×
ស្ថានភាពកៅស៊ូធម្មជាតិប្រចាំខែកញ្ញា ឆ្នាំ២០២១

ស្ថានភាពទូទៅកៅស៊ូពិភពលោកនៅក្នុងខែកញ្ញានេះ មានការប្រែប្រួលខ្លាំង។ នៅដើមខែថ្លៃកៅស៊ូ​បាន​ធ្លាក់ចុះខ្លាំង ប៉ុន្តែ វាក៏បានកើនឡើងវិញនៅពាក់កណ្តាលខែ។ មានកត្តាច្រើនដែលបង្កអោយមាន​វិបត្តិនេះ​កើតឡើងគឺការរីករាលដាលឆ្លងឡើងវិញនៃជំងឺកូវីដ១៩ ការកាត់បន្ថយការផលិតយានយន្ត ដោយ​សារការ​ ខ្វះខាតបន្ទះឈីបនិងការប្រែប្រួលនៃការផ្គត់ផ្គង់ប្រេងឆៅដែលបណ្តាលមកពីការរំខានដោយសារព្យុះ ida។

ទោះបីជាស្ថានភាពនៃការវិវត្តរបស់ពិភពលោកបានជួបប្រទះ ដូចបានរៀបរាប់ខាងលើនេះក្តី ក៏​​​ស្ថា​ន​ភាពទូទៅនៃវិស័យកៅស៊ូធម្មជាតិនៅកម្ពុជា នៅតែរក្សាបានស្ថានភាពប្រក្រតីនៅឡើយ។ គិតត្រឹមខែ៩នេះ បានបង្ហាញថា៖ ផ្ទៃដីកៅស៊ូសរុបមានចំនួន៤០៤ ១៦០ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមាន​ចំនួន​៣១៤ ៣១៩ហិក​តា​ ស្មើនឹ​ង​ ​៧៨% និងផ្ទៃដីថែទាំមានចំនួន​ ៨៩ ៨៤១ហិកតា ស្មើនឹង២២%។ បរិមាណផលិតផលសរុបសម្រេចបានក្នុងខែកញ្ញា ឆ្នាំ២០២១ មានចំនួន ៣៤ ១១០តោន បានកើនឡើងចំនួន ១ ០០០តោន (=+៣%) ធៀបនឹងខែមុន និងបានកើនឡើងចំនួន៣ ៨៣០តោន (=+១៣%) ធៀបនឹងរយៈ ពេលដូចគ្នា​ក្នុងឆ្នាំ២០២០។ រហូតមកដល់ខែកញ្ញា ឆ្នាំ២០២១ បរិមាណផលិតផលសរុបសម្រេចបានចំនួន ២៣២ ១៧៦តោន បានកើនឡើងចំនួន ១៩​ ៤០៩តោន (=+៩%) ធៀបនឹងរយៈ​ពេល​ដូចគ្នាឆ្នាំ២០២០។ បរិមាណបញ្ចេញលក់សរុបក្នុងខែកញ្ញា ឆ្នាំ២០២១ មានចំនួន ៣៣ ០៤២តោន បានកើនឡើងចំនួន ៧០២តោន (=+២,១៧%) ធៀបនឹងខែមុន និងបានកើនឡើងចំនួន ២ ៨៦៥តោន (=​+៩%) ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។​ បរិមាណបញ្ចេញលក់សរុបរយៈពេល៩ខែដើមឆ្នាំ២០២១ មានចំនួន ២២៧ ៥៦៧តោន បានកើនឡើងចំនួន ១៧ ៤៦៩តោន(=​+៨%) ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ថ្លៃលក់ជាមធ្យមក្នុងខែកញ្ញាគឺ១ ៦៣៦US$/តោន បានថយចុះចំនួន ៣៤US$/តោន (=-២,០៤%)  ធៀបនឹងខែមុន និងបានកើនឡើងចំនួន៣១៩US$/តោន (=​+២៤%) ធៀបនឹងខែរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តម្លៃលក់ជាមធ្យមរយៈពេល៩ខែដើមឆ្នាំ២០២១ គឺ១ ៦៦៧US$/តោន បាន កើនឡើងចំនួន ៣៧៦US$/តោន (=​+២៩%) ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំពោះ ស្ថានភាពទិញជ័រកៅស៊ូគ្រួសារតាមតំបន់នានាប្រចាំខែកញ្ញា មាន​តម្លៃចាប់ពី ៥ ៨០០៛/គ.ក្រ - ៦ ០០០៛/គ.ក្រ សម្រាប់ជ័រស្ងួត (ថយ ចុះ២៣៛/គ.ក្រ ធៀបនឹងខែមុន) និងចាប់ពី ២ ៥០០៛/គ.ក្រ - ៣ ៥៥០៛/គ.ក្រ សម្រាប់ជ័រកក (មិនមានការប្រែប្រួលទេធៀបនឹងខែមុន) អាស្រ័យតាមតំបន់និងរយ:ពេលបង្កក។

យោងតាមរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២១​របស់សមាគមបណ្តាប្រទេសផលិតកៅស៊ូធម្មជាតិ (ANRPC) បានបង្ហាញថា៖ ទស្សនៈវិស័យកៅស៊ូធម្មជាតិពិភពលោក (NR) ដែលបានពិនិត្យឡើងវិញ មានការធ្លាក់ចុះ ដោយសាររដ្ឋាភិបាលជាសមាជិកបានធ្វើបច្ចុប្បន្នភាពតួលេខរបស់ខ្លួនសម្រាប់ឆ្នាំ២០២១នេះ។ ផលិតកម្មកៅស៊ូពិភពលោកមានកំណើនទាបជាងការរំពឹងទុកគឺត្រឹមតែ ១,៤% ស្មើនឹង ១៣,៧៨៧​លានតោន ចំណែកឯតម្រូវការកៅស៊ូពិភពលោករំពឹងថានឹងមានកំណើន ៨,៩% ស្មើនឹង ១៤,១១៦លាន​តោនក្នុងអំឡុងឆ្នាំ២០២១។ ទោះបីជា ទីផ្សារកៅស៊ូធម្មជាតិមានកត្តាវិជ្ជមានក៏ដោយ ក៏ថ្លៃកៅស៊ូធម្មជាតិនៅ​ក្នុង​​​ទីផ្សារ​ទិញ-លក់ភ្លាមៗនិងតាមកិច្ចសន្យាបានធ្លាក់ចុះក្នុង ខែកញ្ញា ឆ្នាំ២០២១ បើធៀបនឹងខែមុន។ ថ្លៃជាមធ្យម FOB នៅក្នុងទីផ្សារកៅស៊ូដុំបានធ្លាក់ចុះ ៥% នៃទីផ្សារនៅទីក្រុងបាងកកនិងគួរឡាឡាំពួរ។ ខណៈពេល​ដែលគម្លាតថ្លៃរវាងកៅស៊ូប្រភេទ RSS-3 នៅទីក្រុងបាងកក និងប្រភេទ RSS-4 នៅកូតូយ៉ាម​បានធា្លក់ចុះ​ពី ០,៦២ដុល្លារ/គ.ក្រ មកនៅត្រឹម ០,៥២ដុល្លារ/គ.ក្រ នៅចុងខែនេះ។

ជំងឺរាតត្បាត COVID-19 មានរយៈពេលជិត២ឆ្នាំហើយដែលប្រទេសនានាបានព្យាយាមជំរុញឲ្យសេដ្ឋកិច្ចងើបឡើងវិញ ក្រោយការរាតត្បាតជាមួយនឹងកម្មវិធីផ្សេងៗជាច្រើន ដើម្បីជួយប្រជាជននិងការ​ធ្វើ​អាជីវកម្ម។ ទោះបី ប្រទេសនានាបានបង្កើនអត្រានៃការចាក់វ៉ាក់ស៊ាំងនៅក្នុងប្រទេសរៀងៗខ្លួន​ ដើម្បី​ទទួលបានភាពស៊ាំនៅក្នុងសហគមន៍ ក៏ដោយ ក៏នៅតែទទួលរងការគំរាមកំហែងពីការផ្ទុះឡើងនៃវីរុសឆ្លងដដែល។ អាស្រ័យហេតុនេះ កិច្ចខិតខំប្រឹងប្រែងក្នុងតំបន់ដើម្បីស្វែងរកច្រកចេញពីការរាតត្បាតនៃជំងឺ Covid-19 គឺសម្រាប់ស្តារសេដ្ឋកិច្ចនិងជីវិតឱ្យមានភាពប្រក្រតីឡើងវិញ អាចនឹងត្រូវបានពិចារណា៕

Latest News