×
ស្ថានភាពកៅស៊ូធម្មជាតិប្រចាំឆមាសទី១ ឆ្នាំ២០២២

ស្ថាននភាពកៅស៊ូធម្មជាតិនៅពាក់កណ្តាលឆ្នាំនេះមិនល្អឡើយ។ ដោយភាពវឹកវរនៅតែបន្តនៅ​ក្នុង​​ខ្សែ​ច្រវ៉ាក់​ផ្គត់ផ្គង់សកល រួមនឹងការកើនឡើងនៃអត្រាការប្រាក់នៃធនាគារកណ្តាល​ បាន​ធ្វើឲ្យបរិយា​កាសនៃទីផ្សារថាមពលនៅបន្តជាប់គាំងក្នុងវិបត្តិ។ ដោយឡែក​ថ្លែកៅស៊ូនៅទីផ្សារអន្តរជាតិបន្តចុះ​ថ្លៃជារៀងរាល់​ថ្ងៃ​ទាំងទីផ្សារប្រទេសថៃនិងសៀងហៃ។ ទោះជាជួបប្រទះនូវវិបត្តិធ្ងន់ធ្ងរយ៉ាងនេះក៍ដោយ ក៍ស្ថាន​ភាព​កៅស៊ូ​ធម្មជាតិនៅប្រទេសកម្ពុជាក្នុងខែមិថុនា ឆ្នាំ២០២២បាន​បង្ហាញថាផ្ទៃដីកៅស៊ូសរុប​មានចំនួន៤០៤ ០៤៤ ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រចំនួន ៣១០  ១៩៣ហិក​តា ស្មើនឹង៧៧% និងផ្ទៃដីថែ​ទាំ​ចំនួន៩៣ ៨៥១ ​ហិកតា ស្មើនឹង២៣%។  ក្នុងខែមិថុនាបរិមាណផលិតផលសរុបមានចំនួន៣០ ២២០តោន បានកើនឡើងចំនួន៣ ៧១៥ តោន (+១៤%) ធៀបនឹងខែមុននិងបានកើនឡើងចំនួន៥០៥តោន (+២%) ធៀបនឹងរយៈពេលដូចគ្នា​ក្នុង​ឆ្នាំ២០២១។ រហូតមកដល់ឆមាសទី១ ឆ្នាំ២០២២ បរិមាណផលិតផលសរុបមានចំនួន១៣៤ ៧៩៥តោន បាន​កើនឡើងចំនួន១​ ៣០៤តោន (+១%) ធៀបនឹងរយៈពេលដូចគ្នាក្នុង​ឆ្នាំ​២០២១។ ក្នុងខែនេះ បរិមាណបញ្ចេញលក់មានចំនួន៣០ ០៨៩តោន បានកើនឡើងចំនួន៤ ៣៩៩តោន (+១៧%) ធៀបនឹងខែមុន​​និងបានកើនឡើងចំនួន១ ១៥៨តោន (+៤%) ធៀបនឹងរយៈពេលដូចគ្នា​ក្នុង​ឆ្នាំ២០២១។​ រហូតមកដល់ឆមាសទី១ ឆ្នាំ២០២២ បរិមាណបញ្ចេញលក់មានចំនួន១៣៥ ១៣៧តោន បានកើនឡើងចំនួន៣ ៣៨២តោន (+៣%) ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ក្នុងខែនេះ ថ្លៃលក់មធ្យមស្មើនឹង ១ ៥៧២US$/តោន​ បានថយចុះ២៩US$/តោន (=-២%) ធៀបនឹងខែមុននិង​បានថយចុះ១៦២US$/តោន (=-៩%) ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ រហូតមកដល់ឆមាសទី១ ឆ្នាំ ២០២២ ថ្លៃលក់ជាមធ្យមស្មើនឹង១ ៥៧៩US$/តោនបានថយចុះ៩១US$/តោន (=-៥%) ធៀបនឹង​រយៈ​ពេលដូចគ្នាកាលពីឆ្នាំមុន។​

