ស្ថានភាពកៅស៊ូធម្មជាតិនៅប្រទេសកម្ពុជាក្នុងខែកុម្ភៈ ឆ្នាំ២០២២ បានបង្ហាញថា៖ ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤ ០៤៤ហិកតា ដែលក្នុងនោះផ្ទៃដីចៀរជ័រចំនួន៣១០ ១៩៣ហិកតា ស្មើនឹង ៧៧% និង ផ្ទៃដីថែទាំចំនួន ៩៣ ៨៥១ហិកតា ស្មើនឹង២៣%។ បរិមាណផលិតសរុបក្នុងខែកុម្ភៈមានចំនួន ១៤ ៨៩៦តោន បានថយចុះចំនួន១៩ ២៤២តោន (-៥៦%) បើធៀបនឹងខែមុន ប៉ុន្តែបានកើនឡើងចំនួន ៣២៧តោន (+២%) ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ រហូតដល់ខែកុម្ភៈ(២ខែដើម ឆ្នាំ២០២២) បរិមាណផលិតសរុបមានចំនួន ៤៩ ០៣៣តោន បានកើនឡើងចំនួន ១ ៦២១តោន (+៣%) ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ បរិមាណបញ្ចេញលក់ក្នុងខែកុម្ភៈ ឆ្នាំ២០២២ មានចំនួន ១៥ ៩៨៩តោន បានថយចុះចំនួន ១៦ ៥៣១តោន (-៥១%) ធៀបនឹងខែមុន ប៉ុន្តែបានកើនឡើងចំនួន ៨៦៩តោន (+៦%) ធៀបនឹងរយៈពេល ដូចគ្នាក្នុងឆ្នាំ២០២១។ បរិមាណបញ្ចេញលក់រហូតមកដល់ខែកុម្ភៈ (២ខែ ឆ្នាំ២០២២) មានចំនួន ៤៨ ៥០៩ តោន បានកើនឡើងចំនួន ២ ៥៣៦តោន (+៦%) ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ តម្លៃលក់មធ្យមក្នុងខែកុម្ភៈ ឆ្នាំ២០២២ ស្មើនឹង ១ ៥៨៣ US$/តោន បានថយចុះ ៣US$/តោន (=-០,២១%) ធៀបនឹងខែមុន និងបានថយចុះ ៤៩តោន (=-៣%) ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ តម្លៃលក់ជាមធ្យមរហូតមកដល់ខែកុម្ភៈ ឆ្នាំ២០២២ ស្មើនឹង ១ ៥៨៥US$/តោន បានថយចុះ ២US$/តោន (=-០,១%) បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ស្ថានភាពទិញជ័រកៅស៊ូគ្រួសារតាមតំបន់នានាប្រចាំខែកុម្ភៈ មានតម្លៃចន្លោះពី ៥ ៩០០ - ៦ ១៧៥ ៛/គ.ក្រ សម្រាប់ទឹកជ័រគិតជាជ័រស្ងួត (ពុំមានការកើនឡើងធៀបនឹងខែមុន) និងថ្លៃ ២ ៦០០ - ៣ ១៥០៛/គ.ក្រ សម្រាប់ជ័រកកគឺបានកើនឡើងចំនួន ១៩៛/គ.ក្រ ធៀបនឹងខែមុន អាស្រ័យតាមតំបន់និងរយៈពេលបង្កក។
យោងតាមរបាយការណ៍ប្រចាំខែកុម្ភៈ ឆ្នាំ២០២២ របស់សមាគមបណ្តាប្រទេសផលិតកៅស៊ូធម្មជាតិ (ANRPC) បានបង្ហាញថា ទស្សនៈវិស័យទីផ្សារកៅស៊ូធម្មជាតិពិភពលោក (NR) នៅតែមានភាពវិជ្ជមានក្នុងឆ្នាំ២០២២។ ផលិតកម្មកៅស៊ូពិភពលោករំពឹងថានឹងកើនឡើង ១,៩% ស្មើនឹង ១៤,១០៧លានតោន រីឯការប្រើប្រាស់កៅស៊ូពិភពលោករំពឹងថានឹងមានកំណើនជាមធ្យម ១,២% ស្មើនឹង ១៤,២៣២ លានតោនក្នុងកំឡុងឆ្នាំ២០២២នេះ។ ទោះបីជាទីផ្សារកៅស៊ូធម្មជាតិមានរំញោចវិជ្ជមានក៏ដោយ ក៏នៅប្រឈមមុខនឹង បញ្ហាជាច្រើនដែលអាចរារាំងដល់កំណើនរបស់វា។ នៅក្នុងផ្នែកផ្គត់ផ្គង់ត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារអាកាសធាតុមិនល្អ កង្វះកម្លាំងពលកម្មនៅក្នុងបណ្តាប្រទេសផលិតធម្មជាតិ ចំពេលមានការកើនឡើងនៃការរីករាលដាលនៃប្រភេទ Covid-19 ករណី Omicron ជុំវិញពិភពលោកនិងរដូវផ្អាក់ចៀរដែលអាចធ្វើឱ្យមានភាពតានតឹងដល់ផ្នែកផ្គត់ផ្គង់វត្ថុធាតុដើមនៅខែខាងមុខ។ ខណៈពេលដែលតម្រូវការកៅស៊ូធម្មជាតិមានភាពល្អប្រសើរ ដោយសារមានតម្រូវការខ្លាំងពីវិស័យសុខាភិបាលនិងកំណើននៃការលក់រថយន្តមានភាពជាវិជ្ជមាន។
ព្រឹត្តិការណ៍ពិភពលោកផ្សេងទៀតក៏អាចមានឥទ្ធិពលលើទីផ្សារកៅស៊ូធម្មជាតិដូចជា ការកើនឡើងតម្លៃប្រេងឆៅ វិបត្តិភូមិសាស្ត្រនយោបាយ ការបើកព្រំដែនឡើងវិញ និងការរំខានខ្សែច្រវ៉ាក់ផ្គត់ផ្គង់ពិភពលោកដែលបណ្តាលមកពីការពន្យារពេលដឹកជញ្ជូន កង្វះខាតជាសកលនៃបន្ទះឈីប semiconductor និងហានិភ័យផ្នែកសុខាភិបាលដូចជាការវិត្តន៍នៃជំងឺ Covid-19។ ប្រទេសនានាបានអនុវត្តវិធីសាស្រ្តផ្សេងៗគ្នាដើម្បីគ្រប់គ្រងជំងឺរាតត្បាត Covid-19 សម្រាប់ប្រទេសជាតិនិងសេដ្ឋកិច្ចរបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយការគ្រប់គ្រង Covid-19 ប្រកបដោយប្រសិទ្ធភាពនៅតែជាគន្លឹះដើម្បីទ្រទ្រង់ការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយជំងឺរាតត្បាត។ បើមិនដូច្នេះទេ វានឹងនៅតែបង្កឱ្យមានផលប៉ះពាល់មិនច្បាស់លាស់ដល់ការងើបឡើងវិញរបស់វា។