×
កិច្ចប្រជុំពិនិត្យនិងដាក់ដំណើរការគេហទំព័រអគ្គនាយកដ្ឋានកៅស៊ូ

នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ អគ្គនាយកដ្ឋានកៅស៊ូ បានបើកកិច្ចប្រជុំពិនិត្យពិភាក្សាលើ​រចនាបថនិងខ្លឹមសារ​និងដាក់ដំណើរការគេហទំព័រ​ អគ្គនាយកដ្ឋានកៅស៊ូ​ ក្រោមអធិបតីភាព ឯកឧត្តម ប៉ុល សុផា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុក ជាអគ្គនាយក​ នៃអគ្គនាយកដ្ឋានកៅស៊ូ ដោយ​មានការចូលរួមពីលោកអគ្គនាយករង លោកប្រធាន​/​អនុ ប្រធាននាយកដ្ឋាន លោកប្រធានវិទ្យាស្ថានស្រាវជ្រាវ​​កៅស៊ូកម្ពុជា និងមន្រ្តីជំនាញសរុបចំនួន១៣​នាក់។ កិច្ចប្រជុំពិភាក្សាមាន​របៀបវារៈចំនួន ៣គឺ៖ (១) ការ កែសម្រួលទម្រង់រចនាបថនិងខ្លឹមសារនៃ គេហទំព័ររបស់អគ្គនាយកដ្ឋានកៅស៊ូ (២) លើកទិស​ដៅការងារបន្ត និង ​(៣) បញ្ហាផ្សេងៗ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ប៉ុល សុផា បានមានមតិស្វាគមន៍ដល់សមាជិកសមាជិកាទាំងអស់និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមការងាររៀបចំនិងគ្រប់គ្រងគណនីប្រព័ន្ធផ្សព្វផ្សាយតាមអេឡិចត្រូនិករបស់អគ្គនាយកដ្ឋានកៅស៊ូដែលខិតខំទាំងកម្លាំងកាយនិងចិត្តសម្រេចបានសមិទ្ធិផលជាផ្លែផ្កាក្នុងការរៀប​ចំបង្កើតគេហ-ទំព័រអគ្គនាយកដ្ឋានកៅស៊ូអស់រយៈពេលជិត១ឆ្នាំកន្លងមកនេះដើម្បីឆ្លើយតបទៅនឹងបរិបទឌីជីថលក្នុងការជំរុញ​ទីផ្សារ តាមរយៈការផ្សព្វផ្សាយព័ត៌មានកៅស៊ូតាម​ប្រព័ន្ធ​ បច្ចេកវិទ្យាព័ត៌មានវិទ្យា។      

បន្ទាប់មក លោក ឃុន កក្កដា អគ្គនាយករង នៃអគ្គនាយដ្ឋានកៅស៊ូ និងជាប្រធានក្រុមការងាររៀបចំនិងគ្រប់គ្រងគណនីប្រព័ន្ធផ្សព្វផ្សាយតាម​អេឡិចត្រូនិករបស់អគ្គនាយកដ្ឋានកៅស៊ូបានថ្លែង​អំណរគុណដល់ ឯកឧត្តមប្រតិភូ ដែលបានគាំទ្រ​និងផ្តល់​អនុសាសន៍ណែនាំល្អៗ​ដល់ក្រុម​ការងារ​សម្រាប់ជាមគ្គុទ្ទេសន៍ក្នុងការអនុវត្តតាំងពី​ការចាប់​ផ្តើមរហូតដល់សម្រេចបាននូវសមិទ្ធិផលដ៏​ប្រសើរ​មួយនេះ។ ទោះបីជា ការរៀបចំបង្កើតគេហ​ទំព័រ​អគ្គនាយកដ្ឋានកៅស៊ូមានលំបាកច្រើនយ៉ាងណាក៏ដោយ ក៏ក្រុមការងារបានខិតខំស្រាវជ្រាវដោយផ្អែក​លើបណ្តាគំរូគេហទំព័រនានាទាំងក្នុងនិងក្រៅប្រទេស រួមមាន៖ ក្រសួងពាក់ព័ន្ធ  ប្រទេសម៉ាឡេ​​ស៊ី ឥណ្ឌា ​និងថៃ​ជាដើម ដើម្បីឲ្យ​គេហ​ទំព័រមាន​គុណភាពល្អបានផ្សព្វផ្សាយជាសាធារណៈយ៉ាងទូលំទូលាយទាំងក្របខណ្ឌជាតិនិង​អន្តរជាតិ។

