×
កិច្ចសហការជាមួយអង្គការ WWF ក្នុងការផ្សព្វផ្សាយការអនុវត្តកសិកម្មល្អ លើការប្រមូលផលទឹកជ័រដល់កសិករកៅស៊ូគ្រួសារ នៅខេត្តមណ្ឌលគិរី

ចាប់ពីថ្ងៃទី១៣ -១៧ ខែមករា ឆ្នាំ​២០២១ ​ក្រុមការងារនៃអគ្គនាយកដ្ឋាន​កៅស៊ូដឹកនាំ​​ដោយ លោក ផេង មុត្ថាវី ប្រធាន​នាយកដ្ឋានអភិវឌ្ឍន៍កៅស៊ូ បានបើកវគ្គផ្សព្វផ្សាយស្តីពី ការអនុវត្តកសិកម្ម ល្អលើ​ការប្រមូល​ផលទឹកជ័រដល់កសិករកៅស៊ូគ្រួសារ នៅក្នុងស្រុកពេជ្រាដា ​ខេត្ត​មណ្ឌលគិរី ដោយបានសហការ​ជាមួយនឹង​អង្គការ WWF ដែលបាននិងកំពុង អនុវត្តគម្រោ“ការអភិវឌ្ឍយន្តការភាពជាដៃគូពហុភាគី​ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីលើក​កម្ពស់ខ្សែច្រវ៉ាក់តម្លៃកសិកម្មប្រកបដោយនិរន្តរភាពក្នុង នុវិស័យកៅស៊ូ” ដែលហៅកាត់ថា គម្រោងភាពជា ដៃគូ​ពហុ​ភាគី ​​(MAP: Multi-Actor Partnership)។ វគ្គផ្សព្វផ្សាយនេះ មានគោលបំណងផ្ទេរបច្ចេកទេស ថ្មីៗដល់កសិកររួមមាន៖ ការអនុវត្ត​បច្ចេក​​ទេសកសិកម្មល្អ      (​GAP: Good Agri-cultural Practices)​ ការធ្វើរំញោចកម្ម ការបង្ការនិងការព្យាបាលជំងឺដើមកៅស៊ូ។ វគ្គ​ផ្សព្វ​ផ្សាយនេះបាន ធ្វើនៅទីតាំងចម្ការផ្ទាល់របស់កសិករកៅស៊ូគ្រួសារ ចំនួន១៧ភូមិ លើ ៤ឃុំគឺ៖ (១)​ឃុំ​ប៊ូស្រា (២) ​​​​​ស្រែអំពូម (៣) ក្រង់ តេះនិង (៤)​ឃុំពូជ្រៃ ដែលស្ថិតនៅស្រុកពេជ្រាដា ខេត្តមណ្ឌល​គិរី ដោយមាន​កសិ​ក​រ​កៅស៊ូគ្រួសារ  ចូលរួម​សរុបចំនួន២១១នាក់ (ស្រី៦៩នាក់)។

ក្នុងវគ្គផ្សព្វផ្សាយខាងលើនេះ ក្រុមមន្រ្តីជំនាញនៃនាយកដ្ឋានអភិវឌ្ឍន៍កៅស៊ូបានធ្វើបទបង្ហាញនូវ ​មេរៀន​សំខាន់ៗលើដំណាំកៅស៊ូមានដូចជា៖

