×
ក្រុមប្រឹក្សាកៅស៊ូម៉ាឡេស៊ីនឹងកំណត់គោលដៅទីផ្សារថ្មីៗ

លោក Nor Hizwan Ahmad នាយកប្រតិបត្តិបាននិយាយថា ក្រុមប្រឹក្សាកៅស៊ូម៉ាឡេស៊ី (MRC: The Malaysian Rubber Council) កំពុងកំណត់គោលដៅទីផ្សារថ្មីៗនៅឆ្នាំនេះ មានប្រទេសមជ្ឈិមបូព៌ានិងអាហ្វ្រិក ដើម្បីបង្ហាញផលិតផលកៅស៊ូក្នុងស្រុកដែលមានគុណភាពខ្ពស់។

លោកក៏បានព្យាករណ៍ថា តម្រូវការផលិតផលផលិតពីកៅស៊ូដូចជា៖ ស្រោមដៃ បំពង់សម្រាប់​សុងទឹកនោម និងបរិក្ខាពេទ្យផ្សេងៗទៀតនៅ​តែ​មានតម្រូវខ្ពស់។ ខណៈដែលតម្រូវការផលិតផល​ផ្សេងទៀតដូចជាសមាសភាគកៅស៊ូសម្រាប់​ឧស្សា​ហកម្ម​យានយន្ត កម្មវិធីបច្ចេកទេស ផលិតផលប្រើប្រាស់ និងការប្រើប្រាស់ឈើកៅស៊ូសម្រាប់ធ្វើជាជីវ ម៉ាសរំពឹងថានឹងកើនឡើងផងដែរ។ លោកចង់ឃើញការនាំចេញ​កៅស៊ូរបស់ម៉ាឡេស៊ីឈានដល់ ១០០ពាន់លានរីងហ្គីដ។ ហេតុនេះ ការពង្រីកនិងការកំណត់ទីផ្សារគឺជាការងារសំខាន់របស់ MRC ដែលយើងត្រូវពង្រឹងកិច្ចខិត​ខំប្រឹងប្រែងនេះ ដើម្បីធានាថាទីផ្សារនិងឱកាសថ្មីៗ​ឲ្យបានច្បាស់លាស់មុននឹងសម្រេចដាក់ទុនក្នុងរឿងនេះ។ លោកជឿក៏ជាក់ថាការរៀបចំ និងការចូលរួមក្នុង​ព្រឹត្តិ​ការណ៍​ផ្សព្វផ្សាយអន្តរជាតិគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការផ្សព្វផ្សាយផលិតផលកៅស៊ូម៉ាឡេស៊ី និងលើកកម្ពស់ការយល់ដឹងនៅក្នុងទីផ្សារអន្តរជាតិអំពីគុណភាពខ្ពស់នៃផលិតផលរបស់យើង។ សកម្មភាពផ្សព្វផ្សាយទីផ្សារដែលរៀបចំដោយ MRC រួមមាន ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ ដំណើរទស្សនកិច្ចការងារ ការប្រកួតប្រជែងផ្នែក​ធុរកិច្ច សិក្ខាសាលាអន្តរជាតិ សន្និសីទ​ និងបេសកកម្មថ្នាក់រដ្ឋមន្ត្រី។

ការនាំចេញស្រោមដៃបានកើនឡើងយ៉ាងឆាប់រហ័សក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ដែល​មានបរិមាណនាំចេញស្មើនឹងពាក់កណ្តាលនៃផលិតផលផលិតពីកៅស៊ូ​សរុបពីព្រោះ ការផលិត​ស្រោមដៃកៅស៊ូបច្ចុប្បន្នគឺជាឧស្សាហកម្មដ៏សំខាន់បំផុត១របស់ប្រទេសម៉ាឡេស៊ី។ ក្រុមហ៊ុន​ផលិត​ស្រោមដៃនៅប្រទេសម៉ាឡេស៊ីបានបំពាក់​គ្រឿងបរិក្ខារយ៉ាងល្អ​ ដើម្បីបំពេញតម្រូវការពិភពលោកដែលកំពុងតែកើនឡើង ដោយសារតែសមត្ថភាពបច្ចេកទេសផលិត ការលើកទឹកចិត្តរបស់រដ្ឋាភិបាល និងការវិនិយោគ​ច្រើន​ផ្សេងៗទៀត។

