×
ពង្រឹងសហគមន៍ដល់សហគមន៍កសិកម្មកៅស៊ូគ្រួសារនៅខេត្តសៀមរាប

ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ នាយកដ្ឋានអភិវឌ្ឍន៍កៅស៊ូនៃអគ្គនាយកដ្ឋានកៅស៊ូបាន​បើកវគ្គពង្រឹង​សហគមន៍ដល់​សហគមន៍​កសិកម្ម​កៅស៊ូ​គ្រួសារ​​​​​​​​​គោកដូងអង្គរជុំ នៅខេត្តសៀបរាម ក្រោមអធិបតីភាពលោក ឃុន កក្កដា អគ្គ​នា​យករងនៃ​អគ្គនាយកដ្ឋានកៅស៊ូ លោក ផេង មុត្ថាវី ប្រធាននាយកដ្ឋានអភិវឌ្ឍន៍កៅស៊ូ លោក ឈាំង ពៅ ប្រធាន​សហគមន៍កសិកម្មកៅស៊ូគ្រួសារគោកដូង ព្រមទាំងមានការអញ្ជើញចូលរួមពីលោកប្រធាន​ការិយាល័យ​​​អភិវឌ្ឍន៍​សហ​​​គមន៍កសិកម្ម លោក​ប្រធាន​ការិយាល័យ​កៅស៊ូរបស់​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ​ខេត្តសៀមរាប ថ្នាក់​ដឹក​នាំ​​​សហគមន៍ (ក្រុមប្រឹក្សា​ភិបាល​​​និង​គណៈ​កម្មា​ធិការត្រួត​ពិនិត្យ​)​​​​​ និងសមាជិក​សហគមន៍​​កសិកម្ម​កៅស៊ូ​គ្រួសារ​​គោក ដូងអង្គរជុំសរុបចំនួន៣០នាក់។

គោលបំណងនៃការពង្រឹង​សហគមន៍ដល់​សហគមន៍​កសិកម្ម​កៅស៊ូ​គ្រួសារ​​​​​​​​​នេះ ដើម្បី​ផ្តល់​ការ​យល់​​ដឹងពីរ​បៀបនៃរៀបបិទបញ្ជីគណនេយ្យ ការ​រៀប​ចំផែនការ ការរៀប​ចំ​តារាង​តុល្យការ ការ​គ្រប់​គ្រង​ថវិកា​ក្នុង​សហគមន៍ ការ​ដឹកនាំ និងការគ្រប់​គ្រង​សហគមន៍​កសិកម្ម​ឱ្យ​មាន​ប្រសិទ្ធ​ភាព ដើម្បី​ឱ្យ​​ថ្នាក់ដឹកនាំ​សហគមន៍និង​សមាជិក​មាន​មូល​ដ្ឋាន​​​​គ្រឹះក្នុងការដឹកនាំសហគមន៍​របស់ខ្លួន​តាម​បែប​ប្រជា​ធិប​តេយ្យ និងការ​ប្រើ​ប្រាស់​​ទុន​​​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​​​សេដ្ឋកិច្ចខ្ពស់។

ក្នុងវគ្គពង្រឹងនេះក្រុមការងារបានធ្វើបទបង្ហាញ​លើប្រធានបទសំខាន់មួយចំនួនពាក់ព័ន្ធនឹងភាព​ជា​អ្នក​​​​​​ដឹកនាំនិងការគ្រប់គ្រងសហគមន៍កសិកម្ម រួមមាន៖

១. អ្វីជាបញ្ជីគណនេយ្យសហគមន៍កសិកម្ម?

២.តើការចុះបញ្ជីគណនេយ្យផ្តល់សារៈប្រយោជន៍អ្វីខ្លះដល់សហគមន៍កសិកម្ម?

៣. វិធីសាស្ត្រកត់ត្រាគណនីយ

៤. ក្បួនវិភាគប្រតិបត្តិការ

៥. ការចុះទិនានុប្បវត្តិ

៦. ការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌ

៧. ការរៀបចំតារាងតុល្យភាព

៨. ការធ្វើរបាយការណ៍ហិរញ្ញវត្ថុ

បន្ទាប់ពីការធ្វើបទបង្ហាញនីមួយៗរួចមក វាគ្មិនបានបកស្រាយរាល់សំណួររបស់អ្នកចូលរួមនិងធ្វើ​ការពិភាក្សាពីដំណើរការ នៃការប្រកបមុខរបររបស់​សហគមន៍ បន្ទាប់ពីទទួលបានវិញ្ញាបនបត្រទទួល​ស្គាល់ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត​សៀមរាបធ្វើយ៉ាងណាឱ្យសហគមន៍ប្រកបមុខរបរ​ដោយភាពរលូននិងគ្រប់គ្រងសហគមន៍របស់ខ្លួន​ប្រកបដោយប្រសិទ្ធភាព។

លទ្ធផលការងាររកស៊ីរបស់​សហគមន៍​កសិកម្ម​​កៅស៊ូគ្រួសារ​​​​​​គោកដូងអង្គរជុំ ឆ្នាំ២០២២ និងទិសដៅឆ្នាំ២០២៣ មានដូចខាងក្រោម៖

