×
ស្ថានភាពកៅស៊ូធម្មជាតិប្រចាំខែសីហា ឆ្នាំ២០២១

បរិបទស្ថានភាពទូទៅរបស់ពិភពលោកបានប្រសើរលឡើងវិញបន្តិចពីវិបត្តនៃជំងឺកូវីដ១៩ នៅក្នុងខែនេះ រួមផ្សំនឹងកត្តាជាច្រើនទៀត ជាពិសេស សេដ្ឋកច្ចនៃបណ្តាប្រទេសរីកចម្រើនលើសកលោកបានកើនឡើងវិញ ជាបច្ច័យមួយធ្វើអោយមានផលវិជ្ជមានដល់វិស័យកៅស៊ូធម្មជាតិ។  ដោយថ្លៃកៅស៊ូធម្មជាតិបានហក់ឡើងខ្ពស់បន្តិចនៅក្នុងខែនេះ។

គិតមកដល់ខែនេះ ប្រទេសកម្ពុជា មានផ្ទៃដីកៅស៊ូសរុបមានចំនួន៤០៤ ១៦០ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន៣១៤ ៣១៩ហិក​តា​ ស្មើនឹ​ង​៧៨% និងផ្ទៃដីថែទាំមានចំនួន​ ៨៩ ៨៤១ហិកតា ស្មើនឹង២២%។ បរិមាណផលិតផលសរុបសម្រេចបានក្នុងខែសីហា ឆ្នាំ២០២១ មានចំនួន​ ៣៣ ១០៩តោន បានកើនឡើងចំនួន១ ៦៤៣តោន ( =+៥%) ធៀបនឹងខែមុន និងបានកើនឡើងចំនួន៣ ៨២៦តោន (=+១៣%) ធៀបនឹងរយៈពេលដូចគ្នា​ក្នុងឆ្នាំ២០២០។ រហូតមកដល់ខែសីហា ឆ្នាំ២០២១ បរិមាណផលិតផលសរុបសម្រេចបានចំនួន១៨៩ ០៦៦តោន បានកើនឡើងចំនួន១៥ ៥៨០តោន (=+៩%) ធៀបនឹងរយៈ​ពេល​ដូចគ្នាឆ្នាំ២០២០។ បរិមាណបញ្ចេញលក់សរុបក្នុងខែសីហា ឆ្នាំ២០២១ មានចំនួន៣២ ៣៤០តោន បានកើនឡើងចំនួន ១ ៥៦០តោន (=+៥,០៧%) ធៀបនឹងខែមុន និងបានកើនឡើងចំនួន ៤ ០៥៨តោន (=​+១៤%) ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។​ បរិមាណបញ្ចេញលក់សរុបរយៈពេល៨ខែដើមឆ្នាំ២០២១ មានចំនួន១៩៤ ៥២៥តោន បានកើនឡើងចំនួន ១៤ ៦០៥តោន(=​+៨%) ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ថ្លៃលក់ជាមធ្យមក្នុងខែសីហាគឺ១ ៦៧០US$/តោន បានកើនឡើងចំនួន ៦១US$/តោន (=+៣,៧៦%)  ធៀបនឹងខែមុន និងបានកើនឡើងចំនួន ៤០៨US$/តោន (=​+៣២%) ធៀបនឹងខែរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តម្លៃលក់ជាមធ្យមរយៈពេល៨ខែដើមឆ្នាំ២០២១ គឺ១ ៦៧៣US$/តោន បានកើនឡើងចំនួន ៣៨៦US$/តោន (=​+៣០%) ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំពោះ ស្ថានភាពទិញជ័រកៅស៊ូគ្រួសារតាមតំបន់នានាប្រចាំខែសីហា មានតម្លៃចាប់ពី៥ ៧៧៥៛/គ.ក្រ - ៦ ០០០៛/គ.ក្រ សម្រាប់ជ័រស្ងួត (កើនឡើង៦១៛/គ.ក្រ ធៀបនឹងខែមុន) និងចាប់ពី២ ៥០០៛/គ.ក្រ - ៣ ៤៥០៛/គ.ក្រ សម្រាប់ជ័រកក (កើនឡើង២៧៛/គ.ក្រ ធៀបនឹងខែមុន) អាស្រ័យតាមតំបន់និងរយ:ពេល។

យោងតាមរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២១ របស់សមាគមបណ្តាប្រទេសផលិតកៅស៊ូធម្មជាតិ​ បានបង្ហាញថា៖ទស្សនៈវិស័យនៃតម្រូវការកៅស៊ូធម្មជាតិពិភពលោក (NR) នៅឆ្នាំ២០២១ បានព្យាករថាកើនឡើង ៩,៣% ស្មើនឹង១៤,១០០លានតោន បើធៀបទៅនឹងឆ្នាំមុន។ ទស្សនៈ​វិស័យដែលបានកែសម្រួលថ្មីនេះត្រូវបានសន្មត ថា ជាការរំពឹងទុកដ៏ល្អមួយ​នៃតម្រូវការកៅស៊ូពីប្រទេស​ចិន ឥណ្ឌា ថៃ និងប្រទេសវៀតណាមក្នុងកំឡុងឆ្នាំនេះ។ រីឯផលិតកម្មកៅស៊ូធម្មជាតិពិភពលោកវិញបានពិនិត្យឃើញ ថា មានចំនួន១៣,៨៦០លានតោន បានឡើង២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្រៅពីកត្តាមូលដ្ឋានទីផ្សារកៅស៊ូធម្មជាតិ ថ្លៃកៅស៊ូទិញលក់ភ្លាមៗក៏មាន ឥទ្ធិពលពីកត្តាមិនមែនមូលដ្ឋានផ្សេងៗទៀតផងដែរ ដូចជា៖ ភាពប្រសើរឡើងនៃកត្តាប្រេង ការវិនិយោគទីផ្សារអនាគត​ក្នុងតំបន់ ការពង្រឹងការនាំចេញកៅស៊ូធម្មជាតិតាមបណ្តាប្រទេសមួយចំនួន និងភាពប្រសើរឡើងនៃភូមិសាស្រ្តនយោបាយក្នុងតំបន់។

ទាំងទីផ្សារកៅស៊ូធម្មជាតិទិញ-លក់ភ្លាមៗ និងតាមកិច្ចសន្យាបានបង្ហាញថា ថ្លៃកៅស៊ូមាននិន្នាការធ្លាក់ចុះក្នុងកំឡុងខែសីហា ឆ្នាំ២០២១នេះ។ ទោះបី មាននិន្នាការធ្លាក់ចុះក៏ដោយ ក៏ថ្លៃ FOB ជាមធ្យមក្នុងខែសីហានេះ សម្រាប់ទីផ្សារកៅស៊ូដុំគឺមានភាពល្អប្រសើរ។ ថ្លៃកៅស៊ូប្រភេទ STR-20 ជាមធ្យមគឺ១,៧២ដុល្លារអម៉េរិក/គ.ក្រ បានកើនឡើង ០,១១ដុល្លារអាម៉េរិក/គ.ក្រ រីឯថ្លៃកៅស៊ូប្រភេទ SMR-20 វិញ ជាមធ្យមគឺ១,៧៣ដុល្លារអាម៉េរិក/គ.ក្រ បានកើនឡើង០,០៩ដុល្លារអាម៉េរិក/គ.ក្រ ក្នុងកំឡុងរយៈពេលដូចគ្នានេះ។  

ទីផ្សារសន្លឹកកៅស៊ូក៏បានពិនិត្យឡើងវិញដូចគ្នាដែរ ទោះយ៉ាងណាគម្លាតថ្លៃរវាងកៅស៊ូប្រភេទ RSS-3 នៅទីក្រុងបាងកក និងកៅស៊ូប្រភេទ RSS-4 នៅកូតូយ៉ាមបានកើនឡើងបន្ថែមទៀត ប្រហែល០,៦០ដុល្លារអាម៉េរិក/គ.ក្រ ក្នុងអំឡុងខែសីហា ឆ្នាំ២០២១ បើធៀបនឹងខែកក្កដា ឆ្នាំ២០២១ មានតម្លៃ០,៥០ដុល្លារអាម៉េរិក/គ.ក្រ៕

Latest News