×
ស្ថានភាពកៅស៊ូធម្មជាតិប្រចាំខែមិថុនា ឆ្នាំ២០២១

ស្ថិតក្នុងបរិបទដែលពិភពលោកកំពុងតែជួបប្រះនូវរលកនៃការឆ្លងរាលដាលជំជីកូវីត១៩ ដែលបង្កអោយមានផលវិបាកធ្ងន់ធ្ងរដល់សេដ្ឋកិច្ចជាតិ ជាពិសេសវិស័យនាំចេញ ក្នុងនោះមានការនាំចេញកៅស៊ូ​ធម្មជាតិផងដែរ។​​ បណ្តាប្រទេសអ្នកផលិតកៅស៊ូធម្មជាតិមានជាអាទ៍ប្រទេសថៃ ឥណ្ឌូណាស៊ី ម៉ាឡាស៊ី និងប្រទេសវៀតណាម-ល-កំពុងតែរង ផលប៉ពាល់នៃវិបត្តិនេះ តាមរយៈការខ្វះកំលាំងពលកម្ម ដោយសារ​ពួកគេបានឆ្លងនិងមួយចំនួនទៀតត្រូវបាន lock down។ ចំពោះកម្ពុជា “នយោបាយស្រោចវ៉ាក់សាំង” របស់​​​សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កំពុងតែហុចផ្លែផ្កាល្អ ចំពោះស្ថេរភាពសង្គមទាំងមូលនិងអនុវិស័យ​កៅស៊ូនិយាយដោយឡែក។ មកដល់ខែមិថុនា ឆ្នាំ២០២១នេះ ស្ថាន ភាពផលិតកម្មនិងធុរកិច្ចកៅស៊ូធម្មជាតិ​​កម្ពុជាបានបង្ហាញថា៖ ផ្ទៃដីកៅស៊ូសរុបមានចំនួន៤០៤ ១៦០ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមាន២៩២ ៥១៩​ ហិក​តា​ ស្មើនឹ​ង​៧២% និងផ្ទៃដីថែទាំមានចំនួន១១១ ៦៤១ហិកតា ស្មើនឹង២៨%។ បរិមាណផលិតផលសរុប​​សម្រេចបានក្នុងខែមិថុនា ឆ្នាំ២០២១ មានចំនួន៣០ ៧២៥តោន បានកើនឡើងចំនួន៤ ៦៧៧ តោន (=+១៧,៩៦%) ធៀបនឹងខែមុនបានកើនឡើងចំនួន២ ៥៦២តោន (=+៩,១០%) ធៀបនឹងរយៈពេលដូចគ្នា​ក្នុងឆ្នាំ២០២០។ រហូតមកដល់ខែមិថុនា ឆ្នាំ២០២១ បរិមាណផលិតផលសរុបសម្រេចបាន១៣៣ ៤៩១ តោន បានកើនឡើងចំនួន៧ ៤០២តោន (=+៥,៨៧%) ធៀបនឹងរយៈ​ពេល​ដូចគ្នាឆ្នាំ២០២០។ បរិមាណបញ្ចេញលក់សរុបក្នុងខែមិថុនា ឆ្នាំ២០២១ មានចំនួន២៨ ៩៣១តោន បានកើនឡើងចំនួន៣ ៦២៨តោន (=+១៤,៣៤%) ធៀបនឹងខែមុនបានកើនឡើងចំនួន២ ៩១១តោន (=​+១១,១៩%) ធៀបនឹងខែមិថុនាក្នុង ឆ្នាំ២០២០។​ បរិមាណបញ្ចេញលក់សរុបរយៈពេល៦ខែដើមឆ្នាំ២០២១ មានចំនួន១៣១ ៤០៥តោន បានកើនឡើងចំនួន៨ ០៩០តោន (=​+៦,៥៦%) ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ថ្លៃលក់ជាមធ្យម ក្នុងខែមិថុនាគឺ១ ៧៣៥US$/តោន បានកើនឡើង ៣៥US$/តោន(=+២,០៤ %) ធៀបនឹងខែមុននិងបានកើនឡើងចំនួន៤៦៨US$/តោន(=​+៣៦,៩៤%) ធៀបនឹងខែមិថុនា ឆ្នាំ២០២០។ ថ្លៃលក់ជាមធ្យមរយៈ ពេល៦ខែដើមឆ្នាំ២០២១ គឺ១ ៦៨៨US$/តោន បានកើនឡើងចំនួន ៣៨៥ US$/តោន (=​+២៩,៥៥%) ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំពោះស្ថានភាពទិញជ័រកៅស៊ូគ្រួសារតាមតំបន់នានាប្រចាំខែ មិថុនាមានតម្លៃចាប់ពី៥ ៨៥០ ៛/គ.ក្រ - ៦.៥០០ ៛/គ.ក្រ សម្រាប់ជ័រស្ងួត (កើនឡើង២០៩៛/គ.ក្រធៀបនឹង ខែមុន) និងចាប់ពី២ ​៥០០៛/គ.ក្រ - ៣ ៣០០ ៛/គ.ក្រ សម្រាប់ជ័រកក (កើនឡើង១៦៩៛/គ.ក្រ ធៀបនឹង ខែមុន) អាស្រ័យតាមតំបន់និងរយ:ពេល។