នៅឆ្នាំ២០២១​​ ការនាំចេញកៅស៊ូនិងផលិតផលផលិតពីកៅស៊ូសរុបបានកើនឡើង ៤៦,៣% ស្មើនឹង៧១ពាន់លានរីងហ្គីដ ធៀបនឹងឆ្នាំ​មុនដែល​មានចំនួន ៤៨,៥៣ពាន់ លានរីងហ្គីដ។

លោក ​ Hizwan  បន្តថា  MRC បានបង្កើតការិយាល័យនៅតំបន់ Jeddah ប្រទេសអារ៉ាប៊ី​សាអូ​ឌីតដើម្បីស្វែងរកសក្តានុពលកៅស៊ូនៅមជ្ឈិមបូព៌ានិងអាហ្វ្រិកខាងជើង និងមានការិយាល័យផ្សេងទៀតនៅទីក្រុងឡុង វ៉ាស៊ីនតោនឌីស៊ី សៀងហៃ និងប៉េកាំង។ ទីផ្សារ​ថ្មី​ៗដែល​ខ្លួន​កំពុង​កំណត់​គោលដៅ​មានប្រទេស៖ តួកគី វៀតណាម អេហ្ស៊ីប ប្រេស៊ីល និង​ប៉ាគីស្ថាន។ ដោយសារតែរង​ផលប៉ពាល់ដោយពីការរញ្ជួយដីនៅប្រទេសទួរគី​មានក្រុមហ៊ុនសំណង់ក្នុងស្រុកធំៗជាច្រើនបាន​ឆ្លៀត​​ឱកាស​នេះ ​ដើម្បី​ផ្សព្វផ្សាយ​ផលិត ផល​កៅស៊ូសម្រាប់វិស័យសំណង់ (ERP: engineered rubber products) ដែល​ផលិតនៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី។

ក្រុមប្រឹក្សានឹងជំរុញឲ្យមាន​ផលិតផលកៅស៊ូសម្រាប់វិស័យសំណង់នៅប្រទេសអេហ្ស៊ីបដោយសារ គម្រោងសាងសង់និងហេដ្ឋារចនា​សម្ព័ន្ធ​កំពុងតែកើនឡើង។ ចំពោះនៅ​ប្រទេស​ប្រេស៊ីលក្រុមប្រឹក្សាក៏មានគម្រោងលើក​ទឹកចិត្តឱ្យ​ទទួលយកជម្រើស នៃប្រើប្រាស់សំបកកង់ដែលកែច្នៃឡើងវិញពីប្រទេសម៉ាឡេស៊ីផងដែរ។ រីឯនៅ​ប្រទេសវៀតណាមវិញ ក្រុមប្រឹក្សាក៏នឹងជំរុញការនាំចេញសម្ភារៈ និងគ្រឿងបន្លាស់យានយន្តផលិតពីកៅស៊ូដែលបានយកមកកែច្នៃឡើងវិញ។​ ចំពោះ​ប្រទេសប៉ាគីស្ថានដែលកំពុងមានការរីកចម្រើនជាវិជ្ជមានក្នុងវិស័យសុខាភិបាល បានផ្តល់ឱកាស​បន្ថែមទៀតដល់ MRC ដើម្បីលើកកម្ពស់ផលិតផលផលិតពីកៅស៊ូវេជ្ជសាស្រ្តបន្ថែមទៀតមាន៖ ស្រោម​ដៃ​វេជ្ជសាស្រ្ត និងបំពង់សម្រាប់​សុងទឹកនោម។

