×
ស្ថានភាពកៅស៊ូធម្មជាតិប្រចាំខែមីនា ឆ្នាំ២០២៣

ស្ថានភាពកៅស៊ូធម្មជាតិនៅ​ប្រទេសកម្ពុជានៅខែមីនា ឆ្នាំ២០២៣ បាន​បង្ហាញ​ថា ផ្ទៃដីកៅស៊ូ​សរុប​មាន​​៤០៤ ៥៧៨​ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រចំនួន​៣១៥  ៣៣២ហិក​តា ស្មើនឹង​៧៨% និងផ្ទៃដីថែ​ទាំ​ចំនួន៨៩ ២៦៤ហិក​តា ស្មើនឹង២២%។  ក្នុងខែនេះ ​បរិមាណ​ផលិតផលសរុប​មាន​ចំនួន១១ ៣២៩​តោន បាន​ថយចុះចំនួន៣ ៧៦៥តោន (=-២៥%) ធៀប​នឹងខែមុន​ និងបានថយចុះចំនួន៥៨៦តោន (=-៥%) ធៀបនឹងរយៈពេល​ដូច​គ្នានៃ​ឆ្នាំមុន។ រហូតមក​ដល់ត្រីមាសទី១​នេះ បរិមាណផលិតផលសរុបមាន​​ចំនួន​៦៤ ៨៥៧​តោន បានកើន​ឡើងចំនួន៣ ៩០៩តោន (=+៦%) បើធៀប​​​នឹងរយៈពេលដូចគ្នានៃឆ្នាំ​មុន។ ក្នុងខែនេះ បរិមាណ​បញ្ចេញលក់មានចំនួន១៣ ៣៣១តោន បានថយចុះចំនួន៣ ៣៩៩តោន (=-២០,៣២%) ធៀបនឹងខែមុន ​និង​បានកើនឡើងចំនួន២តោន (=+០,០១%) ធៀបនឹងរយៈពេល​ដូច​គ្នា​នៃ​ឆ្នាំមុន។​ រហូតមកដល់ត្រីមាសទី១នេះ បរិមាណ​បញ្ចេញលក់មានចំនួន៦៥ ៩២១តោន បានកើនឡើងចំនួន៤ ១៨២តោន (=+៦,៨%) ធៀបនឹងរយៈពេល​ដូចគ្នានៃឆ្នាំមុន។ ក្នុងខែនេះថ្លៃលក់ជាមធ្យមស្មើនឹង១ ៣៥៨​US$/​តោន បានថយចុះចំនួន២២US$/តោន ស្មើនឹង (=-១,៦២%)  ធៀបនឹងខែមុន និងបានថយ​ចុះចំនួន​២៦៩US$/តោន (=-១៧%) ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រហូតមកដល់ត្រីមាសទី១នេះ ថ្លៃលក់ជាមធ្យមស្មើនឹង១ ៣៥១US$/តោន បានថយចុះ២៤៣US$/តោន (=-១៥%) ធៀបនឹង​រយៈ​ពេលដូចគ្នាក្នុងឆ្នាំ២០២២។​

ដោយមើលឃើញពីការវិវឌ្ឍន៍ថ្មីៗនិងការចេញផ្សាយនូវទស្សនវិស័យចុងក្រោយរបស់មូលនិធិ​រូបិយវត្ថុអន្តរជាតិ (IMF) សមាគមបណ្តាប្រទេសផលិតកៅស៊ូធម្មជាតិ (ANRPC)  ក៏បានធ្វើបច្ចុប្បន្នភាពទស្សនវិស័យនៃទីផ្សារកៅស៊ូធម្មជាតិពិភពលោកសម្រាប់ឆ្នាំនេះផងដែរ។ បើយោងតាមរបាយការណ៍​ប្រចាំ​ខែ​មីនា ឆ្នាំ២០២៣ របស់ ANRPC បានព្យាករណ៍ថា ផលិតកម្មកៅស៊ូ​ធម្ម​ជាតិ​ពិភពលោក​នឹងកើនឡើង ២,៧% ដោយមានបរិមាណចំនួន១៤,៩១៦លានតោន (បានកើនឡើង០,១% ខ្ពស់ជាងរបាយការណ៍​ពី​មុន)  ចំណែកឯតម្រូវការកៅស៊ូធម្មជាតិពិភពលោកបានធ្លាក់ចុះ០,៤% ដោយមានរិមាណចំនួន១៤,​៩១២​ លានតោន។

ក្នុងកំឡុងខែមីនានេះ ផលិតកម្មកៅស៊ូធម្មជាតិពិភពលោកបានធ្លាក់ចុះ២៦,១% ស្មើនឹងបរិមាណ​ចំនួន៩៦៧ ០០០តោន បើធៀបនឹងខែមុន ខណៈពេលដែលតម្រូវការកៅស៊ូធម្មជាតិ​ពិភពលោក​ព្យាករថា​នឹងកើនឡើង៧,៩% ស្មើនឹង១,៣០៦លានតោន។ ទោះបីទីផ្សារកៅស៊ូធម្មជាតិមានកត្តាវិជ្ជមានក៏ដោយ ក៏ទីផ្សារកៅស៊ូទិញលក់ភ្លាមៗនិងទីផ្សារកៅស៊ូទិញលក់តាមកិច្ចសន្យាមានភាពប្រែប្រួល ដោយសារ​តែ​ព្រឹត្តិការណ៍ជាច្រើនក្នុងឆាកអន្តរជាតិមានដូចជា៖ វិបត្តិធនាគារក្នុងតំបន់នៅសហរដ្ឋអាម៉េរិកនិងធនាគារ​ស្វីស បញ្ហាឥណទាន ភាពតានតឹងភូមិសាស្ត្រនយោបាយ ទស្សនវិស័យប្រេងឆៅធ្លាក់ចុះ ការដំឡើងអត្រា​ការ​ប្រាក់​ជាបន្តបន្ទាប់ដើម្បីផ្តួលអតិផរណា និងកម្លាំងនៃការនាំចេញរូបិយប័ណ្ណ៕

Latest News