ចាប់ពីថ្ងៃទី១៤-១៥ ខែមិថុនា ឆ្នាំ២០២២ នាយកដ្ឋានផែនការ ហិរញ្ញវត្ថុ និងស្ថិតិបានរៀបចំវគ្គសិក្ខាសាលាស្ដីពីការរៀបចំគម្រោងសកម្មភាពថវិកាកម្មវិធី ការតាមដាននិងវិភាគការចំណាយលើសកម្មភាពថវិកាកម្មវិធី ដោយឧបករណ៍និងបច្ចេកទេសវិភាគទិន្នន័យជឿនលឿនសម្រាប់វិភាគទិន្នន័យនៅសាលប្រជុំធំអគ្គនាយកដ្ឋានកៅស៊ូក្រោមអធិបតីភាព លោក បណ្ឌិត អូន សុវណ្ណ អគ្គនាយករងនៃអគ្គនាយកដ្ឋានកៅស៊ូ ព្រមទាំងមានការចូលរួមពីលោកប្រធាននាយកដ្ឋាន លោក/លោកស្រីអនុប្រធាននាយដ្ឋាន និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានកៅស៊ូសរុបចំនួន ៣០នាក់ (ស្រី១០នាក់)។ វគ្គសិក្ខាសាលានេះមានគោលបំណង ដើម្បីផ្ដល់ចំណេះដឹងនិងបទពិសោធន៍ដល់មន្រ្តីអនុវត្ដន៍គម្រោងក្នុងការរៀបចំផែនការថវិកាកម្មវិធី លើការតាមដាននិងវិភាគការចំណាយលើសកម្មភាពថវិកាកម្មវិធីដោយឧបករណ៍និងបច្ចេកទេសវិភាគទិន្នន័យជឿនលឿនសម្រាប់វិភាគទិន្នន័យ ប្រកបដោយភាពត្រឹមត្រូវនិងទាន់ពេលវេលា។
ជាកិច្ចចាប់ផ្តើម លោក សុខ ផូស៊ីនី ប្រធាននាយកដ្ឋានផែនការ ហិរញ្ញវត្ថុ និងស្ថិតិបានមានមតិស្វាគមន៍និងធ្វើសេចក្តីរាយការណ៍ដោយសង្ខេបអំពីស្ថានភាពដំណាំកៅស៊ូនៅកម្ពុជាក្នុងឆ្នាំ២០២១កន្លងមក និងការអនុវត្ដសកម្មភាពថវិកាកម្មវិធីរបស់អគ្គយកដ្ឋានកៅស៊ូ។ ក្នុងឆ្នាំ២០២២ អគ្គនាយកដ្ឋានកៅស៊ូដែលជាសេនាធិការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអង្គភាពថវិកាបានចូលរួមអនុវត្ដអនុកម្មវិធីចំនួនមួយនៃកម្មវិធីទី១ ដែលមានចង្កោមសកម្មភាពចំនួន៥ អមដោយសកម្មភាពសរុបចំនួន១៧សម្រាប់ទ្រទ្រង់។ លោកក៏សង្ឃឹមថា សិក្ខា- កាមទាំងអស់នឹងទទួលបានចំណេះដឹង ច្រើនពីវគ្គសិក្ខាសាលានេះ សម្រាប់រួមចំណែកជួយរៀបចំនិងអនុវត្តគម្រោងផែនការថវិកាកម្មវិធីរបស់អង្គភាពខ្លួនឱ្យបានត្រឹមត្រូវច្បាស់លាស់អាចសម្រេចបាននិងមានប្រសិទ្ធភាព ដើម្បីសម្រេចបានគោលដៅរបស់គោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម ជាពិសេសផែនការយុទ្ធសាស្រ្តអភិវឌ្ឍកៅស៊ូធម្មជាតិឆ្ពោះទៅឆ្នាំ២០៣០។
