ក្នុងចំណោមផលិតផលប្រើប្រាស់ជាង៤០ ០០០ប្រភេទ ដែលបាននិងកំពុងប្រើប្រាស់សព្វថ្ងៃសុទ្ធតែផលិតដោយមានវត្ថុធាតុដើមជាសំខាន់ពីកៅស៊ូធម្មជាតិ តាមរយះខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងការចូលរួមពីកម្លាំងមនុស្សជាង៤០លាននាក់ (IRSG 2019) នៅលើពិភពលោក ក្នុងនោះមាន៨៥% ជាកសិករកៅស៊ូ គ្រួសារស្មើនឹង៦លានគ្រួសារ។
រហូតមកដល់បច្ចុប្បន្ននេះ ក៏មិនទាន់មានវិធីសាស្រ្តណាដែលអាចជំនួសកម្លាំងមនុស្សនៅក្នុងវិស័យនេះបាននៅឡើយ។ ជាក់ស្តែង នៅក្នុងបរិបទដែលពិភពលោកកំពុងជួបប្រទះនឹងការឆ្លងរាតត្បាតដ៏កាចសាហាវនៃជំងឺកូវីដ១៩ជាសកល ធ្វើឲ្យប៉ះពាល់ខ្លាំងដល់កម្លាំងស្នូលដែលទ្រទ្រង់វិស័យនេះ។ ជាការពិត វិស័យកៅស៊ូនៅកម្ពុជានៅតែបន្តធ្វើដំណើរនៅលើផ្លូវមួយដែលលំបាកជ្រើសរើសសម្រាប់កសិករកៅស៊ូគ្រួសារ ក៏ដូចជាបណ្តាក្រុមហ៊ុនវិនិយោគគឺការរស់រានមានជីវិតនិងចំណូលប្រចាំថ្ងៃ។ ទោះបីជា ប្រទេសកម្ពុជាជួបប្រទះនូវស្ថានភាពយ៉ាងហ្នឹងក៏ដោយ ក៏យើងសម្រេចបានលទ្ធផលគួរឲ្យកត់សំគាល់ដែរ។ ស្ថានភាពផលិតកម្មនិងធុរកិច្ចកៅស៊ូធម្មជាតិប្រចាំខែមេសា ឆ្នាំ២០២១ បានបង្ហាញថា៖ ផ្ទៃដីកៅស៊ូសរុបមានចំនួន៤០៤ ០០៩ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន២៩២ ៤២៤ហិកតា ស្មើនឹង៧២% និងផ្ទៃដីថែទាំមានចំនួន១១១ ៥៨៥ហិកតា ស្មើនឹង ២៨%។ បរិមាណផលិតផលសរុបសម្រេចបានក្នុងខែមេសា ឆ្នាំ២០២១ មានចំនួន១៦ ៨៧៨តោន បានកើនឡើងចំនួន៤ ៤៤៩ តោន (=+៣៦%) ធៀបនឹងខែមុន ប៉ុន្តែ បានថយចុះចំនួន២ ០៨៣តោន (=-១១%) ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។ រហូតមកដល់ខែមេសា ឆ្នាំ២០២១ បរិមាណផលិតផលសរុបសម្រេចបានចំនួន៧៦ ៧១៩តោនបានកើនឡើងចំនួន៤ ៤៨៥តោន (=+៦%) ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។ បរិមាណបញ្ចេញលក់សរុបក្នុងខែមេសា ឆ្នាំ២០២១ មានចំនួន១៦ ០៧៩តោន បានកើនឡើងចំនួន៩៩៥តោន (=+៦,៦០%) ធៀបនឹងខែមុន ប៉ុន្តែបានថយចុះចំនួន ២ ៥៨៧តោន (=-១៤%) ធៀបនឹងខែមេសាក្នុងឆ្នាំ២០២០។ បរិមាណបញ្ចេញលក់សរុបរយៈពេល៤ខែ ដើមឆ្នាំ២០២១ មានចំនួន៧៧ ១៣៥តោន បានកើនឡើងចំនួន៥ ២៨៩តោន(=+៧%) ធៀបនឹងរយៈ ពេលដូចគ្នាកាលពីឆ្នាំមុន។ ថ្លៃលក់ជាមធ្យមក្នុងខែមេសាគឺ១ ៧៩២US$/តោនបានកើនឡើង៧US$/តោន (=+០,៣៦%) ធៀបនឹងខែមុន ប៉ុន្តែបានកើនឡើងចំនួន ៦០៥US$/តោន (=+៥១%) ធៀបនឹងខែមេសា ឆ្នាំ២០២០។ តម្លៃលក់ជាមធ្យមរយៈពេល៤ខែដើមឆ្នាំ២០២១ គឺ១ ៦៦៨US$/តោន បានកើនឡើងចំនួន ៣១២US$/តោន (=+២៣%) ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំពោះស្ថានភាពទិញជ័រកៅស៊ូ គ្រួសារតាមតំបន់នានាប្រចាំខែមេសា មានតម្លៃចាប់ពី៥ ៦០០៛/គ.ក្រ - ៦ ០០០៛/គ.ក្រសម្រាប់ជ័រស្ងួត (បានកើនឡើង៩០៛/គ.ក្រ ធៀបនឹងខែមុន) និងពី២ ១៥០៛/គ.ក្រ - ២ ៩៧៥៛/គ.ក្រ សម្រាប់ជ័រកក (បាន កើនឡើង១១០៛/គ.ក្រ ធៀបនឹងខែមុន) អាស្រ័យតាមតំបន់និងរយ:ពេល។
យោងតាមរបាយការណ៍ប្រចាំខែមេសា ឆ្នាំ២០២១ របស់សមាគមបណ្តាប្រទេសផលិតកៅស៊ូធម្មជាតិបានបង្ហាញថា បរិមាណផ្គត់ផ្គង់កៅស៊ូធម្មជាតិលើពិភពលោកប្រចាំខែមានចំនួន៩០៣ ០០០តោន (ថយចុះ០,៧៧%) ទន្ទឹមនឹងពេលដែលតម្រូវការប្រើប្រាស់កៅស៊ូធម្មជាតិពិភពលោកក្នុងខែមានចំនួន ១,១ ២៩លានតោន ធៀបនឹងខែមីនា (ថយចុះ៨,៥០%)។ ទោះបីជាមានមូលដ្ឋានអំណោយផលនៅក្នុងឧស្សាហកម្មកៅស៊ូធម្មជាតិក៏ដោយ ក៏និន្នាការថ្លៃកៅស៊ូធម្មជាតិនៅលើទីផ្សារទិញលក់តាមកិច្ចសន្យានិងទីផ្សារទិញលក់ភ្លាមៗមានការប្រែប្រួល បើប្រៀបធៀបទៅនឹងខែមុន ។
ចំពោះ និន្នាការថ្លៃកៅស៊ូលើទីផ្សារទិញ-លក់តាមកិច្ចសន្យានៅផ្សារហ៊ុនទីក្រុងសៀងហៃ ផ្សារហ៊ុនទីក្រុងអូសាកា និងផ្សារហ៊ុនប្រទេសសិង្ហបុរីស្រដៀងគ្នាក្នុងខែមេសា ឆ្នាំ២០២១នេះ។ ថ្លៃមធ្យមនៅទីផ្សារទិញលក់-ភ្លាមៗកៅស៊ូប្រភេទ STR-20 ក្នុងទីក្រុងបាងកកគឺ១,៦៧US$/គ.ក្រ ប្រភេទ SMR-20 ក្នុងទីក្រុងគួរឡាឡំពួរគឺ ១,៦៥ US$/គ.ក្រ ប្រភេទសន្លឹក RSS-3 ក្នុងទីក្រុងបាងកកគឺ ២,១៩ US$/គ.ក្រ និងប្រភេទ RSS-4 ក្នុងទីក្រុងកូតឹមយ៉ាមប្រទេសឥណ្ឌាគឺ ២,២៤ US$/គ.ក្រ។