×
សិក្ខាសាលាស្ដីពីការវិវត្តកៅស៊ូធម្មជាតិនៅខេត្តកំពង់ចាម

ចាប់ពីថ្ងៃទី១៥-១៧ ខែសីហា ឆ្នាំ២០២២ នាយកដ្ឋានផែនការ ហិរញ្ញវត្ថុ និងស្ថិតិ នៃអគ្គនាយកដ្ឋានកៅស៊ូបានបើកវគ្គសិក្ខាសាលាស្ដីពី “ការវិវត្តកៅស៊ូធម្មជាតិ” នៅសណ្ឋាគារ​ភ្នំប្រុស ទីរួម​​ខេត្តកំពង់ចាម ក្រោមអធិបតីភាពលោក បណ្ឌិត អូន សុវណ្ណ អគ្គនាយករង​​នៃអគ្គនាយកដ្ឋានកៅស៊ូ និងមានការចូលរួមជាគណៈអធិបតីពីលោក​ កាតំម សូណាវណ្ណ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម និងលោក សុខ ផូស៊ីនី ប្រធាននាយកដ្ឋានផែនការ​​ ហិរញ្ញវត្ថុ និងស្ថិតិ ព្រមទាំងមានការចូលរួមពីមន្ត្រី​ការិយាល័យកៅស៊ូ​​តាម​​ខេត្ត មន្រ្តី​អគ្គនាយកដ្ឋានកៅស៊ូ និងនិយោជិកក្រុម​ហ៊ុន​ចម្ការកៅស៊ូកសិឧស្សាហកម្មសរុបចំនួន២៥នាក់ (ស្រី៥នាក់)។ វគ្គសិក្ខា​សា​លានេះ មានគោលបំណងបង្កើននិងពង្រឹងចំណេះដឹងដល់​មន្ត្រី​រាជការ ​ក្រុមហ៊ុន​ និងនិយោជិកក្រុមហ៊ុនអំពីការប្រមើល​សេដ្ឋកិច្ចកៅស៊ូនៅបរិការណ៍វិបត្ដិពិភពលោក និង​ការវិភាគទិន្ន- ន័យកៅស៊ូដោយប្រើកម្មវិធី ​Excel

ជាកិច្ចចាប់ផ្តើម លោក កាតំម សូណាវណ្ណ បានសំដែងក្តីរីករាយនិងស្វាគមន៍ដល់គណៈអធិបតី​​និង​សិក្ខាកាមទាំងអស់ ព្រមទាំងថ្លែងអំណរគុណ​ដល់​អគ្គនាយកដ្ឋាន​កៅស៊ូ បើទោះបីជាបញ្ហាជំងឺ​កូវីត​១៩ នៅតែជាបញ្ហាប្រឈមក៏ដោយ ក៏នៅតែបន្ដ​ការខិតខំយកចិត្តទុកដាក់ក្នុងការពង្រឹងសមត្ថភាពដល់​​មន្ត្រីរាជការការិយា​ល័យកៅស៊ូតាមបណ្តាខេត្ត និងនិយោជិកក្រុមហ៊ុនចម្ការកៅស៊ូកសិឧស្សាហកម្មឱ្យទទួល​បានចំណេះដឹងថ្មីៗបន្ថែមទៀត។ លើសពីនេះទៀត លោកក៏បានលើកពីសក្ដានុពលនៃដំណាំកៅស៊ូក្នុងខេត្តកំពង់ចាមដែលបានចូលរួមយ៉ាងសកម្មក្នុងការបង្កើតការងារនិងផ្ដល់ប្រាក់ចំណូលដល់ប្រជាពលរដ្ឋ ព្រមទាំងបញ្ហាប្រឈមដែលកសិករកៅស៊ូគ្រួសារជួបប្រទះ។

