ឆ្នាំថ្មីនាំមកក្តីសង្ឃឹមនៃការគ្រប់គ្រងវិបត្តិជំងឺកូវីត ក៏ដូចជាភាពវិជ្ជមាននៃទស្សនៈជាសកលរបស់កៅស៊ូធម្មជាតិ។ តាមការប៉ាន់ស្មានផលិតកម្មកៅស៊ូធម្មជាតិសម្រាប់ឆ្នាំ២០២២នេះ នឹងកើនដល់ ១៤,១០៧លានតោន ធៀបនឹងតម្រូវការកៅស៊ូធម្មជាតិនឹងកើនដល់ ១៤,២៣២លាន តោន។ ដោយឡែកនៅឆ្នាំ២០២១ កន្លងមកប្រទេសកម្ពុជាយើងសម្រេចបានការនាំចេញកៅស៊ូសរុបចំនួន ៣៦៦ ៣០០តោន គិតជាទឹកប្រាក់ចំនួន ៦១០,៣លានដុល្លារអាម៉េរិក។ ផលិតកម្មម្មកៅស៊ូធម្មជាតិកម្ពុជានឹងមានកំណើនខ្ពស់ប្រចាំឆ្នាំ យោងតាមកំណើនផ្ទៃដីបើកមុខចៀរថ្មី។ សម្រាប់ដើមខែមករា ជាខែថ្មីនៃឆ្នាំថ្មី២០២២នេះ ស្ថាពភាពកៅស៊ូកម្ពុជាសម្រេចបានបរិមាណផលិតផលសរុបក្នុងខែមករាមានចំនួន ៣៤ ១៣៧តោន កើនឡើងចំនួន ១ ២៨៤តោន ស្មើនឹង៤% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រីឯបរិមាណនាំចេញកៅស៊ូសរុបប្រចាំខែមករា ឆ្នាំ២០២២ មានចំនួន ៣២ ៥២០តោន បានកើនឡើង ១ ៦៦៧តោន ស្មើនឹង៥% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ថ្លៃលក់ជាមធ្យមក្នុងខែមករាគឺ១ ៥៨៦ដុល្លារអាម៉េរិក/តោន កើនឡើងចំនួន ២១ដុល្លារអាម៉េរិក/តោន ស្មើនឹង១% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ចំពោះស្ថានភាពទិញជ័រកៅស៊ូគ្រួសារតាមតំបន់នានាប្រចាំខែមករាមានតម្លៃចាប់ពី ៥ ៩០០៛/គ.ក្រ - ៦ ០០០៛/គ.ក្រ សម្រាប់ជ័រស្ងួត (បានថយចុះ ៣៦៛/គ.ក្រ ធៀបនឹងខែមុន) និងចាប់ពី ២ ៦០០៛/គ.ក្រ - ៣ ១០០៛/គ.ក្រ សម្រាប់ជ័រកក (បានថយចុះ ៨៦៛/គ.ក្រធៀប នឹងខែមុន) អាស្រ័យតាមរយៈពេលបង្កកនិងតំបន់។
យោងតាមរបាយការណ៍ប្រចាំខែមករា ឆ្នាំ២០២២ របស់សមាគមបណ្តាប្រទេសផលិតកៅស៊ូធម្មជាតិ (ANRPC) បានបង្ហាញថាទស្សនៈវិស័យទីផ្សារកៅស៊ូធម្មជាតិពិភពលោក (NR) នៅតែមានភាពវិជ្ជមានក្នុងឆ្នាំ២០២២។ ផលិតកម្មកៅស៊ូពិភពលោករំពឹងថានឹងកើនឡើង ១,៩% ចំណែកឯការប្រើប្រាស់កៅស៊ូពិភពលោករំពឹងថា នឹងមានកំណើនជាមធ្យម ១,២% ក្នុងកំឡុងឆ្នាំ២០២២នេះ។ ទោះបីជាទីផ្សារកៅស៊ូធម្មជាតិមានរំញោចវិជ្ជមានក៏ដោយ ក៏នៅប្រឈមមុខនឹងបញ្ហាជាច្រើនដែលអាចរារាំងដល់កំណើនរបស់វា។ ក្នុងផ្នែកផ្គត់ផ្គង់ត្រូវបាន រងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារតែអាកាសធាតុមិនល្អ កង្វះកម្លាំងពលកម្មនៅក្នុងបណ្តាប្រទេសផលិតកៅស៊ូធម្មជាតិ ចំពេលមានការកើនឡើងនៃការរីករាលដាលនៃប្រភេទ Covid-19 ករណី Omicron ជុំវិញពិភពលោក និងរដូវផ្អាក់ចៀរដែលអាចធ្វើឱ្យមានភាពតានតឹងដល់ផ្នែកផ្គត់ផ្គង់វត្ថុធាតុដើមនៅខែខាងមុខ។ ខណៈពេលដែលតម្រូវការកៅស៊ូធម្មជាតិមានភាពល្អប្រសើរ ដោយសារមានតម្រូវការខ្លាំងពីវិស័យសុខាភិបាល និងកំណើននៃការលក់រថយន្តមានភាពជាវិជ្ជមាន។
ព្រឹត្តិការណ៍ពិភពលោកផ្សេងទៀត ក៏អាចមានឥទ្ធិពលលើទីផ្សារកៅស៊ូធម្មជាតិដូចជា ការកើនឡើងនៃតម្លៃប្រេងឆៅ វិបត្តិភូមិសាស្ត្រនយោ- បាយ ការបើកព្រំដែនឡើងវិញ និងការរំខានខ្សែច្រវ៉ាក់ផ្គត់ផ្គង់ពិភពលោកដែលបណ្តាលមកពីការពន្យារពេលដឹកជញ្ជូន កង្វះខាតជាសកលនៃបន្ទះឈីប semiconductor និងហានិភ័យផ្នែកសុខាភិបាលដោយសារការវិត្តន៍នៃជំងឺ Covid-19។ ប្រទេសនានាបានអនុវត្តវិធីសាស្រ្តផ្សេងៗគ្នា ដើម្បីគ្រប់គ្រងជំងឺរាតត្បាត Covid-19 សម្រាប់ប្រទេសជាតិនិងសេដ្ឋកិច្ចរបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយការគ្រប់គ្រង Covid-19 ប្រកបដោយប្រសិទ្ធភាពនៅតែជាគន្លឹះសំខាន់ដើម្បីទ្រទ្រង់ការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយជំងឺរាតត្បាត។ បើមិនដូច្នេះទេ វានៅតែបង្កឱ្យមានផលប៉ះពាល់មិនច្បាស់លាស់ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច៕