យោងតាមរបាយការណ៍ប្រចាំខែមិថុនា ឆ្នាំ២០២១ របស់សមាគមបណ្តាប្រទេសផលិតកៅស៊ូធម្មជាតិ ​(ANRPC) បានបង្ហាញថា៖ តាមការចេញផ្សាយថ្មីៗអំពីទស្សនៈវិស័យសេដ្ឋ កិច្ចពិភពលោក ធនាគារពិភពលោកបានពិនិត្យឡើងវិញនូវការព្យាករណ៍របស់ខ្លួនចំពោះសេដ្ឋកិច្ចពិភពលោកកាលពីខែមករា ឆ្នាំ២០២១ថា មានកំណើនពី៤,០% ដល់៥,៦% សម្រាប់ឆ្នាំ២០២១។ ការព្យាករណ៍ដែលបានបង្ហាញនេះ ត្រូវបានជំរុញជាចម្បង ដោយសង្កេតលើការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចសំខាន់ៗ ប៉ុន្តែពិភពលោកនៅតែប្រឈម នឹងការលំបាកក្នុងការរក្សាតុល្យភាពជាចាំបាច់លើការការពារនិរន្តរភាពសារពើពន្ធដើម្បីគាំទ្រដល់ការងើបឡើងវិញ។

នៅខែមិថុនា ឆ្នាំ២០២១នេះ តាមទស្សនៈវិស័យនៃតម្រូវការកៅស៊ូធម្មជាតិ (NR) ពិភពលោករំពឹង ថានឹងកើនឡើង៨,០% ថែមទៀត មានចំនួនដល់១៣,៨៦៩លានតោន ដោយសង្កេតឃើញការស្ទុះងើបឡើងវិញនូវសេដ្ឋកិច្ចសំខាន់ៗ។ ទោះបីជាមានការលេចចេញនូវ Delta variant ថ្មីនៃជំងឺ Covid-19 នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកក៏ដោយ ក៏ទស្សនៈវិស័យផលិតកម្មកៅស៊ូធម្មជាតិពិភពលោកនៅតែមានចំនួន១៣,៨១២ លានតោនដដែល។

ផ្អែកលើទស្សនវិស័យ NR ពិភពលោកដែលបានព្យាករសម្រាប់ឆ្នាំ២០២១ គឺមានតុល្យភាពធៀបនឹងការរំពឹងទុកពីមុន ប៉ុន្តែទោះជាយ៉ាងណាការស្ទុះងើបឡើងវិញនៃទីផ្សារកៅស៊ូធម្មជាតិនៅតែប្រឈមនឹងមានកត្តាជាច្រើនដូចជា ជំងឺកៅស៊ូនៅក្នុងប្រទេសផលិតកៅស៊ូធម្មជាតិជាច្រើននិងកត្តាខាងក្រៅផ្សេងទៀតដូចជា៖ ការលេចចេញនូវការផ្ទុះឡើងនៃវ៉ារ្យង់ថ្មីជំងឺ Covid-19 ការផ្គត់ផ្គង់វ៉ាក់សាំង និងកម្មវិធីចាក់វ៉ាក់​សាំង​​នៅតាមប្រទេសរៀងៗខ្លួន។

ចំពោះនិន្នាការថ្លៃកៅស៊ូលើទីផ្សារទិញ-លក់តាមកិច្ចសន្យានៅផ្សារហ៊ុនទីក្រុងសៀងហៃ ទី​ផ្សារហ៊ុនក្រុងអូសាកា និងផ្សារហ៊ុនប្រទេសសិង្ហបុរីមានភាពស្រដៀងគ្នា​ក្នុងខែមិថុនា ឆ្នាំ២០២១នេះ។ ថ្លៃជា​មធ្យម​នៅទីផ្សារទិញលក់ភ្លាមៗកៅស៊ូប្រភេទ​ STR-20 ក្នុងទីក្រុងបាងកកគឺ១,៦៤US$/គ.ក្រ បានធ្លាក់​ចុះ៤,១% ធៀបនឹងខែឧសភាថ្លៃ១,៧១US$/គ.ក្រ កៅស៊ូប្រភេទ SMR-20 ក្នុងទីក្រុងគួរឡាឡំពួរគឺ១,៦៤US$/គ.ក្រ បានធ្លាក់ចុះ៣% ធៀបនឹងខែឧសភា ថ្លៃ១,៦៩ US$/គ.ក្រ កៅស៊ូសន្លឹកប្រភេទ RSS-3 ក្នុងទីក្រុងបាងកក គឺ២,១៤US$/គ.ក្រ បានធ្លាក់ចុះ៨,៥៤% ធៀបនឹងខែមុន និងកៅស៊ូសន្លឹកប្រភេទ RSS-4 ក្នុងទីក្រុងកូតា យ៉ាម ប្រទេសឥណ្ឌាគឺ២,៣០US$/គ.ក្រ៕

Latest News