នៅក្នុងពិព័រណ៍ឆ្នាំ២០២០ កាលពីខែមុននៅប្រទេសឌូបៃ MRC ក៏បានចូលរួមបង្ហាញ​ផលិត​ផលផលិតពីកៅស៊ូប្រទេសម៉ាឡេស៊ី ទៅកាន់ពិភព​លោកនៅក្នុងកម្មវិធី Malaysian Pavilion។ នៅ​ថ្ងៃ​ទី២៤ ខែមករា ដែលជាវេទិកាអនឡាញ​មួយពាក់​ព័ន្ធនឹងការធ្វើធុរកិច្ចរវាងអ្នកទិញអន្តរជាតិនិងរោង​ចក្រកម្មន្តសាល​ផលិតផលកៅស៊ូម៉ាឡេស៊ី។ ក្រុមប្រឹក្សាកៅស៊ូម៉ាឡេស៊ីបាន​បើកដំណើរការកម្មវិធីតាំងបង្ហាញផលិតផល​កៅស៊ូ​​​របស់ខ្លួន (MaRViS: the Malaysian Rubber Products Virtual Showcase)។ ការបិទខ្ទប់​ភ្លាមៗ​និងការគំរាមកំហែងដែលមើលមិនឃើញនៃជំងឺកូវីដ​១៩ បានជំរុញឱ្យ MRC គិតឡើងវិញនូវវិធីសាស្រ្តដែល​អាចធ្វើ​ធុរ​កិច្ច​បានដើម្បីឈានទៅដល់ទីផ្សារអន្តរជាតិ។ ការរឹត​ត្បិតលើការធ្វើដំណើរក៏បានរំខាន ដល់ទំនាក់ទំនង​អន្តរជាតិ ជាពិសេស​ការធ្វើ​ធរុកិច្ច។ កម្មវិធីតាំង​បង្ហាញផលិតផលកៅស៊ូម៉ាឡេស៊ីគឺជាផ្នែក​សំខាន់​នៃការធុរកិច្ចរបស់ MRC និងអ្នកពាក់ព័ន្ធ​របស់ខ្លួន។ វេទិកានេះ​មិនត្រឹមតែជួយ​សន្សំសំចៃថ្លៃដើមនិងការខិតខំប្រឹងប្រែងប៉ុណ្ណោះទេ ថែមទាំង​អាចឈានទៅដល់ទីផ្សារធំជាងមុនសម្រាប់ផលិតផលផលិតពី​កៅស៊ូប្រទេសម៉ាឡេស៊ីផងដែរ។

ក្រុមប្រឹក្សាក៏បានចូលរួមដោយជោគជ័យនៅក្នុងពិព័រណ៍សុខភាពអារ៉ាប់រយៈពេលបួនថ្ងៃដែលធ្វើឡើងចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែមករា​ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកឌូបៃក្នុងប្រទេស អារ៉ាប់រួម។ យើង​បាន​ចូលរួម​ក្នុង​នាម​ជា​អ្នក​តាំង​ពិព័រណ៍​ជាមួយ​នឹង​ក្រុមហ៊ុន​ផលិត​កៅស៊ូ​ម៉ាឡេស៊ី​ផ្សេង​ទៀត។ យើងគាំទ្រការតាំងពិព័រណ៍នេះ ដើម្បី ផ្សព្វផ្សាយផលិតផលកៅស៊ូពីប្រទេសម៉ាឡេស៊ី​ជា​សាកលស្របតាមយុទ្ធនាការដែលកំពុងដំណើរ​ការ​រ​បស់យើង 'No One Knows Rubber Like Malay-sia Does'