១. ការវិភាគចំណូល ចំណាយលើដំណាំកៅស៊ូ​ជាលក្ខណៈគ្រួសារ

២. ការបើកមុខចៀរជ័រដំបូងនិងបច្ចេកទេសចៀរជ័រ

៣. ការប្រើប្រាស់ថ្នាំរំញោចអេតេហ្វូន (Ethephon) និង

៤. ជំងឺពណ៌ផ្កាកុលាប។

      ក្រុមការងារបានធ្វើការបង្ហាញនិងពន្យល់​យ៉ាងលម្អិតដល់កសិករឱ្យចេះវិភាគថ្លៃដើមលើការដាំដុះដំណាំកៅស៊ូចាប់តាំងពីដំណាក់កាលដំបូង​រហូតដល់ការធ្វើអាជីវកម្ម យល់ដឹង​អំពីការបើក​មុខចៀរដំបូងនិងបច្ចេកទេសចៀរជ័រកៅស៊ូ ការប្រើបា្រស់ថ្នាំ​រំញោច​អេតេហ្វូន (Ethephon) ទៅតាមក្លូន កៅស៊ូនិងកំហាប់ថ្នាំ បញ្ហាប្រឈម​ពីការប្រើប្រាស់ ថ្នាំរំញោច​លើសកម្រិតព្រមទាំង​ជំងឺពណ៌ផ្កាកុលាប​លើ​ដើម​​​​កៅស៊ូ ការបង្ការនិងការព្យាបាល​ជំងឺ

សេចក្តីសន្និដ្ឋាននិងអនុសាសន៍

     តាមរយៈការចុះបើកវគ្គផ្សព្វផ្សាយបច្ចេក-ទេសដំណាំកៅស៊ូនៅទីតាំងចម្ការរបស់កសិករកៅស៊ូគ្រួសារ​រយ:ពេល៥ថ្ងៃ នៅស្រុកពេជ្រាដា ខេត្ត មណ្ឌលគិរី បានបង្ហាញអោយឃើញថា៖

(១) កសិករបានចូលរួមសហការនិង​​​មានការយកចិត្តទុកដាក់ខ្ពស់ចំពោះបច្ចេកទេសដំណាំកៅស៊ូ

(២) ការយល់ដឹង​របស់កសិករដែលបានចូល រួម​ភាគច្រើននៅមានកម្រិត​ពាក់ព័ន្ធទៅនឹង បច្ចេក​ទេសដំណាំកៅស៊ូ ការជ្រើសរើស​ក្លូន​កៅស៊ូ ការបើកមុខចៀរលើដើមកៅស៊ូ មានទំហំដើមតូចនិងមិន ត្រឹមត្រូវតាមបទដ្ឋានបច្ចេទេស និង

(៣) កសិករបានប្រើប្រាស់ថ្នាំរំញោចដែលមានកំហាប់ខ្ពស់៥% លើសពីកម្រិតដែលបានណែនាំ និងលាបច្រើនដង (១- ២ដង/ខែ) ។

     ទន្ទឹមនេះ  មន្រី្តជំនាញបានផ្តល់នូវអនុសាសន៍ណែនាំដល់កសិករមួយចំនួនដូចជា៖

១. ត្រូវជ្រើសរើសក្លូនកៅស៊ូដែលមានប្រភព ច្បាស់លាស់មុននឹងធ្វើការដាំដុះ

២. ត្រូវជៀសវាងដាំដុះកូនកៅស៊ូដោយគ្រាប់​ (Seedling)

៣. ត្រូវបើកមុខចៀរដំបូងលើដើមកៅស៊ូដែលមានទំហំដើមចាប់ពី ៥០សង់ទីម៉ែត្រឡើង វាស់នៅ​កម្ពស់​១​ម៉ែត្រ​ពីដីនិងមានចំនួនដើម​​ចាប់ពី៥០% ឡើងទៅ

៤. ត្រូវអនុវត្តការចៀរជ័រស្របតាមបទដ្ឋានបច្ចេកទេស ដើម្បីឲ្យដើមកៅស៊ូមានសុខភាពល្អ ទទួលបានទិន្នផលខ្ពស់និងរយៈពេលយកផលបានយូររហូតដល់២៥ឆ្នាំ

៥.ត្រូវអនុវត្តចំនួនដងនៃការប្រើប្រាស់ថ្នាំ​រំញោចទៅតាមប្រភេទក្លូនកៅស៊ូ អាយុនិងកំហាប់ថ្នាំ

៦.ត្រូវធ្វើការកត់ត្រាទិន្នផលទឹកជ័រប្រចាំថ្ងៃ ខែ ​និងនៅពេលលក់ម្តងៗ។ល៕

 

 

Latest News