កិច្ចបន្ទាប់ លោក បណ្ឌិត អូន សុវណ្ណ បានសុន្ទរកថាបើកវគ្គសិក្ខាសាលានិងមានមតិទៅកាន់សិក្ខាកាមថា ក្នុងឆ្នាំ២០០៤ រាជរដ្ឋាភិបាលបានចាប់ផ្ដើមអនុវត្តកម្មវិធីកែទម្រង់លើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដែលមានបួនដំណាក់កាលគឺ (១) ដំណាក់កាលទី១ (២០០៤-២០០៨) ការបង្កើនភាពជឿទុកចិត្តនៃថវិកា (២) ដំណាក់ការទី២ (២០០៩-២០១៥) ការបង្កើនគណនេយ្យភាពហិរញ្ញវត្ថុ (៣) ដំណាក់ការទី៣ (២០១៦-២០២០) ការផ្សារភ្ជាប់រវាងថវិកាទៅនឹងគោលនយោបាយនិង (៤) ដំណាក់ការទី៤(២០២១-២០២៥) ការបង្កើនគណនេយ្យភាពចំពោះសមិទ្ធកម្ម។ នៅឆ្នាំ២០២២ ជាដំណាក់ការនៃការបង្កើនគណនេយ្យភាពសមិទ្ធិកម្មគឺសំដៅទៅលើការទទួលស្គាល់និងការទទួលខុសត្រូវចំពោះសកម្មភាព ការសម្រេចចិត្ដ និងគោលនយោបាយដែលបានអនុវត្ដនៅក្នុងតួនាទី ភារកិច្ច និងដែនសម្ថកិច្ចរបស់ខ្លួន។ សំណូមពរដល់សិក្ខាកាមទាំងអស់សូមយកចិត្តទុកដាក់ស្ដាប់ការពន្យល់ ការបកស្រាយរបស់វាគ្មិន និងចោទសួរដល់វាគ្មិនក្នុងករណីមានចម្ងល់ឬមិនច្បាស់ត្រង់ចំណុចណាមួយ ដើម្បីឱ្យយល់កាន់តែច្បាស់និងងាយស្រួលយកទៅអនុវត្ត។
សិក្ខាសាលារយៈពេល២ថ្ងៃបានចាប់ដំណើរការតាមកម្មវិធីដែលបានគ្រោងទុកដោយលោកបណ្ឌិត អូន សុវណ្ណដូចខាងក្រោម៖
ការធ្វើបទបង្ហាញ
ក.របៀបបង្កើតទម្រង់បញ្ចូលទិន្នន័យក្នុង Excel
ខ. ការសរុបសង្ខេបទិន្នន័យនៃការចំណាយតាម PivotTable
គ. ការរៀបចំវិធីដកស្រង់ទិន្នន័យនៃការចំណាយដោយ Slicer
ឃ.ការបង្ហាញលទ្ធផលដោយផ្ទាំងសរុប Dashboard
ការពិភាក្សា
តើ PivotTable គឺជាអ្វី?
PivotTable ជាឧបករណ៍ឆ្លាតវៃរបស់ Excel ដែលអាចសង្ខេប វិភាគ ជ្រើសរើស រៀបចំឡើងវិញ ចាត់ក្រុម រាប់ចំនួន បូកសរុបឬរកមធ្យមទិន្នន័យដែលមានចំនួនច្រើននៅក្នុងឃ្លាំងទិន្នន័យឬជាឧបករណ៍ទិន្នន័យស្វ័យប្រវត្ដិ (Data automation tool) ដោយគ្រាន់តែចុចសំណុំព័ត៌មានថ្មីទាំងមូលនឹងសម្រេចទទួលបាននូវ៖
តើ Slicers គឺជាអ្វី? វាប្រើសម្រាប់ធ្វើអ្វី?