ប្រជាជនម៉ាឡេស៊ីកាន់តែច្រើននឹងចូលរួមក្នុង ឧស្សាហកម្មកៅស៊ូ

កង្វះកម្លាំងពលកម្មនៅក្នុងឧស្សាហកម្មកៅស៊ូបណ្តាលពីខ្វះការចាប់អារម្មណ៍ក្នុងចំណោមកម្មករម៉ាឡេស៊ី ដោយសារការកែច្នៃត្រូវបានចាត់ទុកថាជាហានិភ័យ-3D (Dirty, Dangerouse and Difficult)  កខ្វក់ គ្រោះថ្នាក់ និងពិបាក។ ជាមួយនឹងការផ្ទុះឡើងនៃជំងឺកូវិដ១៩ តម្រូវការ​ស្រោមដៃបាន ចាប់ផ្តើមកើនឡើងនៅចុងឆ្នាំ២០១៩។ ម្ចាស់ឧស្សា-ហកម្មបានប្រញាប់ប្រញាល់ពង្រីកសមត្ថភាពផលិតនៅក្នុងតំបន់​ ជាហេតុធ្វើឲ្យតម្រូវការ​កម្លាំងពល​កម្ម​បរទេសកាន់​តែច្រើន និងកង្វះកម្លាំងពលកម្មកាន់តែធ្ងន់ធ្ងរ។ ដោយសារតែការរឹតបន្តឹងការធ្វើដំណើរ និងការបិទព្រំដែនបានធ្វើឱ្យមានការលំបាកក្នុងការជ្រើសរើសពលករបរទេស។

ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការបង្កើតការងារបន្ថែមទៀតសម្រាប់ប្រជាជនម៉ាឡេស៊ី និងកាត់បន្ថយការពឹងផ្អែកលើកម្លាំង ពលកម្មបរទេស MRC បានចាប់ផ្តើមមូលនិធិជួលកម្មករម៉ាឡេស៊ី ដើម្បីបង្កើនអត្រាការងារក្នុងចំណោមប្រជាជនក្នុងស្រុកនៅក្នុងក្រុមហ៊ុនកៅស៊ូផ្នែកលំហូរខាងក្រោម។ កត្តានេះជាមូលនិធិផ្អែកលើការ​លើក​ទឹកចិត្តដែលមានគោលបំណងបង្កើតវប្បធម៌ចេះជួយតាមរយៈឧស្សាហកម្ម ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាតិ។ MRC  ក៏បានស្នើឱ្យម្ចាស់ឧស្សាហកម្មជួលកម្មករក្នុងស្រុក ហើយក៏បានផ្តល់មូលនិធិឱ្យពួកគេផងដែរ។ ប្រាក់ឈ្នួលដែលផ្តល់ជូនគឺ១២០០រីងហ្គីដ ប៉ុន្តែច្បាប់ក្នុងស្រុកប្រាក់ឈ្នួលអប្បបរមាគឺ១៥០០រីងហ្គីដ។ ហេតុនេះ MRC ត្រូវបន្ថែម ៣០០រីងហ្គីដផ្សេងទៀត។ មូលនិធិនេះត្រូវបានបង្កើតឡើងក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ក្នុងដំណាក់កាលដំបូងនៃជំងឺរាត​ត្បាត កូវីដ១៩ ហើយបន្តពង្រីកវាដោយសហការជាមួយអង្គការសន្តិសុខសង្គម។

លោក Hizwan បានបន្តឲ្យដឹងថា កង្វះការចូលរួមដោយផ្ទាល់នៅក្នុងខ្សែច្រវ៉ាក់តម្លៃអន្តរជាតិ បានធ្វើឱ្យសមត្ថភាពប្រកួតប្រជែងអន្តរជាតិរបស់ម៉ាឡេស៊ីចុះខ្សោយ។ ដូច្នេះ យើងសង្ឃឹមថានឹងទទួលបានយុវជនកាន់តែច្រើនចូលរួមក្នុងវិស័យកៅស៊ូ ដោយបន្តផ្តល់អាហារូបករណ៍ គំនិតបង្កើតថ្មី និងបច្ចេកវិទ្យាផ្សេងៗទៀតដើម្បីទាក់ទាញការ​ចាប់ អារម្មណ៍របស់ពួកគេ។