យោងតាមរបាយការណ៍ប្រចាំខែមិថុនា ឆ្នាំ២០២២ របស់សមាគមបណ្តាប្រទេសផលិតកៅស៊ូ​ធម្មជាតិ (ANRPC) បានបង្ហាញថា ផ្អែកលើការប៉ាន់ប្រមាណដែលបានផ្តល់ដោយរដ្ឋាភិបាល​ជាសមាជិក​រហូតដល់ខែមិថុនា ឆ្នាំ២០២២ ទស្សនវិស័យទីផ្សារកៅស៊ូធម្មជាតិត្រូវបានរំពឹងថា នឹងមានភាពប្រសើរ​ឡើង​បន្ថែមទៀតក្នុងឆ្នាំ២០២២នេះ ទាំងការផលិតនិងការប្រើប្រាស់។ ក្នុងអំឡុងខែមិថុនា ឆ្នាំ២០២២ ផលិតកម្មកៅស៊ូធម្មជាតិពិភពលោកត្រូវបានកត់ត្រាមានចំនួន១,១១៣លានតោន បានកើនឡើង៣,៨% រីឯការប្រើប្រាស់បានព្យាករថា នឹងកើនលឿនជាងមុន៥,៨%​ ស្មើនឹង​១,២០៦លានតោន បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

ទោះបីជា ទីផ្សារកៅស៊ូធម្មជាតិមានអំណោយផលល្អក៏ដោយ ក៏បរិយាកាសទីផ្សារត្រូវបានរង​ឥទ្ធិពលដោយកត្តាផ្សេងៗដូចជា៖ ការកើតឡើងវិញករណីឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសចិន ការកើនឡើងតម្លៃវត្ថុធាតុដើមនិងតម្លៃថាមពល ការព្រួយបារម្ភលើសម្ពាធអតិផរណា និងការដំឡើងអត្រាការប្រាក់ដែលធ្វើឡើងដោយធនាគារកណ្តាលអាម៉េរិកដើម្បីអនុវត្តគោលនយោបាយរឹតបន្តឹងរូបិយវត្ថុ រួមនឹងភាព​មិនច្បាស់លាស់នៃជម្លោះភូមិ​សាស្ត្រនយោបាយរវាងរុស្ស៊ីនិងអ៊ុយក្រែន។

ដើម្បីធ្វើការរវាយតម្លៃនិងការសម្រេចចិត្តកាន់តែប្រសើរឡើង ANRPC បានចាប់ផ្តើមការស្ទង់មតិតាម​អ៊ីន​ធឺណែត ដើម្បីប្រមូលមតិកែលម្អពីភាគីពាក់ព័ន្ធកៅស៊ូនៅក្នុងខ្សែច្រវាក់តម្លៃនៃឧស្សាហកម្មកៅស៊ូធម្មជាតិលើយន្តការថ្លៃប្រកបដោយនិរន្តរភាព (Sustainable Prices Mecha- nism: SPM) ដែលបានស្នើ​ឡើង។ យន្តការដែលបានស្នើឡើងនេះ​ ដើម្បីដោះស្រាយបញ្ហាថ្លៃទាបនិងការពារផលប្រយោជន៍របស់អ្នក​ពាក់ព័ន្ធនៅ​ក្នុងឧស្សាហកម្មកៅស៊ូធម្មជាតិ​ដែលលទ្ធផលចុងក្រោយនឹងផ្តល់នូវការអភិវឌ្ឍន៍ប្រកបដោយ​និរន្តរភាពក្នុងខ្សែច្រវ៉ាក់តម្លៃនៃឧស្សាហ- កម្មកៅស៊ូធម្មជាតិរយៈពេលវែង។ ទន្ទឹមនឹងនោះ ចំពោះផ្តល់មតិកែលម្អលើយន្តការថ្លៃប្រកបដោយនិរន្តរភាពដែលបានស្នើឡើង សូមចូលទៅកាន់គេហទំព័រ ANRPC (www.anrpc.org) “click here” ដើម្បីអាននូវសេចក្តីសង្ខេបអំពីយន្តការថ្លៃប្រកបដោយនិរន្តរភាពមុននឹងលោក លោកស្រីចូលរួមផ្តល់មតិកែលម្អកា​​រស្ទ​ង់មតិតាមប្រព័ន្ធអនឡាញនេះ៕

Latest News