Slicers ជាឧបករណ៍ច្នុចដកស្រង់ដែលមើលឃើញ។ វាត្រូវបានប្រើសម្រាប់ដកស្រង់យកទិន្នន័យនៅក្នុងតារាង Pivot table ឬក្រាហ្វិក Pivot chart ដោយចុចប្រភេទទិន្នន័យដែលចង់បាន។ ឧទាហរណ៍ថា អ្នកកំពុងស្វែងរកការចំណាយទៅតាមខែឬតាមចង្កោមសកម្មភាពជាក់លាក់ណាមួយ អ្នកគ្រាន់តែចុចលើច្នុចនៃខែឬច្នុចនៃចង្កោមសកម្មភាពនោះ Slicers នឹងបង្ហាញទិដ្ឋភាពនៃការដកស្រង់ថ្មីទាំងនោះ គឺការចំណាយក្នុងខែឬការចំណាយរបស់ចង្កោមសកម្មភាពនោះដែលងាយស្រួលយល់។
តើផ្ទាំងសរុប (Dashboard) គឺជាអ្វី? វាប្រើសម្រាប់ធ្វើអ្វី?
ផ្ទាំងសរុប (Dashboard) ជាឧបករណ៍ងាយស្រួលក្នុងការបង្ហាញយ៉ាងរហ័សនូវទិដ្ឋភាពរបាយការណ៍ជាជាងឆ្លងកាត់ការពិនិត្យទិន្នន័យច្រើន។ វាត្រូវបានប្រើប្រាស់សម្រាប់ជួយតាមដានវិភាគនិងបង្ហាញទិន្នន័យ ដើម្បីទទួលបានការយល់ដឹងស៊ីជម្រៅអំពីវឌ្ឍនភាពនៃគោលដៅអនុវត្ដជាក់លាក់ណាមួយរបស់អង្គភាព។
ការអនុវត្ដ
សិក្ខាកាមបានរៀបចំទម្រង់បញ្ចូលទិន្នន័យ របាយការណ៍ចំណាយថវិកាតាមខែនិងឆ្នាំ ចង្កោម សកម្មភាព ជំពូក គណនី និងអនុគណនីនៅក្នុងកម្ម វិធី Excel។ បន្ទាប់មក សិក្ខាកាមបានធ្វើការសរុបសង្ខេបទិន្នន័យនៃការចំណាយតាម Pivot Table ដោយធ្វើការបង្កើត PivotTable តាម ខែ និងឆ្នាំ តាមចង្កោមសកម្មភាពនិងតាមជំពូក។ និងបានបង្កើត Slicers ស្រង់តាមខែនិងឆ្នាំតាមសកម្មភាពនៅក្នុងតារាង Pivot table ឬក្រាហ្វិក Pivot chart។ បន្ទាប់មកធ្វើការបង្កើតក្រាហ្វិកដំបូងរបស់ចង្កោមសកម្មភាព ការបង្កើតក្រាហ្វិកនំកងរបស់ចង្កោមសកម្មភាព ការបង្កើតក្រាហ្វិកដំបងរបស់ជំពូក និងការបង្កើតផ្ទាំងសរុប (Dashboard)។
លទ្ធផល តាមរយៈលទ្ធផល នៃសិក្ខាសាលាសិក្ខាកាមបាន៖
សន្និដ្ឋាន
សិក្ខាសាលានេះ បានដំណើរការទៅដោយរលូននិងមានការចោទសួរយ៉ាងផុសផុល។ ហើយបានផ្ដល់នូវអត្ថប្រយោជន៍និងការយល់ដឹងជាច្រើនដល់សិក្ខាកាមដូចជា៖ របៀបបង្កើតទម្រង់បញ្ចូលទិន្នន័យក្នុង Excel ការសរុបសង្ខេបទិន្នន័យនៃការចំណាយតាម Pivot Table ការរៀបចំវិធីដកស្រង់ ទិន្នន័យនៃការចំណាយដោយ Slicer និងការបង្ហាញលទ្ធផលដោយផ្ទាំងសរុប Dashboard ព្រមទាំងគន្លឹះសំខាន់ៗបន្ថែមទៀត។ ជាងនេះទៅទៀត កម្មវិធីសិក្ខាសាលានេះ ក៏បានផ្ដល់ឱកាសដល់សិក្ខាកាមដែលចូលរួមបានផ្លាស់ប្ដូរនិងចែករំលែកបទពិសោធន៍ជាក់ស្ដែងកន្លងមក និងបានអនុវត្ដផ្ទាល់ផងដែរ៕