បន្ទាប់មកទៀត លោក គុយ ភក្តី អនុប្រធាន​នាយកដ្ឋានទីផ្សារនិងសហប្រតិបត្តិការអន្តរជាតិបានធ្វើបទបង្ហាញស្តីពីការអនុវត្តន៍និងលទ្ធផលនៃគម្រោងបង្កើតគេហទំព័ររបស់អគ្គនាយកដ្ឋានកៅស៊ូ និងសំណូមពរឲ្យមានការពិភាក្សាលម្អិតបន្ថែមទៀតអំពីគេហទំព័រនេះ ដើម្បីក្រុមការងារយកទៅរៀបចំ​បន្ត។

បន្ទាប់ពីអង្គប្រជុំបានស្តាប់បទបង្ហាញរួចមក ឯកឧត្តមប្រតិភូបានផ្តល់អនុសាសន៍បន្ថែមថា ការ បង្កើតនិងគ្រប់គ្រងគេហទំព័រនេះមានភាពស្មុគស្មាញច្រើនដោយសារតែជាការងារថ្មីសម្រាប់អគ្គនាយកដ្ឋានកៅស៊ូ ដូច្នេះ ក្រុមការងារត្រូវយកចិត្ត​ទុកដាក់ខ្ពស់ទាំងអក្ខាវិរុទ្ធ ឃ្លាប្រយោគផ្សេងៗ និងត្រូវធ្វើបច្ចុប្បន្នភាពទាំងមុខងារនិងរចនាបថថ្មីៗឲ្យដើរទាន់បរិបទឌីជីថល ព្រោះការផ្សព្វផ្សាយតាម​បែបប្រព័ន្ធព័ត៌មានវិទ្យា ជាវិធីសាស្រ្តបញ្ជូនសារ​​ព័ត៌មានរបស់កម្ពុជាទៅលើឆាកអន្តរជាតិជាលក្ខណៈសាកលភាវូបនីយកម្ម។

ជាចុងក្រោយអង្គប្រជុំបានសម្រេចឯកភាព ឲ្យដាក់គេហទំព័រ www.gdr1.maff.gov.kh ដំណើរ ការប្រើប្រាស់ជាផ្លូវការនិងបានលើក​ទិសដៅ​ការងារ មួយចំនួនដើម្បីឲ្យក្រុមការងាររៀបចំ ជាពិសេស នាយកដ្ឋានទីផ្សារនិងសហប្រតិបត្តិការអន្តរជាតិត្រូវ អនុវត្តបន្ត៖

  • បង្កើតមុខងារ“ការរាប់ចំនួនអ្នកចូល​ទស្សនា (Visitor Counter), ស្រាវជ្រាវ (Search), និងមគ្គុទ្ទេសន៍ (Directory)”
  • បង្កើត You-tube និង Contact Us Icon នៅក្នុងគេហទំព័រដើម្បីជាតំណភ្ជាប់ងាយស្រួលប្រើប្រាស់
  • កែសម្រួលមុខងារ“បច្ចេកទេសនិងស្រាវជ្រាវ”
  • កែសម្រួលមុខងារ “បទដ្ឋានគតិយុត្ត”
  • កែសម្រួលមុខងារ “ទីផ្សារនិងស្ថិតិ”៕
ព័ត៌មានចុងក្រោយ