១.និន្នាការថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅបណ្តាទីផ្សារហ៊ុនសៀងហៃក្នុងអំឡុងខែមីនា ឆ្នាំ២០២១
ទីផ្សារកៅស៊ូទិញលក់តាមកិច្ចសន្យានៅតាមបណ្តាទីផ្សារហ៊ុនសំខាន់ៗ បានបង្ហាញពីនិន្នាការប្រហាក់ប្រហែលគ្នាក្នុងអំឡុងខែមីនា ឆ្នាំ២០២១នេះ។ នៅទីផ្សារហ៊ុនសៀងហៃថ្ងៃទី១ ខែមីនា ឆ្នាំ២០២០១ ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យា សម្រាប់ខែឧសភា ឆ្នាំ២០២១ មានតម្លៃ ១៥ ៩២៥យ័ន/តោន គឺបានធ្លាក់ចុះ ១៣% បើធៀបនឹងថ្លៃ កៅស៊ូទិញលក់តាមកិច្ចសន្យា ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដែលមានតម្លៃ ១៣ ៨៥៥យ័ន/តោន។ ចំណែកឯ ថ្លៃទិញលក់តាមកិច្ចសន្យាជាមធ្យមនៅក្នុងខែមីនា ឆ្នាំ២០២១ មានតម្លៃ១៤ ៩១១យ័ន/តោន ក៏បានធ្លាក់ចុះមក នៅត្រឹម ២,៧៣% បើធៀបនឹងខែកុម្ភៈ ឆ្នាំ២០២១ ដែលមានតម្លៃ ១៥ ៧២៣ យ័ន/តោន។ ក្រាហ្វិកទី១នឹងបង្ហាញពីនិន្នាការថ្លៃកៅស៊ូប្រចាំថ្ងៃទិញលក់តាមកិច្ចសន្យាសម្រាប់ ខែឧសភា ឆ្នាំ២០២១ នៅក្នុងទីផ្សារហ៊ុនសៀងហៃ ក្នុងអំឡុងថ្ងៃទី១- ៣១ ខែមីនា ឆ្នាំ២០២១។ (ក្រាហ្វិកទី១)
២.និន្នាការថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅបណ្តាទីផ្សារហ៊ុនសឹង្ហបុរីក្នុងអំឡុងខែមីនា ឆ្នាំ២០២១
នៅក្នុងអំឡុងថ្ងៃទី១-៣១ ខែមីនា ឆ្នាំ២០២១ ថ្លៃកៅស៊ូ TSR-20 ទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសឹង្ហបុរីសម្រាប់ខែឧសភា ឆ្នាំ២០២១ នឹងបង្ហាញនៅក្នុងក្រាហ្វិកទី២។ ទោះបីជា ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសឹង្ហបុរីបង្ហាញពី និន្នាការដូចគ្នាទៅនឹង ថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារសៀងហៃក្នុងកំឡុងពេលដូចគ្នាក៏ដោយ ក៏ថ្លៃកៅស៊ូ TSR-20 ទិញលក់តាមកិច្ចសន្យានៅ ទីផ្សារហ៊ុនសឹង្ហបុរីគិតជាមធ្យមប្រចាំខែមីនា ឆ្នាំ២០២១ គឺ១,៧៤ដុល្លារសឹង្ហបុរី/គ.ក្រ បានកើនឡើង៣,២% បើធៀបនឹងខែកុម្ភៈ ឆ្នាំ២០២១ ដែលមានតម្លៃ ១,៦៩ដុល្លារសឹង្ហបុរី/គ.ក្រ។ (ក្រាហ្វិកទី២)
៣.និន្នាការថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅបណ្តាទីផ្សារហ៊ុនអូសាកាក្នុងអំឡុងខែមីនា ឆ្នាំ២០២១
ក្នុងអំឡុងថ្ងៃទី១-៣១ ខែមីនា ឆ្នាំ២០២១ និន្នាការថ្លៃកៅស៊ូ RSS-3 ទិញលក់តាមកិច្ចសន្យា នៅក្នុងទីផ្សារហ៊ុនអូសាកាសម្រាប់ ខែសីហា ឆ្នាំ២០២១ បានបង្ហាញទម្រង់ដូចគ្នាទៅនឹងថ្លៃកៅស៊ូទិញលក់តាមកិច្ចសន្យានៅទីផ្សារហ៊ុនសឹង្ហបុរី។ ថ្លៃកៅស៊ូ RSS-3 ទិញលក់តាមកិច្ចសន្យានៅទីផ្សារអូសាកា គិតជាមធ្យមប្រចាំខែមីនា ឆ្នាំ២០២១ មានតម្លៃ ២៦៣,៥២យេន/គ.ក្រ បានកើនឡើង៤,៥% បើធៀប នឹងខែកុម្ភៈ ឆ្នាំ២០២១។ (ក្រាហ្វិកទី៣)