បន្ទាប់មក លោក សុខ ផូស៊ីនី បានស្វាគមន៍ដល់គណៈអធិបតីនិងសិក្ខាកាមទាំងអស់និងលើកឡើងអំពីគោលបំណងនៃវគ្គសិក្ខាសាលា និងអត្ថប្រយោជន៍របស់ដំណាំកៅស៊ូ​ ព្រមទាំង​រាយ​ការណ៍សង្ខេបអំពីទិន្នន័យកៅស៊ូកម្ពុជានៅឆមាសទី១ ឆ្នាំ២០២២។ សមិទ្ធផល​​ដែលសម្រេចបានមក​ដល់ពេលនេះ ដោយសារការចូលរួមយ៉ាងសកម្មប្រកបដោយការទទួល​ខុសត្រូវរបស់មន្រ្តីរាជការ កសិករ ក្រុមហ៊ុន ស្ថាប័នពាក់ព័ន្ធនានា និងដៃគូ​អភិវឌ្ឍន៍ ហើយមានការគាំទ្រជា​ប្រចាំនិងការ​ប្តេជ្ញា​ចិត្ត​ឥត​ងាក​រេ​ពីថ្នាក់ដឹកនាំក្រសួងនិងអគ្គនាយកដ្ឋាន​​កៅស៊ូ។

ជាកិច្ចបន្ទាប់ លោកបណ្ឌិត​ អូន សុវណ្ណ បានមានមតិសំណេះ​​សំណាលចំពោះវត្តមានរបស់សិក្ខាមដែលបានចូលរួម និងបានប្រកាសឲ្យបើក​វគ្គសិក្ខាសាលា ដោយលើកឡើងអំពីអត្ថប្រយោជន៍​នៃ​ដំណាំកៅស៊ូធៀបនឹងដំណាំផ្សេងៗ និងស្ថានភាពរីកចម្រើននៃវិស័យនេះ ដោយសារតែ​ប្រទេសកម្ពុជាមានស្ថានភាពនយោបាយនិងសន្តិសុខល្អប្រសើរ សក្តានុពលដីសមស្របនិងគោលនយោបាយទីផ្សារសេរីលើការលក់ដូរផលិត- ផលកៅស៊ូគ្រួសារនៅក្នុងស្រុក។​ ទន្ទឹមនឹងការរីកចម្រើនវិស័យនេះ ការគ្រប់​គ្រង​និងការតាមដានការវិវត្តកៅស៊ូធម្មជាតិក៏ជារឿង​​ចាំបាច់ដែលត្រូវយកចិត្តទុកដាក់ ដើម្បី​ទទួលបានធាតុចូលជាក់លាក់សម្រាប់រៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលខ្លីនិងវែង សំដៅការអភិវឌ្ឍន៍វិស័យកៅស៊ូកម្ពុជាប្រកបដោយនិរន្តរភាព។ ជាចុងក្រោយលោកក៏បានផ្តាំផ្ញើទៅសិក្ខាកាមទាំងអស់ឲ្យយកចិត្តទុកដាក់ស្តាប់ និងហ៊ានលើកឡើងនូវចម្ងល់នានា ដើម្បីទទួល​​បាននូវការយលើដឹង និងបទពិសោធន៍ពីវគ្គសិក្ខាសាលានេះ សម្រាប់អនុវត្តនិងចែករំលែកបន្ដ។

