នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានកៅស៊ូ បានប្រារព្ធធ្វើនៅអគ្គនាយកដ្ឋានកៅស៊ូ ដោយបានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការអញ្ជើញចូលរួមពីឯកឧត្តម អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ជាថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្រ្តីរាជការនៃអគ្គនាយកដ្ឋានកៅស៊ូ វិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីខេត្ត តំណាងសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា សហគមន៍កសិកម្មកៅស៊ូគ្រួសារតាមតំបន់ តំណាងក្រុមហ៊ុនចម្ការកៅស៊ូកសិឧស្សាហកម្ម ម្ចាស់រោងចក្រ សិប្បកម្មកែច្នៃជ័រនិងឈើកៅស៊ូ តំណាងធនាគារអភិវឌ្ឍន៍កសិកម្មនិងជនបទ (ARDB) និងមជ្ឃមណ្ឌលសហប្រតិបត្ដិការអន្ដរជាតិស្រាវជ្រាវកសិកម្ម សម្រាប់ការអភិវឌ្ឍ (CIRAD) អង្គការមូលនិធិសកលសម្រាប់ធម្មជាតិ (WWF) អង្គការអុកស្វាម (OX-FAM) វេទិការនៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា (NGO Forum on Cambodia) និងអង្គការ សង្គ្រោះសត្វព្រៃ (SCW) សរុបចំនួន ១៧០នាក់ (ស្រី២៨នាក់)។ ក្នុងគោលបំណង៖ (១) ពិនិត្យឡើងវិញលើលទ្ធផលការងាររបស់អគ្គនាយកដ្ឋានកៅស៊ូដែលបានអនុវត្តក្នុងឆ្នាំ២០២១កន្លងមក ដើម្បីពិភាក្សារកចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈម (២) ប្រមូលធាតុចូលសំខាន់ៗនិងកាលានុវត្តភាពថ្មីៗបន្ថែមទៀតពីគ្រប់ភាគីពាក់ព័ន្ធសម្រាប់ពង្រឹងនិងជំរុញការអភិវឌ្ឍអនុវិស័យកៅស៊ូនិង (៣) កំណត់ទិសដៅការងាររបស់អគ្គនាយកដ្ឋានកៅស៊ូ ដែលត្រូវអនុវត្តបន្តដោយអនុលោមតាមកម្មវិធីដែលបានអនុម័តសម្រេចផ្តល់ថវិកា សម្ភារៈ និងមធ្យោបាយចាំបាច់នានាសម្រាប់បំពេញការងារនៅក្នុងឆ្នាំ២០២២ ក៏ដូចឆ្នាំខាងមុខ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ហ៊ឹម អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក នៃអគ្គនាយកដ្ឋានកៅស៊ូ បានថ្លែងសុន្ទរកថាស្វាគមន៍ដល់គណៈអធិបតីនិងអង្គពិធីនូវស្ថានភាពនៃការអភិវឌ្ឍកៅស៊ូធម្មជាតិនៅទូទាំងប្រទេសក្នុងឆ្នាំ២០២១ មានជាអាទិ៍ដូចជា ផ្ទៃដីផលិតកម្មនិងការនាំចេញមាន ការកើនឡើងបើធៀបនឹងឆ្នាំកន្លងទៅ ដោយទទួលបានទឹកប្រាក់ចំណូលសរុបពីការនាំចេញកៅស៊ូនិងឈើកៅស៊ូមានចំនួន៦១១,៨លានដុល្លារអាម៉េរិក។ ទឹកប្រាក់នេះមានការកើនឡើងប្រមាណជាង១៤២, ៧លានដុល្លារអាម៉េរិក ស្មើនឹង៣០,៥%។ រីឯថ្លៃលក់កៅស៊ូជាមធ្យមគឺ១ ៦៦៦ដុល្លារអាម៉េរិក/តោន ថ្លៃនេះបានកើនឡើងចំនួន២៨៤ដុល្លារអាម៉េរិក/តោន ស្មើនឹង២០,៥% ធៀបនឹងឆ្នាំ២០២០ ដែលថ្លៃលក់មធ្យមមានតែ១ ៣៨២ដុល្លារអាម៉េរិក/តោនប៉ុណ្ណោះ។
ចំពោះការងារនៅលើឆាកអន្តរជាតិវិញ អគ្គនាយកដ្ឋានកៅស៊ូបានបំពេញតួនាទីក្នុងឋានៈជាសមាជិកពេញសិទ្ធិរបស់សមាគមបណ្ដាប្រទេសផលិតកៅស៊ូធម្មជាតិ (ANRPC) ក្រុមប្រឹក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍កៅស៊ូអន្តរជាតិ (IRRDB) សមាគម កៅស៊ូអន្តរជាតិ (IRA) និងជាដៃគូសហប្រតិបត្តិការទ្វេភាគីឬពហុភាគី។