ក. ស្ថានភាពរបស់សហគមន៍៖

  • សហគមន៍ត្រូវបានបង្កើតឡើងនៅថ្ងៃ​ទី២៨ ខែតុលា ឆ្នាំ២០២៩
  • សហគមន៍មានសមាជិកចំនួន៨២នាក់ ស្រី០៨នាក់
  • តម្លៃភាគហ៊ុនស្មើនឹង១០០.០០០រៀល/ហ៊ុន ដែលមានចំនួន២៧១ហ៊ុន បាន​ប្រាក់ដើមទុន​សរុប​ចំនួន២៧.១០០.០០០រៀល
  • មុខរបររបស់សហគមន៍មាន៖
    • លក់សម្ភារៈកសិកម្ម
    • ប្រមូលជ័រកៅស៊ូលក់
  • ក្រោយពីប្រតិបត្តិការរកស៊ីលើមុខរបរទាំង២ខាងលើរួចមក សហគមន៍​ទទួលបានទឹកប្រាក់​កើន​ឡើង​​សរុប​៣៧ ៧៧០ ០០០រៀល។
  • អំពីការចិញ្ចឹមឃ្មុំ៖ សហគមន៍ទទួល​បានធុងចិញ្ចឹមឃ្មុំនិងប្រមូលផលចំនួន៣៤.៥​លីត្រ នឹងចាប់ផ្តើមលក់ក្នុងតម្លៃ៦០ ០០០រៀល។
  • សហគមន៍គ្រោងនឹងរៀបចំធ្វើមហាសន្និបាតប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ​២០២៣

ខ.ទិសដៅបន្ទាប់របស់សហគមន៍ 

១.មុខរបរសរបស់ហគមន៍

​- ផលិតកម្មកសិកម្ម (ផលិតកូនកៅស៊ូ)

- ការចិញ្ចឹមឃ្មុំក្នុងសហគមន៍

- កសិពាណិជ្ជកម្ម៖ ទិញ លក់ទឹកជ័រ ជ័រកក

- សេវាកម្មពាក់ព័ន្ធផលិតកម្មកសិកម្ម៖ឥណទានសាច់ប្រាក់ជូនសមាជិក​សហគមន៍ក្នុងអត្រាការប្រាក់ចំនួន​១%/ឆ្នាំ។

២- កិច្ចប្រជុំសមាជិកក្រុមប្រឹក្សា​ភិបាល ១​ខែ​ម្តង នៅរៀងរាល់ថ្ងៃទី១ ខែបន្ទាប់

៣-ប្រជុំជាមួយគណៈកម្មាធិការត្រួតពិនិត្យ ២ខែម្តងនៅរៀងរាល់ថ្ងៃទី១ ខែបន្ទាប់។

គ. សំណូមពររបស់សហគមន៍៖

  • ការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំនិងការត្រួតពិនិត្យដល់ថ្នាក់ដឹកនាំសហគមន៍
  • ការបណ្តុះបណ្តាលការធ្វើថ្នាលបណ្តុះកូន ការដាំដុះនិងថែទាំកូនកៅស៊ូ បច្ចេកទេស​ចៀរ​ជ័រ និង​ការបច្ចេកទេសកែច្នៃដល់សមាជិករបស់​សហគមន៍
  • ជួយសម្របសម្រួលដល់សមាជិករបស់សហគមន៍លក់ផលិតផលជ័រលក្ខណៈប្រមួលផ្តុំ។

សន្និដ្ឋាននិងសំណូមពរ

តាមរយៈវគ្គពង្រឹងសហគមន៍កសិកម្មកៅស៊ូគ្រួសារគោកដូងអង្គរជុំ ខេត្តសៀមរាប​បង្ហាញ​​ឱ្យ​ឃើញ​ថា ការប្រព្រឹត្ត​ទៅ​របស់សហគមន៍​ដំណើរ​ការទៅបានល្អប្រសើរ​ ដោយសារថ្នាក់ដឹកនាំរបស់​សហគមន៍​មានឆន្ទៈ​ក្នុង​ការ​ដឹក​នាំ​និងសហគមន៍​បានប្រមូលផ្តុំផលិតផល​របស់ខ្លួន សម្រាប់ធ្វើអាជីរកម្ម​ជាលក្ខណៈរបស់សហគមន៍​ ដោយ​មាន​​​ការ​ប្រ​កួត​​​​​ប្រជែងជាមួយឈ្មួញកណ្ដាល។ សហគមន៍​បាន​ធ្វើ​ការសំណូម​ពរឱ្យមន្រ្តីជំ​នាញ​​​របស់​​អគ្គ​នាយកដ្ឋាន​​​​​កៅស៊ូ និងមន្ត្រី​ជំនាញមក​ពី​ការិយា​​ល័យ​អភិវឌ្ឍន៍សហគមន៍នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប​បន្ត​ការ​​ចុះមកពង្រឹងនិងផ្តល់ជាអនុសាសន៍ដើម្បីឱ្យសហគមន៍មួយនេះដំណើរការបាន ដោយ​ខាង​សមា​ជិក​សហគមន៍​​​បាន​​​​​សន្យាថានឹងធ្វើ​ការ​​​ខំប្រឹងអស់ពីលទ្ធភាពចុងក្រោយ​ធ្វើឱ្យសហគមន៍មួយ​នេះ​​បាន​​​​​​​ដំណើរ​ការទៅមុខបន្តទៀត និងបានសំណូមពរឱ្យមានរៀបចំវគ្គផ្សេងៗ​ទៀត ដើម្បី​ឱ្យសហគមន៍កាន់​តែ​រឹង​​មាំនិង​មាន​ដំណើរការល្អ៕

Latest News