សិក្ខាសាលារយៈពេលបីថ្ងៃនេះ បានចាប់ដំណើរការតាមកម្មវិធីដែលបានគ្រោងទុករួមមាន៖

ក.ការធ្វើបទបង្ហាញ ដោយលោក​បណ្ឌិត អូន សុវណ្ណ​ ​ពាក់ព័ន្ធនឹង៖

  • ការប្រមើលសេដ្ឋកិច្ចកៅស៊ូនៅក្នុងបរិការណ៍វិបត្ដិពិភពលោក

- ទិន្នន័យកៅស៊ូសំខាន់

- ការសរុបសង្ខេបទិន្នន័យកៅស៊ូតាម PivotTable

  • ការដកស្រង់ទិន្នន័យដោយ​​​ Slicer
  • ការបង្ហាញលទ្ធផលដោយផ្ទាំងសរុប Dashboard។

ខ. ការពិភាក្សា

  • តើផ្ទៃដីដាំថ្មីជាអ្វី? គឺជាផ្ទៃដីដែលបានដាំដើមកៅស៊ូនៅទីតាំងដែលពីមុនដាំដំណាំផ្សេងឬគ្មានដាំដំណាំ ឬផ្ទៃដីដែលបានដាំដើមកៅស៊ូនៅទីតាំងដែលកាប់ដើមកៅស៊ូចាស់ៗ និងទុកដីទាំងនេះចោលលើសពីពីរឆ្នាំ។
  • តើផ្ទៃដីកៅស៊ូពេញវ័យជាអ្វី? គឺជាផ្ទៃដីដែលដើមកៅស៊ូដែលមានអាយុយ៉ាងយោចណាស់៧ឆ្នាំនិងមានទំហំដើមពេញវ័យសមស្របអាច​យក​ផលបាន។
  • តើផ្ទៃដីកៅស៊ូបោះបង់ជាអ្វី? គឺជាផ្ទៃដីដែលបានកាប់ដើមកៅស៊ូចាស់ៗ រួចប្ដូរទៅដាំដំណាំផ្សេង ឬរក្សាទុកដីទាំងនេះចោលលើសពីពីរឆ្នាំ។
  • តើ Slicer គឺជាអ្វី? និងប្រើសម្រាប់ធ្វើអ្វី? គឺជាឧបករណ៍ឆ្លាតវៃរបស់ Excel ដែលអាចសង្ខេប វិភាគ ជ្រើសរើស រៀបចំឡើងវិញ ចាត់ក្រុម រាប់ចំនួន​ បូកសរុបឬរកមធ្យមទិន្នន័យដែលមានចំនួនច្រើននៅក្នុងឃ្លាំងទិន្នន័យ ឬជាឧបករណ៍ទិន្នន័យស្វ័យប្រវត្ដិ (Data auto- mation tool) ដោយគ្រាន់តែចុចសំណុំព័ត៌មានថ្មីទាំងមូលនឹងសម្រេចទទួលបាន។ ​Slicer ត្រូវបានប្រើសម្រាប់ដកស្រង់​យកទិន្ន- ន័យពីតារាង PivotTable ឬក្រាហ្វិក Pivot Chat ដោយចុចប្រភេទទិន្នន័យដែលយើងចង់បាន។
  • តើផ្ទាំងសរុប​ (Dashboard) គឺជាអ្វី? ប្រើសម្រាប់ធ្វើអ្វី? គឺជាឧបករណ៍ងាយស្រួលក្នុង​ការ​បង្ហាញយ៉ាងរហ័សអំពីទិដ្ឋភាព​នៃរបាយ- ការណ៍ជា​ជាងឆ្លងកាត់ការពិនិត្យទិន្នន័យ​យ៉ាងច្រើន។ វាត្រូវបានប្រើសម្រាប់ជួយតាម​ដាន ​វិភាគ និងបង្ហាញទិន្នន័យ​ ដើម្បីទទួលបានការ​យល់ដឹងស៊ីជម្រៅអំពីវឌ្ឍនភាពនៃគោលដៅអនុវត្ដជាក់លាក់ណាមួយ របស់អង្គភាព។   