ជាកិច្ចបន្ទាប់មក ឯកឧត្តម ម៉ាន សុគ្រី បានថ្លែងសុន្ទរកថាបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានកៅស៊ូ។ ឯកឧត្តមបានសម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនិងមន្រ្តីរាជការ នៃអគ្គនាយកដ្ឋានកៅស៊ូ ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួន ដើម្បីធ្វើឱ្យអនុវិស័យកៅស៊ូមានការវិវត្តន៍ឈានឡើងគួរជាទីមោទនៈ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការបានជម្រាបជូនអង្គប្រជុំទាំងមូលជ្រាបថា កន្លងមកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតែងតែបានរំឭកអំពីការរីកចម្រើននិងសក្តានុពលនៃឧស្សាហកម្មកៅស៊ូធម្មជាតិនៅកម្ពុជា ដោយដំណាំនេះ បានបង្កើនប្រាក់ចំណូល បង្កើតអាជីពនៅជនបទ ជួយកាត់បន្ថយភាពក្រីក្រ និងការធ្វើចំណាកស្រុក។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការក៏បាន កត់សម្គាល់លើបញ្ហាប្រឈមចម្បងៗមួយចំនួនក្នុងអនុវិស័យនេះរួមមាន៖ លិខិតបទដ្ឋានគតិយុត្ត កិច្ចសហការក្នុងការអនុវត្តការងារ មធ្យោបាយ និងធនធានមនុស្សនៅមានកម្រិតនៅឡើយ ដែលបញ្ហាទាំងអស់នេះចាំបាច់ត្រូវខិតខំបន្ថែមទៀតដោយមានកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយឱ្យបានសមស្រប និងទាន់ពេលវេលាក្នុងគោលដៅជំរុញការអភិវឌ្ឍអនុវិស័យកៅស៊ូឱ្យកាន់តែមានប្រសិទ្ធភាពនិងមាននិរន្តរភាព។
អង្គប្រជុំបានជជែកពិភាក្សាគ្នាលម្អិតអំពីបញ្ហានានាដែលពាក់ព័ន្ធនឹងការអភិវឌ្ឍឧស្សាហកម្មកៅស៊ូធម្មជាតិ ការធ្វើពាណិជ្ជកម្មកៅស៊ូ និងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍នានា តាមរយៈសំណួរ មតិយោបល់ សំណូមពរ និងបញ្ហាប្រឈមមួយចំនួនដូចខាងក្រោម៖
i.គាំទ្រឲ្យមានច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានាមួយចំនួនដើម្បីធានាការគ្រប់គ្រង និងការអភិវឌ្ឍវិស័យកៅស៊ូឲ្យមាននិរន្តរភាព
ii.ជំរុញការអនុវត្តសារាចរណែនាំលេខ១០.សរណន ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៣ របស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីវិធានការទប់ស្កាត់ការនាំចេញជ័រកៅស៊ូនិងឈើកៅស៊ូមិនទាន់កែច្នៃទៅបរទេសឱ្យមានប្រសិទ្ធភាព
iii.ជំរុញនិងពង្រឹងសកម្មភាពដឹកនាំនិងគ្រប់គ្រងសហគមន៍កសិកម្មកៅស៊ូគ្រួសារតាមតំបន់ និងជួយគាំទ្ររកប្រភពថវិកាដល់ដំណើរការរបស់សហគមន៍ឱ្យមានដំណើរដោយរលូន និងអាចសម្រេចតាមគោលដៅដែលបានគ្រោងទុក
iv.បន្តការចុះផ្សព្វផ្សាយនិងបណ្តុះបណ្តាលបច្ចេកទេសឱ្យបានច្រើនថែមទៀតដល់កសិករក្នុងការដាំដុះ ការយកផល និងការបង្កើនគុណភាពផលិតផលជ័រកៅស៊ូ
v.ពង្រឹងនិងស្វែងរកកិច្ចសហការនិងការចូលរួមពីដៃគូអភិវឌ្ឍនានា និងអង្គការមិនមែនរដ្ឋាភិបាលដើម្បីអភិវឌ្ឍវិស័យកៅស៊ូនិងដោះស្រាយបញ្ហានានា
vi.សូមទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) បន្តជួយគាំទ្រការអភិវឌ្ឍវិស័យកៅស៊ូនៅកម្ពុជាតាមរយៈការផ្តល់ប្រាក់កម្ចីសម្បទានសម្រាប់ គាំទ្រដល់កសិករកៅស៊ូគ្រួសារ
vii.សូមធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB) ជួយគាំទ្រដល់សហគមន៍កសិកម្មកៅស៊ូគ្រួសារតាមរយៈការអនុគ្រោះនូវលក្ខខណ្ឌមួយចំនួន គឺការផ្តល់ប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាប និងមានរយៈពេលវែងដើម្បីពង្រឹងសមត្ថភាពសហគមន៍កសិកម្មកៅស៊ូគ្រួសារឱ្យក្លាយទៅជាសហគ្រិនពេញលេញ។
ចំពោះបញ្ហាប្រឈមនិងសំណូមពរដែលបានលើកទ្បើងខាងលើ ឯកឧត្តម ហ៊ឹម អូន បានឆ្លើយតបនិងទទួលយកទៅតាមចំណុចនីមួយៗ ដើម្បីជម្រាបជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីកំណត់ជាវិធានការសម្រាប់ដោះស្រាយនាពេលខាងមុខ៕