×
វគ្គសិក្ខាសាលាផ្ទេរបច្ចេកវិទ្យាដំណាំកៅស៊ូដល់មន្រ្តីបង្គោលនៅខេត្តសៀមរាប

ចាប់ពីថ្ងៃទី១៣-១៥ ខែធ្នូ ឆ្នាំ២០២២ ​នាយកដ្ឋានអភិវឌ្ឍន៍កៅស៊ូ នៃអគ្គនាយកដ្ឋានកៅស៊ូបាន​បើកវគ្គសិក្ខាសាលា “ផ្ទេរបច្ចេកវិទ្យាដំ​ណាំ​​កៅស៊ូដល់ ​មន្រ្តីបង្គោល” នៅសាលប្រជុំសណ្ឋាគារវឌ្ឍនៈរាសី ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួម​ជាគណៈអធិបតីដោយលោក ឃុន កក្កដា អគ្គនាយករង នៃអគ្គ​នា​យក​​​​​ដ្ឋាន​កៅស៊ូ លោក ផេង មុត្ថាវី​ ​ប្រធាន​នាយកដ្ឋានអភិវឌ្ឍន៍កៅស៊ូ និងលោក ហៃ វាសនា អនុប្រធានមន្ទីរកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទខេត្តសៀមរាប ព្រមទាំងមានការចូល​រួមពី​មន្ត្រីជំនាញមកពីការិយាល័យ​កៅស៊ូ​តាមបណ្តា​ខេត្តទាំង ២១ខេត្ត សរុបមាន​​​ចំនួន៣៦នាក់​ (ស្រី​៧នាក់​)។

សិក្ខាសាលានេះ មានគោលបំណងផ្ទេរបច្ចេក​វិទ្យាដំណាំកៅស៊ូដល់មន្ត្រីបង្គោល ដើម្បីទទួល​​បាន​​​​​​​ចំណេះដឹងអំពីបច្ចេកទេសកៅស៊ូនិងស្ថាន- ភាព​និន្នាការ​ នៃផ្គត់ផ្គងនិងតម្រូវការកៅស៊ូធម្មជាតិលើ​ទីផ្សារអន្តរជាតិ  សម្រាប់ផ្សព្វផ្សាយនិងបណ្តុះ​បណ្តាលបន្តដល់​កសិករ​កៅស៊ូគ្រួសារ អនុវត្ដបានត្រឹមត្រូវតាមបទដ្ឋាន​បច្ចេកទេស​​ចាប់តាំងពីការដាំដុះ ​រហូតដល់ការយក​ផល​កៅស៊ូ​។

ជាកិច្ចចាប់ផ្តើមលោក ហៃ វាសនា បានមាន​មតិស្វាគមន៍និងរាយការណ៍វឌ្ឍន​ភាព​ នៃ​ការដាំដុះដំណាំកៅស៊ូ​​នៅក្នុងខេត្តសៀមរាបដល់អង្គពិធី។ លោកក៏បាន​​​ថ្លែ​ង​អំណរ​​​គុណចំពោះ​អគ្គ​​នាយក​ដ្ឋាន​កៅស៊ូ​​ ដែ​​​​​ល​​​​​​​​តែង​តែ​យក​ចិត្ត​ទុកដាក់​បង្កើត​​កម្ម​វិធី​សិក្ខាសាលានានាដល់មន្រ្តីបង្កោល និងបាន​ផ្តាំផ្ញើ​ដល់សិក្ខាកាមត្រូវយកចិត្តទុកដាក់​ស្តាប់​ការ​ធ្វើ​បទ​​បង្ហាញ​​របស់វាគ្មិន។

បន្ទាប់មក លោក ផេង មុត្ថាវី បានមាន​មតិ​សំណេះសំណាលដល់អង្គពិធីនិងលើកឡើង​អំពី​គោល​​បំណងនៃវគ្គសិក្ខាសាលានាថ្ងៃនេះ។​ ទន្ទឹម​នឹង​នោះ​ លោកក៏បានរំលឹកដល់សិក្ខាកាមទាំងអស់​ត្រូវយកចិត្តទុកដាក់ស្តាប់ និងលើកជាសំនួរឲ្យបានច្រើ​ននៅពេលដែលវាគ្មិនបានធ្វើ​បទ​បង្ហាញ។

