×
លទ្ធផលកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើការរៀបចំគោលការណ៍និរន្តរភាពកៅស៊ូធម្មជាតិនៅកម្ពុជា

កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ លោក ហ៊ឹម អូន អគ្គនាយករង នៃអគ្គនាយកដ្ឋានកៅស៊ូ ​​ជា​ប្រធាន​ក្រុមការងារនិរន្តរភាពកៅស៊ូធម្មជាតិ (Sustainable Natural Rubber :SNR) និងសមាជិកក្រុមការងារបានចូលរួមប្រជុំ​ពិនិត្យនិងពិភាក្សាលើការធ្វើរបាយការណ៍​ការ​ចាប់​ផ្តើមដំបូង​នៃការរៀបចំគោលការណ៍និរន្តរភាពកៅស៊ូធម្មជាតិនៅកម្ពុជា (Inception report presentation-SNR) តាម​ប្រព័ន្ធ​អនឡាញ(Zoom) ដែលរៀបចំឡើងដោយ អង្គការ WWF និងទីប្រឹក្សាឯករាជ្យ។ សមាសភាពចូលរួមក្នុង​កិច្ច​ប្រជុំរួមមាន៖ មន្រ្តីនៃអគ្គនាយកដ្ឋានកៅស៊ូ  វិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា បុគ្គលិកនៃអង្គការ WWF អង្គការ OXFAM និង​អង្គការ​ NGO Forum ព្រមទាំងលោក Joern Struwe និង លោក Jerus D’Silva ទីប្រឹក្សាឯករាជ្យជាអ្នកធ្វើបទបង្ហាញ។

កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យលើ​របាយ​ការណ៍ ​(Desk  review report​​) ដែល​បង្ហាញអំពីលទ្ធផលដំបូងនៃការប្រមូលព័ត៌មាន​ ព្រមទាំង​បំពេញ​​​ព័ត៌មាន​ដែលខ្វះចន្លោះ និងរៀបចំផែន​ការសកម្មភាពការងារសម្រាប់ការប្រមូលទិន្នន័យបឋម​​​ដែលបាន​អនុម័តក្នុងកិច្ចព្រមព្រៀងនិង Terms of Referrence (TOR)។ ក្រោយពីការណែនាំខ្លួនរួច មក លោក Joern Struwe និងលោក Jerus D’Silva បានធ្វើបទបង្ហាញអំពីធ្វើរបាយការណ៍ការចាប់ផ្តើមដំបូងនៃការរៀបចំគោលការណ៍និរន្តរភាពកៅស៊ូធម្មជាតិនៅកម្ពុជា (Inception report presentation-SNR) (ដូចមានជូនភ្ជាប់)។ ជាមួយគ្នានោះដែរ អង្គប្រជុំ បានលើកជាសំនួរនិងមតិយោបល់ជាច្រើនក្នុងការកែលម្អរបាយការណ៍នេះ មានដូចជា៖

  • ក្រុមការងារគួរពិនិត្យនិងកែសម្រួលចំណងជើងរបាយការណ៍ (SNR PRODUCER  STANDARD FOR CAM-BODIA)​ ឡើងវិញ ហើយគួរតែដាក់​ត្រឹម​ជាគោលការណ៍ណែនាំ (Principle)
  • ចំពោះរបាយការណ៍គួរតែសិក្សាលើការងារផលិតកម្ម និងការប្រែប្រួលអាកាសធាតុបន្ថែមលើគោល​ការណ៍​ដែលមានស្រាប់ និងបរិបទកូវីដ ១៩
  • ត្រូវដឹងឲ្យបានច្បាស់អំពីគោលបំណងរបស់កសិករកៅស៊ូគ្រួសារ និងម្ចាស់ចម្ការកៅស៊ូកសិ-ឧស្សាហកម្មដែលត្រូវការពីអង្គការ NGO Forum និងអង្គការ WWF ដើម្បីធ្វើឲ្យប្រសើរឡើងនូវផលិតភាពកៅស៊ូរបស់ពួកគាត់
  • ត្រូវមានយន្តការឲ្យបានច្បាស់លាស់ ដើម្បីធ្វើឲ្យកសិករកៅស៊ូគ្រួសារគិតថា យន្តការនេះអាចជួយឲ្យកៅស៊ូធម្មជាតិមាននិរន្តភាព
  • ត្រូវរកវិធីសាស្រ្តដើម្បីណែនាំកសិករកៅស៊ូគ្រួសារនិងម្ចាស់ចម្ការកៅស៊ូកសិឧស្សាហកម្មឲ្យចូលរួមយន្តការដាំកៅស៊ូដើម្បីកាត់បន្ថយការប្រែប្រួសអាកាសធាតុ (Climate change)
  • ពិនិត្យសូចនាករនៃការចូលរួមរបស់ស្រ្តីឲ្យ បានច្បាស់លាស់តាំងពីដំណើរការដំបូង រហូតដល់ ការសម្រេចចិត្តចុងក្រោយ
  • ត្រូវមានការតាមដាននិងអនុវត្តត្រឹមត្រូវ ដើម្បីទទួលបាននូវទិន្នន័យច្បាស់លាស់ និងធានានិរន្តរភាព
  • ចំពោះបញ្ជីរសំនួរវិញ គួរតែមានការបញ្ជាក់ឱ្យបានច្បាស់លាស់និងបែងចែករវាងបញ្ជីសំនួរសម្រាប់កសិករ ក្រុមហ៊ុន ELC និងអ្នកពាក់ព័ន្ធផ្សេងៗទៀត។
  • មុននឹងផ្តល់ធាតុចូលបន្ថែមទៅលើផែនការនិងវិធីសាស្រ្តនៃការស្រាវជ្រាវ សូមក្រុមការងារពិនិត្យនិងពិភាក្សាល្អិតល្អន់ ។

ចុងបញ្ចប់​ អង្គប្រជុំបានឯកភាពនិងសម្រេច​ថា ចំពោះការងារបន្ទាប់ទៀតទីប្រឹក្សាឯករាជ្យនឹង​ជួបពិភាក្សាជាមួយអគ្គនាយកដ្ឋានកៅស៊ូ ដើម្បីកែ​សម្រួលចំណុចខ្វះខាតលើបញ្ជីសំនួរ និងវិធីសាស្រ្ត​នៃការសិក្សាបន្ថែមទៀត៕

Latest News