងពលកម្មមានស្រាប់​តាំងពីមុន ពេលបញ្ហាជម្ងឺ Covid-19 មកដល់ពេលនេះមាន​បញ្ហាជម្ងឺ Covid-19 ឱ្យកាន់តែពិបាកក្នុងការជ្រើស​រើសកម្មករ ជាហេតុធ្វើឲ្យ ក្រុមហ៊ុនត្រូវលើកពេល​ក្នុងការបើកមុខចៀរថ្មីនិងផ្ទៃដីកៅស៊ូចៀរជ័រចាស់​មួយចំនួនត្រូវបានផ្អាក់

- ប្រជាជនចូលទន្រ្ទានដីរបស់ក្រុមហ៊ុនយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនដែលមានលក្ខណៈជា​ស្បែកខ្លា។

៣. អនុសាសន៍របស់ក្រុមការងារ

- ក្រុមហ៊ុនត្រូវអនុវត្តវិធានការ៣កុំ - ៣ការពារ និងវិធានការនានា​​ដែលចេញដោយអាជ្ញាធរ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺ Covid-19

- អគ្គនាយកដ្ឋានកៅស៊ូនឹងជួយផ្សព្វផ្សាយអំពីតម្រូវការកម្លាំងពលកម្មរបស់ក្រុមហ៊ុន ប៉ុន្តែក្រុមហ៊ុនត្រូវសហការឱ្យបានជិតស្និទ្ធជាមួយនឹងអាជ្ញាធរមូលដ្ឋាននិងស្ថាប័នពាក់ព័ន្ធជាពិសេសមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈដើម្បីជួយអន្តរាគមន៍លើតម្រូវការកម្លាំងពលកម្ម

- ក្រុមហ៊ុនត្រូវយកចិត្តទុកដាក់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនានាមានដូចជា៖ ផ្ទះស្នាក់នៅ ទឹកប្រើប្រាស់ អគ្គីសនី មណ្ឌលសុខភាព សាលារៀន វត្តអារាម និងការឧបត្ថមផ្សេងៗ ដែលជាភាពទាក់ទាញទៅដល់ប្រជាជនដែលរស់នៅក្បែរ  ក្រុមហ៊ុន និងប្រជាជនមកពីទីកន្លែងឆ្ងាយៗ

-  ក្រុមហ៊ុនត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានឱ្យបានជិតសិ្នទ្ធ ដើម្បីទប់ស្កាត់បានទាន់ពេលវេលានូវការចូលទន្រ្ទានថ្មី និងត្រូវធ្វើរបាយការណ៍ឲ្យបានច្បាស់លាស់អំពីចំណុចដែលចូលទន្រ្ទានចាស់ទៅស្ថាប័នពាក់ព័ន្ធក្នុងការជួយដោះស្រាយ

-ក្រុមហ៊ុនត្រូវធ្វើរបាយការណ៍អំពីសកម្មភាពការងារ លទ្ធផលសម្រេចបាន និងបញ្ហាប្រឈមប្រចាំត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំ និង​រៀបចំព្រឹត្តិប័ត្រព័ត៌មាន(ដោយភ្ជាប់ផែនទី​ដាំ​ដុះ​​​និង​ឯកសារពាក់ព័ន្ធ) ឱ្យបានទៀងទាត់និងទាន់​ពេល​វេលា។

- នាយកដ្ឋានកៅស៊ូការចុះអនុវត្តសកម្ម “តាមដាននិងវាយតម្លៃកម្មវិធីវិនិយោគសម្បទានដីសេដ្ឋកិច្ចលើដំណាំកៅស៊ូ” នៅខេត្តមណ្ឌលគិរីទទួលបានលទ្ធផលល្អជាផ្លែផ្កា ដោយក្រុមហ៊ុនបានផ្ដល់ការសហការ និងទទួលយកការណែនាំរបស់ក្រុមការងារ ដើម្បីឱ្យដំណើការវិនិយោគលើដំណាំកៅស៊ូទទួលលទ្ធផលកាន់តែល្អប្រសើរ។

៥. ទិសដៅការងារ

- បន្តធ្វើបច្ចុប្បន្នភាពសិ្ថតិកៅស៊ូដែលទទួល បានពីគ្រប់ក្រុមហ៊ុនវិនិយោគកៅស៊ូលើសម្បទានដីសេដ្ឋកិច្ច

- រៀបចំកែសម្រួលតារាងចាំបាច់ពាក់ព័ន្ធនានា ដើម្បីផ្ដល់ដល់ក្រុមហ៊ុនបំពេញ

- ពង្រឹងការទំនាក់ទំនងតាមប្រព័ន្ធតេឡេក្រាម ដើម្បីផ្ញើ-ទទួលឯកសារ និងឆ្លើយតបបានទាន់ពេញវេលា

- រៀបចំរបាយការណ៍សរុបនិងលើទិសដៅបន្ដ

- បន្តចុះបំពេញបេសកកម្មការងារនៅតាម ខេត្តគោលដៅទៅតាមផែនការសកម្មភាពប្រចាំឆ្នាំ៕

Latest News