ជាកិច្ចបន្ទាប់​​​មកលោក ឃុន កក្កដា បាន​ថ្លែងសន្ទរកថា​ស្វាគមន៍ចំពោះវត្តមានសិក្ខាកាមដែល​បានអញ្ជើញចូលរួមនាពេលនេះ ​ ​និងប្រកាស​បើក​អង្គសិក្ខា​សាលា។ លោកក៏បាន​គូស​បញ្ជាក់​ថា​សិក្ខា​សាលានេះ ពិតជាផ្តល់នូវសារៈប្រយោជន៍​ដល់​មន្រ្តី​ជំនាញនៅតាមបណ្តាខេត្តដើម្បីផ្សព្វផ្សាយនិង​បណ្តុះ​បណ្តាលបន្តដល់កសិករកៅស៊ូគ្រួសារនៅក្នុងមូលដ្ឋានរបស់ខ្លួន។

សិក្ខាសាលារយៈពេលបីថ្ងៃនេះ វាគ្មិននីមួយៗ​បានធ្វើ​បទ​បង្ហាញ​​លើ​ប្រធាន​បទមួយចំនួន​ដូចខាង​ក្រោម៖

- ស្ថានភាពកៅស៊ូនៅកម្ពុជាឆ្នាំ២០២២

- ការសិក្សាថ្លៃដើមលើការដាំដុះនិងការយកផលកៅស៊ូគ្រួសារ

- ការគ្រប់គ្រងសិត្ថិកៅស៊ូធម្មជាតិ ការសិក្សា​លក្ខណៈសម្បត្តិចម្ការកៅស៊ូ​គ្រួសារនៅខេត្តមណ្ឌលគិរី

- ការយកផលទឹកជ័រលើការយក​ផលទឹកជ័រកៅស៊ូ

- លទ្ធផលចម្ការបង្ហាញអំពីការអនុវត្តកសិកម្មល្អលើការយកផលទឹកជ័រ

- ជំងឺលើដំណាំកៅស៊ូ

- ជំងឺស្ងួតមុខចៀរនិងជំងឺផ្កាកុលាប

- ជំងឺកូរីណេស្ប៉រ៉ានិងជំងឺ Pestalotiopsis

បន្ទាប់ពីការធ្វើបទបង្ហាញរបស់វាគ្មិនរួចមក សិក្ខាកាមជាច្រើន​បានលើកឡើងនូវសំណួរជាច្រើន​រួមមាន៖

១-តើមានកត្តាសំខាន់ៗអ្វីខ្លះ ដែលជះឥទ្ធិពលដល់ការធ្លាក់ថ្លៃកៅស៊ូនៅលើពិភពលោកនាពេលបច្ចុប្បន្ន? និងត្រូវមានវិធានការដោះស្រាយយ៉ាងណាខ្លះចំពោះបញ្ហាខាងលើ?

២-ហេតុអ្វីបានជាយើងត្រូវប្រើប្រាស់កម្លាំងពលកម្មច្រើនក្នុងឆ្នាំទី១ ទី២ និងទី៣?

៣- ហេតុអ្វីបានជានៅក្នុងឆ្នាំទី៤ និងទី៥ មិន បានគិតថ្លៃដើមការដាក់ជី?

៤- តើយើងមានវិធីសាស្ត្រអ្វីខ្លះ ដើម្បីកាត់បន្ថយថ្លៃដើមនៃការដាំដុះដំណាំកៅស៊ូ?

៥-តើប្រទេសណាខ្លះដែលផលិតកៅស៊ូច្រើនជាងគេនៅលើពិភពលោក?

៦- តើយើងមានយន្តការដូចម្តេចខ្លះ ដើម្បីបង្កើនថ្លៃកៅស៊ូក្នុងការជួយដល់កសិករ?

៧- តើក្លូនកៅស៊ូមានប៉ុន្មានប្រភេទដែលកសិករពេញនិយមដាំដុះនៅក្នុងប្រទេសកម្ពុជា?

៨- តើយើងបង្កកជ័រដោយប្រើប្រាស់អាស៊ីត ស៊ុលផូរិចនិងអាស៊ីតហ្វកមិចមួយណាល្អជាងគេ? ហេតុអ្វី?

៩- តើការប្រើប្រាស់ជីលើដំណាំកៅស៊ូនៅក្នុង​​​ដំណាំកាលមួយណា ដើម្បីឱ្យដើមកៅស៊ូលូតលាស់បាន​ល្អនិ​ងចំណេញសេដ្ឋកិច្ច?

១០-​សូមធ្វើការពន្យល់ពីគុណសម្បត្តិនិងគុណវិបត្តិក្នុងការប្រើប្រាស់ជីសរីរាង្គ និងជីគីមីលើដំណាំកៅស៊ូ?