MRC បានបង្កើតកញ្ចប់មូលនិធិសម្រាប់​ឧស្សាហកម្ម (Industry Linkage Fund) ដែលត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំ២០១៧។ វាផ្តល់នូវវេទិកាមួយសម្រាប់ឧស្សាហកម្មនេះ ដើម្បីប្រើប្រាស់ភាពខ្លាំងនិងជំនាញរបស់សាកលវិទ្យាល័យសាធារណៈ និងឯកជនរបស់ម៉ាឡេស៊ីនិងវិទ្យាស្ថានស្រាវជ្រាវក្នុងស្រុក ដើម្បីធ្វើការស្រាវជ្រាវទីផ្សារដែលផ្តល់អត្ថប្រយោជន៍ដោយសារតែ​ឧស្សាហកម្មទាក់ទងនឹងគំនិតបង្កើតថ្មី​និងការស្រាវជ្រាវនិងការអភិវឌ្ឍន៍។

ម៉្យាងទៀតឧស្សាហកម្មកៅស៊ូត្រូវតែត្រៀមលក្ខណៈសម្រាប់ស្វ័យប្រវត្តិកម្មរួមគ្នាដើម្បីប្រកួតប្រជែងកាន់តែល្អនៅក្នុងទីផ្សារពិភពលោក។ MRC លើកទឹកចិត្តម្ចាស់ឧស្សាហកម្ម ឱ្យឈានចូលលើប្រព័ន្ធស្វ័យប្រវត្តិកម្ម។ ក្នុងគោលបំណងបង្កើន​ការនាំចេញនិងការប្រើប្រាស់ផលិតផលផលិតពីកៅស៊ូ​ដែលផលិតក្នុងស្រុកក៏ដូចជាផលិតផលផ្សេងៗទៀត។

នៅឆ្នាំ២០១៩ ក្រុមប្រឹក្សាបានបើកដំណើរការមូលនិធិ MRC សម្រាប់ស្វ័យប្រវត្តិកម្មនិងបច្ចេកវិទ្យាបៃតង ដើម្បីគាំទ្ររោងចក្រកម្មន្តសាលផលិតផលកៅស៊ូដែលយល់ព្រមអនុវត្តគម្រោងស្វ័យប្រវត្តិកម្មនិងបច្ចេកវិទ្យាបៃតង។ មូលនិធិនេះ​មានគោលបំណងលើកទឹកចិត្តរោងចក្រកម្មន្តសាលផលិតផលផលិតពីកៅស៊ូឱ្យទទួលយកស្វ័យប្រវត្តិកម្មនិងបច្ចេកវិទ្យាបៃតង ដើម្បីបង្កើនការប្រកួតប្រជែងក្នុងឧស្សាហកម្ម កាត់បន្ថយការខ្វះខាត​កម្លាំងពលកម្ម និងសម្រេចបាននូវនិរន្តរភាព។

ជារួមដើម្បីរក្សាការវិវត្តន៍យ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាប្រតិបត្តិករកៅស៊ូ​បច្ចុប្បន្នត្រូវតែមានភាពរហ័ស​​​រហួននិងទទួលយកនូវការផ្លាស់ប្តូរពោល គឺជាក្រមសីលធម៌ដែល MRC មានបំណងចង់បណ្តុះគំនិត។ យើងត្រូវតែស្វែងរកគំនិតដែលអាចបំពាក់តម្លៃបន្ថែមដល់ឧស្សាហកម្មកៅស៊ូ និងច្នៃប្រឌិត​ដើម្បីក្លាយទៅជាឧស្សាហកម្មដ៏សំខាន់មួយទៀតនិងត្រូវចងចាំថា វិស័យកៅស៊ូជាផលប្រយោជន៍ជាតិ  “​ឧស្សាហកម្ម​កៅស៊ូ​នៅ​តែ​រឹងមាំ នោះជាតិ​នឹង​បន្ត​រីកចម្រើន​ផងដែរ” ៕

Latest News