×
ស្ថានភាពកៅស៊ូធម្មជាតិប្រចាំខែកក្កដា ឆ្នាំ២០២១

ការទ្រុឌទ្រោមនៃសេដ្ឋកិច្ចពិភពលោកដោយសារការរាត្បាតជំងឺកូវីដ ១៩ និងភាពមិនច្បាស់លាស់ ​​នៃពេលវេលាបញ្ចប់ការឆ្លងរាតត្បាតដ៏កាចសាហាវនៃវីរុសបម្លែងថ្មី Delta បានក្លាយជាពពក​ដ៍ខ្មៅមួយគ្របដណ្តប់លើសេដ្ឋកិច្ចប្រទេសទាំងអស់លើពិភពលោក ជាពិសេសសេដ្ឋកិច្ចបណ្តាប្រទេសក្រី​​ក្រ។ នៅក្នុងខែនេះ បរិមាណនៃការផលិតនិងលក់រថយន្តរបស់ប្រទេសនៅអីរ៉ុប ចិន និងឥណ្ឌាមានការធ្លាក់ចុះតម្លៃ ប្រេងក៏បានធ្លាក់ចុះផងដែរ ទន្ទឹមនឹងបរិមាណនៃការផលិតមានការធ្លាក់ចុះតិចតួច( ANRPC ខែ៧)។​ កត្តាទាំងនេះជាបច្ច័យមិនល្អ ចំពោះបណ្តាប្រទេសអ្នកផលិតកៅស៊ូធម្មជាតិក្នុងនោះមានប្រទេសកម្ពុជាយើងផងដែរ។ នៅកម្ពុជាថ្លៃកៅស៊ូបានប្រែប្រួលទៅតាមសេដ្ឋកិច្ចជាសកល ប៉ុន្តែទោះបីជាយ៉ាងណា ក៏ប្រទេសកម្ពុជាអាចរក្សាកំណើនបរិមាណនាំចេញក្នុងខែកក្កដានេះបានដែរ។

ស្ថានភាពផលិតកម្មនិងធុរកិច្ចកៅស៊ូធម្មជាតិកម្ពុជាប្រចាំខែកក្តដាបានបង្ហាញថា៖ ផ្ទៃដីកៅស៊ូសរុប​មានចំនួន៤០៤ ១៦០​ហិក​តា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន៣១៤ ៣១៩​ហិក​តា​ ស្មើនឹ​ង​៧៨% និងផ្ទៃដីថែទាំមានចំនួន៨៩ ៨៤១ហិកតា ស្មើនឹង២២%។ បរិមាណផលិតផលសរុបសម្រេចបានក្នុងខែកក្កដា ឆ្នាំ២០២១ មានចំនួន៣១ ៤៦៧ តោន បានកើនឡើងចំនួន៧៤២តោន ( =+២%) ធៀបនឹងខែមុន និងបានកើនឡើងចំនួន៤ ៣៥២​តោន (=+១៦%) ធៀបនឹងរយៈពេលដូចគ្នា​ក្នុងឆ្នាំ២០២០។ រហូតមក ដល់ខែ កក្កដា ឆ្នាំ២០២១ បរិមាណ​ផលិតផលសរុបសម្រេចបានចំនួន១៦៤ ៩៥៧តោន បានកើនឡើងចំនួន ១១ ៧៥៤តោន (=+៨%) ធៀប​​នឹងរយៈ​ពេល​ដូចគ្នាឆ្នាំ២០២០។ បរិមាណបញ្ចេញលក់សរុបក្នុងខែកក្កដា ឆ្នាំ២០២១ មានចំនួន៣០ ៦៨២តោន បានកើនឡើងចំនួន១ ៧៥១តោន (=+៦,០៥%) ធៀបនឹងខែមុន និងបានកើនឡើងចំនួន ២ ៣៥៩​​ តោន (=​+៨%) ធៀបនឹងខែកក្កដា ក្នុងឆ្នាំ២០២០។​ បរិមាណបញ្ចេញលក់សរុបរយៈពេល៧ខែ ដើមឆ្នាំ២០២១ មានចំនួន១៦២ ០៨៧តោន បានកើនឡើងចំនួន ១០ ៤៤៩ តោន(=​+៧%) ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ថ្លៃលក់ជាមធ្យមក្នុងខែកក្កដាគឺ១ ៦១៥US$/ តោន បានថយចុះ ១២០US$/តោន (=-៦,៩០%)  ធៀបនឹងខែមុន ប៉ុន្តែបានកើនឡើងចំនួន៣៧៦US$ / តោន (=​+៣០%) ធៀបនឹងខែកក្កដា ឆ្នាំ២០២០។ តម្លៃលក់ជាមធ្យមរយៈពេល៧ខែដើមឆ្នាំ២០២១ គឺ ១ ៦៧៤US$/តោន បានកើនឡើងចំនួន ៣៨៣US$/តោន (=​+៣០%) ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំពោះ ស្ថានភាពទិញជ័រកៅស៊ូគ្រួសារតាមតំបន់នានាប្រចាំខែកក្កដា មានតម្លៃចាប់ពី៥ ៧០០៛/ គ.ក្រ - ៦ ០០០ ៛/គ.ក្រ សម្រាប់ជ័រស្ងួត (ថយចុះ៣២០៛/គ.ក្រ ធៀបនឹងខែមុន) និងចាប់ពី២ ៥១៣៛/គ.ក្រ- ៣ ២៦៣៛/គ.ក្រ សម្រាប់ជ័រកក (ថយចុះ៤៨៛/គ.ក្រ ធៀបនឹងខែមុន) អាស្រ័យតាមតំបន់និងរយ:ពេល។

យោងតាមរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២១ របស់សមាគមបណ្តាប្រទេសផលិតកៅស៊ូធម្មជាតិ​(ANRPC) បានបង្ហាញថា៖ ផលិតកម្មកៅស៊ូធម្មជាតិ (NR) នៅឆ្នាំ២០២១ បានធ្លាក់ចុះមកនៅត្រឹម ១៣,៧៨២លានតោន បន្ទាប់ពីការប៉ាន់ស្មានផលិតកម្មកៅស៊ូម៉ាឡេស៊ីបានធ្លាក់ចុះចំនួន៣០ ០០០តោន។ សញ្ញានៃការងើបឡើងវិញបានសង្កេតឃើញមាននៅក្នុងបណ្តាប្រទេសសេដ្ឋកិច្ចធំៗ ដោយសារ​តែវិធានការទប់ស្កាត់កូវិតត្រូវបានបន្ធូរបន្ថយ ធ្វើឱ្យតម្រូវការកៅស៊ូពិភពលោករំពឹងថានឹងកើនឡើង ៧,២% មាន បរិមាណដល់១៣,៩០០លានតោន បើប្រៀបធៀបទៅនឹងឆ្នាំមុននៅពេលដែលពិភពលោកត្រូវបានរងគ្រោះ ដោយជំងឺរាតត្បាតកូវិត ១៩។

ថ្លៃកៅស៊ូធម្មជាតិនៅទីផ្សារទិញ-លក់ភ្លាមៗមានការប្រែប្រួលក្នុងអំឡុងខែកក្កដា ឆ្នាំ២០២១។ ទោះ បីជាយ៉ាងណាសញ្ញាងើបឡើងវិញនៃថ្លៃកៅស៊ូត្រូវបានសង្កេតឃើញមាននៅលើកៅស៊ូដុំ កៅស៊ូសន្លឹក និងទឹកជ័រ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ថ្លៃកៅស៊ូប្រភេទ STR-20 ជាមធ្យមប្រចាំ កក្កដា ឆ្នាំ២០២១ នៅ FOB បានងើបឡើងវិញគឺ១,៦១ដុល្លារ/គ.ក្រ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលមានថ្លៃ១,២៨ដុល្លារ/គ.ក្រ។ ចំណែកឯ ថ្លៃកៅស៊ូប្រភេទ SMR-20 ជាមធ្យមប្រចាំកក្កដាបាន កើនឡើង ០,៤៥ដុល្លារ/គ.ក្រ ដែលមានតម្លៃ១,៦៤ដុល្លារ/គ.ក្រ។

ចំពោះទីផ្សារកៅស៊ូសន្លឹកប្រភេទ RSS-3 នៅទីក្រុងបាងកកនិងប្រភេទ RSS-4 នៅកូតូយ៉ាមជាមធ្យមក្នុងកំឡុងខែកក្កដា ឆ្នាំ២០២១ បានកើនឡើង០,៤២ដុល្លារ/គ.ក្រ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយសារផលិតផលជ័រកៅស៊ូ រួមទាំងស្រោមដៃមានតម្រូវការខ្ពស់ចំពេលមានជំងឺរាតត្បាតកូវិត ១៩ ធ្វើឲ្យថ្លៃកៅស៊ូនៅទីក្រុង គូឡារឡាំពួរក៏បានកើនឡើងពី១,១១ដុល្លារ/គ.ក្រនៅខែកក្កដា ឆ្នាំ២០២០ មក​ដល់ ១,២០ដុល្លារ/គ.ក្រនៅខែកក្កដាឆ្នាំ ២០២១៕

Latest News