នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ អគ្គនាយកដ្ឋានកៅស៊ូ បានបើកកិច្ចប្រជុំពិនិត្យពិភាក្សាលើរចនាបថនិងខ្លឹមសារនិងដាក់ដំណើរការគេហទំព័រ អគ្គនាយកដ្ឋានកៅស៊ូ ក្រោមអធិបតីភាព ឯកឧត្តម ប៉ុល សុផា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុក ជាអគ្គនាយក នៃអគ្គនាយកដ្ឋានកៅស៊ូ ដោយមានការចូលរួមពីលោកអគ្គនាយករង លោកប្រធាន/អនុ ប្រធាននាយកដ្ឋាន លោកប្រធានវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា និងមន្រ្តីជំនាញសរុបចំនួន១៣នាក់។ កិច្ចប្រជុំពិភាក្សាមានរបៀបវារៈចំនួន ៣គឺ៖ (១) ការ កែសម្រួលទម្រង់រចនាបថនិងខ្លឹមសារនៃ គេហទំព័ររបស់អគ្គនាយកដ្ឋានកៅស៊ូ (២) លើកទិសដៅការងារបន្ត និង (៣) បញ្ហាផ្សេងៗ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ប៉ុល សុផា បានមានមតិស្វាគមន៍ដល់សមាជិកសមាជិកាទាំងអស់និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមការងាររៀបចំនិងគ្រប់គ្រងគណនីប្រព័ន្ធផ្សព្វផ្សាយតាមអេឡិចត្រូនិករបស់អគ្គនាយកដ្ឋានកៅស៊ូដែលខិតខំទាំងកម្លាំងកាយនិងចិត្តសម្រេចបានសមិទ្ធិផលជាផ្លែផ្កាក្នុងការរៀបចំបង្កើតគេហ-ទំព័រអគ្គនាយកដ្ឋានកៅស៊ូអស់រយៈពេលជិត១ឆ្នាំកន្លងមកនេះដើម្បីឆ្លើយតបទៅនឹងបរិបទឌីជីថលក្នុងការជំរុញទីផ្សារ តាមរយៈការផ្សព្វផ្សាយព័ត៌មានកៅស៊ូតាមប្រព័ន្ធ បច្ចេកវិទ្យាព័ត៌មានវិទ្យា។
បន្ទាប់មក លោក ឃុន កក្កដា អគ្គនាយករង នៃអគ្គនាយដ្ឋានកៅស៊ូ និងជាប្រធានក្រុមការងាររៀបចំនិងគ្រប់គ្រងគណនីប្រព័ន្ធផ្សព្វផ្សាយតាមអេឡិចត្រូនិករបស់អគ្គនាយកដ្ឋានកៅស៊ូបានថ្លែងអំណរគុណដល់ ឯកឧត្តមប្រតិភូ ដែលបានគាំទ្រនិងផ្តល់អនុសាសន៍ណែនាំល្អៗដល់ក្រុមការងារសម្រាប់ជាមគ្គុទ្ទេសន៍ក្នុងការអនុវត្តតាំងពីការចាប់ផ្តើមរហូតដល់សម្រេចបាននូវសមិទ្ធិផលដ៏ប្រសើរមួយនេះ។ ទោះបីជា ការរៀបចំបង្កើតគេហទំព័រអគ្គនាយកដ្ឋានកៅស៊ូមានលំបាកច្រើនយ៉ាងណាក៏ដោយ ក៏ក្រុមការងារបានខិតខំស្រាវជ្រាវដោយផ្អែកលើបណ្តាគំរូគេហទំព័រនានាទាំងក្នុងនិងក្រៅប្រទេស រួមមាន៖ ក្រសួងពាក់ព័ន្ធ ប្រទេសម៉ាឡេស៊ី ឥណ្ឌា និងថៃជាដើម ដើម្បីឲ្យគេហទំព័រមានគុណភាពល្អបានផ្សព្វផ្សាយជាសាធារណៈយ៉ាងទូលំទូលាយទាំងក្របខណ្ឌជាតិនិងអន្តរជាតិ។
បន្ទាប់មកទៀត លោក គុយ ភក្តី អនុប្រធាននាយកដ្ឋានទីផ្សារនិងសហប្រតិបត្តិការអន្តរជាតិបានធ្វើបទបង្ហាញស្តីពីការអនុវត្តន៍និងលទ្ធផលនៃគម្រោងបង្កើតគេហទំព័ររបស់អគ្គនាយកដ្ឋានកៅស៊ូ និងសំណូមពរឲ្យមានការពិភាក្សាលម្អិតបន្ថែមទៀតអំពីគេហទំព័រនេះ ដើម្បីក្រុមការងារយកទៅរៀបចំបន្ត។
បន្ទាប់ពីអង្គប្រជុំបានស្តាប់បទបង្ហាញរួចមក ឯកឧត្តមប្រតិភូបានផ្តល់អនុសាសន៍បន្ថែមថា ការ បង្កើតនិងគ្រប់គ្រងគេហទំព័រនេះមានភាពស្មុគស្មាញច្រើនដោយសារតែជាការងារថ្មីសម្រាប់អគ្គនាយកដ្ឋានកៅស៊ូ ដូច្នេះ ក្រុមការងារត្រូវយកចិត្តទុកដាក់ខ្ពស់ទាំងអក្ខាវិរុទ្ធ ឃ្លាប្រយោគផ្សេងៗ និងត្រូវធ្វើបច្ចុប្បន្នភាពទាំងមុខងារនិងរចនាបថថ្មីៗឲ្យដើរទាន់បរិបទឌីជីថល ព្រោះការផ្សព្វផ្សាយតាមបែបប្រព័ន្ធព័ត៌មានវិទ្យា ជាវិធីសាស្រ្តបញ្ជូនសារព័ត៌មានរបស់កម្ពុជាទៅលើឆាកអន្តរជាតិជាលក្ខណៈសាកលភាវូបនីយកម្ម។
ជាចុងក្រោយអង្គប្រជុំបានសម្រេចឯកភាព ឲ្យដាក់គេហទំព័រ www.gdr1.maff.gov.kh ដំណើរ ការប្រើប្រាស់ជាផ្លូវការនិងបានលើកទិសដៅការងារ មួយចំនួនដើម្បីឲ្យក្រុមការងាររៀបចំ ជាពិសេស នាយកដ្ឋានទីផ្សារនិងសហប្រតិបត្តិការអន្តរជាតិត្រូវ អនុវត្តបន្ត៖