ស្ថានភាពកៅស៊ូធម្មជាតិនៅប្រទេសកម្ពុជានៅខែមេសា ឆ្នាំ២០២៣ បានបង្ហាញថា ផ្ទៃដីកៅស៊ូសរុបមាន៤០៤ ៥៧៨ហិកតា ក្នុងនោះផ្ទៃដី ចៀរជ័រចំនួន៣១៥ ៣៣២ហិកតា ស្មើនឹង៧៨% និងផ្ទៃដីថែទាំចំនួន៨៩ ២៦៤ហិកតា ស្មើនឹង២២%។ ក្នុងខែនេះបរិមាណផលិតផលសរុបមានចំនួន១៧ ០៥២តោន បានកើនឡើងចំនួន៥ ៧២៣តោន (=+៥១%) ធៀបនឹងខែមុន និងបានថយចុះចំនួន៤៧១តោន (=-៣%) ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រហូតមកដល់ខែនេះបរិមាណផលិតផលសរុបមានចំនួន៨១ ៩០៩តោន បានកើនឡើងចំនួន២៩តោន (=+០,០៤%) ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ក្នុងខែនេះបរិមាណ បញ្ចេញលក់មានចំនួន១៦ ៤៣៧តោន បានកើនឡើងចំនួន៣ ១០៦តោន (=+២៣,៣០%) ធៀបនឹងខែមុន និងបានថយចុះចំនួន១ ៣៨២តោន (=+៨%) ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រហូតមកដល់ខែនេះបរិមាណបញ្ចេញលក់មានចំនួន៨២ ៣៥៨តោន បានកើនឡើងចំនួន២ ៨០០តោន (=+៤%) បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ក្នុងខែនេះ ថ្លៃលក់ជាមធ្យមស្មើនឹង១ ៣៦៦US$/តោន បានកើនឡើងចំនួន៨US$/តោន ស្មើនឹង (=+០,៥៩%) ធៀបនឹងខែមុន និងបានថយចុះចំនួន២៧៦US$/តោន (=-១៧%) ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រហូតមកដល់ខែនេះ ថ្លៃលក់ជាមធ្យមស្មើនឹង១ ៣៥៤US$/តោន បានថយចុះ២៥០US$/តោន (=-១៦%) ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។
ដោយមើលឃើញពីការវិវឌ្ឍន៍ថ្មីៗ និងការចេញផ្សាយនូវទស្សនវិស័យចុងក្រោយរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ សមាគមបណ្តាប្រទេសផលិតកៅស៊ូធម្មជាតិ (ANRPC) ក៏បានធ្វើបច្ចុប្បន្នភាពទស្សនវិស័យទីផ្សារកៅស៊ូធម្មជាតិពិភពលោកសម្រាប់ឆ្នាំនេះផងដែរ។ បើយោងតាមរបាយការណ៍របស់ ANRPC ប្រចាំខែមេសា ឆ្នាំ២០២៣ បានព្យាករណ៍ថាផលិតកម្មកៅស៊ូធម្មជាតិពិភពលោកនឹងកើនឡើង ២,៧% ដោយមានបរិមាណចំនួន១៤,៩១៦លានតោន (បានកើនឡើង០,១% ខ្ពស់ជាងរបាយការណ៍ពីមុន) ចំណែកឯតម្រូវការកៅស៊ូធម្មជាតិពិភពលោកបានធ្លាក់ចុះ០,៤% ដោយមានបរិមាណចំនួន១៤,៩១២ លានតោន។
ក្នុងខែមេសានេះ ផលិតកម្មកៅស៊ូធម្មជាតិពិភពលោកបានបង្ហាញថា មានកំណើនយឺតត្រឹមតែ១,៥% ដែលមានចំនួន៨៩៦ ០០០តោន បើធៀបនឹងឆ្នាំមុន។ ចំណែកឯតម្រូវការកៅស៊ូធម្មជាតិពិភពលោកវិញមានកំណើនយ៉ាងលឿនរហូតដល់ ២,៧% ដែលមានបរិមាណចំនួន ១,២៤១លានតោន ធៀបនឹងឆ្នាំមុន។ ដោយសារលក្ខណៈនៃទីផ្សាកៅស៊ូធម្មជាតិគឺពាក់ព័ន្ធយ៉ាងខ្លាំងចំពោះរំញោចទីផ្សារ កត្តាមូលដ្ឋានទីផ្សារវិជ្ជមានត្រូវបានកំណត់ដោយហានិភ័យខ្ពស់ជុំវិញទីផ្សារហិរញ្ញវត្ថុពិភពលោក ការចំណាយលើការខ្ចីប្រាក់ខ្ពស់ពីការដំឡើងអត្រាការប្រាក់ ផល ប៉ះពាល់ពីជម្លោះអូសបន្លាយរវាងរុស្ស៊ីនិងអ៊ុយក្រែន និងអតិផរណាខ្លាំងចំពេលមានការព្យាករថាសេដ្ឋកិច្ចពិភពលោកនឹងងើបឡើងវិញនៅឆ្នាំ២០២៣៕