១១-​តើការប្រើប្រាស់ជីអាចធ្វើឱ្យទឹកជ័រកៅស៊ូមានការកើនឡើងឬទេ? ហើយជ័រកៅស៊ូកើតចេញពីផ្នែកណា​?

១២-តើការប្រើប្រាស់ថ្នាំរំញោច​លើដើមកៅស៊ូ យើងផ្អែកលើកត្តាអ្វីខ្លះ​? តើវិធីសាស្រ្តលាបថ្នាំរំញោច​ទាំងបួនរបៀបមួយណាដែលងាយស្រួល ហើយមានប្រសិទ្ធភាពជាងគេ?

១៣- តើការប្រើប្រាស់ថ្នាំរំញោច​លើដើម​កៅស៊ូ យើងផ្អែកលើកត្តាអ្វីខ្លះ​?

១៤- តើពេលវេលាចៀរជ័រមានឥទ្ធិពល​លើ​ទិន្នផលជ័រកៅស៊ូដែរឬទេ? ហេតុអ្វី?

១៥-តើមានបញ្ហាប្រឈមអ្វីខ្លះ ក្នុងការរៀប​ចំ​ចម្ការបង្ហាញនៅខេត្តមណ្ឌលគិរី?

១៦-​ហេតុអ្វីបានជាជ្រើសរើសយកខេត្តមណ្ឌលគិរីមកសិក្សា និងរៀបចំចម្ការបង្ហាញ​ការយក​ផល​ទឹកជ័រ​កៅស៊ូ​?

១៧-ប្រសិនបើអាកាសធាតុឡើងក្តៅខ្លាំង តើយើងមានវិធានការណ៍​បង្ការអ្វីខ្លះ ​ដើម្បី​ការ​ពារដើមកៅស៊ូ?

១៨-តើជំងឺជ្រុះស្លឹកប៊ិស្ទាឡូទីអូបស៊ីស (Pestalotiopsis Leaf fall) មាននៅប្រទេសកម្ពុជាហើយឬនៅ? ហើយ​​​​​​​​​មានថ្នាំសម្រាប់ព្យាបាលដែរឬទេ? បើមានជាប្រភេទថ្នាំអ្វីខ្លះ?

១៩-តើជំងឺផ្សិតសលើស្លឹកកៅស៊ូកើតឡើងក្នុងលក្ខខណ្ឌណា?

សន្និដ្ឋាននិងសំណូមពរ

តាមរយៈសិក្ខាសាលានេះ បាន​បង្ហាញ​​​​​​​​​ឱ្យឃើញថា សិក្ខាកាម៖

  • បានយកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះ​ បទបង្ហាញខាងលើ
  • មានការយល់ដឹងខ្ពស់ក្រោយពីបាន​ទទួលការបណ្ដុះបណ្ដាលវគ្គផ្ទេរបច្ចេកវិទ្យានេះ ជា​ពិសេ​ស​​​លើបង្គុំបច្ចេកទេសដំណាំកៅស៊ូ បញ្ហាបច្ចេកទេសដែលកើតមាននិងត្រូវដោះស្រាយការ​បង្ការ​និងព្យាបាល​ជំងឺ ការអនុវត្តកសិកម្មល្អនៅក្នុងអនុវិស័យកៅស៊ូ ជាពិសេសសិក្ខា- កាមបានសំណូមពរដល់អគ្គនាយកដ្ឋានកៅស៊ូរិះរកបច្ចេកទេសថ្មីៗ និងវិធានការផ្សេងៗទៀតពាក់ព័ន្ធលើដំណាំកៅស៊ូ ក៏ដូចជាការកែច្នៃកៅស៊ូ ប្រកបដោយគុណភាពនិងមាននិរន្តរភាពទៅថ្ងៃអនាគត
  • បានចូលរួមក្នុងវគ្គសិក្ខាសាលានេះ ប្តេជ្ញាថានឹងយកចំណេះដឹងដែល​បានសិក្សា​ទៅ​ធ្វើការផ្សព្វផ្សាយបន្តដល់កសិករនៅ​តាមបណ្តាខេត្ត នីមួយៗរបស់ខ្លួន
  • រាល់ឯកសារបច្ចេកទេសកៅស៊ូគូរបញ្ចូលក្នុង App របស់អគ្គនាយកដ្ឋានកៅស៊ូ ដើម្បីងាយស្រួលកសិករកៅស៊ូគ្រួសារមានការស្វែងយល់បន្ថែមលើបច្ចេកទេសដំណាំកៅស៊ូ៕
Latest News