គ. ការអនុវត្ដ

សិក្ខាកាមបានរៀបចំទម្រង់បញ្ចូលទិន្នន័យផ្ទៃដីកៅស៊ូ ​(មិនទាន់ពេញវ័យចៀរនិងផ្ទៃដីបោះបង់) ប្រភេទចម្ការ  ផលិតផល និងការនាំចេញទៅតាម​ឆ្នាំ និងតាមខេត្ដនៅក្នុងកម្មវិធី Excel ។ បន្ទាប់មក សិក្ខាកាមបានធ្វើការសរុបសង្ខេបទិន្នន័យ​ផ្ទៃដីកៅស៊ូតាម PivotTable ដោយធ្វើការបង្កើត PivotTable តាមប្រភេទផ្ទៃដី ប្រភេទចម្ការ ផលិតផល និងការ​នាំចេញតាមខេត្ដនិងឆ្នាំ។ បន្ទាប់មកបានបង្កើត Slicer សម្រាប់ស្រង់យកទិន្នន័យក្នុងតារាង Pivot​ Table ទៅតាមឆ្នាំនិងខេត្ដ។ ចុងក្រោយ​ការបង្កើត​ក្រាហ្វិកដំបង ការបង្កើតក្រាហ្វិកនំកង​ និងការបង្កើត​​ផ្ទាំងសរុប (Dashboard)

លទ្ធផលតាមរយៈសិក្ខាសាលានេះ សិក្ខាកាមបាន៖

  • ចូលរួមទៅតាមចំនួនកំណត់
  • យកចិត្តទុកដាក់ស្វែងយល់ពីការប្រមើលសេដ្ឋកិច្ចកៅស៊ូនៅក្នុងបរិការណ៍វិបត្ដិពិភពលោកនិងការវិភាគទិន្នន័យកៅស៊ូដោយប្រើកម្មវិធី Microsft Excel 2016 ប្រើឧបករណ៍​និង​បច្ចេកទេស វិភាគទិន្នន័យ PivotTable, Slicer និង​ផ្ទាំងសរុប Dashboard និង
  • ចូលអនុវត្តលំហាត់យ៉ាងផុលផុសប្រកបដោយការយកចិត្តទុកដាក់ខ្ពស់។

ទន្ទឹមនេះ សិក្ខាសាលាក៏បានពិភាក្សាគ្នាពី​បញ្ហា​ដែលបានជួបប្រទះផ្ទាល់ទាំងបច្ចេកទេស ការ​គ្រប់គ្រងចម្ការ ទីផ្សារ និងទាំងវិធីសាស្រ្តរៀបចំស្ថិតិកៅស៊ូផងដែរ។

សន្និដ្ឋាន

សិក្ខាសាលានេះ បានសម្រេចទៅដោយរលូន ដោយមានការបកស្រាយ ពន្យល់យ៉ាងក្បោះក្បាយពីវាគ្មិននិងមានការចូលរួមសកម្មពីសិក្ខាកាមទាំងអស់ ហើយបានផ្ដល់នូវអត្ថប្រយោជន៍និងការ​យល់ដឹងជាច្រើនដល់សិក្ខាកាមដូចជា៖ របៀបបង្កើត​ទម្រង់បញ្ចូលទិន្នន័យក្នុង Excel ការសរុបសង្ខេប​ទិន្នន័យ Pivot​Table ការរៀបចំវិធីដកស្រង់ទិន្នន័យ​ដោយ Slicer និងការបង្ហាញលទ្ធផលដោយ​ផ្ទាំង​សរុប Dashboard ព្រមទាំងគន្លឹះសំខាន់ៗ​បន្ថែម​ទៀត។ ជាងនេះទៅទៀត កម្មវិធីសិក្ខាសាលានេះក៏បានផ្ដល់ឱកាសដល់សិក្ខាកាមដែលចូលរួមបាន​ផ្លាស់ប្ដូរនិងចែក រំលែកបទពិសោធន៍ជាក់ស្ដែងកន្លងមក និងបានអនុវត្ដផ្ទាល់ផងដែរ។ សិក្ខាកាម​ទាំងអស់​បានខិតខំយកចិត្តទុកដាក់អនុវត្តតាមវិធានការ​៣កុំ-៣ ការពារ ​និងការណែនាំផ្សេងៗរបស់ក្រសួង​​សុខា​ភិបាលក្នុងការទប់ស្កាត់និងបង្កាជំងឺកូវីដ-១៩ បើទោះ​បីជាបានធ្វើការចាក់វ៉ាក់សាំងពេញលេញក៏​ដោយ៕

Latest News